ធី សុវណ្ណថា នឹងប្ដឹងក្រសួងមហាផ្ទៃ ក្រោយការគម្រាមចាក់ទឹកអាស៊ីត
បន្ទាប់ពីជនអានាមិក បានយកប្រវត្តិរូបឯកជនរបស់នាង ដែលត្រូវបានធ្វើឲ្យបែកធ្លាយមុននេះ មកផ្សព្វផ្សាយជាមួយឃ្លាឃ្លោងគម្រាម ថានឹងចាក់ស្រោចទឹកអាស៊ីតលើរូបនាងមក តារាហ្វេសប៊ុកនិងជាសកម្មជនរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ កញ្ញា ធី សុវណ្ណថា បានថ្លែងអះអាងថា នាងនឹងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងក្រសួងមហាផ្ទៃ និងស្ថាប័នក្រោមការទទួលខុសត្រូវរបស់ខ្លួន ពីបទខ្ជីខ្ជាក្នុងការបំពេញការងារ។
រូបភាពដែលផ្សាយពីប្រវត្តិរូបផ្ទាល់ខ្លួន របស់កញ្ញាធី សុវណ្ណថា ហើយគម្រាមចាក់ទឹកអាស៊ីតលើនាង។
តារាហ្វេសប៊ុក - «បើតាមមើល (...) ធី សុវណ្ណថា គេចមិនផុតពីត្រូវទឹកអាស៊ីត នៅប៉ុន្មានថ្ងៃនេះទេ ព្រោះគេស្គាល់ផ្ទះវាអស់ហើយ ។ កុំជះទឹកអាស៊ីតដាក់មុខវាអី ចាក់ពីលើក្បាលវាវិញ បើយកល្អដុតឡាន (...) ចោលតែម្ដងទៅ ព្រោះវាបានញុះញង់ដុតឡានគេអស់ច្រើនគ្រឿងហើយ។» នេះជាឃ្លាប្រយោគ ដែលបានប្រកាសសង្គ្រាមដោយចំហរប្រឆាំង កញ្ញា ធី សុវណ្ណថា សកម្មជនប្រឆាំងវ័យក្មេងមួយរូប ដែលបានរិះគន់ហូរដូចទឹក នយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ឃ្លោងឃ្លានេះ ត្រូវបានសរសេរនៅយប់ថ្ងៃទី២៨ ខែមករានេះ អមជាមួយនឹងប្រវត្តិរូបផ្ទាល់ខ្លួនមួយ របស់សកម្មជនរូបនេះបានធ្វើ នៅពេលនាងបានបំពេញសំនុំបែបបទសុំលិខិតឆ្លងដែននៅក្រសួងមហាផ្ទៃ តែត្រូវបានយកមកចែកផ្សាយជាសាធារណៈ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
នៅចំពោះការគម្រាមបែបនេះ កញ្ញា ធី សុវណ្ណថា មិនបានបង្ហាញភាពភ្ញាក់ផ្អើល ឬការខ្លាចរអារអ្វីឡើយ។ តែអ្វីដែលនាងព្រួយបារម្ភខ្លាំងជាងខ្លួនឯងនោះ គឺជាសុវត្ថិភាពរបស់គ្រួសារនាង និងបញ្ហាដ៏សំខាន់មួយដែលនាងវាយតម្លៃថា ជាការធ្វេសប្រហែសក្នុងការបំពេញការងារ របស់ស្ថាប័នមានសមត្ថកិច្ច ក្រោមមឱវាទក្រសួងមហាផ្ទៃ។ ការធ្វេសប្រហែសឬភាពខ្ជីខ្ជាខ្វះជំនាញ ដែលបានបណ្ដោយឲ្យប្រវត្តិរូបឯកជនរបស់នាងមួយសន្លឹកនេះ ត្រូវបានជនមានគំនិតអាក្រក់លួចយកមកផ្សាយជាសាធារណៈ។
ធី សុវណ្ណថា បានថ្លែងយ៉ាងម៉ាត់ៗ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា នៅជំហានដំបូងនេះ នាងនឹងប្រមែប្រមូលគ្នីគ្នាអ្នកគាំទ្រនាង ដើម្បីដង្ហែ«ញត្តិ»មួយ ដាក់ទៅក្រសួងមហាផ្ទៃ ទាមទារឲ្យស្ថាប័នរដ្ឋមួយនេះ ទទួលស្គាល់ពីកំហុសរបស់ខ្លួន និងចាត់វិធានការការពារនាង និងគ្រួសារនាង។ នាងបានពន្យល់ថា នាងមិនទាន់ដឹងថា ការដាក់«ញត្តិ»នោះនឹងធ្វើនៅពេលណា នឹងប្រមូលគ្នីគ្នាប៉ុន្មាននាក់ ដើម្បីធ្វើនោះឡើយ។
បន្ទាប់មកទៀត នាងនឹងគ្រោងជួបជាមួយមេធាវីរបស់នាង ដើម្បីពិនិត្យពីលទ្ធភាពដាក់ពាក្យបណ្ដឹងប្ដឹងក្រសួងមហាផ្ទៃ តាមផ្លូវច្បាប់។ កញ្ញាអះអាងថា បានប្រមូលទុកសឹងតែទាំងអស់ នូវភស្ដុតាងទាំងឡាយ ដែលក្រុមជនបិទមុខទាំងនោះ បានផ្សាយប្រឆាំងរូបនាង ក្នុងនោះមានទាំងអត្ថបទ ដែលចេញផ្សាយតាមសារព័ត៌មាននោះថែមទៀត។
