ភេរវកម្មនៅប៉ារីស៖ យ៉ាងតិច១២៦នាក់ស្លាប់ ជាង២០០នាក់របួស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 14, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខាងក្រោមនេះ ជារបាយការណ៍លំអិត ធ្វើនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា វេលាម៉ោង៧ព្រឹក (ម៉ោង១៣រសៀល ម៉ោងនៅកម្ពុជា) ពីស្ថានការណ៍ទាំងឡាយ ដែលបានកើតឡើង នៅក្នុងការវាយប្រហារ ចំនួន៦កន្លែងនៅរដ្ឋធានីប៉ារីស និងនៅតំបន់ជាយក្រុង។ ប៉ុន្តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកតែព័ត៌មាន ដែលផ្ដល់ឲ្យ ដោយប្រភពជាផ្លូវការ (រដ្ឋាភិបាល នគរបាល តុលាការ...) និងរាយការណ៍ ដោយអ្នកយកព័ត៌មានរបស់យើង ដែលមានវត្តមាននៅនឹងកន្លែងប៉ុណ្ណោះ។
ការបាញ់ប្រហារ បានធ្វើឡើង ចំនួន៥ចំណុច កណ្ដាលរដ្ឋធានីប៉ារីស
ភោជនីយដ្ឋាន និងហាងផឹកស៊ីជាច្រើន បានរងនូវការបាញ់រះ ពីខាងក្រៅ ដោយអាវុធស្វ័យប្រវត្ត ក្នុងនោះមានភោជនីយដ្ឋានម្ហូបខ្មែរមួយឈ្មោះ «Le Petit Cambodge» ផង។ ការបាញ់ប្រហារដ៏ខ្លាំងក្លា និងបានធ្វើឲ្យមនុស្សជាច្រើនស្លាប់នោះ គឺនៅក្នុងរោងល្ខោន បាតាក្លង់ (Bataclan) ដែលកំពុងមានការប្រគុំតន្ត្រីរ៉ុក របស់ក្រុមចម្រៀង របស់អាមេរិក។
ការបំផ្ទុះគ្រាប់បែក នៅក្បែរពហុកីឡាដ្ឋាន «Stade de France»
គ្រាប់បែកចំនួន៣គ្រាប់ ត្រូវបានជនបីនាក់ បំផ្ទុះខ្លួនឯង នៅក្បែរពហុកីឡាដ្ឋានធំ របស់បារាំង ដែលមានឈ្មោះ «Stade de France» ខណៈការប្រកួតកីឡាបាល់ទាត់ ជាលក្ខណៈមិត្តភាព រវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងអាល្លឺម៉ង់ កំពុងប្រព្រឹត្តិទៅ។ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលមានវត្តមាន នៅក្នុងការប្រកួតកីឡាមិត្តភាពនេះ ត្រូវបានជម្លៀសខ្លួនចេញ ដោយលាក់កំបាំង ដើម្បីបញ្ជៀសការជ្រួលច្របល់។
» សូមរកមើលកន្លែង វាយប្រហារទាំងនេះ នៅលើផែនទីដូចខាងក្រោម៖
ការចាត់ចំណាប់ខ្មាំង នៅរោងល្ខោន បាតាក្លង់
នៅល្ងាចថ្ងៃសុក្រនេះ មានការប្រគុំតន្ត្រី របស់ក្រុមតន្ត្រីរ៉ុក របស់អាមេរិក នៅក្នុងរោងល្ខោន បាតាក្លង់ ជាមួយនឹងទស្សនិកជន ប្រមាណជាង១៥០០នាក់។ ប៉ុន្តែនៅពេលនោះ ភេរវករបួននាក់ ប្រដាប់ដោយអាវុធ និងគ្រាប់បែក បានចូលទៅក្នុងសាល ហើយបានបើកការបាញ់រះ ទៅលើហ្វូងមនុស្ស និងបានចាប់មនុស្ស នៅក្នុងនោះធ្វើជាចំណាប់ខ្មាំង អស់ប្រមាណជាង៣ម៉ោង។ ប៉ុន្តែការចាប់ចំណាប់ខ្មាំងនេះ បានត្រូវបញ្ចប់ទៅ ដោយការវាយលុករំដោះ របស់កងកម្លាំងពិសេសបារាំង ដែលចាប់ផ្ដើមធ្វើ នៅវេលាម៉ោង០ និង៣០នាទី រហូតដល់ម៉ោង១រំលងអាធ្រាត។ ជនទាំងបួននាក់ បានស្លាប់ ក្នុងនោះបីនាក់ បានបំផ្ទុះខ្សែក្រវ៉ាត់ ដែលមានគ្រាប់បែកសម្លាប់ខ្លួន។ នៅមិនឆ្ងាយពីទីនោះ ក្នុងមហាវិថី វ៉ុលទែ (Voltaire) ភេរវករម្នាក់ទៀត ក៏បានបំផ្ទុះគ្រាប់បែក ដែលមានជាប់ខ្លួន ដើម្បីធ្វើអត្តឃាតដែរ។
