កីឡាដ្ឋាន​តេជោ​មរកត៖ «ដីហុយ និង​បរិដ្ឋាន​អាប់​អួរ» ពី​ការ​ដឹក​ដី​លប់​បឹង​ប្រយ៉ាប

បើធ្វើដំណើរចេញពីមហាវិថីសហព័ន្ធរុស្សី តាមបណ្តោយផ្លូវ១០១៩(ហាណូយ) ស្ថិតនៅក្នុងសង្កាត់ឃ្មួញ និងផ្លូវ៥៩៨ ក្នុង​ខណ្ឌសែនសុខ គេសង្កេតឃើញមានរថយន្តដឹកដី ច្រើនជាងមួយរយគ្រឿងក្នុងមួយថ្ងៃ ដែលកំពុងធ្វើចរាចរណ៍ យ៉ាង​មមាញឹកបន្តកន្ទុយគ្នា និងស្ទើរកពេលសំរាកគ្មាន នេះមិនគិតពីរថយន្តអ្នកដំណើរផងទេ។ រថយន្តធន់ធ្ងន់ទាំងនោះ បានផ្ទុកដោយដី និងខ្សាច់ហៀរពោរពាស ផុតទ្រុងឡាន និងមិនមានការគ្រប ឬបិទបាំងអ្វីឡើយ ដែលជាហេតុធ្វើឲ្យដី ឬខ្សាច់ទាំងនោះ បានបាចសាចមកលើអ្នកដំណើរ ជាពិសេសអ្នកជិះម៉ូតូ។ មិនតែប៉ុណ្ណោះ បានធ្វើ​ឲ្យដីធ្លាក់រាយប៉ាយ រដេបរដុប និងហុយស៊ុបទ្រុបពេញផ្លូវ ដែលធ្វើឲ្យអ្នកធ្វើដំណើរផ្សេងទៀត អាចផ្លាស់ប្តូរព័ណ​សម្បុរ​បានដូចជា ខោខ្មៅទៅជាប្រផេះ អាវសទៅ ក្រហមព្រឿងៗ នោះជាដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋដែលរស់នៅតាមបណ្តោយ មហាវិថីហាណូយ (អតីតផ្លូវផ្សារដីហុយ) ចាប់ពីចំណុចស្ថានីប្រេងសាំង សែនសុខ ដល់ផ្លូវទំនប់កប់ស្រូវ បាន​ត្អូញត្អែរពីការបំពុលបរិដ្ឋាន ដោយសាររថយន្តដឹកដីរបស់ក្រុមហ៊ុន លីយ៉ុងផាត់ ដឹកដីចាក់​លុប​បឹងប្រយ៉ាប ដើម្បី​សាង​សង់ «ពហុកីឡាដ្ឋានតេជោមរកត»។


រថយន្ដដឹកដី រាប់សិបគ្រឿង កំពុងតម្រៀបជួរគ្នា រងចាំចូលទៅចាក់ដី។ MONOROOM.info Photo/ O. Vary

បើធ្វើដំណើរចេញពីមហាវិថីសហព័ន្ធរុស្សី តាមបណ្តោយផ្លូវ១០១៩(ហាណូយ) ស្ថិតនៅក្នុងសង្កាត់ឃ្មួញ និងផ្លូវ៥៩៨ ក្នុង​ខណ្ឌសែនសុខ គេសង្កេតឃើញមានរថយន្តដឹកដី ច្រើនជាងមួយរយគ្រឿងក្នុងមួយថ្ងៃ ដែលកំពុងធ្វើចរាចរណ៍ យ៉ាង​មមាញឹកបន្តកន្ទុយគ្នា និងស្ទើរកពេលសំរាកគ្មាន នេះមិនគិតពីរថយន្តអ្នកដំណើរផងទេ។

