ទំនាយខ្លះៗ ប្រចាំឆ្នាំមមី និងជោគជីតាមនុស្សកើតឆ្នាំនេះ
ខាងក្រោមនេះ ជាការដកស្រង់ចំណុចសំខាន់ៗ មួយចំនួន ទាក់ទងនឹងសង្ក្រាន ទំនាយ និងជោគជីតារាសី នៃឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងគ្រឹសករាជ ២០១៤។
អវតារនៃព្រះវិស្ណុ ដែលមានក្បាលជាសេះ នៃរចនាបទប្រាសាទសម្បូរព្រៃគុប សព្វថ្ងៃតាំងនៅសារមន្ទីរហ្គីម៉េ ក្នុងរដ្ឋធានីប៉ារីស។ (រូបថត ឯកសារ)
ឆ្នាំមមី២៥៥៨ - ឆ្នាំថ្មីនេះ ត្រូវនឹងសត្វសេះ (មមី) ដែលមានពង្សទេព្តាស្រី ធាតុភ្លើង ត្រូវនឹងថ្ងៃច័ន្ទ១៥កើត ១រោច និង២រោច តាមច័ន្ទគតិ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ខែចែត្រ ដែលជាវេនរបស់ បុត្រីរបស់កបិលមហាព្រហ្ម ឈ្មោះ គោរាគទេវី សៀតផ្កាអង្គារបុស្ស ប្រដាប់ដោយបុក្តា ភក្សាហារប្រេង អាវុធស្តាំ ព្រះខ័ន ឆ្វេងឈើច្រត់ និង មានសត្វខ្លា ជាពាហនៈ។ ទេពធីតាអង្គនេះនឹងចុះបើកឆ្នាំថ្មី ប្រហែលវេលាម៉ោង ៨ និង៧នាទីព្រឹក។
យោងតាមគេហទំព័ររបស់វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ បានរៀបរាប់ពីគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំនេះថា ត្រូវរៀបកាលសំពត់មួយគូរ បាយសឺប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ផ្កាដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា រៀបដាក់ជឿងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន១១គូ ដូងឡៅ១គូ ទឹកស្អាតពីកែវ។ ឆ្នាំនេះគួរកប្រេងដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា។
ស្រុកទេសនឹងកើតកល្លិយុគ !
រីឯទំនាយប្រចាំឆ្នាំ ចេញដោយគេហទំព័រដដែលផ្សាយថា ឆ្នាំនេះមានកេណ្ឌពីរ មានឈ្មោះថាវិបត្ត ស្រូវ សំណាប ស្រែចំការ នឹងកើតកិមិជាតិ (ដង្កូវនាង មេអំបៅ សត្វល្អិត) ស៊ីបំផ្លាញផល្លានុផលឲ្យខូចអស់ពាក់កណ្តាល ស្រុកទេសនឹងកើតកល្លិយុគនិរាស្រ្តប្រាស់ចាកចោលគ្នា ច្រើនលើកច្រើនសារ។
ទំនាយកេណ្ឌការធ្វើស្រែមានសេស (០) ទំនាយថាស្រែដីទំនាបបានផលល្អ។ ប៉ុន្តែមនុស្សមានជំងឺដម្កាត់ ស្លាប់បាត់បង់ជីវិតក៏ច្រើនអនេក។
កេណ្ឌព្រះទិត្យ វិញទាយថា ឆ្នាំស្រូវល្អមានតម្លៃថោក។ថ្ងៃមហាសង្ក្រាន្តនោះ នឹងមានមនុស្សសម្លាប់គ្នានូវមានសឹក សង្គ្រាមនៅស្រុកនាមកណ្តុរ និងនាមដំរី។
ជោគជីតារាសីរបស់មនុស្សកើតឆ្នាំមមី
រីឯគេហទំព័រ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម នៅទីក្រុងសាន់ឌីយ៉េហ្គោ រដ្ឋកាលីហ្វ័នីញ៉ាសហរដ្ឋអាមេរិកវិញ បានសរសេរផ្សាយ ពីអត្តចរិកមនុស្សកើតឆ្នាំមមីនេះថា មនុស្សប្រភេទនេះ មានរាសីមធ្យម អ្នកផងស្រឡាញ់ រាប់អានច្រើន។ អ្នកកើតឆ្នាំនេះ រមែងជាមនុស្សមានឬកពារក្រអឺតក្រទម តែមានសន្តានចិត្តល្អ ជាទីពឹងពាក់ពុំណាក់ អាស្រ័យនៃញាតិមិត្តបាន។ ពាក្យសម្តីនិយាយច្រើនគ្រោតគ្រាត មិនសូវទន់ភ្លន់ អាចមានសត្រូវដោយសារសម្តីខ្លួន ប៉ុន្តែមានវាសនាខ្ពស់ មិនអាចអ្នកណាប៉ុនប៉ងពាធាបានឡើយ។
អត្ថបទដែលរៀបរៀងដោយលោក បណ្ឌិតពុទ្ធាចារ្យ កៅ ពុទ្ធា បានបន្តទៀតថា មនុស្សប្រភេទនេះ ច្រើនវេទនាពីតូច ប៉ុន្តែស្រួល ពេលធំឡើយ ដោយសារជាប្រភេទមនុស្សមានសតិបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ក្នុងការរកស៊ី និងយល់គ្រប់ល្បិចកលរបស់មនុស្ស។ យ៉ាងណាម៉ិញ មុខរបបដែលសក្តិសម និងមនុស្សប្រភេទនេះ មាន ខាងពេទ្យ គ្រូហ្ម អ្នកវិទ្យាសាស្រ្ត មេធាវី និងជាអ្នកជំនួញប្រែ ប៉ុន្តែបើប្រកបមុខរបបណាដែលប្រើកម្លាំងកាយ និងទទួលបានផលជាមធ្យម៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១១ ខែមេសា ឆ្នាំ ២០១៤