អ៊ឺរ៉ូ២០១៦៖ ក្រុមទាំងបួនចុងក្រោយ ដើម្បីដណ្ដើមជើងឯក
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 05, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជម្រើសជាតិបារាំង ជាក្រុមដែលទទួលបានសំបុត្រកៅអីក្រោយគេ ដើម្បីឡើងទៅជួបជាមួយ ក្រុមដៃគូសងសឹក អាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងមុខ។ រីឯក្រុមជម្រើសជាតិព័រទុយហ្គាល់ បានស្គាល់គូប្រកួតរបស់ខ្លួន តាំងពីច្រើនថ្ងៃហើយ គឺក្រុម វៀល្ស៍ (Wales - ទឹកដីនៅភាគខាងលិច នៃចក្រភពអង់គ្លេស) ដែលជាក្រុមមួយ បង្កការភ្ញាក់ផ្អើលខ្លាំងជាងគេបង្អស់ ក្នុងការចូលមកដល់វគ្គ៤ក្រុម ចុងក្រោយគេនេះ ខណៈក្រុមវៀល្ស៍បានខកខានជំនួបបែនេះ តាំងពី៤៨ឆ្នាំមកហើយ។
សំខាន់បំផុតនោះ គឺក្រុមទាំងបួន សុទ្ធតែមានក្ដីសុបិន្តដូចគ្នា៖ ដំណើមតំណែងជើងឯក «អ៊ឺរ៉ូ២០១៦» នេះឲ្យបាន! ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូន ពីកាលវិភាគនៃការប្រកួត នៅវគ្គ១ភាគ២ផ្តាចព្រ័ត្រ ក៏ដូចជាតួលេខខ្លាំងខ្សោយសំខាន់ៗ នៃក្រុមទាំងបួន ដើម្បីទុកជូនប្រិយមិត្តអ្នកអាន គ្រាន់ជាការវិភាគ។
» ថ្ងៃពុធទី៦ ខែកក្កដា៖ ក្រុមព័រទុយហ្គាល់ ទល់នឹងក្រុម វៀល្ស៍ ម៉ោង២១ នៅបារាំង (ត្រូវនឹងម៉ោង២ភ្លឺស្អែកឡើង នៅកម្ពុជា) ក្នុងកីឡាដ្ឋានក្រុង លីយ៉ុង ភាគខាងត្បូងបារាំង៖
+ ក្រុមព័រទុយហ្គាល់
- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះម្ដង, ស្មើ៤ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ៦គ្រាប់ តែត្រូវគេដាក់វិញ ៥គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) និង ណានី (Nani) បានម្នាក់ពីរគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៥៤%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឡើងមកដល់ការប្រកួតផ្ដាច់ព្រ័ត្រម្ដង នៅឆ្នាំ២០០៤
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះម្ដង ចាញ់៣ដង
- ប្រកួតមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្នុងពេលកន្លងមក៖ នៅឆ្នាំ២០១២ ទល់នឹងក្រុមអេស្ប៉ាញ បានស្មើរ ០-០ តែចាញ់នៅពេលទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។
- យោបល់៖ នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ រកគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពីអតីតកីឡាករបារាំង មីឆែល ផ្លាទីនី (Michel Platini)។
+ ក្រុមវៀល្ស៍
- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៤ដង, មិនដែលស្មើ, ចាញ់ម្ដង, រកគ្រាប់បាល់បាន ១០គ្រាប់ តែត្រូវគេដាក់វិញ ៤គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ ហ្គារេត បាល់ (Gareth Bale) បានបីគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៤៧%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឡើងមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០១៦នេះ
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ មិនដែលចូលរួមប្រកួត ពីមុនមកទេ
- យោបល់៖ ក្រុម វៀល្ស៍ រកបានគ្រាប់បាល់ ១០គ្រាប់ ពីក្នុងចំណោមការព្យាយាមទាត់បញ្ចូលទី ៥៩ដង ដែលជាប្រសិទ្ធិភាពមួយដ៏ខ្ពស់។
» ថ្ងៃព្រហស្បត្តិ៍ទី៧ ខែកក្កដា៖ ក្រុមអាល្លឺម៉ង់ ទល់នឹងក្រុម បារាំង ម៉ោង២១ នៅបារាំង (ត្រូវនឹងម៉ោង២ភ្លឺស្អែកឡើង នៅកម្ពុជា) ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ ភាគខាងត្បូងបារាំង៖
+ ក្រុមអាល្លឺម៉ង់
- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៣ដង, ស្មើ២ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ៧គ្រាប់ តែត្រូវគេដាក់វិញ ១គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ ម៉ារីយ៉ូ ហ្គូម៉េស (Mario Gomez) បានពីរគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៦៣%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឈ្នះយកពានមកកាន់ក្នុងដៃ នៅឆ្នាំ១៩៧២, ១៩៨០ និងឆ្នាំ១៩៩៦
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះ៥ដង ចាញ់២ដង
- យោបល់៖ ក្រុមអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ជ័តឈីម ឡូវ (Joachim Löw) មានខ្សែការពារខ្លាំងក្លាណាស់។
+ ក្រុមបារាំង
- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៤ដង, ស្មើ១ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ១១គ្រាប់ តែត្រូវគេដាក់វិញ ៤គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បាន៤គ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៥៦%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឈ្នះយកពានមកកាន់ក្នុងដៃ នៅឆ្នាំ១៩៨៤, ២០០០
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះ២ដង ចាញ់២ដង
- ប្រកួតមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្នុងពេលកន្លងមក៖ នៅឆ្នាំ២០០០ ទល់នឹងក្រុមព័រទុយហ្គាល់ បានឈ្នះដោយពិន្ទុ ២-១
- យោបល់៖ បារាំងតែងបានឈ្នះ យកពានជើងឯកមកកាន់ បន្ទាប់ពីបានឈ្នះ នៅក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួច៕