យ៉ាងតិច១២៦នាក់បានស្លាប់ និងជាង២០០នាក់បានរងរបួស ខណៈភេរវជន៨នាក់បានស្លាប់
តុល្យភាពនៃជនរងគ្រោះ មានសភាពធ្ងន់ធ្ងរណាស់ និងមិនទាន់ច្បាស់នៅឡើយ (អាចមានចំនួនកើនឡើង)។ តុល្យភាពបណ្ដោះអាសន្ន ដែលទស្សនាវដ្ដីទទួលបាន នៅវេលានេះ បានឲ្យដឹងថា មនុស្សយ៉ាងតិច១២៦នាក់ បានស្លាប់។ រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំរដ្ឋធានីប៉ារីស បាននិយាយថា មានមនុស្សស្លាប់១៨នាក់ នៅនឹងផ្លូវ ឆារ៉ូន (Charonne) ៥នាក់ នៅនឹងផ្លូវ ហ្វុងតែន (Fontaine) និងមិនតិចជាង១២នាក់ នៅនឹងផ្លូវអាលីប៊ែរ (Alibert) កែងជាមួយផ្លូវ ប៊ីឆា (Bichat)។ រីឯនៅក្នុងរោងល្ខោនវិញ មនុស្ស«រាប់សិប»នាក់ បានស្លាប់។ មនុស្សរងរបួស មានចំនួនច្រើនជាង២០០នាក់ ក្នុងនោះ៨២នាក់រងរបួសធ្ងន់។
នៅជាយក្រុង ជាប់នឹងពហុកីឡាដ្ឋាន មនុស្ស៤នាក់បានស្លាប់ ដែលក្នុងនោះបីនាក់ ត្រូវបានប្រភពស្និតនឹងនគរបាល ឲ្យដឹងថា ជាជនដែលបានបំផ្ទុះ គ្រាប់បែកសម្លាប់ខ្លួន។
ផ្នែកស៊ើបអង្កេតបារាំង បានឲ្យដឹងថា ភេរវជនដែលប្រដាប់ដោយអាវុធ ចំនួន៨នាក់ បានស្លាប់ ក្នុងនោះ៧នាក់ បានស្លាប់ដោយបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាត។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើមានភេរវករណាផ្សេង បានរត់គេចខ្លួន ឬយ៉ាងណានោះទេ។ ដំណើរការនៃហេតុការណ៍ទាំងអស់ (ទាំង៦កន្លែង) ក៏នៅមិនទាន់ឲ្យដឹង ថាបានកើតឡើងយ៉ាងដូចម្ដេច នៅឡើយដែរ។
ប្រទេសបារាំងទាំងមូល ត្រូវបានដាក់ទៅក្នុងភាពអាសន្ន ហើយព្រំដែនប្រទេស ត្រូវបានបិទ
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសនៅតាមបទអន្តរាគមន៍ លើកញ្ចក់ទូរទស្សន៍ ពីការសម្រេចចិត្តរបស់លោក ក្នុងការដាក់ប្រទេសបារាំង ទៅក្នុងភាពអាសន្ន ដើម្បីឆ្លើយតប ទៅនឹងអំពើភេរវកម្ម មិនដែលធ្លាប់កើតមាននេះ។ ប្រមុខរដ្ឋបារាំង បានស្នើសុំឲ្យកងទ័ព ចូលអន្តរាគមន៍ ដើម្បីគ្រប់គ្រងស្ថានការណ៍។ លោកបានថ្លែងឲ្យដឹងថា៖ «យើងនឹងដឹកនាំការប្រយុទ្ ដោយគ្មានលើកលែង ឬអាណិតអាសូរអ្វីទាំងអស់»។
ប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ និងមានលក្ខណៈវិសមញ្ញ
