ធម្មិកោ៖ ហ៊ុន សែន និងជាម យៀប ធ្លាប់គម្រាមរបបរាជានិយម
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ដែលមានលក្ខណៈឯករាជ្យ អព្យាក្រិត្យ ដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។ តែនាពេលកន្លងមក ស្ថាប័នដែលជាទីគោរពសក្ការៈ របស់ប្រជាជនខ្មែរមួយនេះ ត្រូវបានអ្នកនយោបាយខ្មែរជាច្រើន មានលោក ហ៊ុន សែន និងលោក ជាម យៀម ជាដើម ហាក់មិនបានឲ្យតម្លៃនោះទេ ថែមទាំងគម្រាមចង់ផ្តួលរំលំរបបរាជានិយមទៀតផង។ នេះបើតាមការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)
«កម្ពុជាគឺជាប្រទេសកម្មុយនីស គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្ស»។ នេះគឺជាបន្ទូលរបស់ខ្សែស្រឡាយរាជវង្សមួយអង្គដែលហ៊ានប្រកាសខ្លួនជាសាធារណៈ ចូលរួមប្រឡូកក្នុងឆាកនយោបាយ ជាមួយគណបក្សប្រឆាំងគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារទី១០ខែកញ្ញា ម្សិលមិញ។ អ្នកនយោបាយនិងជាអតីតព្រះរាជលេខាផ្ទាល់សម្តេចឪអង្គនេះ បានធ្វើការអត្ថាធិប្បាយ ដោយផ្អែកទៅលើទ្រឹស្តីកុម្មុនីសរបស់លោក ម៉ាក ឡេនីន ដែលថា ប្រទេសកុម្មុនីសគឺជាប្រទេសដែល គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្សតែមួយគត់។ ដូច្នេះបច្ចុប្បន្ន កម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពបែបនេះដែរ ដោយរាប់ទាំងស្ថាប័នរបស់ព្រះមហាក្សត្រផង ក៏ជាស្ថាប័នរបស់បក្ស ពោលគឺគណបក្សប្រជាជនកម្ពុជាតែម្តង។
ព្រះអង្គ ធម្មិកោ បានមានបន្ទូល ហាក់ចង់សុំឲ្យពលរដ្ឋខ្មែរ យល់អំពីព្រះទ័យរបស់ព្រះមហាក្សត្រផង ពោលគឺព្រះអង្គក៏មានសម្ពាធដែរ មិនមែនព្រះអង្គមិនចង់ធ្វើនោះទេ។ ត្រង់ចំណុចនេះ ព្រះអង្គ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់ថា ប្រសិនបើព្រះមហាក្សត្រនៅតែសម្រចព្រះទ័យធ្វើកិច្ចការណាមួយ ដែលផ្ទុយពីការចង់ បានរបស់គណបក្សប្រជាជនកម្ពុជា ស្ថាប័នរបស់ព្រះមហាក្សត្រទាំងមូល ដែលព្រះអង្គទទួលមរតកពីព្រះបិតា ពោលគឺទទួលរាជបល្ល័ង្គសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គ ត្រូវតែរក្សាឲ្យបានគង់វង់។
ខ្សែរាជវង្សដែលធ្លាប់ត្រូវលោក ហ៊ុន សែន គម្រាមឲ្យទិញក្តារម្ឈូសទុកអង្គនេះ បានលើកយកទឡ្ហីករណ៍ ដោយផ្អែកទៅលើសារព្រមានចង់ផ្តួលរំលំរបបរាជានិយម ពីសំណាក់ឥស្សរជននយោបាយខ្មែរក្នុងគណបក្សប្រជាជនកម្ពុជាពីររូប រួមមានលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ដែលបានគម្រាមព្រះមហាក្សត្រកាលពីឆ្នាំ ២០០៥ កន្លងទៅនៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បន្ទាប់ពី លោក ហ៊ុន សែន ត្រលប់មកពីប្រជុំនៅវៀតណាមវិញ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា- វៀតណាម ថា ប្រសិនបើព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី មិនព្រមឡាយព្រះហស្ថលេខាចំពោះសន្ធិសញ្ញា នេះទេ ត្រូវតែគិតគូយករបបសាធារណរដ្ឋមកវិញ។ ចំណែកលោក ជាម យៀប វិញ បានព្រមានចំពោះ ព្រះមហាក្សត្រកាលពីឆ្នាំ ២០០៦ ខែវិច្ឆិការ កន្លងទៅដែរថា គណបក្សប្រជាជនកម្ពុជា យកលទ្ធិរាជាធិបតេយ្យមកបាន ចង់លុបវិញពេលណាក៏បានដែរ។
