សម្ភាស៖ ធ្វើមាតុភូមិនិវត្តន៍ពីឥណ្ឌូនេស៊ី បន្ទាប់ពីឃ្លាតច្រើនឆ្នាំ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 18, 2015
- ប្រធានបទ: ពលករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃទី១៨ មិថុនានេះ ពលករខ្មែរចំនួនទាំង២៣០នាក់ ដែលអាជ្ញាធរឥណ្ឌូណេស៊ី ឃាត់ខ្លួននៅកោះអំបន់ (Ambon) បានត្រឡប់ មកដល់កម្ពុជាវិញហើយ ចំនួន២១៣នាក់ ឯពលករចំនួន១៧នាក់ទៀត នឹងត្រឡប់មកដល់មាតុភូមិវិញ នារសៀលថ្ងៃដដែល។ ពលករមួយចំនួន បានស្ម័គ្រចិត្តផ្ដល់កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដូចខាងក្រោម។
លោក មុំ បារាំង មកពីខេត្តបន្ទាយមានជ័យ បានលើកឡើងថា លោកបានទៅចុះទូកនេសាទនេះ ដំបូងឡើយឆ្លងកាត់ និងមានស្គាល់មិត្តភ័ក្រម្នាក់ ដែលបាននាំចុះទូកនេសាទថៃ ហើយបានបន្តចុះ ទៅដល់ប្រទេសឥណ្ឌូណេស៊ី។ លោកថាការរស់នៅ លើទូកនេសាទនោះ គ្មានការគាបសង្កត់ឡើយ ដូចជាការធ្វើ ឬការរស់នៅប្រចាំថ្ងៃ។ ក្នុងមួយខែលោកទទួលបានប្រាក់បៀវត្យជាង«ប្រាំបួនពាន់បាត»។ លោកបានបន្តថា ក្នុងប្រទេសឥណ្ឌូនេស៊ីរូបលោក និងកម្មករមួយចំនួនទៀត ត្រូវអាជ្ញាធរឥណ្ឌូនេស៊ី ចោទប្រកាន់ថារស់នៅខុសច្បាប់ និងបានចាប់ទូកទុក៤ថ្ងៃ ឯកម្មកររស់នៅលើទូកដូចថម្មតា។
ពលរដ្ឋរូបនេះបានបន្តថា អាជ្ញាធរឥណ្ឌូនេស៊ី និយាយថា បើចង់រកស៊ីនៅស្រុកគេ ត្រូវត្រឡប់ទៅធ្វើលិខិតឆ្លងដែន ពីប្រទេសកម្ពុជាសិន។ «ខ្ញុំមិនដឹងថា ខ្ញុំខុសច្បាប់ទេ។ ខ្ញុំចុះទូកទៅ ហើយថៅកែគេបើកលុយឲ្យ គេចេញ ខ្ញុំក៏ចេញតាមគេទៅ។ (...) ខ្ញុំគ្មានលុយធ្វើលិខិតឆ្លងដែនទេ ហើយក៏មិនដឹងថា គេធ្វើយ់ាងម៉េចដែរ។ ខ្ញុំចុះទូកនៅថៃបានពីរឆ្នាំ ទើបចុះទៅប្រទេសឥណ្ឌូណេស៊ី សរុបទៅជិតប្រាំឆ្នាំ។ (...) ចាំពិភាក្សាជាមួយឧពុកម្តាយ បងប្អូនសិន មិនដឹងថាត្រូវទៅ (វិញ) ឬអត់ទេ។»
មកពីខេត្តបាត់ដំបង លោក សីលា ពលករមួយរូបទៀត បានប្រាប់ថា លោកបានចាកចេញ ពីប្រទេសកម្ពុជាដោយខ្លួនឯង តាមច្រកទ្វាប៉ោយប៉ែត ក្នុងឆ្នាំ២០០៨។ នៅថៃបានកន្លះឆ្នាំ ទើបចុះទូក។ ការរស់នៅលើទូកនោះ គ្មានការធ្វើទុកពីថៅកែឡើយ លោករស់នៅធម្មតា ដូចពលរដ្ឋគេដែរ។ លោកធ្វើការទាំងយប់ ទាំងថ្ងៃ ហើយទទួលបានប្រាក់ខែ ប្រាំបួនពាន់បាទ។ ត្រីដែលរកបាន ត្រូវយកទៅលក់ នៅប្រទេសឥណ្ឌូនេស៊ី។
គ្មានហាមឃាត់ពីថៅកែទេ បើលោកចង់ដើរលេង នៅលើទឹកដីថៃ ព្រោះលោកមានប័ណ្ណ ដែលមានតម្លៃ ដូចលិខិតឆ្លងដែនដែរ ព្រោះថៅកែថៃជាអ្នកធ្វើឲ្យ។ លោក សីលា បានបញ្ជាក់ថា៖ «ទូកខ្ញុំហ្នឹង ត្រូវឥណ្ឌូណេស៊ីចាប់ទុក ជាង៩ខែមកហើយ តែបានស្ថានទូតខ្មែរ ជាអ្នកដោះស្រាយ និងបញ្ចូនមកខ្មែរវិញនេះ។ (...) ខ្ញុំលែងត្រឡប់ទៅវិញហើយ ម្តុំផ្ទះខ្ញុំជាយដែន ខ្វះអីការងារ។»
