អភិបាលរាជធានី ចង់ស្ថាបនាផ្សារដើមគ ក្លាយជាផ្សារទំនើប
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី៣១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: August 01, 2015
- ប្រធានបទ: អភិវឌ្ឍន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«គម្រោង នៃការសាងសង់ផ្សារដើមគរ ជាកិច្ចអភិវឌ្ឍន៍នេះ ទៅជាអគារខ្ពស់មានច្រើនជាន់» នេះជាការថ្លែងបញ្ជាក់ របស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្វើទៅកាន់ក្រុមអាជីវករ ក្នុងដំណើរចុះទៅកាន់ផ្សារដើមគរ ក៏ដូចជាផ្សារនាគមាស កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ។
ក្នុងដំណើរចុះផ្ទាល់ ទៅធ្វើការស្ទង់មតិនេះ លោកអភិបាលរាជធានី ចង់ប្រាប់ក្រុមអាជីវករទាំងអស់ថា ការអភិវឌ្ឍន៍ផ្សារ នឹងអាចបញ្ជៀសការកកស្ទះចរាចរណ៍ បញ្ជៀសការលក់ដូរអនាធិបតេយ្យ បញ្ជៀសការខ្វះអនាម័យ បរិដ្ឋាន និងបញ្ជៀសការលក់ដូរ របស់អាជីវករក្រីក្រ ដែលគ្មានកន្លែងលក់ដូរ ពិតប្រាកដជាដើម។
ប៉ុន្តែលោក សុជាតិវង្ស នៅមិនទាន់កំណត់ ពីពេលវេលាណាមួយជាក់លាក់ ពាក់ព័ន្ធនឹងគម្រោងសាង់សង់ផ្សារនោះឡើយ។ តែលោកគ្រាប់តែបញ្ជាក់ ទៅកាន់ក្រុមអាជីវករ ពិសេសក្រុមអាជីវករ ដែលលក់ដូរខាងក្រៅផ្សារថា ពួកគាត់អាចបន្តការលក់ដូរនេះ នៅកន្លែងដើម រហូតដល់ចប់កុងត្រា ក្នុងឆ្នាំ២០២១។
លោកអភិបាលរាជធានី បានថ្លែងឲ្យដឹងថា៖ «ការកសាងផ្សារដើមគថ្មី មិនមែនជាការទិញដូរ លក់តូបនោះទេ។ (...) អាជីវករលក់ដូរធម្មតា។ ឬក្រោយសាងសង់រួច អោយអាជីវករចូលលក់ដូរធម្មតា។ (...) សាលារាជធានីភ្នំពេញ នឹងចាត់អ្នកគ្រប់គ្រងផ្សារដើមគ ធ្វើការសម្តែងមតិ តាមរយៈការវេទិកាសាធារណៈ ជាមួយអាជីវករ។ បើអាជីវករភាគច្រើន មិនទទួលយកការអភិវឌ្ឍន៍ផ្សារថ្មីទេ សាលារាជធានីភ្នំពេញ នឹងបង្វិលលុយនេះ ទៅអភិវឌ្ឍន៍ផ្សារដទៃទៀត ព្រោះនៅរាជធានីភ្នំពេញ មានផ្សារជាង២០ឯណោះ ដែលត្រូវធ្វើការអភិវឌ្ឍន៍នោះ។»
លោក ម៉េង តិច អាយុ៦២ ឆ្នាំ ជាអាជីវករ ផ្សារដើមគរ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោកមិនជំទាស់ នឹងការអភិវឌ្ឍន៍ផ្សារនោះទេ តែសុំរក្សាទុក រហូតកុងត្រារបស់លោក ត្រូវបានបញ្ចប់ ជាមួយផ្សារនេះ ក្នុងឆ្នាំ២០២១សិន។ លោកបានបន្តថា បច្ចុប្បន្ន លោកគាំទ្រឲ្យសាលា រាជធានីភ្នំពេញ ធ្វើការសម្រួល ដល់ចរាចរណ៍ជុំវិញផ្សារ ឲ្យមានភាពទូលាយ ជាបណ្តោះអាសន្នសិន។
ថ្លែងដូចគ្នានេះដែរ អ្នកស្រី ចាន់ ធូ អាយុ៣៥ ឆ្នាំ បានអះអាងដែរថា អ្នកស្រីបានមកលក់ដូរ នៅផ្សារដើមគនេះយូរហើយ។ ក្នុងគម្រោងសាងសង់ផ្សារនេះ គ្រប់អាជីវករទាំងអស់ នៅមិនមានអ្នកណាម្នាក់ មានជំនឿ ទៅលើការអះអាង របស់អភិបាលរាជធានី ដែលលបានលើកឡើងខាងលើនេះទេ។ បញ្ហានេះ ក្រុមអាជីវករនៅតែមានការព្រួយបារម្ភ និងភ័យខ្លាច ពីហេតុការណ៍អ្វីមួយមិនល្អ ដែលអាចនឹងកើតមានឡើង។
អ្នកស្រី ចាន់ ធូរ ថាអាជីវករមិនស្ងប់ចិត្ត និងសុខចិត្ត ចំពោះសំដីរបស់អភិបាលក្រុងរូបនេះ ដែលបាននិយាយថា៖ «បើមានអគ្គីសភ័យកើតឡើង តើរត់តាមច្រកណា»។ អ្នកស្រីបានបញ្ជាក់ទៀតថា សម្រាប់អ្នកស្រីផ្ទាល់ នៅមិនទាន់អាចអះអាងថា បដិសេធ ឬទទួលឡើយ អ្នកស្រីរង់ចាំមើល ការបកស្រាយបន្ថែម របស់សាលារាជធានី នាពេលក្រោយទៀត។ តែបើតាមការស្ទង់មតិ របស់អ្នកស្រី ទៅលើអាជីវករផ្សារដើមគ ៩៩.៩៩ភាគរយ មិនចង់ឲ្យមានការសាងសង់ផ្សារនេះឡើយ។ អ្នកស្រីបញ្ជាក់ថា៖ «សូមឲ្យបញ្ចប់អាណត្តិសិន (២០២១)។ ហើយក្រោយអាណត្តិ ស្ថិតក្នុងការពិចារណាទៀត។»៕