កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ត្រៀម​រឹប​អូស​ដី​លំនៅដ្ឋាន​ពី​ពលរដ្ឋ?

ប្រជាពលរដ្ឋពីរគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ៦៦៨ គ្រួសារ នឹងត្រូវបណ្តេញចេញពីលំនៅដ្ឋាន ក្រោមបណ្តឹង​ចោទប្រកាន់របស់អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប្រភពដែលស្និតនឹងសំនុំរឿង បានថ្លែងរិះគន់ថា វិវាទនេះកើតឡើង ដោយសារតែអគ្គនាយកកំពង់ផែស្វយ័ត ចង់បានដីរបស់ប្រជាពលរដ្ឋទាំងពីគ្រួសារនេះ ដោយ​មិនចាំបាច់ចំណាយប្រាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋពីរគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ៦៦៨ គ្រួសារ នឹងត្រូវបណ្តេញចេញពីលំនៅដ្ឋាន ក្រោមបណ្តឹង​ចោទប្រកាន់របស់អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប្រភពដែលស្និតនឹងសំនុំរឿង បានថ្លែងរិះគន់ថា  វិវាទនេះកើតឡើង ដោយសារតែអគ្គនាយកកំពង់ផែស្វយ័ត ចង់បានដីរបស់ប្រជាពលរដ្ឋទាំងពីគ្រួសារនេះ ដោយ​មិនចាំបាច់ចំណាយប្រាក់។


គម្រោងតំបន់សេដ្ឋកិច្ចពិសេស របស់កំពង់ផែស្វយ័តក្រុងព្រះសីហនី។ (រូបថត MONOROOM.info)

ដីធ្លី- ប្រជាពលរដ្ឋដែលបានអះអាងថា ជាជនរងគ្រោះនឹងការរឹបអូសដីលំនៅដ្ឋានរបស់ពួកគេនោះ មានឈ្មោះ សោ សារុំ និងឈ្មោះ ឈុន សារិន។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សោ សារិន បានបញ្ជាក់ថា លោកបានមករស់នៅនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតាំងពីឆ្នាំ១៩៨៤ ដែលមានរយៈពេល​ជិត​៣០ឆ្នាំមកហើយ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលរដ្ឋាន។ លោកបន្តថា មកដល់ឆ្នាំ២០០០ អគ្គនាយក​កំពង់​ផែ​ក្រុងព្រះសីហនុ បានប្តឹងលោកទាំងពីទៅកាន់តុលាការថា បានមករស់នៅ និងដាំដំណាំលើដីកំពង់ផែ ដោយគ្មាន​ឯកសារណា​មួយបញ្ជាក់ថា ជាកម្មសិទ្ធិដីកំពង់ផែឡើយ។

មានថតសម្លេងឬទេ?

លោកបានអះអាងបញ្ជាក់ថា លោកមានឯកសារគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថាជាកម្មសិទ្ធិរបស់លោក។ តែអ្វីដែល​សោកស្តាយនោះ ទាំងតុលាការ ទាំងអគ្គនាយកកំពង់ផែ មិនបានទទួលយក និងទទួលស្គាល់ ឬពិនិត្យទៅ​លើ​ឯកសារទាំងនោះឡើយ។ «សវនាការ យើងមានប្រៀបជាងគេ (ខាងកំពង់ផែ) ជាង៩៩ភាគរយ។ គេ (ចៅក្រម គឹម អេង)បិទសនវាការ ប្រកាសក្នុងថ្ងៃ១២ ខែក្រោយ។ (...) ស្អែកឡើងតុលាការហៅខ្ញុំទៅ ហើយសួរថាមានថត​សម្លេង​ឬទេ? អត់ទេ។ (ចៅក្រមបង្គាប់ថា) ឥឡូវយកទូរស័ព្ទដាក់លើតុទាំងអស់មក។ (...) ឥឡូវគេ (តុលាការ) យកមួយ​ម៉ឺន​ប្រាំពាន់ទើបឲ្យឈ្នះ។»

លោក សោ សារិន ដែលធ្លាប់ជាទាហានសមរភូមិមុខមួយរូបផងនោះ បានបន្តថា លោកបានប្រគល់ប្រាក់ឲ្យ ២០០០ (ដុល្លា) តែដល់​ពេលប្រកាសាលក្រម ស្រាប់តែតុលាការកាត់ប្រគល់ដីនោះ ទៅឲ្យខាងកំពង់ផែទៅវិញ។ លោកបាន​បន្តប្តឹងទៅ​សាលា​ឧទ្ធរណ៍ តែមិនមានអន្តរាគមន៍ទេ រហូតមកដល់ពេលនេះ។ «ខ្ញុំគ្មានសង្ឈឹមថានឹងឈ្នះក្តី រឿងដី​នេះ​ទេ។ (...) យើងគ្មាន​ប្រាក់ គ្មានអំណាច ធ្វើម៉េចនឹង​អាចឈ្នះគេបាន»។

