ព្រឹត្តិការណ៍សំខាន់ៗ ជុំវិញ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ

សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ដល់អ្នកអ្នកធ្វើចរាចរណ៍ ទាំងអស់ថា ចរាចរនឹងត្រូវសម្រួល ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់វិថីបក្សីចាំក្រុង មកវត្ដភ្នំ និងពីវត្ដភ្នំ តាមផ្លូវព្រះនរោត្ដម មក​វិមានឯករាជ្យ ហើយបត់តាម មហាវិថីព្រះសីហនុ មកទិសខាងកើតឆ្ពោះ ទៅផ្លូវសុធារស បត់ឆ្វេងមកកាន់ព្រះបរមរាជវាំង ចូលទៅព្រះមេរុ។ ផ្លូវទាំងនោះ នឹងត្រូវបិទទាំងស្រុង ដើម្បីបញ្ជៀស ការកកស្ទះ ចរាចរណ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី០៤ ខែកុម្ភៈ ជាថ្ងៃដង្ហែរព្រះបរមសព ថ្ងៃថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពី ថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គេប៉ាន់ប្រមាណថា នឹងមានមហាជន ជាងពីរលាននាក់ មកពី២៤ខេត្ដ-ក្រុង បានចូលរួម ក្នុង​ពិធីដង្ហែរ ព្រះបរមសព និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ។ ជាមួយគ្នានេះវិថីសំខាន់ៗ ដូចជាផ្លូវនរោត្ដម ផ្លូវមាត់ទន្លេមុខព្រះបរមរាជវាំង និងផ្លូវដែលក្បួនដង្ហែត្រូវឆ្លងកាត់ ព្រមទាំងសាលារៀនទីផ្សារ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន​មួយចំនួន ត្រូវបិទ។ ការដង្ហែរព្រះបរមសព ដែល មានចម្ងាយ ផ្លូវប្រហែលជាង៦គីឡូម៉ែត្រ នឹងត្រូវ ចំណាយពេលថ្នើរជើង ប្រមាណ​ជាង៣ម៉ោង។


@akp

ការបិទផ្លូវសម្រាប់សម្រួលចរាចរ

សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ដល់អ្នកអ្នកធ្វើចរាចរណ៍ ទាំងអស់ថា ចរាចរនឹងត្រូវសម្រួល ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់វិថីបក្សីចាំក្រុង មកវត្ដភ្នំ និងពីវត្ដភ្នំ តាមផ្លូវព្រះនរោត្ដម មក​វិមានឯករាជ្យ ហើយបត់តាម មហាវិថីព្រះសីហនុ មកទិសខាងកើតឆ្ពោះ ទៅផ្លូវសុធារស បត់ឆ្វេងមកកាន់ព្រះបរមរាជវាំង ចូលទៅព្រះមេរុ។ ផ្លូវទាំងនោះ នឹងត្រូវបិទទាំងស្រុង ដើម្បីបញ្ជៀស ការកកស្ទះ ចរាចរណ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី០៤ ខែកុម្ភៈ ជាថ្ងៃដង្ហែរព្រះបរមសព ថ្ងៃថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ។

តាមសេចក្តីជូនដំណឹងបន្តថា រថយន្តដឹកទំនិញ និងរថយន្តធំគ្រប់ប្រភេទ ត្រូវធ្វើចរាចរណ៍តាមផ្លូវកាត់ តាមស្ពាន ឧកញ៉ា​លីយ៉ុងផាត់ ផ្លូវទំនប់កប់ស្រូវ ផ្លូវលេខ៥៩៨ វិថីឧកញ៉ាម៉ុងរិទ្ធី វិថីហាណូយ ផ្លូវលេខ៧០ ផ្លូវលេខ២៧១ ផ្លូវចោមចៅ ផ្លូវ​ចម្ការដូងផ្លូវជាតិលេខ១, ២, ៣, ៤, ៥ និងលេខ៦ ជាជំនួសវិញ។

