ក្រុមហ៊ុន​ផលិត​​ស្ករ​​អំពៅ​ខុស​​បច្ចេក​ទេស ​ធ្លាយ​​​សំណល់​ប៉ះ​ពាល់​អ្នក​ភូមិ

ក្រុមហ៊ុនផលិតស្ករអំពៅ ភ្នំពេញស៊ូគ័រ បានធ្លាយសារធាតុ ចេញសារជាថ្មី នៅឆ្នាំ២០១៥នេះ បង្កឲ្យមានផលប់ះពាល់ យ៉ាង​ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ១៧ភូមិ ដែលស្ថិតក្នុងឃុំអមលាំងទាំងមូល។ កាកសំណាល់ ដែលធ្លាយចេញនោះ មិនត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទាំង​អស់ គ្មានទឹកប្រើប្រាស់នោះទេ បើសូម្បីមច្ឆាជាតិ នៅក្នុងទឹក ស្ទើ១០០ភាគរយ ត្រូវបានបំពុលងាប់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញ​ថ្ងៃ​ទី​២០ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 22, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងនោះ បានកើតឡើង ប្រមាណជា១០ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី៩ខែមិនា មកដល់​បច្ចុប្បន្ន។ ស្ថានភាពនេះ នៅមិនទាន់មាន អ្នកដោះស្រាយនៅឡើយ ចំណែកឯអ្នកភូមិ កាន់តែមានភាពក្សត់​ខ្សោយ​ទៅៗ ទាំងទឹកប្រើប្រាស់ ទាំងសត្វចិញ្ចឹមរបស់ខ្លួន។ អ្នកភូមិខ្លះ បានសម្រេចលក់វាចេញ ដោយសារតែគ្មានទឹក​ផ្គត់​ផ្គង់​វា ឲ្យផឹកដើម្បីរស់។ បញ្ហាដែលធ្ងន់ធ្ងរនោះ ទឹកសម្អុយនោះ បានជ្រាបទៅសព្វទីកន្លែង ក្នុងស្ទឹង ធ្វើឲ្យពពួកត្រីទាំងអស់ ដែលនៅក្នុងទឹក ងាប់អស់គ្មានសល់។

លោក ចាន់ សុខឿន អ្នកភូមិរងគ្រោះខាងលើស្ថិត ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឲ្យទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ​ដឹងថា គាត់និងអ្នកភូមិ គ្មានមធ្យោបាយច្រើននោះទេ ព្រោះរឿងនេះ វាមានទំហំធំ ឈានដល់អាយុជីវិតសត្វ និង​អាចបន្តរោគទាំងនោះ មកមនុស្សទៀតក៏ថាបាន។ លោកបន្តថា កាលពីឆ្នាំ២០១៤ ធ្លាប់មានបញ្ហានេះម្តងដែរ ព្រោះ​ក្រុមហ៊ុនផលិតស្គរអំពៅ របស់ឧកញ៉ា លី យ៉ុងផាត់ ឈ្មោះ ក្រុមហ៊ុនភ្នំពេញស៊ូគ័រ បានធ្លាយជាតិកាកសំណល់នេះ ម្តង​រួចមកហើយ។ កាលពីពេលនោះ ក៏មានផល់ប៉ះពាល់ មិនស្ទើរដែរ តែមានការអន្តរាគមន៍ភ្លាមៗ មិយូរជាង១អាទិត្យ ក៏​អស់​អី។ តែពេលនេះ ទឹកទាំងនោះ បានជ្រាបដល់សព្វទីតាំង នៃស្ទឹងដែលអ្នកស្រុកប្រើប្រាស់ អស់ទៅហើយ។ ទាំង​សត្វ​ត្រី ទាំងសត្វពាហនៈ ស្ទើមិនអាចទ្រាំទ្របាន ព្រោះគ្មានទឹក។

