ក្រុម​អ្នក​តាម​ដាន៖ «ជួប សម្លាប់ មិន​នៅ​ក្នុង​វីដេអូ​ស្ដាម៉ាត​ទេ»

ប្រតិកម្មច្រើនពោរពាស បានផ្ទុះឡើង បន្ទាប់ពីវីដេអូប៉ុន្មានវិនាទី ថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ក្នុង​ហាង​លក់​ទំនិញ​មួយ ត្រូវបាន​ចេញ​ផ្សាយ ជាសាធារណៈ។ ផ្ទុយពីការអះអាង របស់សាលាដំបូង​រាជធានី ដែល​និយាយ​ថា ភស្តុតាង​ទាំង​នេះ មាន​លក្ខណៈ​«វិទ្យាសាស្ត្រ​ពិត»​នោះ ក្រុមអ្នកតាម​ដាន​វិញ បានគិតថា មនុស្សនៅ​ក្នុង​វីដេអូ មិន​មែនជា ជួប សម្លាប់ ជនសង្ស័យ​តែ​មួយ​គត់ នៅក្នុង​ឃាតកម្ម បាញ់សម្លាប់លោក កែម ឡី កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នោះ​ទេ។
ក្រុម​អ្នក​តាម​ដាន៖ «ជួប សម្លាប់ មិន​នៅ​ក្នុង​វីដេអូ​ស្ដាម៉ាត​ទេ»
ពីឆ្វេងទៅស្ដាំ៖ ជួប សម្លាប់ ជនសង្ស័យតែម្នាក់គត់ និងជនពាក់អាវខ្មៅ នៅក្នុងវីដេអូ នៃសំនុំរឿងឃាតកម្មលើលោក កែម ឡី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០២ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 02, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាវីដេអូ ដែលបានបង្កភាពសង្ស័យ សម្រាប់ក្រុមអ្នកតាមដានករណីឧក្រិដ្ឋកម្ម បាញ់សម្លាប់លោក កែម ឡី កាល​ពី​ខែ​កក្កដាកន្លងមក នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយ៍ប្រេងឥន្ទនៈ កាល់តិច (សាខា​បូក​គោ) កណ្ដាល​រាជធានី​ភ្នំពេញ។ អ្នកតាមដានខ្លះទៀត ដូចជាព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ថែម​ទាំង​បាន​បរិហារ​ថា ការបើកសវនាកាត់ក្ដី រួមទាំងការបង្ហាញវីដេអូនេះ គ្រាន់តែជា​ការ​សម្ដែង​ល្ខោន ដែល​គ្មាន​វាំងនន បិតបាំង​ក្រោយ​ឆាក​ប៉ុណ្ណោះ។

តែសម្រាប់ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីវិញ បានការពារភស្ដុតាង​ជា​វីដេអូនេះ ថា​​មាន​លក្ខណៈ​ «វិទ្យាសាស្ត្រពិត»។ អ្នកនាំពាក្យរូបនេះ បានអះអាងតាមប្រព័ន្ធតេឡេហ្គាម ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា៖ «សវនាការ​​បានបង្ហាញ ឲ្យ​ឃើញរួចហើយ នូវសកម្មភាព​​រ​បស់​ជន​ជាប់​ចោទ ​ដែល​​ត្រូវ​​​បាន​​​ថត​ ដោយ​​​កា​ម៉េរ៉ា​សុវត្ថិភាព របស់ស្ថានីយប្រេងកាល់តិច។ ភស្តុតាងនេះ បា​នចាប់​យក​ពី​កន្លែង​​កើត​ហេតុ​​ផ្ទាល់​​ និង​​មាន​​លក្ខណៈ​វិទ្យាសាស្រ្តពិត​។»

រូបភាពវីដេអូ ខ្លះព្រិលៗ ខ្លះទៀតអាក់ៗ ដែលគេជឿថា ត្រូវបានថតជាប់ ដោយ​កាម៉េរ៉ា​សុវត្ថិភាព នៅក្នុង​ហាង​លក់​ទំនិញ និងដាក់តាម​ដងផ្លូវ មួយចំនួននោះ ត្រូវបានសារព័ត៌មាន​ក្នុងស្រុកមួយ ដែលស្ថិត​នឹង​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា យកមកបង្ហោះផ្សាយ នៅលើគេហទំព័រ​របស់ខ្លួន។ សារព័ត៌មាន​នោះ បាន​យក​វីដេអូ​នេះ ទៅ​បង្ហោះ​បន្ថែម នៅក្នុង​បណ្ដាញសង្គម ដោយសរសេរ​​​ធ្វើការ​វិនិច្ឆ័យ ជំនួស​តុលាការ​​ដូច្នេះ​ថា៖ «ទស្សនា​វីដេអូ​ជាក់​ស្តែង ! ជួប សម្លាប់ បាញ់​សម្លាប់​លោក កែម ឡី នៅក្នុងស្តារម៉ាតកាល់តិច (Video inside)»។

