មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

ព្រះរាជអាជ្ញា រើសពេលយប់ ចេញដីកាទាំងមមើរ មិនបានអានច្បាប់ ប្រឆាំងព្រះរាជក្រិត្យ របស់អង្គ​ព្រះ​មហាក្សត្រ រំលោភ​អំណាច​រដ្ឋសភា​ជាតិ។ នេះ​ជា​ការ​លើក​ឡើង របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៤ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 14, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាស​ជា​មួយ​មន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុក​ដីកា ដែលចេញដោយបុគ្គល នៃព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថាជាដីកា«ផ្កា ននោង»។

លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះ​ដីកា​នោះ​ប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបាន​ពន្យល់​ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់​ល្អ​មើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»

មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិរូបនេះបន្តថា បុគ្គលចៅក្រម រូបទាំងមេធាវី ដែល​កំពុង​ធ្វើការចោទប្រកាន់ លោក សម រង្ស៊ី តាមរយៈដីកាបង្គាប់ ឲ្យចាប់ខ្លួននេះ មានកំហុស«បី» យ៉ាង ដោយ​បំពាន​ច្បាប់ ឬចេញដីការទាំង«មមីមមើរ»។ លោកអះអាងថា ចំណុចទីមួយ សាលដីកាចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០០៨ នោះផុតសុពលភាព អនុវត្តនៃច្បាប់ ដោយគ្មានការប្តឹងតវ៉ា ពីភាគីដើមបណ្តឹង។ លោកបាន​អះ​អាង​ថា ប្រាំឆ្នាំនៃភាពស្ងៀមស្ងាត់ សាលដីកានេះត្រូវបានបញ្ចប់ការអនុវត្ត និងគ្មានសុពលភាពឡើយ។

ចំណុចទីពីរលោកថា លោក សម រង្ស៊ី ត្រូវបានពលរដ្ឋផ្តល់សេចក្តីទុកចិត្ត ដោយបោះឆ្នោតគាំទ្រ ឲ្យ​ជាប់​ជា​តំណាង​រាស្រ្ត ក្នុងឆ្នាំ២០១៤ មានអភ័យឯកសិទ្ធិសភា។ តាមរយៈការស្រាវជ្រាវ និងអង្កេត ដោយមន្រ្តី​ជំនាញ​នៃរដ្ឋសភា និងយោងលើព្រះរាជក្រិត្យ លើកលែងទោសរបស់អង្គព្រះមហាក្សត្រ បានបង្ហាញថាលោក សម រង្ស៊ី គ្មានជាប់«បទល្មើស» ណាមួយនោះឡើយ ហើយសម្រេចបញ្ចូលលោក ជាតំណាងរាស្រ្តនៃរដ្ឋសភា។

ចំណុចទីបី លោក សម រង្ស៊ី ត្រូវបានអង្គព្រះមហាក្សត្រ នរោត្តម សីហមុនី លើកលែងរាល់ទោសទាំងអស់ ដែល​លោក(សម រង្ស៊ី)មាន រាប់គិតមកដល់ចុងឆ្នាំ២០១៣។ លោក រស់ សួរ បានពន្យល់ថា៖ «ទោស លោក សម រង្ស៊ី ទាំងអស់ចប់ តាំងពី២០១៣មកម្លេះ។ លើកលែងទោស ក៏២០១៣ រឿងពីមុនៗមក ក៏ចប់ត្រឹម​២០១៣។ អញ្ចឹង ២០១៤ រដ្ឋសភាគេមិនខុសទេ។»

លោកបានស្នើ ទៅមេធាវីដូច្នេះថា៖ «គួរតែមេធាវីហ្នឹង ទៅរៀនម្តងទៀត កុំមានលុយដើរតែផឹកស៊ី។ (...) ទង្វើ​របស់ខ្លួន វាជាព្យសន៖ កម្មដល់អ្នកដទៃ។ (...) មេធាវីវ៉ល់ៗខ្លួនឯង...។ ដីកានោះ មិនអាចអនុវត្តតាមផ្លូវច្បាប់​បានទេ។»

មន្ត្រីជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើង ឲ្យដឹងដែរថា ដីកា​បង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី នេះកើតចេញ ពីការ«ឡើងកំដៅនយោបាយ» រវាងមេគណបក្សទាំងពីរ ក្នុង​ពេល​ប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបន្តថា ដីកានោះមិនដឹងថាជាដីការពិត ឬក្លែងឡើយ។ តែបើជាដីកាពិតវិញ ដីកានេះ​គួរត្រូវបានអនុវត្តយូមកហើយ មិនត្រូវមកអនុវត្តស្របគ្នា នៃការឡើងកំដៅនយោបាយ នាពេលនេះទេ។

