ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​ដ៏​រង្គាល នៅ​ប៉ារីស

ក្រុមរដ្ឋអ៊ីស្លាម (បារាំងហៅកាត់ថា EI អង់គ្លេសហៅកាត់ថា ISIS) បានប្រកាសជាផ្លូវការ ទទួលស្គាល់ ការ​វាយ​ប្រហារ​ភេរវកម្ម នៅ​រដ្ឋធានី​ប៉ារីស កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី១៣ ខែ​វិច្ឆិកា​នេះ នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​មួយ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​​នេះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 14, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមរដ្ឋអ៊ីស្លាម ដែលកំពុងកាន់កាប់ទឹកដីមួយភាគ នៃប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់ បានចេញមុខ ​ប្រកាស​ទទួលស្គាល់ ការវាយប្រហារភេរវកម្ម នារដ្ឋធានីប៉ារីសប្រទេសបារាំង ដែលបណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់ ១២៨នាក់ និងរបួសជាង២៥០នាក់ (តុល្យភាព មកដល់ម៉ោងនេះ)។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ជា​ផ្លូវការ​មួយ នៅតាមបណ្ដាញអ៊ិនធើណែតរបស់ខ្លួន ក្រុមរដ្ឋអ៊ីស្លាម បានសរសេរឲ្យដឹងថា៖ «បងប្អូនស្ម័គ្រ​ប្រយុទ្ធ ចំនួន​៨នាក់ ដែលមានពាក់ខ្សែក្រវ៉ាត់ ផ្ទុកដោយគ្រាប់បែក និងដែលប្រដាប់ដោយកាំភ្លើងធុនធ្ងន់ បាន​ធ្វើការ​វាយ​ប្រហារ ទៅលើតំបន់ជាច្រើន ដែលត្រូវបានជ្រើសរើសឡើង យ៉ាងម៉ត់ចត់ កណ្ដាល​បេះដូង​នៃ​រដ្ឋធានី​​ប៉ារីស»។

ការប្រកាសទទួលស្គាល់ របស់ក្រុមចលនា​អ៊ីស្លាមនិយមតឹងមួយនេះ បានធ្វើឡើងនៅក្រោយតែ​បន្តិច​ប៉ុណ្ណោះ នៃការប្រកាសរបស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ ដែលប្រកាសតាមកញ្ចក់​ទូរទស្សន៍ ទម្លាក់ការទទួលខុសត្រូវ ទៅក្រុមស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ របស់ក្រុមរដ្ឋអ៊ីស្លាម។ នៅ​ក្នុង​ការថ្លែងនោះ លោក ហូឡង់ បាននិយាយថា ប្រទេសបារាំង នឹងមិនអត់អោន ឬយោគយល់អ្វីទាំងអស់ ទៅ​នឹង​សកម្មភាព​ព្រៃផ្សៃ​ទាំង​ឡាយ។

បារាំងកាន់ទុក្ខ ថ្នាក់ជាតិបីថ្ងៃ

ជាមួយនឹងការប្រកាស ដាក់ឲ្យប្រទេសបារាំងទាំងមូល កាន់ទុក្ខចំនួនបីថ្ងៃនោះ លោកប្រធានាធិបតីបារាំង បានថ្លែងឡើងជាអាថ៌ថា៖ «អ្វីដែលបានកើតឡើង នៅ Paris និងនៅ Saint-Denis គឺជា​ទង្វើ​ប្រកាស​​សង្គ្រាម​មួយ ហើយប្រឈមមុខនឹងសង្គ្រាម ប្រទេស (បារាំង) ទាំងមូលត្រូវធ្វើការសម្រេចចិត្ត ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួនមួយ។ ជាទង្វើមួយ បង្កឡើងដោយកងស្ម័គ្រប្រយុទ្ធ របស់ក្រុមភេរវកម្ម «Daesh» ប្រឆាំង​​នឹង​អ្វីៗ​របស់យើងពេលនេះ ដែលជាប្រទេសសេរីមួយ (​...)។ ជាទង្វើប្រកាសសង្គ្រាមមួយ ដែល​បាន​រៀបចំ មាន​គម្រោង​ពីខាងក្រៅ ជាមួយនឹងការឃុបឃិត ពីខាងក្រៅ។»។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃសៅរ៍នេះ លោកប្រធានាធិបតីបារាំង នឹងជួបប្រជុំជាលក្ខណៈវិសមញ្ញមួយ​ទៀត ជាមួយសមាជិកទាំងអស់​នៃគណៈរដ្ឋមន្ត្រី ប្រធានរដ្ឋសភា ព្រឹទ្ធសភា ប្រធានក្រុមតំណាងរាស្ត្រ​ពីគ្រប់​គណបក្ស ដែលមានកៅអីក្នុងសភា និងព្រឹទ្ធសភា ក៏ដូចជាប្រធានគណបក្ស​នយោបាយនានា​ក្នុងប្រទេស ដើម្បី​បង្ហាញ​ពី​ឯកភាព​ជាតិ និងពិភាក្សា ពីបញ្ហាភេរវកម្ម ដែលប្រទេសមហាអំណាចមួយនេះ កំពុង​ប្រឈម​មុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...