បណ្តាញទូរទស្សន៍៦ នឹងធ្វើការផ្សាយបន្តផ្ទាល់ ស្ថានីទូរទស្សន៍ទាំងរដ្ឋ និងឯកជនចំនួន៦ នឹងធ្វើការសហការណ៍គ្នា ក្នុង ការផ្សាយបន្តផ្ទាល់ ពីព្រះរាជពិធីដង្ហែរព្រះបរមសព និងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទីមួយ ខែកុម្ភៈរហូតដល់ ម៉ោងជាង១១ ថ្ងៃត្រង់។ នេះបើតាម លោក គឹម គុណវឌ្ឍន៍ អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា កាល​ពីថ្ងៃទី១០ខែមករា។

លោកបន្តថា ពីទីតាំងក្នុងព្រះបរមរាជវាំង នៅពេលដែល ព្រះមញ្ជូសា(មឈូស) ព្រះបរមសព ត្រូវរំកិលចេញពី «ប្រាសាទ​ខេមរិន្ទ» រហូតដល់ «ព្រះអង្គដងកាល» ជាភារៈរបស់ទូរទស្សជាតិកម្ពុជា។ ពី«ព្រះអង្គដងកាល» រហូតដល់ «មុខវត្តឧណ្ណា​ឡោម» ជាភារៈរបស់ទូរទស្សន៍ហង្សមាស ដែលតាំងនៅក្បែររូបសំណាក តេជោមាសតេជោយ៉ត។ ពី«វត្តឧណ្ណាឡោម»​ រហូតដល់«វត្តភ្នំ» ជាតួនាទីរបស់ទូរទស្សន៍ស៊ីធីអ៊ិន (CTN) ដែលឈរជើងនៅខាងលិច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ចាប់​ពី​ «វត្តភ្នំ» រហូតទៅដល់ «វិទ្យាល័យស៊ីសុវត្ថិ» ជាតួនាទីរបស់ទូរទស្សន៍ អាស៊ីអាគ្នេយ៍។ ពី«វិទ្យាល័យស៊ីសុវត្ថិ» ទៅដល់ «វិមាន​ឯករាជ្យ» ជាតួនាតីរបស់ទូរទស្សន៍បាយ័ន។ និងបន្តពី«នាគបាញ់ទឹក» ដល់«វាលព្រះមេរុ» ដែលជាកន្លែង​តម្កល់​ព្រះបរមរតនកោដ្ឋ ជាតួនាទីរបស់ទូរទស្សន៍អប្សរា។

ការផ្តល់ព័ត៌មាន និងការផ្សព្វផ្សាយ

នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៣ មានកិច្ចប្រជុំមួយ ដែលមានតំណាង ពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក្រសួងព័ត៌មាន សាលារាជធានីភ្នំពេញ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ បណ្តា​ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុនានា ដើម្បីរៀបចំប្រព័ន្ធផ្សព្វផ្សាយ ពីព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ។

កិច្ចប្រជុំនេះ ក៏មានការរៀបចំទីតាំង ដាក់ប្រព័ន្ធឧគ្ឃោសនសព្ទ តាមបណ្តោយផ្លូវដែល ក្បួនដង្ហែរព្រះបរមសព ឆ្លងកាត់ ចំនួន០៥ កន្លែងដែលត្រូវសហការ រៀបចំគ្រប់គ្រង ដោយស្ថានីយ៍វិទ្យុជាតិ និងសាលារាជធានីភ្នំពេញ។ និងការដាក់តាំង​ទូរទស្សន៍ LED ខ្នាតធំ ចំនួន ១៤ កន្លែង រៀបចំដោយក្រសួងព័ត៌មាន និងស្ថានីយ៍ទូរទស្សន៍បាយ័ន សហការជាមួយ​សាលារាជធានីភ្នំពេញ ក្រៅពីនេះស្នើសុំឲ្យ បណ្តាញផ្សព្វផ្សាយពាណិជ្ជកម្ម ប្រភេទLED ឯកជនចូលរួមផ្សព្វផ្សាយ បន្ត​ផ្ទាល់ផងដែរ។ ព្រមទាំងស្វែងរក នូវទីតាំងឲ្យបានសមរម្យ សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអាចថត ផ្តិតយក​ព័ត៌មាន ពីទីតាំងប្រារព្ធព្រះរាជពិធី។

