វិបត្តិនៅស៊ីរី៖ នរណា​ប្រឆាំង​នរណា ហើយ​នរណា​គាំទ្រ​នរណា?

​វិបត្តិនៅក្នុងប្រទេសស៊ីរី បានបង្កបញ្ហាចាក់ស្រែះ ដល់ពិភពលោក រាប់តាំងពីអាស៊ីខាងកើត (ដូចជាជប៉ុន​ជា​ដើម) ធ្លាយ​ទៅ​ដល់​ទ្វីប​អាមេរិក ដោយ​រាប់បញ្ចូល ទាំងប្រទេសមួយចំនួន នៅក្នុងពិភពអារ៉ាប់ខ្លួនឯងដែរ។ នៅក្នុង​អត្ថបទ​នេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូនឹងរៀបរាប់ថា តើនរណាគាំទ្រនរណា ហើយនរណាប្រឆាំង​នរណា មុន​នឹង​ឈាន​ទៅ​រៀបរាប់ ពី​ដំណើរ​ដើម​ហេតុ ដែលបង្កឲ្យមានវិបត្តិនេះឡើង នៅក្នុងអត្ថបទ​លើក​ក្រោយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 26, 2015
  • ប្រធានបទ: វិបត្តិស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគេមិនបានតាមដានវិបត្តិ នៅក្នុងប្រទេសស៊ីរី (ទឹកដីមួយភាគសព្វថ្ងៃ ជាទីតាំងកណ្ដាលមួយ របស់ក្រុម​រដ្ឋអ៊ីស្លាម - ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលកើតឡើង តាំងពីឆ្នាំ២០១១មកនោះទេ គេច្បាស់ជាវង្វេង មិនដឹងថាតើនរណាជាអ្វី ឬនរណាធ្វើអ្វីនោះឡើយ។ បើមើល​មួយភ្លែត គេច្បាស់ជាគិតថា វិបត្តិនេះ បានធ្វើឲ្យប្លុកពីរប្រឈមមុខដាក់គ្នា នោះគឺពិភពកាន់សាសនាអ៊ីស្លាម និងពិភពលោកខាងលិច។ តែមិនដូច្នេះទេ ព្រោះបើសូម្បីពិភពអារ៉ាប់ ដែលកាន់សាសនាអ៊ីស្លាមខ្លួនឯង ក៏​បាន​បែងចែក ការគាំទ្រនិងការប្រឆាំង ក្រុមបក្សពួក នៅក្នុងវិបត្តិស៊ីរីនេះដែរ។

ជាពិសេស នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសរ៉ូស្ស៊ី ដែលជាប្រទេសមហាអំណាចមួយដែរ បាន​លូក​ដៃ​របស់​ខ្លួន ចូលធ្វើអន្តរាគមន៍ ទៅក្នុងវិបត្តិនេះបន្ថែមទៀត ដែលបង្កឲ្យភាពស្មុគ្រស្មាញ មានកាន់តែ​ខ្លាំង​ឡើង។

គេត្រូវដឹងជាបថមថា នៅក្នុងប្រទេសស៊ីរីសព្វថ្ងៃ មានបក្សពួកប្រឈមមុខដាក់គ្នា ជាច្រើនក្រុម។ តែយើង​សូម​ពង្រួមមក នៅសល់តែបួនក្រុមប៉ុណ្ណោះ៖ ១) ក្រុមដែលស្និតរបបដឹកនាំ របស់លោកប្រធានាធិបតី បាសារ អាល់​អាសាដ (Bashar al-Assad) - ២) ក្រុមចលនាតស៊ូ ដើម្បីរំដោះប្រទេសស៊ីរី ពីអំណាចផ្ដាច់ការ - ៣) ក្រុម​សកម្ម​ប្រយុទ្ធបំបែកទឹកដី របស់ជនជាតិភាគតិច គួដ (kurde) និង៤) ក្រុមរដ្ឋអ៊ីស្លាម។ ខាងក្រោមនេះ ជាការ​ស្រាវ​ជ្រាវ​មួយចំនួន ដែលដកស្រង់ចេញពីឯកសារ និងសារព័ត៌មានឯករាជ្យជាច្រើន នៅបស្ចឹមលោក ដើម្បី​បញ្ជាក់​ថា តើនរណាគាំទ្រនរណា ហើយនរណាជាអ្នកប្រឆាំងនឹងនរណា។

អាមេរិក និងអង់គ្លេស

ប្រទេសមហាអំណាចទាំងពីរនេះ គាំទ្រក្រុមតស៊ូដើម្បីសេរីភាព នៅប្រទេសស៊ីរី និងក្រុមមួយចំនួនទៀត ដែល​ប្រកាន់​និន្នាការកណ្ដាល។ តែប្រទេសទាំងពីរ បានប្រឆាំងនឹងរបបដឹកនាំ របស់លោកប្រធានាធិបតី អាល់​អាសាដ ក្រុមរដ្ឋអ៊ីស្លាម និងក្រុមជ្រុលនិយមផ្សេងទៀត។

រ៉ូស្ស៊ី

រ៉ូស្ស៊ី គាំទ្រប្រធានាធិបតី បាសារ អាល់អាសាធ តែប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម និងចលនាមួយចំនួនទៀត ដែល​មាន​និន្នាការជ្រុលនិយម។

