អ្នកវិភាគ៖ ចៅក្រមនឹងបកស្រាយថា ដីជុំវិញប្រាសាទព្រះវិហារជារបស់ខ្មែរ
ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងទន្ទឹងរង់ចាំ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារនោះ អ្នកច្បាប់ និងអ្នកវិភាគបានអះអាងថា ប្រទេសកម្ពុជា មានប្រៀបជាងប្រទេសថៃ ចំពោះសំណុំរឿងប្រាសាទព្រះវិហារ ប្រសិនបើយោងលើទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្រ្ត។
ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។
ជម្លោះព្រំដែន - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានឲ្យទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូដឹងថា ចំពោះសំណុំរឿងប្រាសាទព្រះវិហារនេះ វាមិនមែជារឿងឈ្នះចាញ់រវាងកម្ពុជា និងថៃនោះទេ ដោយសារតុលាការអន្តរជាតិ បានដំណើរការនីតិវិធីកន្លងមកនេះ មិនមែនជាការកាត់សេចក្តីឡើងវិញនោះទេ វាគ្រាន់តែជាការបកស្រាយ នូវចំណុចស្រពិចស្រពិល ចំពោះសាលក្រម ដែលបានប្រកាសឲ្យកម្ពុជាឈ្នះ តាំងពីឆ្នាំ១៩៦២មកម្លេះ។
លោក កែម ឡី បញ្ជាក់ថា៖ «តាមពិតទៅប្រាសាទព្រះវិហារ និងដីនៅជុំវិញប្រាសាទព្រះវិហារ យោងតាមផែនទីឧបសម្ព័ន្ធ ជារបស់ខ្មែររួចទៅហើយ គ្រាន់តែថៃអត់សុខចិត្ត ខ្មែរយើងក៏ប្តឹងតុលាការអន្តរជាតិ ឲ្យបកស្រាយឡើងវិញ វាគ្នានអ្វីឈ្នះចាញ់នោះទេ វាគ្រាន់តែជាការបកស្រាយប្រាប់ថៃថា ប្រាសាទព្រះវិហារ និងដីនៅជិតប្រាសាទព្រះវិហារជារបស់ខ្មែរ»។
គួររម្លឹកថា បន្ទាប់ពីភាគីកម្ពុជាដាក់ពាក្យបណ្តឹង ជាផ្លូវការនៅឆ្នាំ១៩៥៩ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឲ្យជួយដោះស្រាយចំពោះអធិបតេយ្យភាព លើប្រាសាទព្រះវិហារ តុលាការនេះ បានសម្រេចឲ្យកម្ពុជាឈ្នះក្ដីលើប្រទេសថៃ តាមរយៈសាលក្រមដែលប្រកាសឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ លើរឿងប្រាសាទព្រះវិហារនេះម្ដងរួចមកហើយ។ តែនៅឆ្នាំ២០០៨ ក្រោយពីប្រាសាទព្រះវិហារត្រូវបានកម្ពុជា សម្រេចដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈការសម្របសម្រួល របស់អង្គការ យូណេស្កូ UNESCO ភាគីថៃក៏ផ្ដើមជំទាស់ និងបង្កជម្លោះយោធា នៅតាមព្រំដែនឡើងវិញ ដោយទាមទារដីទំហំ៤.៦ គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះវិហារ ថាជារបស់ខ្លួន។
ទន្ទឹមនឹងការទាមទារនោះ ភាគីថៃបានបញ្ជូនកងទ័ព មកកាន់តំបន់ព្រំដែនកម្ពុជាថៃ ជិតប្រាសាទព្រះវិហារ ដែលបណ្តាលឲ្យកងទ័ពភាគីទាំងពីរប៉ះទង្គិចគ្នា មានស្លាប់ របួសជាច្រើននាក់ ហើយប្រជាពលរដ្ឋរបស់ប្រទេសទាំងពីររាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ។
ដោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងមិនអាចដោះស្រាយក្នុងក្របខណ្ឌទេ្វរភាគីបាន កម្ពុជាបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិម្ដងទៀត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ឲ្យបកស្រាយកាលក្រមឆ្នាំ១៩៦២ ឡើងវិញ ហើយបើគ្នានអ្វីប្រែប្រួល តុលាការអន្តរជាតិនេះ គ្រោងនឹងប្រកាសសាលក្រម នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៣៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