កែម ឡី៖ របបអាវខ្មៅបានរលត់បាត់ តែវប្បធម៌ដឹកនាំរបៀបអាវខ្មៅនៅបន្ត
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៦
- កែប្រែចុងក្រោយ: August 03, 2016
- ប្រធានបទ: វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងរបបអាវខ្មៅមានទ្រឹស្តីថា អង្គការលើ ថ្នាក់លើ មេកងលើ ស្រេចតែមេកង ស្រេចតែសមមិត្តបង។ល។ ចុះបច្ចុប្បន្ន ពេលចាត់វិធានការម្តងៗ សម្លេងចេញពីសមត្ថកិច្ច មិនបានបញ្ជាក់ថា តាមមាត្រាណា? ច្បាប់ណា? គោលនយោបាយណា (ឬ)ទេ? គឺតាមបទបញ្ជាមេ តាមអនុសាសន៍ តាមការណែនាំពីថ្នាក់លើ មេបញ្ជា មេប្រាប់។ល។
សកម្មភាពមនុស្សធម៌ ជួយជនរងគ្រោះ របស់មន្រ្តីអង្គការសិទ្ធិមនុស្ស បើទោះជាពេលសង្រ្គាម ពេលប្រយុទ្ធនៅសមរភូមិ ក៏ត្រូវបានការការពារ ពីភាគីប្រយុទ្ធយ៉ាងម៉ត់ចត់ដែរ។ ហេតុអ្វីពួកគាត់ទាំងប្រាំនាក់ ត្រូវជាប់ពន្ធនាគារ? អ្នកមិនបានផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងប្រាំនាក់ទេ ប៉ុន្តែបែរជាវិនិយោគធនធាន និងកងកម្លាំងច្រើនលើសលុប លើអ្នកពាក់អាវខ្មៅទៅវិញ។
រដ្ឋាភិបាលបានចំណាយថវិកា និងធនធានច្រើនណាស់ លើការជ្រើសរើសកងកម្លាំង វិធានការបង្ក្រាប តែរដ្ឋមិនបានយកចិត្តទុកដាក់ខ្លាំង លើការកាត់បន្ថយមូលហេតុនៃបញ្ហា និងឬសគល់នៃបញ្ហាទេ។ ធ្វើដូចនេះ បញ្ហាមិនត្រឹមតែមិនអាចកាត់បន្ថយបានទេ តែផ្ទុយទៅវិញ បញ្ហារឹតតែកើន និងរីករាលដាលរហូត។
ប្រៀបធៀបទី១
ដូចគ្នានោះដែរ អ្នកមិនបានប្រើថ្នាំព្យាបាលសម្លាប់មេរោគ ឬរោគបង្កទេ តែអ្នកបែរជាប្រើថ្នាំ ដ៏ច្រើនលើសលុប ដើម្បីព្យាបាលចង្កោមរោគសញ្ញា និងរោគសញ្ញាទៅវិញ។ មិនជាជម្ងឺទេ តែផ្ទុយទៅវិញ ជម្ងឺមិនត្រឹមតែមិនជាសះស្បើយ ប៉ុន្តែថែមទាំងរីករាលដាល និងបង្កជាជម្ងឺផ្សេងៗទៀត។
ប្រៀបធៀបទី២
អ្នកមិនបានផ្តល់សិទ្ធិ ឲ្យសហគមន៍ព្រៃឈើ ឲ្យពេញលេញដើម្បីថែទាំ គាំពារ ការពារ និងសិទ្ធិជាម្ចាស់លើព្រៃសហគមន៍ទេ តែអ្នកបែរជាបង្កើតរដ្ឋបាលព្រៃឈើ រៀបចំកងកម្លាំង ដើម្បីដាក់តាមផ្លូវ កុងត្រូល ចាប់ឈើ ហើយលក់ដើម្បីយកលុយចែកគ្នាជាទម្រង់ប្រាក់លើកទឹកចិត្ត។ វិធានការបែបនេះ មិនត្រឹមតែមិនមានប្រសិទ្ធិភាព ថែមទាំងអស់ព្រៃឈើ ។
ប្រៀបធៀបទី៣
អ្នកមិនបានវិនិយោគ លើការត្រួតពិនិត្យ កុំឲ្យមានការរំលោភសិទ្ធិការងារ លើកម្មករពីថៅកែ ឬម្ចាស់រោងចក្រទេ និងកែលម្អយន្តការ ដោះស្រាយវិវាទការងារ ឲ្យមានប្រសិទ្ធិភាពទេ ប៉ុន្តែអ្នកបែរជារៀបចំកងកម្លាំងច្រើនក្រុម ច្រើនផែន ច្រើនលើសលុប ដើម្បីបង្ក្រាបលើកម្មករសម្តែងមតិទៅវិញ ។
ប្រៀបធៀបទី៤
អ្នកមិនបានវិនិយោគច្រើន លើការផ្តល់គំរូសីលធម៌ល្អ ពីថ្នាក់ដឹកនាំ អប់រំសីលធម៌ដល់ពលរដ្ឋ វិធានការកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង។ល។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទេ តែអ្នកបែរជាសប្បាយចិត្ត និងវិនិយោគច្រើន លើការពង្រាយកងកម្លាំងសម្រាប់ផាកពិន័យ រំខានដល់ការធ្វើដំណើរច្រើន និងបានលុយច្រើន ចែកគ្នាជាទម្រង់ប្រាក់លើកទឹកចិត្តទៅវិញ។ ធ្វើបែបនេះ មិនអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានច្រើនទេ។
ប្រៀបធៀបទី៥
អ្នកមិនបានពង្រឹងវិធានការ ពីថ្នាក់កំពូលកុំឲ្យពុករលួយ តាមរយៈប្រកាសទ្រព្យសម្បត្តិដោយចំហ ទាំងគ្រួសារ និងមានការធ្វើសាវនកម្មប្រចាំឆ្នាំ លើចំណូល ចំណាយទេ តែបែរជាសប្បាយចិត្ត ចាប់ត្រីតូចតាច រក្សាត្រីធំទៅវិញ។ វិធានការបែបនេះ មិនត្រឹមតែមិនអាចកាត់បន្ថយ អំពើពុករលួយបានទេ ប៉ុន្តែថែមទាំង បង្កឲ្យមានគម្លាតអ្នកមាន និងអ្នកក្រខ្ពស់ អំពើពុករលួយច្រើន និងបង្កឲ្យមានអស្ថេរភាពសង្គម ទៅថ្ងៃអនាគត៕
----------
កំណត់សំគាល់៖ អត្ថបទខាងលើនេះ ជាការដកស្រង់ទាំងស្រុង ពីសំណេរមួយរបស់លោក កែម ឡី នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើការកែកំហុសអក្ខរាវិរុទ្ធខ្លះៗ តែបានរក្សាសំណៅដើម នៃអត្ថបទ មិនមានផ្លាស់ប្ដូរអ្វីឡើយ៕