រថយន្តធន់ធ្ងន់ទាំងនោះ បានផ្ទុកដោយដី និងខ្សាច់ហៀរពោរពាស ផុតទ្រុងឡាន និងមិនមានការគ្រប ឬបិទបាំងអ្វីឡើយ ដែលជាហេតុធ្វើឲ្យដី ឬខ្សាច់ទាំងនោះ បានបាចសាចមកលើអ្នកដំណើរ ជាពិសេសអ្នកជិះម៉ូតូ។ មិនតែប៉ុណ្ណោះ បានធ្វើ​ឲ្យដីធ្លាក់រាយប៉ាយ រដេបរដុប និងហុយស៊ុបទ្រុបពេញផ្លូវ ដែលធ្វើឲ្យអ្នកធ្វើដំណើរផ្សេងទៀត អាចផ្លាស់ប្តូរពណ៌​សម្បុរ​បានដូចជា ខោខ្មៅទៅជាប្រផេះ អាវសទៅ ក្រហមព្រឿងៗ នោះជាដើម។

ឆ្លើយតបនឹងការសាកសួររបស់ មនោរម្យព័ងអាំងហ្វូ  លោក វិទ្ធី ជាអ្នករត់រ៉ឺម៉ក ម៉ូតូ ប្រចាំនៅមុខហាងសាំងសែនសុខ បាន​និយាយថា ចាប់តាំងពីមានការដឹកដី នេះមកបានធ្វើ​ឲ្យបរិយាកាសតាមដងផ្លូវ មានភាពអាប់អ៊ួរដោយធូលីដី ពិបាកក្នុងការ​អង្គុយចាំរកម៉ូយ ឬដឹកម៉ូយដូចមុនណាស់។ ពេលបើកបរម្តងៗក្រៅពីឈ្លក់ដី ក៏នៅមានឈ្លក់ផ្សែងឡាន ដែលបង្ហុយ​ចេញពីឡានធំៗទាំងនោះទៀតផង។

និយាយប្រហែលគ្នានេះដែរ បងស្រី ចន្ធី អ្នកលក់ភេសជ្ជៈ និងជាអ្នកលក់បាយថ្ងៃត្រង់សម្រាប់អ្នកបើកបរ និងព្រូឡានដឹក​ដីទាំងនោះ បានលើកឡើងថា ពិតជាមានការលំបាក់ណាស់ សម្រាប់អ្នកលក់ដូរដូចគាត់ ព្រោះមានឥវ៉ាន់ច្រើន ដូចជា​ទឹក​សុទ្ធ ទឹកក្រូច ចាន និងសម្ភារផ្សេងៗទៀត ត្រូវបានប្រឡាក់ដោយធីលីដីហុយ។ បង្រសីបន្តថា ទោះបីជាមានទូរកញ្ចក់ បិទបាំងជិតក៏ដោយ ការប្រឡាក់ទាំងអស់នេះ មិនអាចជៀសផុតនោះទេ តែគ្រាន់ប្រឡាក់តិច និងច្រើនប៉ុណ្ណោះ។ ទោះ​ជាយ៉ាងនេះក្តី បងស្រីក៏បានសម្តែងនូវការសម្បាយចិត្តដែរ ព្រោះម៉ូយ ឬភ្ញៀវរបស់គាត់ភាគច្រើនសុទ្ធសឹងជាព្រូ និងជា​អ្នកបើកឡានដឹកដីទាំងនោះ។

កំពុងតែអង្គុយដាប់ រូបចំលាក់ព្រះពុទ្ធរូប នៅលើចិញ្ចើម តាមបណ្តោយផ្លូវហាណូយនេះ លោក វាសនា ក៏បាននិយាយថា ពេលខ្លះក៏ឈ្លក់ និងពេលខ្លះក៏ដីចូលភ្នែក ខណៈឡានបើកមកដល់ម្តងៗ។ ដោយវាបាននាំមក នូវជាមួយនឹងលំអងដី​ ហើរ​តាមកំលាំងខ្យល់ឡាន វិលវល់ស្ទើរពេញទាំងផ្លូវ។ លោកបន្តថាបញ្ហាដីហុយនេះ មិនត្រឹមតែប៉ះពាល់​អ្នកនៅជាប់នឹង​ផ្លូវ​នេះទេ សូម្បីតែផ្ទះអ្នកភូមិ ដែលស្ថិតនៅខាងក្នុង ឆ្ងាយពីនេះជាងពីរយម៉ែត្រ ក៏មានបញ្ហាទាក់ទងនឹងធូលីនេះដែរ​  សម្ភារៈ​ទាំងអស់ក្នុងផ្ទះ ត្រូវបានប្រឡាក់ដោយដីហុយ ជាប្រចាំ។

