សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ខាងក្រោមនេះ ជាឯកសារស្រាវជ្រាវដ៏លំអិតមួយ ជុំវិញពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ខ្មែរ។
សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ
ក្លោងទ្វាវត្តមួយ នៅក្នុងតំបន់ជាយក្រុងប៉ារីស ប្រទេសបារាំង។ (រូបថត MONOROOM.info)
Loading...
  • ដោយ: គល់រាំង ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩-១១ មេសា ២០១២
  • កែប្រែចុងក្រោយ: April 12, 2014
  • ប្រធានបទ: ទំនៀមទម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

១. ចូលឆ្នាំថ្មី មានន័យដូចម្តេច?
២. ហេតុអ្វីចាំបាច់ប្រារព្វ ពិធីបុណ្យចូលឆ្នាំថ្មី?
៣. តើបុណ្យចូលឆ្នាំថ្មីខ្មែរ មានកំណើតចាប់តាំងពី ពេលណាមក?
៤. ក្នុងពិធីបុណ្យនេះខ្មែរនិយមធ្វើអ្វីខ្លះ?
៥. ក្នុងនាមយើងជាកុលបុត្រខ្មែរ តើគួរប្រកាន់យកអាកប្បកិរិយាបែបណាខ្លះដើម្បីឲ្យទទួលបាន សិរីសួស្តីក្នុង ឱកាសឆ្នាំថ្មី?
៦. តើឆ្នាំ ២០១២ នេះត្រូវនឹងឆ្នាំតំណាងសត្វអ្វី? តើខ្មែរមានជំនឿបែបណាសម្រាប់សត្វនេះ?
៧. ចុះលោកអ្នកវិញមានជំនឿបែបណាដែរ?
៨. តើមានប្រទេសណាខ្លះដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចជាប្រទេសខ្មែរដែរ?
៩. តើលោកអ្នកមានគម្រោងនឹងធ្វើអ្វីខ្លះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ?

ក.និយមន័យ៖

បុណ្យចូលឆ្នាំថ្មី មានន័យថា ពិធីឆ្លងដំណើរនៃការផុតឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ។

ខ. បុព្វហេតុនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ៖

មនុស្សគ្រប់ជាតិសាសន៍តែងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មី ។ គេនិយមកំណត់ពេលវេលា និងរៀបចំពិធីបុណ្យនេះ ប្លែកៗ គ្នាស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទម្លាប់របស់គេ។ ជនជាតិខ្មែរយើង បាននាំគ្នាធ្វើបុណ្យចូលឆ្នាំ តាំងពីបុរាណកាលរៀងរាល់ឆ្នាំរហូតមក។ យើងមានឯកសារជាច្រើនស្តីពីបុណ្យចូលឆ្នាំ។ បុព្វហេតុដែលនាំឲ្យ បញ្ចប់ឆ្នាំ ចាស់ហើយផ្លាស់ចូលឆ្នាំថ្មីនេះ មានបុព្វហេតុមួយចំនួនដូចខាងក្រោម៖

១. ជំនឿតាមបែបព្រហ្មញ្ញសាសនា៖

ដោយអ្នកខ្លះមានជំនឿតាមរឿងព្រេងមួយដែលមានសេចក្តី ជាអាទិ៍ថា ៖ កបិលមហាព្រហ្មបានចោទប្រស្នា ៣ខ ដល់ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀនចេះចប់នូវត្រៃវេទ និងចេះភាសាបក្សីទាំងពួង ហើយបានសន្យាថា បើដោះស្រាយមិនរួចទេ នឹងកាត់ក្បាលធម្មបាល ផ្ទុយទៅវិញបើស្រាយប្រស្នានោះរួច នឹងព្រះអង្គនឹងកាត់ក្បាល បូជាធម្មបាលវិញ។ មហាព្រហ្មបានចោទសួរ ធម្មបាលកុមារថា តើសិរីសួស្តី ៣ប្រការរបស់មនុស្សមានអ្វីខ្លះ? ដោយ​កំណត់រយៈពេល៣ថ្ងៃ ដើម្បីឲ្យធម្មបាលកុមារស្វែងរកចម្លើយ ។ ស្តាប់សំនួរនេះហើយធ្វើឲ្យធម្មបាល ទាល់ប្រាជ្ញា ដើរត្រលប់មកផ្ទះវិញទាំងក្តីអស់សង្ឃឹម ដោយអស់កម្លាំងផង ដោយបារម្ភខ្លាចសេចក្តីស្លាប់ផង ធម្មបាលកុមារ បាន​សំចតក្រោមដើមពោធិ៍ជ្រៃមួយធំត្រឈឹងត្រឈៃ។ នៅទីនោះហើយ ដែលធម្មបាលកុមារ បានស្តាប់ សត្វឥន្ទ្រីញី ឈ្មោល សន្ទនាគ្នាអំពីប្រសា្ននោះ ទើបបានយល់ឡើង ហើយទៅដល់ថ្ងៃកំណត់ បានឆ្លើយថា៖