លោក សំអាត បានថ្លែងឲ្យដឹងថា៖ «ដីកាចប់ក្នុងឆ្នាំ២០១៣។ ឆ្នាំ២០១៤ លោកសម រង្ស៊ី ជាប់ជា​តំណាង​​រាស្រ្ត។ ហេតុអ្វីលោក សម រង្ស៊ី អាចធ្វើជាតំណាងរាស្រ្តបាន ព្រោះទណ្ឌិត មិនអាចឈរឈ្មោះ ឬក្លាយជា​តំណាង​រាស្រ្តបានទេ?។ (...) បើអង្គព្រះបហាក្សត្រ ទ្រង់បានឡាយព្រះហស្ថលើកលែងទោស រាល់​ករណី​ទាំង​អស់ ដែលពាក់ព័ន្ធនឹងឯកឧត្តម សម រង្ស៊ី បានន័យថា ករណីមួយនេះ ក៏ចូលទៅក្នុងរឿងនោះដែរ។»

យ៉ាងណា មន្ត្រីរបស់អង្គការលីកាដូ នៅតែចាត់ទុកដីកានេះ ថាត្រូវបានបង្កើតឡើង ក្រោមកំដៅនយោបាយ នៃការឆ្លើយឆ្លងគ្នា តាមសារនៃមេគណបក្សទាំងពីរ តែប៉ុណ្ណោះ ហើយលោកបានសម្ដែង​ការសោកស្ដាយថា៖ «វប្បធម៌សន្ទនាត្រូវបានប្រេះស្រាំ កំដៅនយោបាយកាន់តែឡើងកំដៅ»។

មន្ត្រីមួយរូបទៀត ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានលើកឡើង ប្រហែលនឹង​លោក អំ សំអាត ដែរថា ដីកាចេះចេញ ព្រោះតែកំដៅនយោបាយ។ លោកអះអាងថា «ដីកា» នេះមិន​អាច​អនុវត្ត លើលោក សម រង្ស៊ី បានឡើយ ព្រោះសំណុំរឿង បានផុតអាជ្ញាយុកាល ដោយច្បាប់ទៅហើយ។ គេ​មិន​អាចចាប់មនុស្សម្នាក់ ដោយគ្មានបទល្មើសនោះដែរ។ លោកបានពន្យល់ថា លោក សម រង្ស៊ី ក្នុងឆ្នាំ​២០១៤ ត្រូវបានគណបក្សធំៗទាំងពីរ ធ្វើសមាហរណកម្ម នឹងលុបចោលទោសទណ្ឌទាំងអស់ របស់លោក សម រង្ស៊ី  ហើយយបានបញ្ជូនឈ្មោះ ទៅគ.ជ.ប ដើម្បិបានក្លាយជាតំណាងរាស្រ្ត ស្របតាមច្បាប់​តំណាង​រាស្រ្ត ឆ្នាំ២០០២ ដែលចែងថា តំណាងរាស្រ្ត ជាមនុស្សដែលគ្មានទោសទណ្ឌ ទាំងបទមជ្ឍឹម ឬឧក្រិដ្ឋ ឬ​ក្រោយ​ពី​បានធ្វើសមាហរណកម្ម ជាស្ថាពរ។

