អេឡិច៖ ស.ជ.ណ រដ្ឋាភិបាលរឿងអារ៉ែង ជាការបោកបញ្ឆោត
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មករា ២០១៥
- កែប្រែចុងក្រោយ: February 14, 2015
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទន្ទឹមនឹងការស្វាគមន៍ ចំពោះលិខិតរបស់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ដែល«ដូចជា»បង្ហាញ ពីការព្រួយបារម្មណ៍ ពីការបាត់បង់តំបន់អារ៉ែងនោះ ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alex Gonzalez Davidson) ដែលចេះនិយាយភាសាខ្មែរយ៉ាងច្បាស់ បានលើកឡើងថា លិខិតរបស់បុរសខ្លាំងកម្ពុជា បានសរសេរខុសពីធាតុពិតនៃសំនុំរឿង នៅលើចំណុចជាច្រើន។
នេះជាប្រតិកម្ម របស់ប្រធានអង្គការដ៏ល្បីល្បាញ បន្ទាប់ពីប្រមុសរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញនូវ សេចក្តីជូនដំណឹងមួយទៅកាន់រដ្ឋសភាជាតិ ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី តែ ច័ន្ទមនី អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាថា «នឹងមិនអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែងទេ ប្រសិនបើផលប៉ះពាល់ច្រើនជាងផលចំណេញ»នោះ ។
លោក អាឡិច បានចាត់ទុកថា លិខិតដែលធ្វើឡើងនោះ មានភាពចន្លោះប្រហោងច្រើន និងព័ត៌មានមួយចំនួន«មិនមែនជាការពិត» ពិសេសលិខិតនោះ ហាក់បង្ហាញនិន្នាការ ឬភាពលំអៀងទៅរកភាគីក្រុមហ៊ុន ច្រើនជាងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយនឹងការលើកឡើង នៅក្នុងលិខិត្តនោះ អាចនឹងឲ្យក្រុមហ៊ុនអាចមានឱកាសឈានជើងជាថ្មី ដោយស្របច្បាប់ ទៅក្នុងការប្រែក្លាយតំបន់អារ៉ែង ទៅជាតំបន់អភិវឌ្ឍន៍ទំនប់វារីអគ្គីសនី ច្រើនជាងលើវិស័យអេកូទេសចណ៍។
នៅទំព័រចុងក្រោយនៃស.ជ.ណ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ទើបតែបែកធ្លាយកាលពីប៉ុន្មានថ្ងៃមុននេះ បានសរសេរបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងមិនអភិវឌ្ឍតំបន់វារីអគ្គិសនី នៅតំបន់អារ៉ែងនេះទេ ប្រសិនបើការសិក្សារកឃើញថា ការបាត់បង់ដែលកើតចេញពីការអភិវឌ្ឍនេះ មានទំហំធំខ្លាំង ធៀបទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងៗ ដែលទទួលបានក្នុងក្របខណ្ឌតំបន់វារីអគ្គិសនីនេះ។»
ចំណុចនេះលោក អេ ឡិច បានលើកឧទាហរណ៍ជាក់ស្តែងមួយចំនួន ដែលពាក់ព័ន្ធនឹងតំបន់នៃទំនប់វារីអគ្គីសនី ដែលបានធ្វើកន្លងមក ដោយ«ធៀប»ទៅនឹងជីវភាពពលរដ្ឋមុន និងក្រោយពេលបង្កើតទំនប់នោះថា តើមួយណាពិតជាចំណេញ និងខាតសម្រាប់ប្រយោជន៍ជាតិ និងប្រជារាស្រ្តនោះ។ លោកបន្តថា ការពិតទៅ ដូចតំបន់ទំនប់វារីអគ្គីសនី ដែលបានធ្វើកន្លងមកមិនអញ្ចឹងទេ។ ពលរដ្ឋនៅតំបន់នោះ នៅតែគ្មានអគ្គិសនីប្រើ ឬក៏ត្រូវទិញពីវៀតណាម ឬថៃដដែល។ ជាពិសេស លោកបានថ្លែងអះអាងថា៖ «ប្រជាពលរដ្ឋរស់នៅតំបន់នោះ បែរជាត្រូវហិនហោច គ្មានផ្ទះសំបែង ស្រែចំការ បាត់បង់មុខរបបនេសាទ ហើយព្រៃឈើក៏ត្រូវបានបំផ្លាញ»។
