តុលាការកោះហៅ កឹម សុខា ទៅសាកសួរ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 17, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុត្តិធម៌ - ក្នុងដីកាកោះដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានឲ្យដឹងថា អញ្ជើញឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦១ ឆ្នាំ ជាតិខ្មែរ ជាអ្នកទទួលខុសត្រូវក្នុងនាមមេដឹកនាំគណបក្សសង្រ្គោះជាតិ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ក្រុម៣៨ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានប្រគល់ជូនដល់តំណាង របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះបានកំណត់ថា៖ «ឲ្យ (កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ) ចូលទៅកាន់សាលាតំបូងរាជធានីភ្នំពេញ ជាន់ទី៣ បន្ទប់(គ) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ត្រឹមវេលាម៉ោង៨ព្រឹក។»
ក្រោយការចេញដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយច្បាប់ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះបានធ្វើការស្នើជាសាធារណៈ ដល់សាធារណជន តំណាងទូត និងអ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ គម្បីចូលរួមសង្កេតការណ៍ និងឃ្លាំមើលផងដែរ ជុំវិញបញ្ហាអស់ទាំងនេះ។
សម្រាប់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មិនទាន់ប្រតិកម្មអ្វីទៅនឹងដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។ តែលោក កឹម សុខា ដោយសំអាងលើស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ បានចុះសត្ថលេខាលើលិខិតអញ្ជើញមួយចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះ ដោយតម្រូវឲ្យបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្រ្គោះជាតិទាំងឡាយណា ដែលកំពុងស្នាក់នៅបរទេស ត្រូវត្រលប់ចូលប្រទេសកម្ពុជាវិញ លើកលែងអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ៕