ស្ដាប់​គ្រូៗ និយាយ​ពី​វិធី​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ ក្នុង​អណត្ដិ​ថ្មី

កត្តាដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជាចំបង ក្នុងអណត្តិទីប្រាំថ្មីនេះ សម្រាប់ពង្រឹងគុណភាពនៃការអប់រំ គឺជីវភាព​ប្រចាំថ្ងៃរបស់គ្រូបង្រៀន ជាពិសេសប្រាក់បៀរវត្ស ដែលចាំបាច់ត្រូមានតុល្យភាព​ ជាមួយនឹងទំនិញ​លើទីផ្សារ។ នេះជា​ចំណុចដ៏សំខាន់មួយ ពីក្នុងចំណុចសំខាន់ផ្សេងទៀត ដែលសិក្ខាសាលា នៃការប្រមូលសម្រង់មតិរបស់លោកគ្រូ-អ្នកគ្រូ មក​ពីតាមបណ្តា​ខេត្ត លើកឡើងដើម្បីដាក់ជូន ទៅរដ្ឋមន្រ្តី​ក្រសួងអប់រំយុវជន និងកីឡាថ្មី។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កត្តាដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជាចំបង ក្នុងអណត្តិទីប្រាំថ្មីនេះ សម្រាប់ពង្រឹងគុណភាពនៃការអប់រំ គឺជីវភាព​ប្រចាំថ្ងៃរបស់គ្រូបង្រៀន ជាពិសេសប្រាក់បៀរវត្ស ដែលចាំបាច់ត្រូមានតុល្យភាព​ ជាមួយនឹងទំនិញ​លើទីផ្សារ។ នេះជា​ចំណុចដ៏សំខាន់មួយ ពីក្នុងចំណុចសំខាន់ផ្សេងទៀត ដែលសិក្ខាសាលា នៃការប្រមូលសម្រង់មតិរបស់លោកគ្រូ-អ្នកគ្រូ មក​ពីតាមបណ្តា​ខេត្ត លើកឡើងដើម្បីដាក់ជូន ទៅរដ្ឋមន្រ្តី​ក្រសួងអប់រំយុវជន និងកីឡាថ្មី។


សិក្ខាសាលា នៃការប្រមូលសម្រង់មតិរបស់លោកគ្រូ-អ្នកគ្រូ ថ្ងែទី០៨ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/O. Vary)

រាជធានីភ្នំពេញ - ជាមួយនឹងបញ្ហានានា ដែលលោកគ្រូ-អ្នកគ្រូបានជួបប្រទះក្នុងរយៈកាលកន្លងមក និងតាមការ​ផ្លាស់​ប្តូរ​គំនិតគ្នា ពីបញ្ហា​នៃការធ្លាក់ចុះគុណភាពនៃការអប់រំនោះ លោកគ្រូ-អ្នកគ្រូបានបញ្ចេញនូវទស្សនៈ និងគំនិតផ្ទាល់ខ្លួន​ដែល​បានជួបនូវ​បញ្ហាមួយចំនួន ក្នុងអាជីពជាគ្រូបង្រៀនរបស់រដ្ឋដូចខាងក្រោម៖

លោកគ្រូ តំ សំអាត មកពីខេត្តកំពតបានធ្វើការកត់សម្គាល់ថា មូលហេតុដែលធ្វើឲ្យគុណភាព នៃការអប់រំមាន​ការធ្លាក់​ចុះ​នោះ កត្តាសំខាន់ដោយសារតែការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាល ពិសេសរក្រសួងអប់រំចំពោះគ្រូបង្រៀន។ លោក​បានបន្តរថាកត្តាជីវភាពជាកត្តាចំបង និងនាំមុខសម្រាប់ដោះស្រាយបញ្ហាក្នុងសង្គមគ្រួសារ។ រាល់ការចំណាយត្រូវបាន​ពឹងផ្អែកទៅលើប្រាក់ខែ។ ក្នុងនាមជាគ្រូបង្រៀន បើមានប្រាក់ខែតិច តើមានពេលឯណានឹងខិតខំស្រាវជ្រាវ​សម្រាប់​ការ​បង្រៀននោះ។ ហើយក៏ត្រូវចំណាយពេលយ៉ាង ដើម្បីស្វែងរកកម្រៃដើម្បីតែជីវភាពគ្រួសារ។ លោកបានបញ្ជាក់​យ៉ាង​ដូច្នេះថា «លោកគ្រូ-អ្នកគ្រូ ពេលត្រឡប់មកពីសាលាវិញ មិនទាន់ទេ ត្រូវរៀបចំខ្លួនដើម្បីទៅរត់ម៉ូតូឌុប ទៅមើលស្រែ​ចំការជាដើម ព្រោះតែបញ្ហាជីវភាព និងការទទួលបានប្រាក់ខែយ៉ាងតិចតិចបំផុតពីរដ្ឋ»។

