បុគ្គលិកកូដករ ដាក់ញត្តិទៅស្ថានទូតអាមេរិក ដើម្បីដាក់សម្ពាធកាលតិច
ដោយសារការចរចាមិនទទួលបានលទ្ធផល ដូចដែលខាងបុគ្គលិកកូដកររំពឹងចង់បាន បានធ្វើឲ្យការទាមទារតវ៉ា បានឈានដល់របត់ថ្មី។ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ បុគ្គលិកអ្នកតវ៉ារបស់ក្រុមហ៊ុនកាល់តិច បានបន្តយកញត្តិមកដាក់នៅស្ថានទូតអាមេរិក ដើម្បីស្វែងការអន្តរាគមន៍ និងដាក់សម្ពាធទៅលើក្រុមហ៊ុនឆេវរ៉ុន។
បុគ្គលិកកូដករ នាំមុខដោយលោក សរ ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ពុជា នៅមុខស្ថានទូតអាមេរិកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
---------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៥ ឧសភា ២០១៤
---------------------------------------
ប្រាក់ខែ - បុគ្គលិកស្ថានីយប្រេងឥន្ធនៈកាល់តិច ប្រមាណជាង ៣០នាក់ បាននាំគ្នាយកញត្តិទៅដាក់ នៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី១៥ ឧសភានេះ ដើម្បីសុំឲ្យស្ថានទូតជួយអន្តរាគមន៍ ទៅក្រុមហ៊ុនឆេហ្វរ៉ុន ក្នុងការផ្តល់នូវប្រាក់ខែដែលធានានូវការរស់នៅសមរម្យ និងស្របទៅនឹងច្បាប់របស់ប្រទេសកម្ពុជា។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា ដែលដឹកនាំបុគ្គលិកក្រុមហ៊ុនកាល់តិច ក្នុងការដាក់ញត្តិនៅស្ថានទូតអាមេរិក បានថ្លែងពន្យល់ពីមូលហេតុ ថាអាមេរិកជាប្រទេសមួយ ដែលខ្វល់ខ្វាយនឹងក្រុមហ៊ុនរបស់ខ្លួន ដែលដំណើរការរកស៊ីនៅក្រៅប្រទេស ជាពិសេសតែងតែយកចិត្តទុកដាក់ ទៅលើការគោរពសិទ្ធិមនុស្ស អំពើពុករលួយ និងបញ្ហាសង្គមផ្សេងៗ។ លោកថ្លែងបន្តថា៖ «អញ្ចឹងនៅពេលនេះ ក្រុមហ៊ុនកាល់តិចដែលជាក្រុមហ៊ុនសាំងដ៏ធំមួយ របស់សហរដ្ឋអាមេរិចហ្នឹង គឺមិនបានផ្តល់ប្រាក់ឈ្នួល ដែលធានាដល់ការរស់នៅសមរម្យដែលស្រប ទៅនឹងច្បាប់ការងារមាត្រា១៤០ នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះហើយទើបយើង ស្នើឱ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាលអាមេរិក ក្នុងការជំរុញឱ្យក្រុមហ៊ុនកាល់តិច ផ្តល់នូវប្រាក់ឈ្នួលដែលធាការរស់នៅសមរម្យ។»
លោកបញ្ជាក់បន្ថែមថា សកម្មភាពនៃការស្វែងអន្តរគមន៍ ឱ្យដាក់សម្ពាធលោកក្រុមហ៊ុនសាំងមួយនេះ មែនមែនធ្វើត្រឹមតែនៅកម្ពុជានោះទេ នឹងបន្តនៅបណ្តាប្រទេសផ្សេងទៀត។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ ក្រៅពីយើងដាក់លិខិតស្នើទៅស្ថានទូត ដើម្បីស្នើរទៅកាន់រដ្ឋាភិបាលអាមេរិក ក៏យើងមានការបញ្ជូនលិខិតរបស់យើង ស្នើទៅសហជីពសហរដ្ឋអាមេរិក ក៏ដូចជាផ្នែកដែលពាក់ព័ន្ធ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីឱ្យមានការជំរុញដល់ក្រុមហ៊ុនឆេវរ៉ុន ឱ្យមានការទទួលខុសត្រូវចំពោះកម្មករនិយោជិករបស់ខ្លួន។»