ការប្រជុំពិសេសនេះ ត្រូវបានកោះធ្វើ នៅវេលារំលងអាធ្រាត នៅក្នុងវិមានប្រធានាធិបតីបារាំង។ បន្ទប់ដោះស្រាយវិបត្តិមួយ ត្រូវបានបង្កើតឡើង នៅនឹងវិមានរដ្ឋាភិបាល (Matignon)។ នៅប៉ុន្មានម៉ោងក្រោយមក លោកប្រធានាធិបតី François Hollande នាយករដ្ឋមន្ត្រី Manuel Valls រដ្ឋមន្ត្រីមហាផ្ទៃ Bernard Cazeneuve និងរដ្ឋមន្ត្រីយុត្តិធម៌ Christiane Taubira បានធ្វើដំណើរទៅដល់ផ្ទាល់ នៅនឹងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យស្ថានការណ៍ និងផ្ដល់ការលើកទឹកចិត្ត ទៅដល់ជនរងគ្រោះ និងបណ្ដារអ្នកជួយសង្គ្រោះ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធបារាំង។
ការស៊ើបអង្កេតស៊ីជម្រៅ បានប្រព្រឹត្តិទៅហើយ
ការិយាល័យស៊ើបអង្កេត បានប្រកាសបើកធ្វើការស៊ើបអង្កេត ពីបទមនុស្សឃាត ដែលទាក់ទងនឹងបណ្ដាញភេរវកម្ម ដើម្បីរកឲ្យឃើញ ពីការពិត និងជនដែលទាក់ទងផ្សេងទៀត។ នេះបើតាមការអះអាងឲ្យដឹង របស់រដ្ឋអាជ្ញាបារាំង ប្រចាំរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស៊័រ មូឡាំង (François Molins)។ ការវាយប្រហារនេះ បានក្លាយជាការវាយប្រហារដ៏រង្គាល មិនដែលធ្លាប់កើតមាន នៅក្នុងប្រទេសបារាំង និងជាការវាយប្រហារ ដែលមានជនរងគ្រោះស្លាប់ច្រើនទីពីរ នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បន្ទាប់ពីភេរវកម្ម នៅរាជធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០០៤ (មនុស្ស១៩១ស្លាប់ និងជិត២០០០នាក់រងរបួស)។
គ្មានការប្រកាសទទួលស្គាល់ មកដល់ម៉ោងនេះ
មកដល់វេលានេះ គេនៅមិនទាន់ទទួលបាន នូវការប្រកាសទទួលស្គាល់ នូវការវាយប្រហារនេះ ថាត្រូវបានរៀបចំឡើង ដោយក្រុមណាមួយនៅឡើយ។ បណ្ដាជន ដែលបានរួចរស់មានជីវិត ពីការធ្វើចំណាប់ខ្មាំង នៅរោងល្ខោន បាតាក្លង់ បានឲ្យដឹង ក្រុមភេរវករបានធ្វើសកម្មភាព ជាមួយនឹងសម្រែករបស់ពួកគេ «Allah Akbar» ដែលមានន័យថា សងសឹកដើម្បីព្រះអាឡាហ៍ជាម្ចាស់។ សាក្សីម្នាក់ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំបានឮផ្ទាល់ត្រជៀក នូវសម្ដីរបស់ពួកវា (ភេរវករ) ដែលនិយាយទៅកាន់ចំណាប់ខ្មាំងទាំងអស់ថា "ជាកំហុសរបស់ ហ្វ្រង់ស៊័រ ហូឡង់។ ជាកំហុសរបស់ប្រធានាធិបតីអ្នកឯង។ ហ្វ្រង់ស៊័រ ហូឡង់ មិនត្រូវធ្វើអន្តរាគមន៍យោធា នៅក្នុងប្រទេសស៊ីរី នោះទេ។»
នៅចំពោះហេតុការណ៍ទាំងនេះ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ បានថ្លែងឡើងថា៖ «យើងបានដឹងរួចហើយ ថានរណាជាឧក្រិដ្ឋជន នរណាជាភេរវជនទាំងនេះ»៕