ផ្ទុយទៅវិញ ជនពាក់ខោអាវខ្មៅ និងមួកមានវ័ណ្ឌក្រហម ដែលធ្វើសកម្មភាពនៅក្នុងវីដេអូ មិន​ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន ជឿជាក់ថា ជាលោក ជួប សម្លាប់ ជនសង្ស័យ​តែម្នាក់គត់ នៅក្នុងសំនុំរឿង​ឧក្រិដ្ឋ​នេះ​ទេ។ នៅ​លើ​បណ្ដាញ​សង្គម ពួកគេ​ទាំងនោះ បានលើកឡើង​ជាបន្តបន្ទាប់ នូវរាល់ចំណុច​សង្ស័យ​ទាំង​នេះ ជា​ពិសេស​ នៅ​ពេល​ដែល​វីដេអូ ក្នុងហាងលក់ទំនិញ មានរយៈពេល​ត្រឹម​២៧វិនាទី និងបាន​បង្ហាញ តែ​«មួយ​ជ្រុង»​នោះ។


ក្នុងវីដេអូ គេបានឃើញពីសកម្មភាព របស់ជនពាក់អាវខ្មៅ កំពុងដើរចុះដើរឡើង នៅក្នុងហាងទំនិញ មុន​នឹង​ដក​វត្ថុ​អ្វី​មួយ​ពីក្នុងខ្លួន​ ដែលគេ​គិតថាជាកាំភ្លើង ហើយកាន់ហុច​ទៅមុខ សំដៅទៅកន្លែង​មួយ ដែល​គេ​គិត​ថា ជា​កន្លែង​ដែល​លោក កែម ឡី កំពុងអង្គុយ​ទទួល​ទាន​កាហ្វេ។ ប៉ុន្តែ គេមិនបានឃើញថា តើជននេះ បាន​ចូល​មក​ក្នុង​ហាង​លក់​ទំនិញ​នេះ ឬការបាញ់​សំដៅ ទៅលោក កែម ឡី យ៉ាងដូចម្ដេចឡើយ។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស ឃ្លាំមើលការរំលោភ​សិទ្ធិមនុស្ស អង្គការលីកាដូ បាន​លើក​ឡើង​ថា៖ «ខ្ញុំគិត​ថា​កាមេរ៉ា ស្តាម៉ាត វាមានច្រើនជ្រុង អង្គចងចំា [ដែលថតទុក ពីហេតុការណ៍នេះ] ក៏មាន​​ច្រើន​ដែរ។ ខ្ញុំ​គិត​ថា វា​​នឹង​​មាន​​អង្គ​ចងចំា​ណា​មួយ នឹង​បង្ហាញ​ពី​រូប​ភាព​នៃ​សកម្មភាព​នៃ​ការបាញ់។​ ក៏ប៉ុន្តែការ​បង្ហាញ​[វីដេអូ​ខាង​លើ]​​នេះ យើង​អត់​ឃើញ​​​មាន​បង្ហាញ អង្គចងចំា​នៅកន្លែងទង្វើ នៃការប្រព្រឹត្ត ការបាញ់នោះទេ។»។


ក្រុមអ្នកឃ្លាំមើលខ្លះ បានលើកឡើងបន្តថា ជនពាក់អាវខ្មៅ ដែលធ្វើសកម្មភាព នៅក្នុងវីដេអូ មាន​មាឌ​ធាត់ និង​ក្រអាង​ជាង​លោក ជួប សម្លាប់។ ចំណុចសង្ស័យខ្លះទៀត បានកត់សម្គាល់ខ្លាំង ទៅលើក្រុម​ជន​ប្រដាប់​អាវុធ ​ស្លៀក​ពាក់​ស៊ីវិល បានជិះម៉ូតូពីខាងក្រោយ ជនពាក់អាវខ្មៅ ដែលកំពុង​រត់។ ពួកគេ​ចោទ​សួរ​ថា ប្រសិន​ជា​ក្រុម​ជន​ប្រដាប់​អាវុធនោះ ជាក្រុម​សមត្ថកិច្ច ចុះម្ដេច​មិនធ្វើ​អន្តរាគមន៍ភ្លាម ដោយទុកឲ្យ​ជន​ពាក់​អាវ​ខ្មៅ រត់​បាន​នៅ​លើ​ចម្ងាយ​ផ្លូវ ដ៏វែងបែបនេះ? ខ្លះទៀត បានសំដែង​ការសង្ស័យ ទៅក្រុមជនប្រដាប់​អាវុធ​ទាំង​នោះ ដែល​ហាក់​ដូច​ជា​«ដឹង​មុន» និង​ចេញ​មក​ធ្វើអន្តរាគម ភ្លាមៗបែបនេះថា ប្រសិនបើស្រុកខ្មែរ មានមន្ត្រីធ្វើការ​រហ័ស​ដូច្នេះ ​ម្លេះ​សម​ប្រទេស​កម្ពុជា គ្មាន​ការឆក់ប្លន់ ឬគ្រោះថ្នាក់​អ្វីកើតឡើង ជា​ហូរហែរ​ដូច​សព្វថ្ងៃ​ឡើយ។