ជុំវិញហេតុការណ៍នេះ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមន៍ការពារសិទ្ធមនុស្សអាដហុក បានដាក់កំហុសទៅលើការបែកធ្លាយឯកសារ ស្ដីពីទិន្និន័យឯកជនរបៀបនេះ ថាជាការគំរាមដល់សិទ្ធិបុគ្គល និងមានចរិកគំរាមគំហែងផ្នែកនយោបាយ។ លោកថា ហេតុការណ៍ទាំងនេះ មិនគួរកើតមាន នៅប្រទេសដែលកាន់លិទ្ធិប្រជាធិបតេយ្យ ដូចកម្ពុជាឡើយ។ ការបញ្ចូនចេញនូវប្រវត្តិរូប ឬឯកសារឯកជនរបស់បុគ្គលណាម្នាក់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ គឺជាករណីរំលោភច្បាប់ ព្រោះករណីដែលអាចចេញបាន លុះត្រាតែជាករណីបទល្មើស និងជាករណីយកិច្ចរបស់តុលាការ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទាក់ទងសុំការបកស្រាយពីលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ តែលោកបានចុចទូរស័ព្ទបិទទៅវិញ ដោយមិនបាននិយាយអ្វីទាំងអស់។
គួរបញ្ជាក់ថា បន្ទាប់ពីវិបត្តិនយោបាយផ្ទុះឡើងនៅកម្ពុជា ហើយបង្កឲ្យមានភាពជាប់គាំងរហូតមកដល់បច្ចុប្បន្ននេះ ការចងអាឃាតគ្នារវាងអ្នកគាំទ្រគណបក្សនយោបាយរៀងៗខ្លួន បានកើតមានឡើងយ៉ាងខ្លាំងក្លា។ អ្នកគាំទ្របក្សសង្គ្រោះជាតិ ថាអ្នកគាំទ្របក្សប្រជាជន ថាជាយួន ឬមានខួរក្បាលជាឆ្កែ។ល។ រីឯខាងអ្នកគាំទ្របក្សប្រជាជន ចោទអ្នកគាំទ្របក្សសង្គ្រោះជាតិ ថាញុះញង់ បង្កអសន្តិសុខសង្គមជាដើម។ ដូចករណីតាមជម្រៈបញ្ជីសឹងគ្រប់រូបភាពលើ កញ្ញា ធី សុវណ្ណថា ពីសំណាក់ក្រុមជនដែលមិនចូលចិត្ត សកម្មភាពនយោបាយរបស់នាងជាច្រើននាក់ខាងលើនេះ ជាឧទាហរណ៍ស្រាប់។
អ្នកជំនាញមួយរូបខាងបច្ចេកវិទ្យាអាំងធើណែត បានថ្លែងប្រាប់ទស្សនាវដ្ដីដោយមិនចង់ឲ្យចេញឈ្មោះថា ចំណាត់ការប្រឆាំងជនអានាមិក ដែលចុះផ្សាយរូបភាពផ្ដេសផ្ដាស ឬពាក្យសម្ដីពន្យុះបង្កហិង្សានៅលើបណ្ដាញសង្គម នឹងមិនមានប្រសិទ្ធិភាពនោះទេ ជាពិសេសនៅប្រទេសកម្ពុជា។ នោះដោយសារតែហ្វេសប៊ុក មិនបានស្ថិតក្នុងប្រព័ន្ធច្បាប់ ឬយន្ដការយុត្តិធម៌របស់ប្រទេសកម្ពុជា។ ប៉ុន្តែគេអាចដាក់ការទទួលខុសត្រូវ ទៅលើម្ចាស់ទំព័រ ឬម្ចាស់ក្រុម ដែលធ្វើអភិបាលកិច្ចនៅលើទំព័រ ឬក្រុមនោះ ហើយនៅតែអនុញ្ញាតឲ្យរូបភាព ឬពាក្យសម្ដីទាំងនោះ មានជីវិតនៅលើទំព័រ ឬក្រុមរបស់ខ្លួន។ ប្រសិនបើទំព័រ ឬក្រុមនោះ ត្រូវបានគ្រប់គ្រង់ដោយជនអានាមិក និងបានផ្សព្វផ្សាយតែរឿងហិង្សា ឬកុហកបោកប្រាសនោះ វិធីមួយដែលគេអាចធ្វើប្រឆាំងនឹងទំព័រ ឬក្រុមនោះបាន គឺរាយការណ៍ទំព័រឬក្រុមនេះ (Report Page or Group) ឡើងទៅកាន់ហ្វេសប៊ុក។
យ៉ាងណាក៏ដោយ ក៏អ្នកជំនាញរូបនេះ បានធ្វើសេចក្ដីអំពាវនាវទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យបញ្ចេញកាយវិការថ្លៃថ្នូរ ប្រើភាសាពិរោះពិសារ និងជៀសវាងការចងអាឃាត ឬការជម្រះបញ្ជីគ្នា ដែលជាហេតុធ្វើឲ្យបញ្ហាវាកាន់តែមិនអាចដោះស្រាយបាន តែផ្ទុយទៅវិញ វាបែរជារុញច្រានសង្គមកម្ពុជា ឲ្យធ្លាក់ទៅក្នុងការប្រឈមមុខសារជាថ្មីទៀត ដូចដែលធ្លាប់កើតមានរួចហើយ ក្នុងរបបខ្មែរក្រហម៕
------------------------------------------------------
ដោយ ក. សេងហុង - ស.មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២៩ ខែមករា ឆ្នាំ ២០១៤