ការប្រើប្រាស់«រាជស័ព្ទ»

ក្រសួងព័ត៌មានបានអញ្ជើញ បុគ្គលិកវិទ្យុ ទូរទស្សន៍ពិធីករ ពិធីការិនី និងនិពន្ធនាយកកាសែតទាំងអស់ចូលរួមក្នុងវគ្គបំប៉ន ស្តីពីការប្រើប្រាស់ «ព្រះរាជស័ព្ទ» នៅទីស្តីការ ក្រសួងព័ត៌មានកាលពីព្រឹក ថ្ងៃសុក្រទី១១ ខែមករា ឆ្នាំ២០១៣។ ពិធីបើកវគ្គ​បំប៉នពីរបៀបនិយាយនេះ ក្នុងបំណង ជួយឲ្យពិធីករ ពិធីការិនី និងនិពន្ធនាយក កាសែតអាចប្រើពាក្យ «រាជ្យសព្ទ័» ឲ្យបាន​ត្រឹមត្រូវសម្រាប់ថ្ងៃទី១ ខែកុម្ភៈ ដែលចាប់ផ្តើមដង្ហែព្រះបរមសព។

ការបាញ់កាំភ្លើងធំ ១០៥មិល្លិម៉ែត្រ ១០១ណាត់

កាលពីថ្ងៃទី២៥ ខែមករាកន្លងមក នៅទីបញ្ជាការកងពលតូច ទ័ពពិសេសឆត្រយោង លេខ៩១១ មានរៀបចំការបាញ់​សាកល្បង ស្នូរកាំភ្លើងធំ១០៥មិល្លិម៉ែត្រ ១០១ណាត់ ស្ថិតក្នុង ភូមិសាស្ដ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបាញ់ លើកទី១ នៅពេលព្រះបរមសព ត្រូវបាន​ដង្ហែចេញពីព្រះបរមរាជវាំង និងបាញ់លើកទី២ នៅពេល ព្រះបរមសព ដង្ហែយាងទៅតម្កល់ នៅវាលព្រះមេរុ ។ និងថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ជាថ្ងៃថ្វាយព្រះភ្លើង ត្រូវបាញ់១លើកទៀត ។

ការចូលរួមពីដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសចំនួន១៣

ក្រសួងការបរទេស បានប្រកាសអោយដឹងនៅកាលពីថ្ងៃ ទី២៥ខែមករា ថាប្រមុខរដ្ឋាភិបាលនិង ថ្នាក់ដឹកនាំ ជាន់ខ្ពស់​នៃ​១៣ប្រទេសមួយ នឹងមកចូលរួម ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែកុម្ភៈ ខាងមុខ។ ប្រមុខរដ្ឋាភិបាល និងមន្ត្រីតំណាងទាំងនោះ រូមមាន៖

- ព្រះអង្គម្ចាស់ អាគីស៊ីណូ នៃប្រទេសជប៉ុន
- លោក ហ្សង់ម៉ាក អៃរ៉ូល នាយករដ្ឋមន្ដ្រីបារាំង
- លោក ង្វៀន តាន់យុង នាយករដ្ឋមន្ដ្រីរៀតណាម
- លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីថៃឡង់ដ៏
- លោក ថងស៊ីង ថាំម៉ាវង់ នាយករដ្ឋមន្ដ្រីឡាវ
- លោក ជាឈីន លីន ប្រធានសភាចិន
- លោក ជេចូម៉ារ ប៊ីណាយ អនុប្រធានាធិបតេយ្យហ្វីលីពីន
- លោក ថាមែន សានមូហ្គារ៉ាថណាម រដ្ឋមន្ដ្រីហិរញ្ញវត្ថុ សិង្ហបុរី
- លោក ម៉េហីន ដាតូ ស៊ូយ៉យ ហាជី អូស្មាន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ប្រ៊ុយណេ
- លោក ដ្យុកូ ស៊ូយ៉ាន់តូ រដ្ឋមន្ដ្រីកិច្ចការនយោបាយ ច្បាប់សន្តិសុខ ឥណ្ឌូនេស៊ី
- លោកទីន ណាំង ថេន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកការិយាល័យ ប្រធានាធិបតី មីយ៉ាន់ម៉ារ
-​ និងលោក ហា គុម លូល ប្រធានសេនាធិការរបស់ប្រធានាធិបតី កូរ៉េខាងត្បូង។

