រក​ឃើញ​«ទីក្រុង​ក្រោម​ដី»​មួយ របស់ ISIS នៅ​អៀរ៉ាក់ (vdo)

ក្រុមអ្នកតស៊ូជាតិ គួដ (Kurde) បានរកឃើញ នៅខាងក្រោមទីក្រុង ស៊ីនចារ (Sinjar) ប្រទេស​អៀរ៉ាក់ បណ្ដាញ​រូង​ក្រោម​ដី​ដ៏​សម្ងាត់​មួយ ដែលត្រូវបានជីកឡើង ដោយក្រុមរដ្ឋអ៊ីស្លាម។ រូងក្រោមដីនេះ នឹងជួយ​ការពារ​សមាជិក របស់​ក្រុម​ភេរវកម្ម​មួយ​នេះ ពី​ការ​វាយ​ប្រហារ តាមផ្លូវអាកាស។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 29, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីជាង២សប្ដាហ៍មុន ក្រុមអ្នកតស៊ូជាតិគួដ បានវាយដណ្ដើមបាន ទីក្រុងស៊ីនចារ ពីកណ្ដាប់ដៃរបស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) មកវិញ។ នៅ​ពេល​ដែលក្រុមអ្នកតស៊ូ បានរុករកគ្រប់កន្លៀតក្រហែង នៅក្នុងទីក្រុងនេះ ពួកគេបានរកឃើញ នូវ​បណ្ដាញ​រូងក្រោមដី ដែលមិនគួរឲ្យជឿបាន និងដែលជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ដ៏ធំស្មុគ្រស្មាញមួយ។ រូងដី ដែល​​មាន​​លក្ខណៈ​​ជា​ទីក្រុង ស្ថិតក្រោមទីក្រុង របៀបនេះ ទំនងជាត្រូវបានក្រុមរដ្ឋអ៊ីស្លាម យកមក​ប្រើ​ប្រាស់ នៅ​​តាម​​បណ្ដា​​ទីក្រុង​ផ្សេងៗ​ទៀតដែរ។

ក្រុមអ្នកតស៊ូជាតិ គួដ បានថតរូងដី ដែលមានបំភ្លឺដោយភ្លើងអគ្គិសនីនេះ ហើយយកមកបង្ហោះ បង្ហាញ​ឲ្យ​យើង​ដឹងថា រូងមានទទឹងចង្អៀត តែមានកំពស់ ខ្ពស់ជាងមួយជំហរមនុស្ស។ នៅក្នុងនោះ គេឃើញ​មាន​ខោ​អាវ សម្រាប់​ផ្លាស់ប្ដូរ​សម្លៀក​បំពាក់ មានថ្នាំសង្កូវ ម្ហូបចំណី មានពូកខ្នើយ សៀវភៅ និងកន្លែងផ្ទុកអាវុធ​ជាតិ​ផ្ទុះ​ជា​ច្រើន។ បើនិយាយ​ជារួមមក រូងក្រោមដីនោះ ត្រូវបានប្រើប្រាស់ជាកន្លែងលាក់ខ្លួន និងជាឃ្លាំងផ្ទុកសម្ភារៈ។

ប្រសិនជាក្រុមរដ្ឋអ៊ីស្លាម បានសាងសង់បណ្ដាញរូងក្រោមដីនេះ នោះគឺបណ្ដាលមក ពីការវាយប្រហារ តាម​ផ្លូវ​អាកាស​យ៉ាង​សន្ធាប់ និងកាន់តែខ្លាំងឡើង ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្ត។ ការរកឃើញនេះ ធ្វើឲ្យគេ​យល់​កាន់​តែ​ច្បាស់ ពីមូលហេតុ ដែលក្រុមយុទ្ធស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ ទាំងនេះអាចទ្រាំទ្រ ពីការ​ទម្លាក់​​គ្រាប់​​បែក​​ជា​​ច្រើន បាន​រហូត​មក​ទល់​នឹងពេលនេះ។ រីឯច្រកចេញចូល ដែលជាចុងសងខាងជាច្រើន នៃ​រូង​​ក្រោម​​ដី​​ទាំង​​នេះ ស្ថិតនៅក្នុងលំនៅដ្ឋានធម្មតា ដោយមានបិតបាំងពីលើ ដោយតុទូ ឬ​ដោយ​កម្រាល​ព្រំ។

នៅខាងក្រៅក្រុង ស៊ីនចារ គេថែមទាំងរកឃើញ រណ្ដៅកប់សពរួមដ៏ធំមួយ ជាមួយនឹងសាកសពស្ត្រី កាន់​សាសនា «yézidism» ច្រើនជាង១២០នាក់ ដែលត្រូវបានបញ្ចុះនៅទីនោះ។ រណ្ដៅកប់សពរួមនេះ ជា​រណ្ដៅ​ទី៦​ហើយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ និងជាអំណះអំណាងបញ្ជាក់ ពីការសម្លាប់យ៉ាងរង្គាល របស់​ក្រុម​រដ្ឋ​​អ៊ីស្លាម ទៅលើ​ជន​ណា​ក៏​ដោយ ដែលគ្រាន់តែកាន់សាសនាខុស ពីពួកគេប៉ុណ្ណោះ។ សូម​បញ្ជាក់​ដែរ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម បាន​វាយ​ដណ្ដើម​កាន់កាប់​យកទីក្រុងនេះ តាំងពីថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៤​មក៕


» វីដេអូបង្ហាញពីទីក្រុងក្រោមដី របស់ក្រុមរដ្ឋអ៊ីស្លាម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...