រកឃើញមីក្រូរបស់អ្នកកាសែត ដែលត្រូវ រ៉ូណាល់ដូ កញ្ឆក់រួចគ្រវាត់ចូលទឹកបឹង
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 05, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មីក្រូថតសម្លេងដ៏កំសត់... បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មានប្រើញក់ញ៉ីរួច នៅទីបំផុតមីក្រូថតសម្លេងឯង ត្រូវបានកីឡាករល្បីឈ្មោះ កញ្ឆក់យកទៅគ្រវាត់ចោល នៅក្នុងទឹកបឹង។ ហេតុការណ៍ បានកើតឡើងនៅថ្ងៃទី២២ ខែមិថុនាកន្លងទៅ នៅក្នុងដំណើរលំហែអារម្មណ៍មួយ របស់ក្រុមកីឡាករជម្រើសជាតិព័រទុយហ្គាល់ នៅមុនជំនួបជាមួយនឹងក្រុម ហុងគ្រី នៅកីឡាដ្ឋានក្រុង លីយ៉ុង ភាគខាងត្បូងប្រទេសបារាំង។
ប៉ុន្តែអ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ព័រទុយហ្គាល់ «CMTV» បានឆ្លៀតឱកាសនោះ ដើម្បីសាកសួរមួយម៉ាត់ពីរ ទៅកាន់កីឡាករដ៏ល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលកំពុងមានវត្តមាន នៅក្នុងការលំហែនោះដែរ។
រំពេចនោះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ដែលកំពុងស្អប់អ្នកសារព័ត៌មាន ព្រោះតែការដាក់សម្ពាធ មកលើខ្លួនឯងជាងគេស្រាប់ផង បានកញ្ឆក់មីក្រូពីដៃអ្នកកាសែត ហើយបានគ្រវែងមីក្រូដ៏កំសត់ ចូលទៅក្នុងទឹកបឹង នៅក្បែរនោះទៅហោង។
រហូតដល់១០ថ្ងៃក្រោយ និងដោយសារមានជំនួយ ពីអ្នកជ្រមុជទឹកពីររូបផង ទើបក្រុមអ្នកសារព័ត៌មានរបស់ស្ថានីយទូរទស្សន៍ បានរកឃើញមីក្រូថតសម្លេងនោះមកវិញ។ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយថា មីក្រូនោះអាចនឹងត្រូវយកមកប្រើប្រាស់ជាថ្មី ដើម្បីសម្ភាសកីឡាករ ម្ចាស់បាល់មាសដ៏ល្បីឈ្មោះខាងលើ ឬយ៉ាងណាទេ។
តែបើទោះជាអាចប្រើបាន ក៏មិនប្រាកដថា អ្នកកាសែតរបស់ទូរទស្សន៍ខាងលើ ទទួលបានចម្លើយពីកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ នោះដែរ។ តាំងពីយូរមកហើយ កីឡាករ រ៉ូណាល់ដូ បានបដិសេធជាច្រើនលើកច្រើនគ្រា មិនឆ្លើយទៅនឹងសំនួរ របស់អ្នកកាសែតមកពីស្ថានីយទូរទស្សន៍នោះឡើយ ដោយហេតុកីឡាករ រ៉ូណាល់ដូ បាន«ឆេះដុំ» នឹងការផ្សាយព័ត៌មានដ៏អាថ៌កំបាំងមួយ ទាក់ទងនឹងជីវិតឯកជនរបស់កីឡាករ ៕
------------------
» រូបភាពស្ដែងៗ ពីការកញ្ឆក់មីក្រូពីអ្នកសារព័ត៌មាន ហើយគ្រវាត់ចូលទៅក្នុងបឹង៖