ប្រធានអង្គការមាតាធម្មជាតិ បានវាយតម្លៃថា លិខិតនោះអាចចេញមក ឲ្យតែល្អមើលប៉ុណ្ណោះ។ វាក៏អាចជាលិខិតមួយ ដែលមានលក្ខណៈបោកបញ្ឆោត ឬគម្រាមកំហែងដល់ប្រជាពលរដ្ឋ និងអ្នកតវ៉ាផងដែរ។ លោកថា នៅក្នុងចំណុចមួយនៃលិខិតនោះ បានសរសេរថា៖ «ការអភិវឌ្ឍន៍នេះ មានការរារាំងពីអង្គការមាតាធម្មជាតិ និងប្រជាពលរដ្ឋមួយចំនួនតូច ពីរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៤។ ខ្ញុំទទួលស្គាល់ថានេះជាការពិតមែន។ តែការពិតមួយ គឺប្រជាពលរដ្ឋជនជាតិដើម “ជង” ច្រើនរយនាក់បានទៅធ្វើការតវ៉ា មិនឲ្យក្រុមហ៊ុននោះចូលជាដើម ត្រូវបានបិទបាំង និងមិនបានចុះក្នុងលិខិតនោះទេ។» លោកបានចាត់ទុកថា លិខិតនេះ មិនអាចផ្តល់ការទុកចិត្ត សម្រាប់«អារ៉ែងថា មិនប្រែក្លាយពីគម្រោងអភិវឌ្ឍន៍ទំនប់វ៉ារីអាគ្គីសនី ទៅជាតំបន់អេកូទេសចរណ៍នោះទេ»។
លោកបានថ្លែងទៀតថា៖ «ខ្ញុំមិនយល់!។ រដ្ឋាភិបាលធ្វើការរាល់ថ្ងៃនេះ មិនអាចនណាធ្វើការទាយជាមុនបានទេ។ ជួនកាលគេសរសេរនេះ ក្នុងគោលបំណងសាងសង់។ ជួនកាលក្នុងគោលបំណងកែលំអរ ឬក្នុងគោលបំណងបោកប្រាស់ ឬបំភិតបំភ័យប្រជាពលរដ្ឋ ជង នៅអារ៉ែង។ អានេះខ្ញុំអត់ដឹងទេ!។ តែអ្វីដែលខ្ញុំដឹង លិខិតនេះ មិនអាចជឿជាក់មួយរយភាគរយទេ។»
ក្នុងស.ជ.ណ របស់លោក ហ៊ុន សែន ដដែល បានសរសេរថា «គេនឹងសិក្សាបន្តទៅមុខទៀត»។ ត្រង់ចំណុចនេះ ត្រូវបានលោក អេឡិច បញ្ជាក់ថា «តើក្រុមហ៊ុនដែលនឹងត្រូវមកសិក្សានោះឯករាជ្យ អព្យាក្រិត្យ ពិតប្រាកដឬទេ? មានស្តង់ដារឬអត់? លំអៀងទៅក្រុមហ៊ុនទេ?។ (...) ពិតណាស់ក្រុមហ៊ុនដែលត្រួតពិនិត្យទាំងនោះ បានយកលុយ ពីក្រុមហ៊ុនហ៊ីណូហាយត្រូរួចរាល់ទៅហើយនោះ។ ដូច្នេះ មិនអាចទៅធ្វើការសិក្សា ក្នុងគោលបំណងអព្យាក្រិត្យ ឯករាជ្យនោះទេ។ ការសិក្សានឹងលំអៀងទៅខាងអ្នកសាងសង់ ច្បាស់ហើយ។»
ប្រមុខរដ្ឋាភិបាលនេះ តាមរយៈ ស.ជ.ណ នោះ បានបង្ហាញនូវការចាប់អារម្មណ៍របស់ខ្លួនថា «រាជរដ្ឋាភិបាល បានចាត់ទុកតំបន់អារ៉ែង ជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលត្រូវការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ទោះបីជាមាន ឬគ្មានគម្រោងវារីអគ្គិសនី (ជាយអារ៉ែង) នេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈដែលរាជរដ្ឋាភិបាលកំពុងគិតគូ និងប្តេជ្ញាអនុវត្តឲ្យបាន។»
សួមរំលឹកថា ស.ជ.ណ នេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី តែ ច័ន្ទមនី ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) បានស្នើឲ្យនាយករដ្ឋមន្រ្តីកម្ពុជា អន្តរាគមន៍បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីមាសក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។ ជាមួយនេះលោកស្រី បានស្នើសុំ ឲ្យប្រែក្លាយតំបន់ជាយអារ៉ែងនេះ ទៅជាតំបន់អេកូទេសចរណ៍វិញ៕