មាន​ការ​ចោទ​ថា គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ក្រ​ទៅៗ

តំណាងពលរដ្ឋប្រមាណជាង ២០នាក់ មកពីបណ្តាខេត្តផ្សេងៗគ្នា និងរាជធានីភ្នំពេញ បានធ្វើសន្និសិទកាសែតមួយ ដើម្បីបង្ហាញពីផលលំបាករបស់ពួកគេ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍មួយចំនួន របស់រដ្ឋាភិបាល ដែលជាហេតុនាំឲ្យពលរដ្ឋទាំងនោះ មានជីវភាពកាន់តែក្រទៅៗ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលរស់នៅពឹងផ្អែកលើដីធ្លី ព្រៃឈើ ទន្លេ បឹង និងធនធានធម្មជាតិសម្រាប់ការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិនោះ បាននាំគ្នាបង្ហាញពីស្ថានភាព ដែលពួកគេទាំងអស់នោះកំពុងតែប្រឈមមុខជាក់ស្តែង ចេញពីលទ្ធផលគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ហើយប្រជាពលរដ្ឋដែលរស់នៅតាមជនបទ និងទីក្រុង បានជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរជាច្រើឆ្នាំកន្លងមកហើយ ពាក់ព័ន្ធនឹងបញ្ហានេះ។

បើទោះជាកម្ពុជា សម្បូរទៅដោយទឹកសាបជាច្រើន មានដូចជា បឹង ព្រែក ជ្រឡងដងអូរ និងទន្លេ ដែលជាជំរកនៃប្រព័ន្ធជីវចំរុះ បង្កើតឡើងដោយទន្លេសាប និងទន្លេមេគង្គ ព្រមទាំងបានចិញ្ចឹមប្រជាពលរដ្ឋរាប់លាននាក់ ទាំងអ្នករស់នៅតាមច្រាំងទន្លេ និងក្នុងតំបន់ផ្សេងក៏ដោយ តែប្រជាពលរដ្ឋដែលរស់នៅតាមជនបទមួយចំនួន កំពុងតែរស់នៅក្នុងសភាពតោកយ៉ាកទៅៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមសហគមន៍ដែលប៉ះពាល់ទាំងនោះ កាលពីព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ កន្លងមកនេះ។

លោក គុជ វែង ជាតំណាងសហគមន៍ព្រៃឈើក្បាលត្រាច ខេត្តពោធិសាត់ បានថ្លែងនៅក្នុងសន្និសីទនោះថា បញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់ប្រពលរដ្ឋ បណ្តាលមកពីបញ្ហាព្រៃឈើផងដែរ។  លោកថា ក្រុមសហគមន៍របស់លោក បានរកឃើញបញ្ហាធំៗចំនួនបី ទាក់ទងទៅនឹងព្រៃឈើ៖ ទី១ ការបោះជំរុំរបស់ទាហាន ទៅលើដីរបស់សហគមន៍ ដែលជាតំបន់ព្រៃឈើ ទី២ ការកាប់រានហុំព័ទ្ធយកដី ពីសំណាក់អ្នកមានអំណាច និងទី៣ គឺការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជន។

លោកបន្ថែមថា បញ្ហាដែលធ្វើឲ្យព្រៃឈើអន្តរាយអស់នោះ បណ្តាយមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅក្រុមហ៊ុនតែម្តង។ បើសិនជាគេត្រូវការដីនៅកន្លែងណាមួយ ប្រជាពលរដ្ឋត្រូវតែចេញពីទីនោះជាដាច់ខាត និងមានការគាប់សង្កត់ ពីសំណាក់ក្រុងហ៊ុននោះខ្លាំងខ្លាណាស់។ លោក គុជ វែង បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ នៅតាមភូមិស្ងាត់ជ្រងំ រកតែក្មេងៗមកប្រជុំពិភាក្សា ឫរៀបចំពីធីបុណ្យធ្វីមួយនោះ គឺគ្មាននោះទេ ព្រោះពួកគេមួយចំនួន ត្រូវធ្វើការចំណាកស្រុកដើម្បីរកប្រាក់មកចិញ្ចឹមជីវិត បន្ទាប់ពីមានការបណ្តេញចេញពីដីធ្លីរបស់ខ្លួន។

លោកថា នៅពេលដែលក្រុមពួកគាត់ ជាអ្នកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទៅធ្វើការទប់ស្តាត់បទល្មើសកាប់បំផ្លាញព្រៃឈើនោះ អាជ្ញាធរបែរជាថាពួកគាត់ ជាអ្នកបង្ករបញ្ហាដល់សង្គមទៅវិញ។ អាជ្ញាធរមិនដែលលើកតម្កើងដល់ពួកគាត់ ដែលខិតចំណាយកំលាំង ការពារធនធានធម្មជាតិនោះទេ ថែមទាំងចាប់ពួកគាត់ដាក់គុកដាក់ច្រវ៉ាក់នោះទៀត។