រីឯបងស្រីម្នាក់ទៀតឈ្មោះ សារឹម ជាប្រជាពលរដ្ឋ និងជាអនុភូមិសែនសុខពីរ បាននិយាយថា គាត់តែងតែធ្វើដំណើរ​តាម​ផ្លូវនេះ ដើម្បីជូន និងទទួលកូនពីសាលារៀនភ្នំពេញថ្មី ជារៀងរាល់ថ្ងៃ។ បងស្រីក្នុងវ័យជាងសាមសិបឆ្នាំរូបនេះ  កំពុង​បោសដីខ្សាច់ពីក្បាលកូន នៅលើចិញ្ចើមថ្នល់។ បងស្រីបន្តថា កន្លងមកទាំងឡានដឹកដី ទាំងឡានអ្នកដំណើរ​បើកករ​ដោយល្បើនលឿន ឯផ្លូវរដេបរដុបដោយដីធ្លាក់ ក៏ច្រើន កំលាំងខ្យល់ឡានក៏ខ្លាំង ដីក៏ហុយទ្រប់ ស្ទើរខាបទាញ ឬរុញ​ច្រាន​ម៉ូតូ របស់គាត់ធ្លាក់ប្រឡាយ។ ករណីនេះ ក៏បានបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ច្រើនករណីផងដែរ ក្នុងពេលកន្លងមក។ ឯអ្នកធ្វើដំណើរពីក្រោយឡានដឹកដី ឬដឹកខ្សាច់ច្បាស់ជាក្រឡាច់ដួល ដោយសាតែដំដីដែលធ្លាក់ពីឡានទាំងនោះ ឬក៏​ត្រូវ​ខ្សាច់ហុយលើ ដូចរូបគាត់អញ្ចឹង។

ជាមួយនឹងកូនប្រុសស្រីពីរនាក់ ដែលកំពុងជិះពីក្រោយ បងស្រីបានរំលឹកថា នៅរាល់ពេលប្រជុំ​«ភូមិឃុំមាន​សុវត្ថិភាព»​ម្តងៗ ទាំងគាត់ ទាំងប្រជាពលរដ្ឋ តែងតែ«លើកពីករណីនេះ» ជូនលោកចៅសង្កាត់ ដើម្បីធ្វើការដោះស្រាយ។ តែការ​ដោះស្រាយទាំងនេះបានត្រឹមតែ បាញ់ទឹកតាមផ្លូវ និងឈូសពំនូកដីតាមផ្លូវប៉ុណ្ណោះ ឯការគ្របបិទបាំងដី ឬបន្ថយ​បរិមាណដី លើឡាន មិនបានធ្វើឡើយ។

ទំនងជាធុញទ្រាន់ នឹងការដីហុយជាប្រចាំនោះ លោក ឈាង ឈុនណា ស្មៀនសង្កាត់ឃ្មួញ បានយល់ស្របជាមួយ ការ​យល់ឃើញរបស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមបណ្តោយផ្លូវនេះដែរ។ ម្យ៉ាងវិញទៀត លោកបានអះអាថា មានការ​ពិបាកនឹងការឆ្លងផ្លូវ ដូចជាមនុស្ស​ចង់ដើរឆ្លងកាត់ជាដើម ព្រោះតែឡានភាគច្រើនធំៗ បើកបន្តបណ្តាក់ និងចង្អៀត។ លោកបន្តថា ឡានដឹកដី ជាងមួយ​រយគ្រឿង រត់ក្នុងមួយថ្ងៃ ហើយដាក់ដី ឬខ្សាច់ពោពាស ហួសទ្រុងឡាន ដែលធ្វើឲ្យ​ខូចបរិដ្ឋានផ្លូវ។ «ជាពិសេស​ឡាន​ដឹកខ្សាច់ វាជ្រុះ វាសាច បើជិះពីក្រោយអាចធ្វើឲ្យចូលភ្នែក»។