មន្រ្តីរបស់សមាគម អាដហុក បានអះអាងទៀតថា៖ «រឿងបញ្ចប់ក្នុងឆ្នាំ២០០៨ ភាគីទាំងពីរមិនបានសើរើ ឬដាក់រឿងអោយមានដំណើការ។ (...) តាមច្បាប់អាជ្ញាយុកាល នៃបទល្មើសជ្ឈឹមនេះ មានប្រាំឆ្នាំ បើលើស​ពីប្រាំឆ្នាំ ដោយភាពស្ងៀមស្ងាត់នៃតុលាការនេះ ត្រូវបានមោឃភាពចោល ដោយអំណាចច្បាប់។ រឿង​ដដែល​នេះ លោក ហោ ណាំ ហុង ធ្លាប់ប្តឹងនៅប្រទេសបារាំងម្តង។ នៅសាលាដំបូង នៃប្រទេសបារាំងលោក ហោ ណាំហុង ជាអ្នកឈ្នះក្តី។ លោក សម រង្ស៊ី ប្តឹងឧទ្ធណ៍ ហើយបានឈ្នះក្តីលោក ហោ ណាំហុង វិញ។ ក្រោយចាញ់ក្តីនៅសាលាឧទ្ធណ៍ នាប្រទេសបារាំង លោក ហោ ណាំហុង មិនបានប្តឹងតវ៉ាទៀតទេ ដោយ​ទទួល​យកយុត្តាធិការច្បាប់នោះ។ ដូច្នេះរឿងនេះ បានចប់ហើយ គ្មានការអនុវត្តណាមួយ ដោយសំអាង​លើ​រឿង​នេះ មកចាប់ខ្លួន លោក សម រង្ស៊ី បានទេ។ (...) លើកលែងតែលោកសម រង្ស៊ី មានបទល្មើសថ្មី ក្រោយ​ឆ្នាំ​២០១៤។»

លោកនៅតែអះអាង យ៉ាងមុតមាំថា៖ «តាមអំណាចច្បាប់លោក សម រង្ស៊ី មិនអាចចាប់ខ្លួនបានទេ ព្រោះ​គ្មាន​បទល្មើស។ (...) នៅកម្ពុជាគេមិនសូវឃើញមានការអនុវត្តតាមច្បាប់ឡើយ ឃើញតែអនុវត្តតាមបទ​បញ្ជា​បុគ្គល ឬអ្នកមានអំណាចប៉ុណ្ណោះ។ (...) ទៅអនុវត្តតាមអ្វីក៏ដោយ លោក សម រង្ស៊ី បើទោះជាមានវត្តមាននៅ​កម្ពុជា ក៏មិនត្រូវបានចាប់ខ្លួនដែរ បើមានការចាប់ខ្លួនមែននោះ នេះជាកំហុសមួយយ៉ាងធ្ងន់ ក្នុងការបំពាន​ច្បាប់។»

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម បានលើកឡើង ក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយហៅតុលាការ ដែលចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី នេះ ថាជាតុលាការ «ស៊ីឆាងឈុន ដែលប្រើប្រាស់កំហឹង​នយោបាយ»។ លោកបានសរសេរបន្តពី គោលការណ៍តុលាការសម័យ ស៊ីឆាងឈុនយ៉ាងដូច្នេះថា៖ «ស្តាប់​ខ្យល់ មើល​មាត្រា ចំណារសាលក្រម បន្លំភ្នែករាស្រ្ត។ ជាធាតុពិត ដែលកើតមានពេលបច្ចុប្បន្ន ដែលអ្នក​នយោបាយ​តែងតែយកមកប្រើ។ មិនត្រឹមតែបម្រើមហិច្ឆតាអំណាចប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យជនស្លូតត្រង់ ជនរងគ្រោះ​ និងអ្នកនយោបាយរងគ្រោះ គ្មានអ្វីមកប្រៀបបានឡើយ។»

អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ បានលើកជាចម្ងល់ ជាមួយនឹងភាពអស់សំណើចថា៖ «តើខ្យល់​នយោបាយ​មកពីណា? រឿងដែលគួរឲ្យអស់សំណើចនោះគឺ កូនអុក ឬសេះដែលបានស៊ី ហើយបោះចួលកំប៉ុងតូង តូង ស្រាប់តែរើសយកមកអុកគេបន្តទៀត។ កំហឹងនយោបាយ អាចបង្កមហន្តរាយខ្លួនឯង នៅថ្ងៃអនាគត។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរដ្ឋសភាជាតិ និងអ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា និងលោកមេធាវីលោក ហោ ណាំហុង លោក ការ សាវុត្ថ បាននៅឡើយ នៅក្នុងម៉ោងនេះ។ តែតាមការអះអាង របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព តាមបណ្តាញសង្គម បាន​ធ្វើការ​ប្រៀបប្រដូច ដីកាចាប់ខ្លួនលោក សម រង្ស៊ី នោះយ៉ាងដូច្នេះថា៖ «តាមការសង្កេតកន្លងមក កុកនេះ​មិន​ដែល​ហោះចូលជុងទេ ទោះបីជាជង់ មិនដែលភ្លេចកុកក៏ដោយ! ប្រហែលមិនមែនជាកុកទេ គឺជាទន្សាយ (ពូកែ​រត់) ទេដឹង?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...