ក្រៅពីចូលរួម ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីតំណាងទាំងនោះ នឹងចូលគាល់ ព្រះមហាក្សត្រ ជួបពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោករដ្ឋមន្ត្រី ក្រសួងការបរទេសហោ ណាំហុង ផងដែរ។

មហាជនជាង២លាននាក់ នឹងត្រូវចូលរួម ក្នុងព្រះរាជពិធីដង្ហែរព្រះបរមសព

គណម្មាធិការជាតិ រៀបចំព្រះបរមសព ក៏បានធ្វើការសន្និដ្នានថា នឹងមានបហាជន ចូលរួមក្នុងក្បួនដង្ហែព្រះបរមសព ប្រមាណជាង២លាននាក់។ ជាមួយគ្នានេះ លោក ជា មុនី បានបញ្ជាក់ថា មានក្រុមកម្មក-កម្មការិនី ជាង ២០ម៉ឺននាក់ នៅ ទូទាំងប្រទេសកម្ពុជា នឹងធ្វើដំណើរមកចូលរួម ក្នុងព្រះរាជពិធីដង្ហែរព្រះបរមសព និងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ បន្ទាប់ ពីពួកគេត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឲ្យឈប់សម្រាក រយៈពេល ២ថ្ងៃ នៅថ្ងៃទី១ និងថ្ងៃទី៤ ខែកុម្ភៈ។

ការរក្សាសន្តិសុខ និងសុខភាព និងអនាម័យ

នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី ១៥ ខែមករា នេះអ្នកនាំពាក្យអគ្គស្នងការ នគរបាល ជាតិលោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថាកងកម្លាំងចម្រុះ ដែល រួមមានកម្លាំងនគរបាល កម្លាំងកងរាជ អាវុធហត្ថកម្លាំង បញ្ជាការដ្ឋានអង្គរក្ស កម្លាំង​កងទ័ពជើងទឹក ជើងគោក កម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម កម្លាំងដោះមីនស៊ីម៉ាក (CMAC) សរុបជាង ១ម៉ឺននាក់ នឹង​ត្រូវដាក់ពង្រាយ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រាប់មហាជន ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមរតនៈកោដ្ឋ។

លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា មានទីតាំងសម្រាប់ សង្គ្រោះបន្ទាន់ឬ ហៅថា«គ្លីនិកក្រណាត់»ចំនួន១៦កន្លែង និងមាន​«រថយន្ដសង្គ្រោះចល័ត» តាមគោលដៅនៃ ព្រះរាជពិធីការដង្ហែសរុប៤៦គ្រឿង ពីក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ។

រីឯ «បញ្ហាបង្គន់អនាម័យ» វិញ នាយកទីចាត់ការរដ្ឋបាល នៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បាននិយាយថា សាលារាជធានី កំពុងរៀបចំ «បង្គន់អនាម័យ» ចល័តជិត៩០បង្គន់ នៅតាមផ្លូវសំខាន់ៗ ដែលមានមហាជន ដូចជាផ្លូវវត្តភ្នំ ផ្លូវវិមានឯករាជ្យ និងរហូតដល់ផ្លូវសុធារស។

ការចូលយកព័ត៌មាន និងផ្តិតយករូបភាព

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា មានអ្នកកាសែតជាតិ និងអន្តរជាតិ ជាង ១ពាន់នាក់ ដែលបាន​ចុះ​ឈ្មោះដើម្បីចូលមកយក ព័ត៌មាននៅក្នុង ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ និងព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះភ្លើង កាលពីថ្ងៃទី១៤ ខែមករា នាសន្និសីទចតុមុខ។ លោកបន្តថា នៅពេលចូលដល់ព្រះមេរុ អ្នកកាសែតមិនអាចដើរបានទេ នៅមួយកន្លែង ហើយយើងមានអ្នកថត ដែលអាច ផ្តល់រូបថតបាន ឯអ្នកកាសែតបរទេស យើងមានកន្លែង ឈរសម្រាប់ថត។

