សុខ សំអឿន៖ អនុសាន៍ និងស.ជ.ណ មិនមែនជា«ច្បាប់»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ សីហា ២០១៤
- កែប្រែចុងក្រោយ: August 29, 2014
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក់ព័ន្ធនឹងបញ្ហាអនុសាសន៍ ឬស.ជ.ណ នេះ ច្រើនកើតឡើងក្នុងរឿងទំនាស់ដីធ្លី។ មន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ក្រោម ទាំងថ្នាក់លើមួយចំនួនធំ មិនបានអនុវត្តច្បាប់ ដែលមានជាធរមាននោះឡើយ ហើយតែងតែបង្កហេតុនេះ ឬហេតុនោះ តាមរយៈអនុសាសន៍ ឬ ស.ជ.ណ ជាមួយប្រជាពលរដ្ឋ មិនចេះចប់ មិនចេះហើយ ឲ្យតែមានប្រយោជន៍សម្រាប់ខ្លួន ឬបក្សពួករបស់ខ្លួន។
តែផ្ទុយមកវិញ បើអនុសាសន៍ ឬស.ជ.ណ នោះមិនមានប្រយោជន៍សម្រាប់បក្សពួកខ្លួនទេ នោះពូកខ្លួន (ជាពិសេសបុគ្គលមានអំណាចមួយចំនួន) ក៏មិនបានគោរពដែរ ហើយថែមទាំងអនុវត្តផ្គើន (ផ្ទុយ) ទាំងកំរោល រហូតដល់យកកម្លាំងសមត្ថកិច្ចរបស់ជាតិទៅសំឡុត ឬកំហែងប្រជាពលរដ្ឋរងគ្រោះ ទាំងនោះថែមទៀត។ ក្រុមនោះ បានទាំងអះអាងទៀតថា ពួកខ្លួនកំពុងតែអនុវត្តតាមច្បាប់ អនុវត្តតាមបទបញ្ជារវបស់ថ្នាក់លើខ្លួន ដូចជាក្នុងការផ្តល់«សម្បទានដីធ្លី»ជាដើម។
ពាក់ព័ន្ធនឹងបញ្ហាផ្តល់«សម្បទានដីធ្លី»នេះ លោកមេធាវី សុខ សំអឿន និងជាអ្នកវិភាគឯករាជ្យ បានចូលខ្លួនមកធ្វើការបកស្រាយថា មកទល់នឹងពេលនេះ នៅមិនទាន់មានច្បាប់ណាមួយច្បាស់លាស់ ចែងពី«នីតិវិធីនៃការផ្តល់ដីសម្បទានដីធ្លី»នៅឡើយ។ ហើយលោកបានស្នើដល់រដ្ឋាភិបាល ឬរដ្ឋសភា ត្រូវគិតគូរធ្វើយ៉ាងណា ឲ្យមានច្បាប់នេះ។
លោកបានបន្តថា ច្បាប់នេះមានសារសំខាន់ ដើម្បីការពារកុំឲ្យមានបញ្ហា រំលោភបបំពានដីធ្លីជាបន្តបន្ទាប់ ដូចរយៈកាលកន្លងមក។ លោកបានចាត់ទុកច្បាប់ស្តីពី «នីតិវិធីនៃការផ្តល់ដីសម្បទានដីធ្លី»ថា ជាអាវុធ ឬដាវអាជ្ញាសិកមួយ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្ត និងការជឿជាក់។ ពិសេសអាចធ្វើឲ្យមេធាវីមានសិទ្ធិពេញលេញ ក្នុងការការពារប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លីមានប្រសិទ្ធិភាព។
លោកមេធាវី បានលើកករណីមួយចំនួន នូវជម្លោះដីធ្លីដែលមាននៅកម្ពុជា រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន ឬប្រជាពលរដ្ឋជាមួយអ្នកមានអំណាចថា បើកម្ពុជាមាន«ច្បាប់»គ្រប់គ្រាន់ក្នុងការការពារដីនោះ ប្រជាពលរដ្ឋ ក៏នឹងមិនកើតមានបញ្ហាដីធ្លី ការទន្ទ្រាន ឈ្លានពាន ឬរឹបអូសយកដីរបស់ប្រជាពលរដ្ឋ ពីអ្នកមានអំណាចទាំងនោះដែរ។
លោកបន្តថា ជាមួយនឹងការដាក់ឲ្យមានច្បាប់ «នីតិវិធីនៃការផ្តល់ដីសម្បទានដីធ្លី» តោងមន្រ្តីទាំងអស់ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ត្រូវតែគោរពច្បាប់ទាំងអស់គ្នា។ មិនតម្រូវឲ្យគោរពតែប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់នោះទេ។ ករណីមិនអនុវត្ត ឬអនុវត្តបញ្ច្រាស សម្រាប់បុគ្គលមានអំណាចទាំងនោះ នៅតែមានបញ្ហា«នីទណ្ឌភាព»។ បញ្ហា«នីទណ្ឌភាពនៅកម្ពុជានេះ ក៏បាននឹងកំពុងរីកសុះសាយ ស្ទើតែទូទាំងប្រទេស ហាក់មិនមានវិធានការ ឬការលប់បំបាត់ដោយរដ្ឋាភិបាលឡើយ។ ឯបុគ្គលមានអំណាច មន្រ្តីធំៗ ក្រុមបក្សពួក ឬខ្សែរស្រឡាយរបស់ខ្លួន និងអ្នកមានប្រាក់មានអំណាច នៅតែរស់នៅក្រៅសំណាញ់ច្បាប់ ព្រោះពួកគេធ្វើអ្វីមិនដែលខុស ឬមិនដែលទទួលទោសតាមច្បាប់ដូចពលរដ្ឋធម្មតាឡើយ។
តាមការលើកឡើងខាងលើ លោកមេធាវីបានលើកជាឧទាហរណ៍ដូច្នេះថា ប្រជាពលរដ្ឋបានកាន់កាប់ដីនោះយូរមកហើយ អ្នកឈូស ឬអ្នករំលោភលើទ្រព្យសម្បត្តិគេ (អ្នកដទៃ) មិនមានទោសទេ។ តែផ្ទុយមកវិញបើម្ចាស់ទ្រព្យនោះ យកដំបងមួយទៅប៉ះគ្រឿងយន្ត ដែលឈូសឆាយ ច្បាស់ជាត្រូវចាប់ខ្លួនភ្លាមៗ ឬត្រូវតុលាការកោះហៅ ដោយចោទប្រកាន់ពីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ករណីមួយទៀត ពេលខ្លះបុគ្គលមានអំណាចមួយចំនួន យកបង្គោល (របង) មកដាំក្នុងដីរបស់អ្នកណាម្នាក់ អ្នកដាំនោះមិនត្រូវបានចោទប្រកាន់ ឬទទួលទោសអ្វីឡើយ។ តែបើម្ចាស់ដីនោះ ទៅដកបង្គោលរបង ដែលដាំក្នុងដីរបស់ខ្លួន នឹងត្រូវជាប់ចោទ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
តាមឧទាហរណ៍ទាំងពីរខាងលើនេះ លោក សុខ សំអឿន បានឲ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងគិតគូរពិចារណាឲ្យបានត្រឹមត្រូវឡើងវិញ នូវបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ដែលកំពង់តែប្រឈមមុខយ៉ាងខ្លាំង ពិសេសក្នុងអាណត្តិទីប្រាំនេះ៕