ចាប់​ពីឆ្នាំ​២០២៦ ប្រទេស​ចូលរួម​ដណ្ដើម​ពាន​បាល់​ទាត់​ពិភពលោក នឹង​កើន​ដល់​ចំនួន​៤៨

ការសម្រេចចិត្តថ្មី របស់សមាគមបាល់ទាត់ពិភពលោក (FIFA) នេះ នឹងផ្ដល់​ក្ដីសង្ឃឹម ឲ្យបណ្ដាក្រុមបាល់​ទាត់​ជម្រើស​ជាតិ មកពីបណ្ដា​ប្រទេស​សមាជិក របស់​ខ្លួន កាន់តែច្រើន​ឡើង នូវលទ្ធភាព​​ចូលមក​ប្រកួតផ្ដាច់ព្រ័ត្រ រៀងរាល់​​៤ឆ្នាំ​ម្ដង ចាប់​ពី​ឆ្នាំ​២០២៦​ខាងមុខ។ ប៉ុន្តែការសម្រេចចិត្តនេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញដែរ ពីការវិវិត្ត​ទៅ​មុខ នៃកីឡា​បាល់ទាត់ នៅ​ក្នុង​​ពិភពលោក។
ចាប់​ពីឆ្នាំ​២០២៦ ប្រទេស​ចូលរួម​ដណ្ដើម​ពាន​បាល់​ទាត់​ពិភពលោក នឹង​កើន​ដល់​ចំនួន​៤៨
ពានរង្វាន់ នៃបាល់ទាត់ពិភពលោក ដែលបានប្រព្រឹត្តិទៅ នៅក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៤កន្លងទៅ។ (រូបថត Fifa)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 10, 2017
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ដែលអនុញ្ញាតឲ្យមានប្រទេស មកចូលរួមក្នុងព្រឹត្តិការណ៍៤ឆ្នាំម្ដង នៃការ​ប្រកួត​បាល់ទាត់ពិភពលោក មានចំនួនច្រើន និងមានក្ដីសង្ឃឹមច្រើនជាងមុន។ ក្រុមប្រឹក្សាភិបាល នៃសមាគម​បាល់​ទាត់​ពិភពលោក (ហៅកាត់ថា FIFA) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ ដ៏ធំជាងបង្អស់​នៅលើផែនដី ទើប​នឹង​បោះឆ្នោត​​ជាឯកច្ឆ័ន្ទ សម្រេចយកការកំណត់ថ្មីនេះ កាលពីព្រឹកថ្ងៃទី១០ ខែមករានេះ នៅក្នុងក្រុង ហ្សីរីស (Zurich) ប្រទេសស្វីស ដោយ​បន្ថែមចំនួន​ក្រុម​បាល់ទាត់​ជម្រើសជាតិ ពីចំនួន៣២ សព្វថ្ងៃ ឲ្យឡើង​ដល់​ចំនួន​៤៨ក្រុម ចាប់ពី​ឆ្នាំ​២០២៦​ខាងមុខ។ ក្រុមទាំង៤៧នេះ នឹងមកជួបទាត់ នៅក្នុងវគ្គជម្រុះដំបូង ដោយ​បែង​ចែក ជា​១៦ពូល (Poule) ក្នុងមួយពូល មាន៣ក្រុម។

ការតម្លើងចំនួនក្រុមជម្រើសជាតិ នៅក្នុងជំនួបដ៏ធំ បួនឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង ក្រោមមូលហេតុ នៃការ​រីក​ចម្រើន​ទៅមុខ នៃកីឡាបាល់ទាត់ និងការវិវត្តន៍ នៃសង្គមមនុស្ស ជុំវិញការប្រាស្រ័យទាក់ទងគ្នា និងការ​ទទួល​ផល​ពី​កីឡា​មួយ​នេះ។ ការផ្លាស់ប្ដូរចំនួនចូលរួម នៃក្រុមកីឡាករនេះ មិនមែនទើបតែធ្វើឡើង ជា​លើក​ទី​មួយ​នោះ​ទេ។

ក្រុមបាល់ទាត់ជម្រើសជាតិ ដែលមកចូលរួមប្រកួត ដណ្ដើមពានរង្វាន់ពិភពលោកដំបូងគេ នៅឆ្នាំ១៩៣០ ក្នុង​ប្រទេស​អ៊ុយរូហ្គាយ (ទ្វីបអាមេរិកខាងត្បូង) មានចំនួនត្រឹមតែ១៦ ប្រទេសប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៨២ ដែលកាលនោះ ការប្រកួតធំនេះ ធ្វើឡើងនៅក្នុងប្រទេសអេស្ប៉ាញ ចំនួនក្រុមកីឡាករបានកើន ពី១៦ ទៅដល់​២៤។ ហើយនៅឆ្នាំ១៩៩៨ (ការប្រកួត ធ្វើឡើងនៅក្នុងប្រទេសបារាំង) ចំនួននេះ បានឡើងពី២៤ ដល់ចំនួន​៣២។ ចំនួន​នេះ នឹងរក្សាទុកដដែល សម្រាប់ជំនួបបាល់ទាត់ពិភពលោកនេះ នៅឆ្នាំ២០២២ខាងមុខ ដែលនឹង​ប្រព្រឹត្តិ​ទៅ ក្នុង​ប្រទេស​កាតា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...