គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

លិខិតចំហររបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដ៏ចម្រូងចម្រាស បានទទួលប្រតិកម្មពីសមាជិករដ្ឋសភា។ ពីក្នុងចំណោមនោះ អ្នកទទួលខុសត្រូវ​នៃ​គណកម្មការ​រដ្ឋសភា​ចំនួន​ពីរ បាន​បង្ហាញ​ពីគោលបំណងដ៏មុតមាំ ក្នុងការសើរើសន្ធិសញ្ញានេះឡើងវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 20, 2014
  • ប្រធានបទ: អធិបតេយ្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គណកម្មការ​នៃ​រដ្ឋសភា ចំនួន​២ គ្រោង​នឹង​សើរើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឡើង​វិញ។ ការ​ថ្លែង​អះអាង​ពី​ការ​សើរើ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លិខិត​ចំហរ​មួយ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បរិហារ​ពី​ការ​បាត់​បង់​ទឹកដី​កម្ពុជា ដោយ​សារ​ការ​ទន្ទ្រាន​វាត​ទី​យក​ដោយ​ស្រប​ច្បាប់ ក្រោម​ផ្លាក​​​​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។

លោកតំណាងរាស្ត្រ អេង ឆៃអៀង ប្រធាន​គណកម្មការ​ទី១ នៃ​រដ្ឋសភា ផ្នែក​ទទួល​ពាក្យ​បណ្តឹង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​គាំទ្រ​ចំពោះ​លិខិត​ចំហរ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះ ហើយ​លោក​នឹង​រងចាំ​ឱកាស​មក​ដល់ រួមផ្សំ​នឹង​សម្លេង​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋសភា លោក​នឹង​សើរើ​សន្ធិសញ្ញា​នោះ​ឡើង​វិញ។ លោក ឆៃអៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ប្រើ​ប្រាស់​ឱកាស និង​ពេល​វេលា​ជា​បណ្តើរ ដែល​ទទួល​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ ឲ្យ​បាន​សម្លេង​គ្រប់​ចំនួន (៥០%បូក១) ក្នុង​រដ្ឋសភា និង​ធ្វើការ​សើរើ​រឿង​នេះ​ឡើង​វិញ។»

លោកបានថ្លែងបញ្ជាក់ទៀតថា រូបលោកនិងក្រុមរបស់លោក មិនដែលទទួលយកឡើយ នូវសន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែមនេះ តាំងពីពេលមុន រហូតមកដល់បច្ចុប្បន្ន។

រីឯលោក​តំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៩ នៃរដ្ឋសភាវិញ ក៏បានបង្ហាញពីភាព​មិន​យល់​ស្របនឹង​សន្ធិ​សញ្ញា ព្រំដែនបំពេញបន្ថែម ទៅលើសន្ធិសញ្ញាឆ្នាំ១៩៨៤ ឆ្នាំ១៩៨៥នេះដែរ។ លោកបាន​អះ​អាង​ថា ក្រុមរបស់លោកតាំងពីនៅជាតំណាងរាស្រ្ត មកពីគណបក្សសម រង្ស៊ី បានធ្វើពហិការមិនគាំទ្រ នឹងការ​អនុម័ត​ច្បាប់​បំពេញ​បន្ថែម​ព្រំដែនកម្ពុជា-វៀតណាមនេះរួចម្ដងហើយ។ លោកបានពន្យល់ថា សន្ធិសញ្ញាឆ្នាំ​១៩៨៤ ឆ្នាំ​១៩៨៥  បានកើត​ឡើង ក្នុងអំឡុងពេលកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់វៀតណាម ហើយ​សន្ធិសញ្ញា​នេះ​​ទៀតសោធ ក៏ត្រូវ​បាននិរាករណ៍ចោល ដោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១​ រួច​ជា​ស្ថាពរដែរ ព្រោះជាសន្ធិសញ្ញា ដែលមិនបានបំរើផល​ប្រយោជន៍ខ្មែរ។

អនុប្រធានគណកម្មការទី៩ នៃរដ្ឋសភា បានថ្លែងទៀតថា «កាលនោះសម្តេចក្រុមព្រះ និងលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើសន្ធិសញ្ញាបន្ថែម ដែលនាំឲ្យ សញ្ញាឆ្នាំ១៩៨៤ ឆ្នាំ១៩៨៥ រស់ឡើងវិញ។ (…) សន្ធិសញ្ញា​បំពេញបន្ថែម ប៉ះពាល់ដល់បញ្ហាជាតិជាច្រើន ហើយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មានឆន្ទះ និងគាំទ្រ​ទៅនឹងការលើកឡើង របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។» លោកអះអាងថា នាឱកាសណាមួយ ដែលក្រុម​ការងារលោក និងទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ បញ្ហាសន្ធិសញ្ញាបំពេញបន្ថែមដោយខុសច្បាប់នេះ នឹង​ត្រូវ​លប់ចោល។

លិខិតចំហមួយពី ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានចេញផ្សាយរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤នេះ បាននិយាយពីបញ្ហាព្រំដែន ទៅកាន់រដ្ឋសភាជាតិ ដោយស្នើទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លុបចោល​សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥នោះ។ លិខិតនោះ បានលើកឡើងថា៖ «សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០០៥ ធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានធ្វើឲ្យបាត់បង់នូវ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។

ជុំវិញគម្រោងសើរើច្បាប់ ស្ដីពីសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥នេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅ​មិនទាន់ទទួលបានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាល ឬពីមន្ត្រីគណបក្សប្រជាជននៅឡើយ។

ក្នុងថ្ងៃទី១៩ ខែវិច្ឆិកាម្សិលម៉ិញនេះ នៅលើគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជារបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរច្រានចោលការស្នើឡើង ដោយក្រុមការងាររបស់លោក រ៉ុង ឈុន ខាង​លើ​នេះ។ ទំព័រនោះបានអះអាងថា តាមអត្ថបទគោលរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការអត្ថា​ធិប្បាយ​ផ្តល់ការបំភ្លឺរួចហើយ ស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងសន្ធិសញ្ញាបំពេញបន្ថែម រវាងកម្ពុជា និងរៀតណាម ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...