ទណ្ឌិតជាង ៤០០នាក់ នឹងត្រូវលើលែងទោស

ទណ្ឌិតជាង ៤០០នាក់ នឹងត្រូវដោះលែង និងបន្ធូបន្ថយទោស នេះបើតាមការ អះអាងរបស់ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣។ ការលើកលែងនេះ នឹងត្រូវអនុវត្តន៍ ទៅលើអ្នកទោស ដែលបាន​ទទួលទោសចំនួន ២ភាគ៣ ក្នុងពន្ធនាគារ។ និងសម្រាប់ទណ្ឌិតដែលមានវ័យចំណាស់ មានជំងឺធ្ងន់ និងជាស្ដ្រីដែល​មាន​កូនកំពុងជាប់នៅក្នុងពន្ធនាគារ។ ក្នុងនោះក៏មាន អ្នកទោសជនជាតិថៃ ចំនួន២រូបផងដែរ។

សូមបញ្ជាក់ថា កាលថ្ងៃទី៨ ខែមករានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ នូវចំណុច សំខាន់ៗ មួយចំនួន ដែលគ្រប់ភាគីត្រូវអនុវត្ត ដើម្បីឲ្យព្រះរាជពិធី ដង្ហែនិងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ។ គ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថាន​សាធារណៈ និងឯកជនព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹម ១ភាគ៣នៃដង និងត្រូវតុបតែង​សញ្ញាកាន់ មរណៈទុក្ខលើព្រះឆាយាលក្ខណ៍ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវពាក់សញ្ញាកាន់មរណៈទុក្ខ ក្នុង​រយៈពេល​កាន់មរណទុក្ខនេះ។ មន្រ្តីរាជរទាំងអស់ ត្រូវឈប់សម្រាកពីការងារ នៅថ្ងៃទី១ ខែកុម្ភៈដែលជាថ្ងៃ ព្រះរាជពិធីដង្ហែ​ព្រះបរម​សពនិងថ្ងៃទី៤ កុម្ភៈជាថ្ងៃថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ។

ការដាក់ឲ្យចរាចរនូវធនប័ត្រព្រះបរមរតនកោដ្ឋ

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញផ្សាយធនប័ត្រ ព្រះបរមរតនកោដ្ឋប្រភេទ១០០០រៀល ចុះថ្ងៃទី២៩​ខែមករា បានសម្រេចអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រ​ព្រះបរមរតនកោដ្ឋ ប្រភេទ១០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ។

អនុក្រឹត្យ ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់ នៃ​ធនប័ត្រ​ព្រះបរមរតនកោដ្ឋ ១០០០រៀលនេះ។

គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជនព្រមទាំងកន្លែង កំសាន្តសប្បាយ ត្រូវផ្អាកការផ្សាយ ដែល មានលក្ខណៈ សប្បាយគគ្រឹកគគ្រេង ក្នុងរយៈពេល៧ថ្ងៃ។ គ្រប់វត្តអារាម បូជនីយ៍ដ្ឋាននានា និងអាស្រមវិបស្សនា ត្រូវរៀបចំពិធី គោរព​ព្រះវិញ្ញាណក្ខន្ធ ឲ្យបានវិសេសវិសាលសក្តិសម និងសេចក្តីគោរពស្រលាញ់ ដោយរៀបចំនិមន្តព្រះសង្ឈសូត្រមន្ត បង្សុកូល​និងទូងស្គរ វាយគងឃ្មោះ នៅពេលចាប់ផ្តើមព្រះរាជពិធី ដង្ហែព្រះបរមសព ចេញពីព្រះបរមរាជវាំង ពេល​ព្រះបរមសព​យាងដល់ ទីលានវាលព្រះមេរុ និងពេលថ្វាយព្រះភ្លើងព្រះបរមសព ទៅតាមព្រះរាជកម្មវិធី៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...