សាលាដំបូងរាជធានី បើកសវនាកាលើអ្នកទាំង២៣នាក់នៅថ្ងៃ១៨មេសា
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាកាជាថ្មីម្តងទៀត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះសម្រាប់កម្មករ និងអ្នកការពារសិទ្ធិមនុស្សដែលបានចាប់ខ្លួនកាលពីដើមខែមករា ។
អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - តាមការបញ្ជាក់របស់លោក សំ សុគង់ មេធាវីការពារក្តីអោយ ជនត្រូវចោទ បានអោយដឹងថា សវនាការចំនួន៣ នឹងត្រូវបើកក្នុងពេលតែមួយនៅព្រឹកថ្ងៃទី១៨មេសា ដើម្បីជំនុំជម្រះជនជាប់ចោទទាំង២៣រូប។ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកអង្គជំនុំជម្រះពីរផ្សេងគ្នាសម្រាប់ អ្នកដែលបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែមករា។ សវនាការមួយ សម្រាប់សំណុំរឿង ជា សារ៉ាត់ យន់ សុខជា និង ប៊ូ សារិទ្ធ ខណៈពេលដែលសវនាការ ទី៣ គឺសម្រាប់អ្នកដែលសេសសល់ ១០នាក់ក្នុងចំណោម ២៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករា កន្លងមក។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា និងលោក ច័ន្ទ ពុទ្ធិស័ក្ក មេដឹកនាំសហគមន៍បឹងកក់ និងកម្មករប្រាំមួយនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា និងត្រូវបានជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែមេសា។
មេធាវីការពារអោយលោក វន់ ពៅ ដដែលបានបញ្ជាក់ថា លោកក៏ដូចជាក្រុមមេធាវីផ្សេងៗ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមស្រាយបំភ្លឺសវនាការនៅថ្ងៃខាងមុខនេះ។ លោកបានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា ដើម្បីធានាថាកូនក្តីរបស់លោកបាននៅក្រៅឃុំ លោកបានត្រៀមសារណា ក៏ដូចជាអំណះអំណាងផ្សេងៗ ដើម្បីយកទៅតស៊ូមតិ និងបង្ហាញទៅក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីជាការពិចារណាថាកូនក្តីរបស់លោកទាំងអស់ហ្នឹង មិនមានការប្រព្រឹត្តិដូចការចោទប្រកាន់នោះទេ។
លោក សំ សុគង់ បានពន្យល់យ៉ាងដូច្នេះទៀតថា «ក្នុងនាមយើងជាមេធាវីការពារគាត់ គឺយើងសូមអោយតុលាការដោះលែងហើយ។ តែបើតុលាការមិនដោះលែងទេ ខាងក្រុមមេធាវីនឹងពិភាក្សជាមួយកូនក្តីថា តើគួរតែដាក់ពាក្យបណ្តឹងទៅឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់របស់សាលាដំបូងរាជធានីភ្នំពេញឬមួយក៏មិនប្តឹង។ ប៉ុន្តែភាគច្រើនគិតថាកូនក្តីអាចនឹងប្តឹងឧទ្ធរណ៍ប្រសិនបើគ្មានការដោះលែង។»
សកម្មជនសិទ្ធិមនុស្ស ២នាក់ និងសកម្មជនដីធ្លី១នាក់រួមទាំងកម្មករ២០នាក់ត្រូវបានចាប់ខ្លួនកាលពីដើមខែមករា ឆ្នាំ២០១៤កន្លងទៅ ក្នុងព្រឹត្តិការទាមទារប្រាក់ខែគោល១៦០ដុល្លា។ ជនត្រូវចោទ២នាក់ក្នុងចំណោម ២៣នាក់នោះ គឺ យន់ សុខជា និង ប៊ូ សារិទ្ធ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី៨ ខែកុម្ភៈ។ ថ្ងៃទី១១ ខែកុម្ភៈ អ្នកទាំង ២១នាក់ផ្សេងទៀតត្រូវបានសាលាឧទ្ធរណ៍បដិសេធការដោះលែងឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន ហើយនៅតែបន្តឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី ៣។ លោក វន់ ពៅ ត្រូវបានសាលាឧទ្ធរណ៍បដិសេធ ការស្នើសុំឲ្យនៅក្រៅ ឃុំបណ្តោះអាសន្នរង់ចាំសវនាការជាថ្មីម្តងទៀតនៅថ្ងៃទី២៤ ខែមីនា៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០១ មេសា ២០១៤