ពលរដ្ឋបន្តដាក់ញ្ញត្តិករណីមន្ត្រីខេត្តបោកយកស្នាមមេដៃ ឲ្យក្រុមហ៊ុនយួន
ប្រជាពលរដ្ឋមកពីចំណុចពាមប៉ោអូរបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ជាច្រើននាក់ បានមកយំស្រែកដើម្បីស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ជួយដោះស្រាយបញ្ហាដីធ្លីឱ្យពួកគាត់។ ប្រជាពលរដ្ឋដែលមកតវ៉ាទាំងនោះ បានបដិសេធទាំងស្រុង ទៅហ្នឹងការសម្រេចរបស់សាលាខេត្តក្រចេះ ដែលបានសំអាងថា គឺប្រជាពលរដ្ឋទៅវិញទេ ដែលបានផ្តិតមេដៃប្រគល់ដីឱ្យក្រុមហ៊ុនវៀតណាម។
ពលរដ្ឋមកពីខេត្តក្រចេះ ដាក់ញ្ញត្តិនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
-----------------------------------------------
ដីធ្លី - នៅថ្ងៃទី១២ ខែឧសភានេះ ប្រជាពលរដ្ឋប្រហែល៥០នាក់ ដែលមកពីស្រុកឈ្នួល ខេត្តក្រចេះបានដើរដាក់ញ្ញត្តិនៅតាមស្ថានប័នធំៗមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយលើករណីដីរបស់ពួកគាត់។ ប្រជាពលរដ្ឋទាំងនោះ បានចោទប្រកាន់អាជ្ញាធរ ថាបានឆបោកដីរបស់ពួកគាត់ ប្រគល់ទៅឱ្យក្រុមហ៊ុនវៀតណាម ឈ្មោះប៊ិញភឿក២។
សេចក្តីនៅក្នុងញ្ញត្តិទាមទាររបស់ប្រជាពរដ្ឋ ដែលយកទៅស្វែងរកអន្តរាគមន៍ពីសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីបានដាក់ពាក្យសុំការជួយអន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចមក លោកអភិបាលខេត្តក្រចេះ បានមកជួបដោះស្រាយបញ្ហាដីធ្លី ជាមួយប្រជាជននៅសាលាស្រុកស្នួល។ ក្នុងពេលនោះមានលោកមន្រ្តីស្រុកម្នាក់ បានជម្រាបប្រជាជនឱ្យផ្តិតមេដៃ ចុះបញ្ជីវត្តមានប្រជាជនទាំងអស់គា្ន។ ក្រោយមកមន្រ្តីពីសាលាខេត្តបានប្រកាសថា បញ្ហាដីធ្លីគឺមិនអាចប្រគល់ជូនបានទេ ព្រោះប្រជាជនបានផ្តិចមេដៃយល់ព្រម ប្រគល់ដីឱ្យទៅក្រុមហ៊ុនប៊ិញភឿក២នេះរួចហើយ។
លោកពៅ សាវឿន ប្រជាពលរដ្ឋមកពីស្រុកឈ្នួល ខេត្តក្រចេះ បានឱ្យដឹងថា ដីដែលក្រុមហ៊ុនចុះរុះរើដុតបំផ្លាញផ្ទះប្រជាពលរដ្ឋមានប្រហែល ២ពាន់២៥ហិចតា។ លោកបន្តថា បន្ទាប់ពីក្រុមហ៊ុនបានដុតបំផ្លាញផ្ទះសម្បែងរួចមក ប្រជាពលរដ្ឋខ្លះបានទៅសុំផ្ទះគេដើម្បីជ្រកកោនជាបណ្តោះអាសន្ន និងប្រជាពលរដ្ឋមួយចំនួនទៀត បានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីតវ៉ា រងចាំដំណោះស្រាយពីរដ្ឋាភិបាល។
លោក ហ៊ាង គឹមស្រឿន ប្រធានអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍បានលើកឡើងថា បញ្ហាលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាគឺកាន់តែធ្ងន់ទៅៗ ដែលមិនអាចមានវិធីណាអាចដោះស្រាយបាន។ ម្យ៉ាងឃើញថារដ្ឋាភិបាលមានការខ្ជីខ្ជា និងមិនមានការយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។ នេះគឺជាខ្វះការយកចិត្តទុកដាក់ និងការមិនមានភាពទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនាមជាស្ថាប័ននិតិប្រតិបត្តិ ដែលតំណាងឲ្យប្រជាពលរដ្ឋ៕
លោកអំ សំអាត បានថ្លែងយ៉ាងដូច្នេះដែរថា «យើងអត់ចង់ឃើញមានតែសន្យាទេ យើងចង់ឃើញមានការដោះស្រាយដោយផ្ទាល់ ពីព្រោះថាការសន្យានេះហើយបានបង្កឱ្យមានជាទំ នាស់រ៉ាំរៃ ក្លាយជាវិវាទមួយដ៏ធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរ»៕