ពលករម្នាក់ទៀត មកពីខេត្តកំពង់ធំ លោក ធា បានលើកឡើងថា លោកបានឆ្លងដែនទៅថៃ ជាង២៣ខែមកហើយ។ លោកទៅតាមរយៈមីង ដែលនៅថៃ ដោយគ្មានលិខិតឆ្លងដែនទេ។ ក្រោយពីចុះទូកនេសាទនៅថៃ ថៅកែបានចេញមុខធ្វើលិខិតឆ្លងដែនឲ្យ។ ថៅកែមិនដែលធ្វើបាប ឬហាមឃាត់រឿងហូបចុកទេ ឲ្យតែមានពោះដាក់។ លោកទទួលបានប្រាក់ខែជាងមួយម៉ឺនបាត។ ចំនួនពីរខែ ថៅកែឲ្យឡើងគោកម្តង ជាមួយនឹងការបើកប្រាក់ខែ ចំនួនពីរខែម្តងដែរ។ លោកថា ទូករបស់លោក ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ទុក ជាងបួនខែ ឯកម្មករទាំងអស់ ត្រូវរស់នៅលើទូក គ្មានការងារធ្វើ អត់លុយចាយ មិនអាចទៅណា ដូចជាជាក់គុកយ៉ាងអញ្ចឹងដែរ។ លោក ធា បានថ្លែងឡើងថា៖ «ខ្ញុំមិនត្រឡប់ទៅវិញទេ ព្រោះម្តាយចាស់ហើយ នៅមើលសុខទុក្ខម្តាយវិញ។»
លោក លី សុខរដ្ឋា មកពីខេត្តកំពង់ចាម បានចាកចេញពីកម្ពុជា ជាង៧ឆ្នាំហើយ។ លោកបានបន្តថា ដើមឡើយចូលទឹកដីថៃនោះ មិនមានលិខិតឆ្លងដែនទេ។ តែដល់ពេលចូលទឹកដីឥណ្ឌូណេស៊ី ថៅកែថៃគេធ្វើលិខិតឆ្លងដែនឲ្យ តែលិខិតនោះ បានត្រឹមតែនៅលើទូកទេ មិនអាចចុះដីបានឡើយ។ លោកបន្តថា លោកចុះទៅតាមមេខ្យល់ ជាអ្នកនាំ ។ លោកថា ធ្វើការនៅទីនោះ មានការនឿយហត់ គ្មានពេលសំរាកទេ ព្រោះត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។ លោកបានបង្ហាញថា មូលហេតុដែលនាំ ឲ្យមានការចាប់បញ្ជូនខ្លួននេះ ព្រោះតែនៅឥណ្ឌូនេស៊ី មាននាយករដ្ឋមន្រ្តីថ្មី ឡើងកាន់តំណែង ហើយគេបិទទូកនេសាទថៃទាំងអស់ ឈប់ឲ្យចូលនេសាទ ក្នុងដែនទឹករបស់គេ។ លោកបញ្ជាក់ថា ទោះគ្មានការងារធ្វើ តែមានប្រាក់ខែ មួយខែមួយម៉ឺនបាត តែមកទល់ពេលនេះ លោកមិនទាន់ទទួលបាន ប្រាក់ខែទាំងនោះឡើយ។ លោកអះអាថា៖ «ខ្ញុំមានអារម្ភសប្បាយ... រំភើបណាស់...។ (...) មិនចង់ទៅវិញទេ វាលំបាកណាស់។ (...) បើស្ថានទូតខ្មែរ មិនជួយអន្តរាគមទេ ខ្ញុំប្រហែលជា មិនបានមកខ្មែររហូត។»
ការបញ្ជូនពលករប្រុសចំនួន២៣០នាក់ ត្រឡប់មកកាន់ប្រទេសកម្ពុជា ត្រូវបានធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា ជាមួយនឹងប្រទេសគោលដៅ។ អ្នកស្រី ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា អនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការជាតិ ប្រឆាំងនឹងការជួញដូមនុស្ស បានថ្លែងឲ្យដឹងថា ពលករទាំងអស់នោះ មិនមែនជាពលករ ដែលត្រូវបានជ្រើសរើស ដោយប្រទេសឥណ្ឌូណេស៊ីទេ តែជាពលកររបស់ទូកនេសាទថៃ ដែលចូលរកស៊ី ក្នុងដែលសមុទ្រឥណ្ឌូណេស៊ី។ ឯប្រទេសថៃវិញ ក៏មិនអាចទទួលយកពួកគាត់ដែរ ព្រោះពួកគាត់សុទ្ធតែ ជាពលករខុសច្បាប់។ អ្នកស្រី បានបញ្ជាក់ឲ្យដឹងទៀតថា៖ «យើងនិងធ្វើការស៊ើបអង្កេត លើពលករទាំងអស់នេះ តាមរយ៖កិច្ចសម្ភាស ដើម្បីរកឲ្យឃើញថា តើពួកគាត់ប៉ុន្មាននាក់រងគ្រោះ ដោយអំពើជួញដូរមនុស្ស ប៉ុន្មាននាក់ ដែលត្រូវបានគេកេងប្ររវ័ញ្ញ ឬធ្វើបាបលើរាងកាយជាដើម។ យើងនឹងស្រាវជ្រាវ ស្វែងរកបទល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងចំណោមការងារ នៅក្រៅប្រទេស។»
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកពលករខ្មែរទាំងនេះ មកមាតុប្រទេសវិញ ត្រូវបានទទួលការស្វាគមន៍ ពីក្រុមអង្គការសង្គមស៊ីវិឡ ដែលធ្វើការស្និតនឹងករណីនេះ។ នាយកប្រតិបត្តិអង្គការការីតាស់ លោក គឹម រតនា ពលករខ្លះបានចាកចេញពីក្រុមគ្រួសារ និងប្រទេសរបស់ខ្លួន យ៉ាងហោចណាស់ពីប្រាំឆ្នាំ ទៅដប់ឆ្នាំ។ ហើយក្រុមគ្រួសារពលករមួយចំនួន បានបាត់ដំណឹងគ្រួសាររបស់គាត់ ជារៀងរហូតមកដែរ។ លោកថា អង្គការ អាអូអ៊ិម បានជួយដឹកពួកគាត់ ពីព្រលានយនហោះមកដល់ទីនេះ និងជួយបន្តដឹកពួកគាត់ ទៅតាមខេត្តនីមួយៗ។ ក្រៅពីនោះ ពួកលោក បានផ្ដល់នូវបាយទឹក ជូនពួកគាត់ ក្នុងរយៈពេលដែលគាត់មកកាន់ប្រទេសកម្ពុជាភ្លាមៗ។ ដើម្បីជៀសវាងការចាញ់បោកគេ តទៅទៀត លោក គីម រតនា បានផ្តល់ជាគំនិតថា៖ «ពលរដ្ឋទាំងអស់ គួរស្វែងយល់ខ្លួនឯងបន្ថែម លើការងារណាមួយ ដែលខ្លួននឹងត្រូវសម្រេចចិត្តថា ត្រូវទៅធ្វើនោះ។ (...) មើលថា តើការងារណាខ្លះ ដែលអាចផ្តល់សុវត្តិភាព ដល់ពួកគាត់ទាំងចំណូល។»
ប្រភពច្បាស់ការណ៍មួយ ដែលស្និតស្និតជាមួយក្រសួងការបរទេសកម្ពុជា បានថ្លែងបង្ហើបឲ្យទស្សនាវដ្ដីដឹងថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន PT. Maribu Industries Group ដែលជាក្រុមហ៊ុនតំណាងភាគី ម្ចាស់ទូកនេសាទថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍ របស់ពលករខ្មែរ ចំនួន ២៣០នាក់ខាងលើ ពីកោះ អំប៊ុន (Ambon) ។ តាមការទាមទាររបស់ស្ថានទូត ក្រុមហ៊ុននេះ បានជួលយន្តហោះ១គ្រឿង ប្រភេទ Boeing 737-900 ER អាចផ្ទុកពលករខ្មែរ ចំនួន ២១៣នាក់ ដែលនឹងចេញ ដំណើរពីកោះអំប៊ុន ប្រទេសឥណ្ឌូណេស៊ី មកដល់ភ្នំពេញ ក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង០៦:០០នាទីព្រឹក ។ ឯពលករខ្មែរ ដែលនៅសល់ចំនួន១៧ នាក់ផ្សេងទៀត ត្រូវបានក្រុមហ៊ុនរៀបចំ ឲ្យធ្វើដំណើរ តាមជើងយន្តហោះ AK 534 ពីកូឡាឡាំពួរ មកដល់ភ្នំពេញ នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៥:៥៥ នាទី៕