លោកគ្រូ ហ៊ី សម្បត្តិ មកពីខេត្តសៀមរាប បានបន្ថែមថា សម្រាប់វិស័យអប់រំនៅកម្ពុជា រដ្ឋាភិបាលត្រូវតែយកចិត្ត​ទុកដាក់​បំផុត និងត្រូវធ្វើយ៉ាងណាពង្រឹងលើវិស័យនេះឲ្យមានគុណភាព និងប្រសិទ្ធិភាពពិតប្រាកដ ដើម្បីអាចចូលរួមប្រកួត​ប្រជែង​ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន នាពេលខាងមុខដ៏ឆាប់នេះ។

លោកគ្រូ បេ សត្យា មកពីខេត្តព្រះវិហារ បានលើកឡើងថា គុណភាពនែការអប់រំបច្ចុប្បន្ននេះ តាមការសង្កេតរបស់​លោក​គ្រូផ្ទាល់ ក៏ដូចជាគ្រូដទៃទៀតនោះ ឃើញថាមានភាពអាក្រក់ទៅៗ។ នេះជាចំណុចនៃការចាប់ផ្តើមរបស់រដ្ឋាភិបាលថ្មី ដែលត្រូវតែយកចិត្តទុកដាក់ និងធ្វើយ៉ាងណាឲ្យគ្រូបង្រៀនអាចរស់បានសមរម្យ។ ចំពោះការកែទម្រង់ស៊ីជម្រៅ​របស់​រដ្ឋាភិបាល ដែលបានប្រកាសពេលថ្មីៗនេះ ពិសេសការកែទម្រង់លើវិស័យអប់រំ លោកបានបញ្ជាក់ថា ​«បើមិនបាន​គិតពី​ជីវភាពរបស់មន្រ្តីរាជការ ពិសេសគ្រូបង្រៀនឲ្យទទួលបានប្រាក់ខែ យ៉ាងតិចមួយលានរៀលទេ មិនចាំបាច់គិតអ្វី​ផ្សេងពី​នេះទេ។ (...) ការរស់នៅរបស់គ្រូបង្រៀនបានសមរនម្យ សេវាកម្មបានប្រសើរឡើង មានប្រសិទ្ធិភាព នោះគុណភាពនៃ​ការអប់រំនឹងកើនឡើង។»

អ្នកគ្រូ ផាត់ សុធារី មកពីខេត្តព្រៃវែង បានលើកឡើងថា សព្វថ្ងៃនេះនៅតាមសាលារៀនមួយចំនួន ទាំងក្នុងទីប្រជុំជន និង​តាមបណ្តាខេត្តនានា លោកគ្រូអ្បកគ្រូក្រៅពីទទួលបានប្រាក់ខែតិចហើយនោះ នៅមានការរើសអើងនៃការបែងចែក​ថ្នាក់​សម្រាប់គ្រួបង្រៀនទៀត។ តួយ៉ាងដូចជានាយកសាលាខ្លះ បានបែងចែកសិស្សជាពីក្រុម មួយក្រុមកូនអ្នកមានដោយឡែក និងកូនអ្នក្រដោយឡែក។ អ្នកគ្រូបានចាត់ទុកថា ការបែងចែកនេះ ក៏ជាមូលហេតុនៃការធ្វើឲ្យគុណភាពនែការអប់រំ​ធ្លាក់​ចុះ​ដែរ។

សម្រាប់អ្នកគ្រូ ញូង សុផារី មកពីខេត្តបាត់ដំបង បានលើកឡើងថា ក្រសួងអប់រំត្រូវយកចិត្តទុកដាក់ទៅលើអ្វី ដែលជា​តម្រូវការរបស់គ្រូបង្រៀន តាមរយៈការដាក់ចេញនូវចំណោទសួរថា តើគ្រូបង្រៀនត្រូវការអ្វី? ហើយក្រសួងបានបំពេញ​​តាមតម្រូវការរបស់ពួកគាត់ឬនៅ?។ «បើមានតែការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃស្ថាប័នក្រសួង ឯមន្រ្តីថ្នាក់ក្រោមនៅតែមាន​សមាសភាពដដែលនោះ តើការពង្រឹងលើវិស័យអប់រំ អាចទទួលបានលទ្ធផលជាវិជ្ជមានតាមផែនការ និងការរំពឹងទុក​​ដែរឬទេ?។»

ចំពោះសម្រង់មតិ និងបញ្ហាទាំងអស់របស់​គ្រូបង្រៀន​ខាងលើនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានញ្ជាក់ប្រាម់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នា​ព្រឹកថ្ងែទី១១ ខែវិច្ឆាកានេះថា «យើងនឹងព្យាយាមធ្វើយ៉ាង​ណាដាក់ទៅក្រសួងអប់រំ យុវជន និងកីឡាឲ្យបានក្នុងសប្តាហ៍នេះ។ តែបើមិនទាន់ទេ យើងនឹងដាក់នៅក្រោយថ្ងៃបុណ្យ​អុំទូកខាងមុខនេះ។ (...) យើងរំពឹងថា ខាងក្រសួងនឹងទទួលយក ហើយធ្វើការ​ដោះ​ស្រាយជូន ទៅតាមអ្វីដែលគាត់​បាន​សន្យាថា និងយកបេះដូងគ្រូត្រឡប់មកកាន់វិស័យអប់រំវិញ៕»

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...