ទាក់ទងចំណោទ និងការដោះស្រាយបញ្ហាខាងលើលោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ បានប្រាប់មនោរម្យព័ងអាំងហ្វូថា លោកបានឲ្យខាងក្រុមហ៊ុន គាត់ធ្វើការបាញ់ទឹក និងកៀរដី ដើម្បីកាត់បន្ថយដីហុយ។ លោកបន្តថា លោកបានចាត់កំលាំង ឲ្យនៅប្រចាំការមើលការខុសត្រូវ ដោយបើកយឺតៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកថា សម្លេង​រំខាន វាជៀសមិនផុតនោះទេ មិនមែនតែឡានដឹកដីមួយមុខទេ មានឡានជាច្រើនទៀត ដែលផ្តល់នូវសម្លេងរំខានទាំងនេះ បើពួកគាត់ធ្វើចរាចរលើផ្លូវនេះ។ «អាហ្នឹងវាជៀសមិនផុតទេ វាតែងតែមានខ្លះហើយ ព្រោះយើងអភិវឌ្ឍន៍ បើយើងមិន​ដឹកចាក់ មិនដឹកលប់ សម្រាប់អភិវឌ្ឍន៍ ទាល់តែជួយយល់យោគគ្នា»។

ចំពោះបញ្ហាទាំងអស់នេះ មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន លីយ៉ុងផាត់ បានទេ។ តែលោក​ចៅ​សង្កាត់ឃ្មួញបានបញ្ជាក់ថា លោកទទួលយកសំណើរ របស់ប្រជាពលរដ្ឋ ទៅជួបចចារជាមួយក្រុមហ៊ុនដើម្បីដោះស្រាយ ហើយខាងក្រុមហ៊ុន ក៏បានទទួលយកសំណើរនោះ ដោយឲ្យរថយន្តបន្ថយល្បឿន បើកយឺតៗ មិនជែងគ្នា បាញ់ទឹកតាម​ផ្លូវ កៀរដីដែលធ្លាក់ ជាដើម។

ទោះជាមានការខិតខំដោះស្រាយ ពីសំណាក់អាជ្ញាធរមូលដ្ឋាន យ៉ាងណាក៏ដោយ បញ្ហានៅតែកើតមាន ការត្អូញត្អែ​ពី​ពលរដ្ឋនៅតែបន្ត។ ជាពិសេសការដឹកហួសចំនុះ(លើសទ្រង់) របស់រថយន្តទាំងនោះ ដោយមិនបានគ្របបិទបាំង ថែម​ទៀត បានធ្វើឲ្យដីបន្តសាច និងហុយ។ មិនត្រឹមតែប៉ុណ្ណោះ វាបានបណ្តាល ឲ្យមានការខូចខាតផ្លូវ ដោយអន្លើរៗ ហើយ​ក៏មិនទាន់មានវិធានការ ឬការទទួលខុសត្រូវ ក្នុងការការពារ និងជួសជុលនោះនៅឡើយ។

សូមបញ្ជាក់ថា ការដឹកដីចាក់លប់បឹងប្រយ៉ាប ដែលជាបឹងមួយសម្រាប់ទទូល បញ្ជាស ឬស្តុកទឹកពីក្រុងភ្នំពេញ​ នៅ​រដូវ​វស្សានេះ ជាកិច្ចអភិវឌ្ឍន៍ក្នុងគោលបំណងសាងសង់ «ពហុកីឡាដ្ឋានតេជោមរកត» ដែលនឹងគ្រោងចាប់ផ្ដើមសាងសង់​នៅមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។

ស្ថិតនៅលើផ្ទៃដីទំហំជិតមួយរយហិកតា ក្នុងខណ្ឌឫស្សីកែវ ពហុកីឡាដ្ឋាននេះគ្រោង នឹងចំណាយថវិកាប្រមាណ ជាង​២០០លានដុល្លារអាមេរិក។ នឹងបញ្ចប់នៅមុនឆ្នាំ២០២០ សម្រាប់ត្រៀមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ដែលអាច​ទទួលមនុស្សបានដប់ម៉ឺននាក់។ នេះបើតាមការលើកឡើងរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្នុងពីធី​ពិនិត្យការដ្ឋាន ស្ថាបនាប្រឡាយមេស្ថានីយបូមទឹក សម្រាប់រំដោះទឹកជំនន់ចេញពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមីនា កន្លងមក។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...