ស្បែកជើងជនអាវខ្មៅនៅក្នុងវីដេអូ ខុសពីជនសង្ស័យ?

ការសង្ស័យមួយនេះ គួរចាំបាច់ តម្រូវឲ្យមានការស្រាយបញ្ជាក់។ នោះ គឺភាពខុសគ្នា នៃស្បែកជើងរបស់​ជន​អាវ​ខ្មៅ ទៅនឹងស្បែកជើងលោក ជួប សម្លាប់។ នៅក្នុងវីដេអូ គេឃើញជនពាក់អាវខ្មៅ មានពាក់ស្បែក​ជើង ​ដែល​មាន​ឆ្នូត​ពណ៌​ស នៅបាតខាង​ក្រោម ដែលទំនង​ជា​ស្បែក​ជើង​​«ប៉ាតា» ឬស្បែកជើង​របៀប​ជា​«កីឡា» ​ដើម្បី​ងាយ​ស្រួល​រត់។ ផ្ទុយទៅវិញ នៅក្នុងរូបថត​មួយសន្លឹក ខាងក្រោម​នេះ ដែលថតដោយ​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក បាន​បង្ហាញ​ថា លោក ជួប សម្លាប់ ពាក់ស្បែក​ជើង «ប៊ូ» ធម្មតា មិនមានឆ្នូត​ពណ៌សទេ។

តែការខុសគ្នាខាងលើ រវាងរូបថតមួយសន្លឹក និងរូបភាពជនអាវខ្មៅ នៅក្នុងវីដេអូ ពិបាកនឹង​ធ្វើការ​សន្និដ្ឋានអ្វី​​ណាស់ ដោយ​សារ​ក្រុម​អ្នក​សារព័ត៌មាន​អាជីព ក៏បានឃើញលោក ជួប សម្លាប់ ពាក់ស្បែកជើង​ឆ្នូត​ស​នេះ​ដែរ នៅ​ក្នុង​ស្នង​ការ​ដ្ឋាន​នគរបាល នៅពេល​លោក ត្រូវបានយកមកបង្ហាញ ប្រាប់ក្រុមអ្នក​យក​ព័ត៌មាន នៅ​​ប៉ុន្មាន​​ម៉ោង​​ក្រោយ​​ពេល​​កើត​​​ហេតុ។ សូមទស្សនាវីដេអូខាងក្រោម ដែលថតដោយ​​អ្នក​យក​ព័ត៌មាន របស់​វិទ្យុ​អាស៊ី​​សេរី (នៅ​ត្រង់​វិនាទីទី ៥៣)៖

យ៉ាងណា ទោះជាជនអាវខ្មៅ ពិតជាលោក ជួប សម្លាប់ ឬមិនមែនក៏ដោយ ក៏នៅក្នុងសវនាការ ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង មិន​បាន​សំអាង ទៅ​លើ​វីដេអូ​ទាំង​នេះ ដើម្បីដាក់បន្ទុក​លើលោក ជួប​ សម្លាប់ ឡើយ។ តុលាការ​ បាន​យក​ភស្ដុតាង​មួយ​ចំនួនផ្សេង​ មក​បញ្ជាក់​អត្តសញ្ញាណ របស់​ឃាតករ ​ដូច​យ៉ាង​ស្នាមក្រយ៉ៅដៃ របស់​លោក ជួប សម្លាប់​ ថា​ដូចគ្នា​​ទៅនឹង​ស្នាម​ក្រយ៉ៅដៃ នៅលើកាំភ្លើងខ្លី ដែលបានបាញ់សម្លាប់លោក កែម ឡី នោះ​ជា​ដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...