៧នាទី ដែលសម្លាប់ប្រេស៊ីល នៅ១/២ផ្ដាច់ព្រ័ត្រ ទល់នឹងអាល្លឺម៉ង់
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់អាល្លឺម៉ង់ បានប្រើពេលតែ៧នាទីប៉ុណ្ណោះ ដើម្បីវាយសម្រុកមិនប្រណីដៃ បំបាក់មិនឲ្យងើបមុខរួច ក្រុមបាល់ទាត់ម្ចាស់ផ្ទះ ធ្វើឲ្យប្រទេសប្រេស៊ីលទាំងមូល យំមិនចេញ។ នេះជាភាពអាម៉ាស ជាប្រវត្តិសាស្ត្រដ៏ធំមួយសម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ក្នុងខណៈការប្រកួតបានមកដល់ វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រហើយនោះ។
ក្រុមប្រេស៊ីល បរាជ័យ នៅចំពោះក្រុមអាល្លឺម៉ង់ ដែលអោបគ្នាសប្បាយពីជ័យជំនះ។ (រូបថត fifa)
បាល់ទាត់ពិភពលោក - ភាពរន្ធត់បាក់មុខ ដែលក្រុមអាល្លឺម៉ង់បានសាងឲ្យក្រុមប្រេស៊ីល ពិតជាពិបាកទទួលយកបានណាស់ សម្រាប់ប្រទេសម្ចាស់ផ្ទះ ដែលល្បីថាជាប្រទេសខាងបាល់ទាត់ តាំងពីណាណីមក។ ពិន្ទុ ៧ទល់នឹង១ ដែលអាល្លឺម៉ង់បានឈ្នះ ប្រេស៊ីល នៅទីបញ្ចប់នោះ វាពិតជាសម្បើមហើយ តែអ្វីដែលគួរឲ្យភាពអាម៉ាស កើតឡើងខ្លាំងបំផុតនោះ គឺ៧នាទី នៅក្នុងពាក់កណ្ដាលម៉ោងទីមួយ ដែលប្រេស៊ីល បានទទួលគ្រាប់បាល់ពីអាល្លឺម៉ង់ ផ្ទួនៗ ចំនួន៤គ្រាប់។
បន្ទាប់ពីកីឡាករ តូម៉ាស មូល័រ (Thomas Müller) បានរកគ្រាប់បាល់ដំបូង នៅនាទី១១ រួចមក (១-០) ក្រុមអាល្លឺម៉ង់មិនបាននៅស្ងៀម បន្តទៀតដូចកាលពីពេលជួបជាមួយក្រុមបារាំង នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រនោះទេ។ តែក្រុមអាល្លឺម៉ង់ បានរកគ្រាប់បាល់បន្ថែម បានរហូតដល់ទៅ៤គ្រាប់ទៀត ជាពិសេសនៅនាទី២៣ (២-០) ដែលធ្វើឲ្យកីឡាករ មីរូស្លាវ ក្លូស័ (Miroslav Klose) ក្លាយជាអ្នកទាត់បញ្ចូលទី ដ៏អស្ចារ្យជាងគេនៅបាល់ទាត់ពិភពលោក ឆ្នាំ២០១៤នេះ (តាំងពីប្រកួតដើមដំបូង រកបាន១៦គ្រាប់ឲ្យក្រុមអាល្លឺម៉ង់)។
ប៉ុណ្ណេះហើយ ខ្សែការពាររបស់ប្រេស៊ីល នៅមិនប្រញាប់កែឆ្នៃចំនុចខ្សោយរបស់ខ្លួនទេ តែនៅបន្តទុកចន្លោះប្រហោង ធ្វើឲ្យកីឡាករអាល្លឺម៉ង់ តូនី ក្រូស (Toni Kroos) រកបានគ្រាប់ទី៣ នៅនាទី២៤ (៣-០) និងមួយគ្រាប់ទី៤បន្ថែមទៀត នៅនាទី២៦ (៤-០)ដ៏គួរឲ្យរន្ធត់ក្រៃលែង។ ជាការបំបាក់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនដែលមានក្រុមណា ធ្លាប់ជួបទាល់តែសោះ នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក។
ក្រុមប្រេស៊ីល ធ្លាប់ទទួលការទាត់ចូលត្រឹមតែ៥គ្រាប់ប៉ុណ្ណោះ កាលពីពេលជួបជាមួយក្រុមបាល់ទាត់ នៃប្រទេសប៉ូឡូញ ក្នុងប្រទេសបារាំង នាឆ្នាំ១៩៣៨។ ប៉ុន្តែកាលនោះ ប្រេស៊ីល បានរកគ្រាប់បាល់មុនក្រុមប៉ូឡូញ រហូតដល់ទៅ៦គ្រាប់ ដើម្បីប្រាកដពីជ័យជំនះ លើក្រុមប៉ូឡូញ។ ប៉ុន្តែក្រុមបាល់ទាត់ប្រេស៊ីលនាពេលបច្ចុប្បន្ន ទំនងជាបានភ្លេចជំនួបដ៏ជូរចត់នាពេលនោះ ទើបបានបណ្ដោយតឲ្យចំណារប្រវត្តិសាស្ត្រថ្មី បានចារទុកនៅក្នុងក្រាំងបាល់ទាត់ ចាប់ពីឆ្នាំ២០១៤នេះតទៅ ដោយការបាក់មុខយ៉ាងជូរចត់ ទល់នឹងក្រុមអាល្លឺម៉ង់៕