រីឯអ្នកស្រី អ៊ុំ សុភី បានថ្លែងថា សព្វថ្ងៃនេះបញ្ហារំលោភបំពានដីធ្លី កើតមានស្ទើតែពាសពេញប្រទេសកម្ពុជាទៅហើយ ហើយបញ្ហានេះ មិនត្រឹមតែបង្ករឲ្យពលរដ្ឋបាត់បង់ជំរកប៉ុណ្ណោះទេ ថែមទាំងរំលោភបំពានលើសិទ្ធិសេរីភាព និងវាយដំពួកគាត់តាមតែអំពើចិត្តទៀតផង។ ចំណែកឯរដ្ឋាភិបាលវិញ មិនដែលដោះស្រាយឲ្យរួចរាល់ម្តងណាឡើយ មានតែយកប្រព័ន្ធតុលាការ កងកំលាំងប្រដាប់អាវុធមកបង្រ្កាបពួកគាត់ ចាប់ដាក់ពន្ធនាគារ និងការប្តឹងផ្តល់ពីសំណាក់អាជ្ញាធរប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងរគម្រោងអភិវឌ្ឍន៍ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនោះ ក៍មានទទួលរងផលប៉ះពាល់ ពីការសាងសង់ប្រព័ន្ធធារាសាស្ត្រផងដែរ ជាក់ស្តែងដូចជានៅខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើម។ ប្រព័ន្ធធារាសាស្ត្រនៅទីនោះ សុទ្ធតែជាការសាងសង់របស់ក្រុមហ៊ុនបរទេស ហើយការសាងសង់នេះ បានធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដូចជាដីស្រែចំការ លំនៅដ្ឋាន សត្វពាហនៈ សុខភាព និងជីវភាពរស់នៅរបស់ពួកគេ ហើយបង្ខំឲ្យពលរដ្ឋមួយចំនួន ចាំបាច់ត្រូវធ្វើចំណាកស្រុក។ នេះ បើតាមការលើកឡើង របស់អ្នកស្រី យិន ប៉ិច តំណាងសហគមន៍ភ្នំគុក ខេត្តកំពង់ឆ្នាំង។

តំណាងសហគមន៍ភ្នំគុករូបនេះ បានបន្តទៀតថា នៅពេលដែលរដ្ឋាភិបាល មានគម្រោងអភិវឌ្ឍន៍អ្វីមួយនោះ រដ្ឋាភិបាលមិនដែលលើក​យកបញ្ហាទាំងអស់នោះ មកពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់នោះទេ មានតែការដាក់គំនាប ដល់ពលរដ្ឋតែប៉ុណ្ណោះ បើសិនជាមានអ្នកណាម្នាក់ហ៊ានតវ៉ា ចំពោះគម្រោងអភិវឌ្ឍន៍នោះ។ បញ្ហាទាំងនេះ រដ្ឋមិនដែលយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះទេ ហើយក៍មិនមានយន្តការអ្វី មកដោះស្រាយឲ្យប្រជាពលរដ្ឋដែរ នាពេលកន្លងមកនេះ។ ផ្ទុយទៅវិញ មានតែទុកឲ្យពួកគាត់ស្រែកយំទួញសោក ពីការបាត់បង់ទ្រព្យសម្បត្តិ។

គួបញ្ជាក់ថា ការលើកឡើងរបស់អ្នកតំណាងប្រជាពលរដ្ឋទាំងអស់នោះ បានធ្វើឡើងនៅក្នុងសន្និសីទការសែត  នាមជ្ឃមណ្ឌលវប្បធម៌កម្ពុជា-អាលឺម៉ង់ ដើម្បីបង្ហាញទៅរដ្ឋាភិបាលថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋភាគច្រើននៅកម្ពុជា គឺកើតមានឡើង ដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ក្នុងឱកាសនោះ ពួកគាត់បានសំណូមពរទៅរដ្ឋាភិបាល ឲ្យពិចារណាឡើងវិញ ចំពោះបញ្ហាដែលកើតមាន ចំពោះប្រជាពលរដ្ឋកន្លងមកដែរ។

លោក ស៊ិន រីដែន អ្នកសម្របសម្រួលក្រុមស្រាវជ្រាវ បណ្តាញកសាងសន្តិភាព បានប្រាប់បណ្តាអ្នកសារព័ត៌មានថា ការធ្វើសនិ្នសីទនេះ ជាការល្អមួយដែលប្រជាពលរដ្ឋខ្លួនឯង ហ៊ានយកបញ្ហាដែលបានជួបផ្ទាល់ និងប្រឈមមុខកន្លងមក មកបង្ហាញជាសារធារណៈ ដើម្បីឲ្យរដ្ឋាភិបាលបានដឹង និងអាចជម្រុញឲ្យរដ្ឋាភិបាលចុះសើបអង្កេត ពីបញ្ហាទាំងអស់នោះ និងដើម្បីជៀសវាងការជឿនូវសម្តី របស់មន្ត្រីថ្នាក់ក្រោម ដែលប្រាប់ពីព័ត៌មានមិនពិតទៅថ្នាក់ដឹកនាំ។

មន្ត្រីសង្គមស៊ីវិលរូបនេះ បានបន្ថែមថា ការអភិវឌ្ឍន៍ដូចជាការសម្បទានដីធ្លី និងលុបបឹងនេសាទ ការកសាងប្រព័ន្ធធារាសាស្ត្រ ដែលប្រជាពលរដ្ឋបានលើកឡើង វាជារឿងល្អ។ ប៉ុន្តែបើវាជាបញ្ហា វានឹងធ្វើឲ្យប្រជាពលរដ្ឋចេះតែក្រទៅៗវិញ ព្រោះតែការអភិវឌ្ឍន៍ខុសរបស់រដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋប្រឈមមុខ នឹងការអត់ឃ្លានរហូតដល់មានការចំណាកស្រុក ហើយនេះជាក្តីកង្វល់របស់ពួកគាត់ ចង់ឲ្យរដ្ឋាភិបាលចាត់វិធានការ លើការអភិវឌ្ឍន៍សារជាថ្មី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...