អ្នកភូមិរូបនេះ បានឲ្យដឹងទៀតថា មេភូមិ ឬក្រុមប្រឹក្សាឃុំ ហាក់មិនសូវរវីរវល់ ពីបញ្ហានេះសោះ តាំងពីថ្ងៃដំបូងមក នៅ​ពេល​ដែលមានការជ្រាបចូលតិចៗ នៅឡើយ។ រហូតមកដល់ថ្ងៃទី៩ មកដល់ពេលបច្ចុប្បន្ន ទើបមានការភ្ញាក់ផ្ងើលខ្លាំង ព្រោះទឹកសំអុយទាំងនោះ បានបំផ្លាញត្រីឲ្យងាប់ ទឹកឲ្យកខ្វក់ មានជាតិពុល មានក្លិនស្អុយ និងមិនអាចប៉ះពាល់បាន។ ដូចដែលអ្នកភូមិ បានឲ្យដឹងថា ប៉ះទឹកនោះស្បែករមាស់ ពេលយកត្រីនោះ ទៅទទួលទាន កើតរោគរាគរុះជាដើម។ លោក ចាន់ សុខឿន បានបញ្ជាក់ថា មេភូមិ មេឃុំ ហាក់មិនអើពើទេ ដូចជាទទួលបានអ្វី ជាសំណូកពីក្រុមហ៊ុននោះ​អញ្ចឹង ហើយហាក់បានអូសបន្លាយពេល ទុកឲ្យអ្នកភូមិរងគ្រោះ។ លោកបានសូមសំនូមពរ ដល់អ្នកដែលពាក់ព័ន្ធ ទាំង​ខាងក្រុមហ៊ុន ទាំងខាងភូមិឃុំ មេត្តាមាន ដំណោះស្រាយ ឲ្យអ្នកភូមិជាបន្ទាន់ ព្រោះអ្នករស់នៅទាំងអស់ មិនអាច​អត់​ទឹក​ប្រើប្រាស់បានទេ។

ក្រោមពាក្យសម្តីទាំងប៉ុន្មាន របស់ពលរដ្ឋខាងលើ ត្រូវបានលោក តឹក សុធា សមាជិកក្រុមប្រឹក្សាឃុំអមលាំង អះអាងថា វាពិតជាមានការបង្កផលវិបាក ឲ្យដល់អ្នកភូមិ ពីក្រុមហ៊ុនផលិតស្ករអំពៅនោះមែន ហើយវាបានកើតឡើង អស់ជា​ច្រើន​ថ្ងៃមកហើយ នៅក្នុងខែមិនានេះ។ លោកបានបញ្ជាក់ទៀតថា លោកបានជួបប្រជុំជាមួយថ្នាក់ឃុំ និងភូមិរួចហើយ ពី​បញ្ហា​នេះ តែលោកមិនបានឲ្យដឹង ពីពេលវេលា ដែលត្រូវដោះស្រាយ ជាក់លាក់នោះទេ។ ព្រោះតែវាបាញជ្រាប សាយ​ភាយ​ទៅក្នុងស្ទឹង មានលក្ខណៈធំទៅហើយ លុះត្រាតែមានភ្លៀងខ្លាំងមក ទើបអាចជម្រះជាតិពុល និងក្លិន​សំអុយ​នោះ​បាន។

ក្រុមប្រឹក្សាឃុំខាងលើ បានឲ្យដឹងបន្ថែម ពីហេតុផល ដែលបណ្តាលឲ្យរាលដាល កាកសំណល់នេះដែរថា ព្រោះកាល​ពី​ថ្ងៃដែលធ្លាយនោះ មានភ្លៀងមួយមេធំ ហេតុនេះ ទឹកទាំងនោះ បានចាក់បណ្តោយ ទៅតាមខ្សែរទឹក ដល់ស្ទឹងធំ អូ​ក្អែក ស្ទឹងគ្រាំងពន្លៃ។ លោកបន្តថា តាមការបញ្ជាក់ របស់អ្នកជំនាញ នៅក្នុងក្រុមហ៊ុននេះ បានឲ្យដឹងថា ព្រោះតែខុស​បច្ចេកទេស ហើយបានឡើងកំដៅ ៨០ដឺក្រេ។ ហេតុនេះ ទើបឈានដល់ផ្ទុះ ចេញមកខាងក្រៅ។

ទស្សនាវដ្ដីមិនអាចទាក់ទងក្រុមហ៊ុន ភ្នំពេញស៊ូគ័រ ដើម្បីសុំការស្រាយបំភ្លឺ ពីករណីខាងលើបាននៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...