ក្រសួង និងសហជីពជាតិអន្តរជាតិ រួមគ្នាមើលពីបញ្ហាសន្តិសុខការងារ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងក្រុមសហជីពជាតិ និងអន្តរជាតិ បានរៀបចំសិក្ខាសាលាមួយ ដើម្បីជជែកពីមូលហេតុ និងរកដំណោះស្រាយពីបញ្ហា ដែលនាំឱ្យការងារវិស័យកាត់ដេរនៅកម្ពុជា មិនមានសន្តិសុខ។
សិក្ខាសាលា ស្តីពីសន្តិសុខការងារ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ការងារ - ក្នុងរយៈពេលថ្ងៃពីរនេះ ចាប់ពីថ្ងៃទី០៤ ដល់ទី០៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាសហភាពការងារអន្តរជាតិ ប្រចាំកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីសន្តិសុខការងារ និងទំនាក់ទំនងឧស្សាហកម្មនៅកម្ពុជា ដោយមានការចូលរួម ពីតំណាងសហជីពធំៗមួយចំនួន មន្ត្រីក្រសួងការងារ និងម្ចាស់ជំនួយពីប្រទេសជប៉ុន ដែលនឹងជជែកគ្នាពីបញ្ហាសន្តិភាព និងសន្តិសុខការងារនៅក្នុងវិស័យកាត់ដេរកម្ពុជា។
បើតាមលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានឱ្យដឹងថា មូលហេតុដែលលើកយកប្រធានបទនេះឡើង ដើម្បីឱ្យមានការស្វែងយល់ អំពីសារៈសំខាន់នៃសន្តិការងារ នៅកម្ពុជា ដោយសារតែភាពធ្ងន់ធ្ងរនៃការរំលោភសិទ្ធិកម្មករនៅកម្ពុជា ទើបធ្វើឱ្យអ្នកបញ្ជាទិញអស់ជំនឿចិត្ត ហើយបញ្ឈប់ការបញ្ជាទិញផលិតផល ពីរោងចក្រនៅកម្ពុជា បណ្តាលឱ្យវិស័យកាត់ដេរនៅកម្ពុជា មិនមានស្ថេរភាព ។
លោកពន្យល់ទៀតថា វិស័យកាត់ដេរនៅប្រទេសកម្ពុជា នៅលក្ខណៈផុយស្រួយណាស់ ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ដោះស្រាយនូវបញ្ហារលោភសិទ្ធកម្មករដូចបច្ចុប្បន្ននេះ និងការព្រនើយកន្តើយ មិនដោះស្រាយបញ្ហាប្រាក់ឈ្នួលរបស់កម្មករ ដែលនៅមានកំរិតទាបនៅឡើយ។ លោកបានបន្តថា៖ «កន្លងមកនេះយើងឃើញមានរឿងជាច្រើនកើតឡើង នៅតាមបណ្តារោងចក្រកាត់ដេរ មានបញ្ហាកើតឡើងច្រើន ជាពិសេសទាក់ទងទៅនឹងបញ្ហាប្រាក់ឈ្នួល បញ្ហាការប្រាស់ប្រាស់កិច្ចសន្យាការងារ និងបញ្ហារើសអើងសេរីភាពរបស់សហជីព។ បើកត្តាទាំងបីហ្នឹង មិនបានដោះស្រាយពេលហ្នឹង សន្តិសុខការងារនៅក្នុងសហគ្រាស ក្នុងរោងចក្រ នឹងមិនមាននោះទេ។»
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សាត សាមុត ទទួលស្គាល់ផងដែរពី បញ្ហាកម្មករនៅក្នុងវិស័យកាត់ដេរ ថាពិតជាមានលក្ខណៈមិនទាន់ល្អប្រសើរ។ ប៉ុន្តែស្របគ្នានឹងនេះដែរឃើញថា វាក៏បណ្តាលមកពីសហជីពធំៗមួយចំនួន នៅមិនទាន់មានការសហការគ្នា រកផ្លូវដើរ ដើម្បីឱ្យវិស័យកាត់ដេរនៅកម្ពុជានេះមានដំណើរការទៅដោយរលូន៕