ទួរគី

ប្រទេសនៅជាប់ព្រំដែនខាងជើង របស់ប្រទេសស៊ីរីនេះ គាំទ្រក្រុមសម័ន្ធភាពរបស់ប្រទេសអាមេរិក និង​កង​កម្លាំងតស៊ូ ដើម្បីរំដោះប្រទេសស៊ីរី។ ប្រទេសទួរគី ប្រឆាំងនឹងរដ្ឋាភិបាល របស់ប្រធានាធិបតី អាល់អាសាធ ក្រុមរដ្ឋអ៊ីស្លាម និងក្រុមបំបែកទឹកដី ជាតិគួដ។

អៀរ៉ង់

ប្រទេសអៀរ៉ង់ ដែលមានតួនាទីសំខាន់ នៅក្នុងពិភពអារ៉ាប់ គាំទ្ររដ្ឋាភិបាលស៊ីរី និងប្រធានាធិបតី អាល់​អាសាធ។ អៀរ៉ង់ ប្រឆាំងក្រុមបះបោរ ប្រកាន់និកាយ ស៊ូនីត និងក្រុមរដ្ឋអ៊ីស្លាម។

អារ៉ាប៊ីសាអ៊ូឌីត

ប្រទេសកាន់សាសនាអ៊ីស្លាម នៅជាប់ខាងត្បូង នៃឈូងសមុទ្រពែរ្យ៍មួយនេះ គាំទ្រក្រុមតស៊ូ ដើម្បីរំដោះ​ប្រទេស​ស៊ីរី ពីអំណាចផ្ដាច់ការ។ ប្រទេសនេះប្រឆាំងក្រុមរដ្ឋអ៊ីស្លាម រដ្ឋាភិបាលស៊ីរី និងលោកប្រធានាធិបតី អាល់អាសាដ។

កាតារ

ប្រទេសកាតារដ៏តូច តែមានសក្ដានុពលដ៏ខ្លាំងមួយនេះ មានជំហរមិនខុស ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែល​នៅជាប់ព្រំដែនខ្លួនប៉ុន្មានឡើយ។ ប្រទេសនេះ បានផ្ដល់ជំនួយយ៉ាងច្រើន ជាបន្តបន្ទាប់ទៅឲ្យចលនាតស៊ូ ដើម្បីសេរីភាពនៅក្នុងប្រទេសស៊ីរី និងស្អប់ក្រុមរដ្ឋអ៊ីស្លាមជាទីបំផុត។

បារាំង

តាមពិតទៅ ប្រទេសបារាំងមិនមានជំហរខុស ពីប្រទេសជាសម្ព័ន្ធមិត្ត នៅលោកខាងលិចជាមួយគ្នា ដូច​យ៉ាង​អាមេរិក និងអង់គ្លេសឡើយ។ គ្រាន់តែបារាំង នៅប្រកាន់នយោបាយទន់ភ្លន់ ចង់ឲ្យក្រុមទាំងអស់ក្នុង​ប្រទេស​ស៊ីរី ជួបជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែបារាំងមិនចូលចិត្ត ក្រុមរដ្ឋអ៊ីស្លាម ដែលចេះតែពង្រីក​មនោគមន៍វិជ្ជា ចូលមកក្នុងទឹកដីបារាំង ទើបបញ្ជូនយន្ដហោះ ទៅទម្លាក់គ្រាប់បែក ទៅលើទីតាំងមួយចំនួន​របស់​ក្រុមនេះ នៅក្នុងប្រទេសស៊ីរី។ សកម្មភាពនេះ បានធ្វើឲ្យក្រុមនេះសងសឹក ដោយបញ្ជូនមនុស្ស ឲ្យ​មក​ធ្វើ​ភេរវកម្មម្ដង ជាងពីរដង រហូតបារាំងអត់មិនបានតទៅទៀត ទើបប្រកាសសង្គ្រាមនៅពេលនេះ ប្រឆាំង​រដ្ឋអ៊ីស្លាម ដោយចេញមុខមុនគេ។ យ៉ាងណាក៏ដោយ បារាំងនៅតែមិនគាំទ្រ របបដឹកនាំរបស់លោក អាល់​អាសាដ ដដែល។

កម្ពុជា

ដឹងច្បាស់តែរឿងមួយ គឺកម្ពុជាមិនចូលចិត្តក្រុមរដ្ឋអ៊ីស្លាម តាមការប្រកាសជាច្រើនដង របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំពោះរបបរបស់ប្រធានាធិបតី អាល់អាសាដ វិញ លោក ហ៊ុន សែន មិនបានបញ្ជាក់​ជំហរ ថា​គាំទ្រ​ឬ​អត់ ឲ្យច្បាស់លាស់នោះទេ និងជារឿយៗ លោកតែងចំអក ឲ្យលោកខាងលិចវិញថា ការធ្វើ​បដិវត្តន៍​ផ្ការីក (ឬ​ផ្កាម្លិះ) នៅក្នុងប្រទេសស៊ីរី ព្រោះដោយសារ មានការ«ចាក់ដោត» ពីមហាអំណាច​ទាំង​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...