ប្រធានសហជីពរូបនេះ បង្ហាញជំនឿចិត្តថាក្រុមហ៊ុនកាល់តិច ពិតជាមានលទ្ធភាពក្នុងការតម្លើងប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន ដល់១៦០ដុល្លាបាន ព្រោះក្រុមហ៊ុននេះ ជាក្រុមដែលមានស្តង់ដា និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ។ យ៉ាងណាម៉ិញ ក្នុងមួយថ្ងៃក្រុមហ៊ុនលក់បានយ៉ាងហោចណាស់ ក៏ជាងមួយម៉ឺនដុល្លាដែរ និងនៅក្នុងតំបន់ ក្រុមហ៊ុននេះលក់បានច្រើនជាងគេ ដែលក្រុមហ៊ុនដទៃទៀតមិនអាចធ្វើបាន និងម្យ៉ាងក្រុមហ៊ុនដៃគូរប្រកួតប្រជែង របស់កាល់តិចដូចជាតូតាល់ និងក្រុមហ៊ុនផ្សេងៗទៀត គេមានលទ្ធភាពអាចផ្តល់ជូនកម្មកររបស់គេ ពី១៣០ដុល្លា ដល់១៦០ដុល្លា។
យឿន រ៉េត បុគ្គលិកផ្នែកចាក់សាំងនៅសាខាទឹកល្អក់ និងជាប្រធានសហជីពប្រចាំមូលដ្ឋាន បានឱ្យដឹងថា ការយកញត្តិមកដាក់នៅស្ថានទូតនេះ ជាជម្រើសចុងក្រោយ របស់បុគ្គលិកបំរើការនៅក្រុមហ៊ុនកាល់តិច។ តែប្រសិនបើមិនមានដំណោះស្រាយ ពីខាងស្ថានទូតទៀត ខាងបុគ្គលិកទាំងអស់ ក៏នៅតែបន្តធ្វើកូដកម្មដោយសន្តិវិធី។ បុគ្គលិករូបនេះ បានរំពឹងទុកថា៖ «នឹងទទួលបានជោគជ័យ ព្រោះថាក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលមានស្តង់ដា ហើយជាក្រុមហ៊ុន របស់អាមេរិចកាំងទៀត អញ្ចឹងខ្ញុំសង្ឃឹមថា អាមេរិកមិនបណ្តែតបណ្តោយ អូសបន្លាយពេលវេលាតទៅទៀតទេ។»
នៅព្រឹកនេះដែរ ខាងតំណាងស្ថានទូតអាមេរិកលោក ដេវិត ស្ទែហ្វត បានមកទទួលយកញត្តិដោយផ្ទាល់ ពីតំណាងបុគ្គលិកកូដកររបស់ក្រុមហ៊ុនកាល់តិច។
សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌចុងក្រោយ ដែលខាងបុគ្គលិកកូដករ ទាមទារឱ្យស្ថានទូតអាមេរិក និងភាគីពាក់ព័ន្ធទាំងអស់ជួយធ្វើអន្តរាគមន៍ មានដូចជា៖
១- សូមឲ្យក្រុមហ៊ុនផ្តល់ប្រាក់ខែទី១៣ យ៉ាងហោចណាស់ស្មើនឹងប្រាក់ឈ្នួលខែចុងក្រោយ ដោយអនុវត្តចាប់ពីឆ្នាំ២០១៤ តទៅ។
២- ដំឡើងប្រាក់ឈ្នួលគោល ដល់កម្មករ និយោជិតផ្នែកអនាម័យ ផ្នែកចាក់សាំង ផ្នែកប្តូរប្រេងម៉ាស៊ីន ចំនួន ១៦០ ដុល្លារក្នុងមួយខែ និងដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ៥០ដុល្លារ ដល់កម្មករ និយោជិតផ្នែកបេឡា ហើយអនុវត្តន៍ចាប់ពីឆ្នាំ២០១៤តទៅ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលប្រតិកម្មពីខាងក្រុមហ៊ុនកាល់តិច ទាក់ទងនឹងការដាក់ញត្តិនេះនៅឡើយ មកទល់នឹងម៉ោងនេះ៕