កែប ជុតិមា គាំទ្រ កឹម សុខា ដែលចង់បង្កើតទូរទស្សន៍រដ្ឋសភា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៦ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 23, 2015
- ប្រធានបទ: ផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានថ្លែងគាំទ្រគំនិត ចង់បង្កើតទូរទស្សន៍សភា របស់អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា មកពីគណបក្សសង្គ្រោះជាតិនោះ ដោយលោកចាត់ទុកថា គំនិតនេះគួរត្រូវលើក មកពីចារណា។
លោក កែប ជុតិមា បានថ្លែងថា រដ្ឋសភាជាអង្គការនីតិបញ្ញតិ ដែលឯករាជ្យ ត្រូវតែមានប្រព័ន្ធផ្សព្វផ្សាយមួយរបស់ខ្លួន និងមានភាពទាន់សម័យ ហើយរដ្ឋសភាមានតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យនីតិប្រតិបត្តិ។ លោកបានបន្តថា ដូច្នេះរដ្ឋសភា ត្រូវការប្រព័ន្ធឃោសនាឯករាជ្យមួយ ពិតប្រាករដ។ អតីតភិបាលរាជធានីភ្នំពេញ បានបន្ថែមថា តំណាងរាស្រ្តត្រូវធ្វើការចុះជាប់លាប់ ជាមួយនឹងរាស្រ្ត ព្រោះខ្លួនជាអ្នកនាំពាក្យឲ្យរាស្រ្ត។ ដើម្បីក្លាយជាអ្នកនាំពាក្យ តំណាងរាស្រ្តទាំងអស់ត្រូវធ្វើឲ្យរាស្រ្តទុកចិត្ត ជាមួយនឹងកិច្ចការនានា ដែលខ្លួនបានធ្វើ ត្រូវឲ្យរាស្រ្តបានដឹង ព្រោះខ្លួនជាអ្នកតំណាង របស់ពួកគេ(រាស្រ្ត)។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងសិក្ខាសាលាមួយ ស្តីពី«បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងតម្លាភាពសភា» នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ទាំងរដ្ឋសភា ទាងព្រឹទ្ធិសភា របស់កម្ពុជាបច្ចុប្បន្ននេះ បើទោះជាមានប្រព័ន្ធបច្ចេកវិទ្យា ទូរគមនាគន៍ និងព័ត៌មានក៏ពិតមែន តែនៅមានលក្ខណៈមួយចំនួន ត្រូវធ្វើការកែលំអបន្ថែម។
អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងលើកឡើង នូវចំណុចដែលត្រូវ ធ្វើការកែលំអនោះរួមមាន ការផ្សព្វផ្សាយនូវសេចក្តីព្រាង ឬសេចក្តីស្នើច្បាប់ ជូនដល់សាធារណៈជន ដើម្បីបានជាមតិយោបល់បន្ថែម មុនដាក់ច្បាប់នេះឲ្យអនុម័ត ត្រូវមានការផ្សព្វផ្សាយនូវច្បាប់ និងឋានានុក្រមច្បាប់ ដូចប្រទេសបារាំង ឬប្រទេសផ្សេងទៀត ដើម្បីងាយក្នុងការឲ្យមានការអនុវត្តច្បាប់ និងក៏ងាយស្រួល ក្នុងការត្រួតរពិនិត្យមើលការអនុវត្តច្បាប់។ ដើម្បីឲ្យការផ្សាព្វផ្សាយនេះ មានប្រសិទ្ធភាព លោក កឹម សុខា បានថ្លែងឲ្យប្រើប្រាស់ ប្រព័ន្ដផ្សាព្វផ្សាយសង្គម ដែលកំពុងរីកចម្រើនសម្រាប់ផ្តល់ និងទទួលព័ត៌មាន ពីសាធារណៈជន បានឆាប់រហ័ស និងទូលំទូលាយទាំងក្នុងតំបន់ និងពិភពលោក ហើយពិសេស សភាត្រូវមានទូរទស្សផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយ នូវសកម្មភាពរបស់ខ្លួន ជូនសាធារណៈជនទូទៅបានដឹង។
ថ្លែងក្នុងសិក្ខាសាលានេះ ដែលបង្កើតឡើងដោយ គណកម្មការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង ដែលបានគាំទ្រសំណើរ របស់ក្រុមសភាកម្ពុជា APF ក្នុងការរៀបចំឲ្យមាននូវកម្មវិធី ណូរីយា (Noria) នោះ លោក កឹម សុខា បញ្ជាក់បន្ថែមពាក់ព័ន្ធ និងបញ្ហាបច្ចេកវិទ្យា និងការដាក់ឲ្យមានទូរទស្សន៍ ប្រចាំសភាផ្ទាល់ថា៖ «សមាជិកសភា អាចទំនាក់ទំនងជាមួយមន្រ្តី និងពលរដ្ឋរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងអាចបើកចំហរជាសាធារណៈ និងតម្លាភាពដល់ប្រជាពលរដ្ឋ។ បច្ចេកវិទ្យាគមនាគមន៍សភា និងព័ត៌មាននេះ បានធ្វើឲ្យសភាក្លាយជាឧបករណ៍ឯករាជ្យមួយ ដែលមានលទ្ធភាព បំពេញតួនាទី លើគោលការណ៍ប្រជាធិបតេយ្យ ជាអ្នកជម្រុញតួនាទីធ្វើច្បាប់ និងក៏ជាជនគំរូ ក្នុងការគោរពច្បាប់ សិទ្ធិមនុស្សបានជោគជ័យ។»៕