ស ខេង៖ បក្សសង្រ្គោះជាតិឃោសនាបោះឆ្នោតបាន តែកុំបន្លំធ្វើបាតុកម្ម
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានគណបក្សសង្រ្គោះជាតិ មិនឲ្យយកការឃោសនាបោះឆ្នោត ដើម្បីជាលេសធ្វើបាតុកម្ម តវ៉ាផ្នែកនយោបាយនោះទេ។ ការព្រមានរបស់លោក ស ខេង គឺស្របពេលដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ យ៉ាងគគ្រឹកគគ្រេង។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
---------------------
នយោបាយ - «គណបក្សប្រជាជនកម្ពុជា ឃោសនា តែនៅទីស្នាក់ការ និងទីកន្លែងឯកជន រីឯគណបក្សសង្គ្រោះជាតិ ឃើញថាមេដឹកនាំ របស់គេពេលព្រឹកចុះទៅខេត្ត ពេលថ្ងៃមកភ្នំពេញ ដឹកនាំក្បួនឃោសនា ពេញផ្លូវ មើលទៅដូចបាតុកម្ម តែយើងគ្រាន់តែចង់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវចែកឲ្យច្បាស់កុំយក ក្បួន យុទ្ធនាការឃោសនា បង្កប់សម្ដីក្នុងន័យបាតុកម្ម បើធ្វើបាតុកម្មយើង មានច្បាប់បាតតុកម្មអហិង្សា»។ នេះជាការបញ្ជាក់របស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីរម្លឹកខួបនគរបាលជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នេះ។
បើទោះជាបានព្រមានគណបក្សសង្រ្គោះជាតិ មិនឲ្យយកការឃោសនាបោះឆ្នោត ប្រែរូបភាពទៅការធ្វើបាតុកម្មក៏ដោយ ក៏លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានស្នើរគ្រប់កម្លាំងសម្ថកិច្ច ដែលពាក់ព័ន្ធទាំងអស់ត្រូវរក្សា សុវត្ថិភាព ជូនគ្រប់គណបក្សនយោបាយ និងបេក្ខជននយោបាយ ឲ្យបានល្អ ក្នុងដំណើរការឃោសនាបោះឆ្នោត ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយឡើយ។
គួររម្លឹកថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត ជារចនាសម្ព័នការងាររបស់ក្រសួងមហាផ្ទៃ ដែលមានតួនាទីរក្សាសន្តិសុខ សន្តិភាព សម្រាប់ការបោះឆ្នោត និងសាលារាជធានីភ្នំពេញ កន្លងមកបានឯភាពគ្នា ដោយហាមប្រាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត មិនត្រូវយកទីសាធារណៈ ឬសាលសាធារណៈ ធ្វើជាកន្លែឃោសនាបោះឆ្នោតអចិន្រ្តៃយ៍ ឡើយ។
តែបំរាមនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ច្រានចោល នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ និងជំរុញដល់គ្រប់អភិបាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កលក្ខណៈសមស្រប ដល់គណបក្សនយោបាយ និងបេក្ខជន ធ្វើសកម្មភាពឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ២ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤។ ហើយថ្ងៃបោះឆ្នោតអសកលនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៤ ដោយមានគណបក្សនយោបាយចំនួន ៥ ចូលរួមប្រកួតប្រជែង មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ្វ៊ុនស៊ិនប៉ិច៕