លោក សុខ សុខុម ប្រធាន​អង្គការស្រាវជ្រាវជាតិកម្ពុជា និងជាបណ្តាញដីធ្លី​ និងសិទ្ធិលំនៅដ្ឋានថ្នាក់ខេត្តព្រះសីហនុ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ករណីវិវាទដីធ្លីនៅ«តំបន់សេដ្ឋកិច្ចពិសេស»កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ដែលពីមុនមកស្ថិតក្នុងភូមិ៣ សង្កាត់៣ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហ លើផ្ទៃដីទំហំ៧០ហិកតា ដែល​កើតឡើងរវាងប្រជាពលរដ្ឋចំនួន៦៦៨គ្រួសារ ជាមួយ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩មក។ លោកបានពន្យល់ថា វិវាទនេះកើតឡើងដោយសារតែអគ្គនាយកកំពង់ផែស្វយ័ត ចង់​បានដី​របស់​ប្រជាពល​រដ្ឋទាំង​ពី​គ្រួសារនេះ ដោយ«មិនចាំបាច់»ចំណាយប្រាក់។

ធ្វើនំ ដោយអត់ម្សៅ?

មន្រ្តីអង្គការរូបនេះបានបន្ថែមថា មកដល់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០០១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យប្រជាពលរដ្ឋ២៣៧៦ខ្នងផ្ទះ ដែលមាន១១៧៨ខ្នងផ្ទះជាប់មាត់សមុទ្រ ឲ្យរស់នៅបន្ត និងនៅលើដីគោក​ចំនួន​១១៩៨ខ្នង (ក្នុងតំបន់អនុក្រឹត្យលេខ២៣អនក្រ.បក) ។ លោកបានបញ្ជាក់ពីការលើកឡើងរបស់លោកហ៊ុន សែន នាពេលនោះថា៖ «មានតែ១០៣ ខ្នងប៉ុណ្ណោះដែលត្រូវប៉ះពាល់ នឹងត្រូវដោះស្រាយ។ ពួកគាត់នឹងត្រូវបានប្តូរ​លំនៅ​ដ្ឋាន​នៅជិតៗនោះ ដោយត្រូវធ្វើផ្ទះជូនពួកគាត់ឲ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញាតបម្លាស់ប្តូរ​លំនៅដ្ឋាន​របស់​ពួកគាត់ទៅកាន់ទីតាំងថ្មី និងត្រូវផ្តល់កម្មសិទ្ធិដីធ្លីជូនពួកគាត់តែម្តង។»

ទារសំណងខ្ពស់ពេក ...

យ៉ាងណាក៏ដោយ មេធាវីការពារក្ដីឲ្យកំពង់ផែ លោក ចាន់ វណ្ណៈ បានទទួលស្គាល់ថា ដីនេះជារបស់ប្រជា​ពលរដ្ឋ។ តែ​លោកបានបន្ថែមថា ក្រោយមកមានអនុក្រិត្យរបស់រដ្ឋាភិបាល បានយកដីនេះប្រគល់ឲ្យកំពង់ផែ និងធ្វើការ​ដោះ​ស្រាយជូន ប្រជាពលរដ្ឋវិញទៅតាមគោលនយោបាយ។ លោកថា ដោយឡែកពីរគ្រួសារដែលនៅសល់នេះ ធ្វើការ​ទាមទានូវគោលនយោបាយខ្ពស់ពេក ក៏ទុកដោះស្រាយតាមផ្លូវតុលាការតែម្តង។ «ក្នុងរយៈកាលកន្លងមក យើងបាន​សម្របសម្រួលជាមួយគាត់ដែរ។ តែសម្របសម្រួលមិនត្រូវ ព្រោះគាត់ទារថ្លៃពេក។ (...) គាត់ដាល់លក្ខខណ្ឌមក កំពង់ផែមិនមានលទ្ធភាព អញ្ចឹងមិនដឹងធ្វើម៉េច មានតែទុកឲ្យតុលាការបន្តនីតិវិធីសម្រេច។»

រីឯចៅសង្កាត់លេខ៣លោក កាន់ ណឹង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោកមិនបានទទួលដឹងលឺ​ក្នុងរឿងទំនាស់​របស់ប្រជាពលរដ្ឋ និងអគ្គនាយកកំពង់ផែរស្វយ័តនោះទេ។

ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានបន្ថែមទៀតថា បើតាមអនុក្រឹត្យលេខ១៤៧ អនក្រ.បក ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៩ បានកំណត់ផ្ទៃដីអភិវឌ្ឍន៍ទហំ៦៧៤,៩៣៧ម៉ែត្រការ៉េ មានន័យថា មិនមានប៉ះពាល់ដីលំនៅដ្ឋានរបស់​ប្រជាពលរដ្ឋទេ ព្រោះ​ផ្ទៃ​ដី​ដែល​មានស្រាប់ដូចមានក្នុងផែនទីតំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំដីរហូតដល់​ទៅ​៧០ហិកតា ច្រើនជាងទំហំដីនៃអនុក្រឹត្យលេខ​១៤៧អនក្រ.បកទៅទៀត។ ម្យ៉ាងទៀត អង្គការ ចៃការ ក៏បានឃ្វៀល​តំបន់ប្រជាពលរដ្ឋរស់នៅ ចេញពីតំបន់សេដ្ឋកិច្ចពិសេស ជាមួយនឹងការសង់របងយ៉ាងរឹងមាំ​រួច​រាល់ហើយ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...