នៅក្នុងន័យនេះ ព្រះអង្គ ធម្មិកោ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំងអស់ស្ថិតនៅក្រោមកណ្តាប់ដែក របស់បក្សកាន់អំណាច ពោលគឺនៅក្នុងកណ្តាប់ដៃ របស់លោក ហ៊ុន សែន តែម្តង ហើយប្រសិនបើព្រះមហាក្សត្រលោកនៅតែមិន ធ្វើតាមការគម្រាមរបស់គណបក្សប្រជាជនទេនោះ រដ្ឋប្រហាររបបរាជានិយមអាចនឹងកើតឡើង ដោយគ្មាននរណាអាចជួយបានឡើយ។ ហេតុនេះហើយ វាជារឿងពិបាកណាស់សម្រាប់ព្រះមហាក្សត្រផ្ទាល់ ដែលពលរដ្ឋត្រូវតែយល់ផង។ ព្រះអង្គម្ចាស់បានមានបន្ទូលយ៉ាងខ្លីថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ គេមិនបាច់យកច្បាប់មកនិយាយនោះទេ ព្រោះមហាក្សត្រលោកក៏មានរឿងពិបាករបស់ព្រះអង្គដែរ។
ក្នុងកម្មវិធីវិទ្យុដដែលនោះ លោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ព្រះមហាក្សត្រមិនមែនកើតឡើង ដោយការលើកបន្តុកនោះទេ ព្រះមហាក្សត្រមិនអាចនៅស្ញៀមបានឡើយ ព្រះអង្គត្រូវតែបំពេញតួនាទីតាមមាត្រា ៨ និងមាត្រា ៩ ព្រោះព្រះអង្គគឺជាម្លប់សម្រាប់ប្រជាជនកម្ពុជា បើសិនជាព្រះអង្គនៅម្លប់តែក្នុងវាំងនោះ តើប្រជាជនបានម្លប់ឯណាជ្រកទៅ ។ អ្នកវិភាគនយោបាយឯករាជ្យរូបនេះ បានជម្រុញឲ្យព្រះមហាក្សត្រ កុំឲ្យមានការភ័យខ្លាចថា នៅក្រោមសម្ពាធគណបក្សប្រជាជន ព្រះអង្គមិនហ៊ានចេញព្រះភ័ក្រដោះស្រាយបញ្ហាប្រទេសជាតិនោះ គឺព្រះអង្គត្រូវតែចេញព្រះភ័ក្រនៅក្នុងបញ្ហានេះ មិនអាចស្ថិតនៅក្រោមសម្ពាធបក្សប្រជាជនដូច្នេះទេ។
លោក សុខ ទូច បានបញ្ជាក់ថា ប្រជាជនខ្មែរយល់ច្បាស់ណាស់ថា កម្ពុជាមានស្តេច។ ដូច្នេះបើព្រះអង្គទទួលការរំលោភបំពានពីខាងណានោះ ព្រះអង្គមានប្រជាជនការពារ ប្រជាជនគឺជាកងទ័ព ប្រជាជនគឺស្ពាន ដែលអាចការពារព្រះអង្គបាន។ ម្លោះហើយ លោកសុំឲ្យព្រះមហាក្សត្រ ទ្រង់កុំមានការភ័យខ្លាចអ្វីទាំងអស់។ លោក សុខ ទូច បង្ហាញក្តីសង្ឃឹមថា នៅពេល ឆាប់ៗខាងមុខ ព្រះមហាក្សត្រអាចនឹងកោះហៅឥស្សរជននយោបាយទៅចូលគាល់ ដើម្បីរកដំណោះស្រាយជុំវិញការជាប់គាំងនយោបាយនេះ។
ទាក់ទងនឹងបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការធ្វើការអត្ថាធិប្បាយបានទេ ពីសំណាក់ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ ចំណែកលោក ឈាង វុន មន្រ្តីជាន់ខ្ពស់បក្សប្រជាជនដែរនោះ សុំមិនធ្វើការអត្ថាប្បាយនោះទេជុំវិញបញ្ហានេះ ដោយលោកបញ្ជាក់ថា ទុកឲ្យលោក ជាម យៀប ជាអ្នកបកស្រាយទៅ ព្រោះកាលពីឆ្នាំ២០០៥ ២០០៦ លោកមិនទាន់មករស់នៅក្នុងប្រទេសកម្ពុជានៅឡើយ។
សូមបញ្ជាក់ថា នៅក្នុងមាត្រា ៧ នៃរដ្ឋធម្មនុញ្ញវាក្យខណ្ឌទី២ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា ៨ ចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ មាត្រា ៩ ចែងថា ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