  • ខទី១- ពេលព្រឹកសិរីសួស្តីស្ថិតនៅលើមុខ ទើបមនុស្សយកទឹកលុបមុខ ។
  • ខទី២- ពេលថ្ងៃត្រង់ សិរីសួស្តីស្ថិតនៅលើទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង ។
  • ខទី៣- ពេលល្ងាច សិរីសួស្តីស្ថិតនៅត្រង់ជើង ទើបមនុស្សត្រូវយកទឹកលាងជើង ។

កបិលមហាព្រហ្ម បានចាញ់ធម្មបាលកុមារ ក៏ត្រូវកាត់ក្បាលរបស់ខ្លួនបូជា ធម្មបាល ហើយឲ្យកូនស្រីទាំង ៧នាក់​យក ពានមកទទួលក្បាល រួចឲ្យកូនច្បងហែប្រទក្សិណភ្នំសុមេរុ៦០នាទី ទើបយកទៅទុកក្នុងមណ្ឌល នៅក្នុងគុហា គន្ធមាលីនៃភ្នំ កៃលាស។ លុះគម្រប់ឆ្នាំសង្រ្កាន្ត ទេពធីតាទាំង ៧ ក៏ផ្លាស់វេនគ្នាហែក្បាល កបិលមហាព្រហ្ម ប្រទក្សិណ​ភ្នំព្រះ សុមេរុ រាល់ៗឆ្នាំរហូតមក ។ ហេតុនេះហើយ បានជាមានសង្ក្រាន្ត ឬទំនៀមដាច់ឆ្នាំចាស់ ផ្លាស់​ចូលឆ្នាំថ្មីនេះ ។

២. កត្តាចិត្តសាស្ត្រនិងជំនឿបែបជីវចល៖

អ្នកខ្លះទៀតមានជំនឿថា ក្នុងរវាងមួយឆ្នាំដែលរស់នៅជួនកាលគេជួបប្រទះឧបទ្រពចង្រៃ ជួនកាលមានជម្ងឺប្រចាំ កាយ ជួនបានប្រព្រឹត្តអំពើសៅហ្មងផ្សេងៗជាដើម ។ លុះផុតឆ្នាំចាស់នេះទៅ គេធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ ដើរ​លេងឲ្យសប្បាយ ឲ្យអស់កង្វល់ ឲ្យបាត់ហត់នឿយ រួចទើបចាប់ផ្តើមសាងជីវភាពថ្មី ឲ្យបានជួបប្រទះសុភមង្គល គ្រប់​ប្រការ និងអាយុ យឺនយូរតទៅមុខទៀត។ ជាពេលវេលានៃការរៀបចំពិធីសូត្រមន្ត ស្រោចទឹក និង ធ្វើពិធី​ដេញ​ឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ដើម្បីទទួលលាភជ័យក្នុងឆ្នាំថ្មី ។

៣. កត្តាសង្គមសាស្ត្រនិងភូមិសាស្ត្រ៖

ដោយសាររដូវកាលនេះជារដូវក្តៅខ្លាំង អាកាសធាតុស្អុះស្អាប់ ឯកិច្ចការប្រមូលផលពីស្រែចំការ ក៏បានធូរស្បើយ ។ ម៉្យាងដោយរដូវនេះ ជាពេលរាំងស្ងួត ជាកត្តាអំណោយផល ដល់ការធ្វើដំណើរទៅមកទាំងផ្លូវជិត និងផ្លូវឆ្ងាយ ទើប​ប្រជាជន ខ្មែរផ្តើមបង្កើតឲ្យមានកម្មវិធីជួបជុំគ្នា និងបង្កភាពសប្បាយរីករាយដល់ភូមិឋានរបស់ខ្លួន។ ការធ្វើ ដំណើរ​ទៅជួបជុំបងប្អូន ជីដូនជីតា មាមីង កូនចៅ ឪពុកម្តាយ លោកគ្រូអ្នកគ្រូនិងមិត្តភក្តិ គឺជាក្តីបំណង ចម្បងនៃ​ទំនាក់​ទំនងសង្គម ដែលប្រកបដោយសុភមង្គល។

មានបងប្អូនខ្មែរខ្លះដែលទោះជាត្រូវឃ្លាតឆ្ងាយ ពីស្រុក កំណើតខ្លាំង​យ៉ាងណាក្តី ពួកលោក ក៏តែងតែវិលត្រលប់មកស្រុកកំណើតក្នុងរដូវកាលនេះដែរ។ ចំណែកឯអ្នកខ្លះ ទៀត ដែលមិន​មានលទ្ធភាព អាចនឹងវិលមកលេងស្រុកកំណើតយ៉ាងណាក្តី ក៏ពួកលោកមិនបានភ្លេចជាតិកំណើត ប្រពៃណី ទំនៀម​ទម្លាប់ខ្មែរឡើយ ពួកលោកបានប្រជុំគ្នាប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំនៅទីនោះ ដោយរីករាយ ជាក់ស្តែងដូចជា បង​ប្អូនខ្មែរដែលជាពលរដ្ឋ ជាសិស្សនិស្សិតនៅប្រទេស បារាំង កាណាដា អាមេរិក ជប៉ុន អូស្ត្រាលី ណូវែលហ្ស៊ឺឡង់ ស្វីស អាឡឺម៉ង់... ពួកលោកតែងរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំនៅទីនោះជារៀងរាល់ឆ្នាំ។

កម្មវិធីបុណ្យចូលឆ្នាំថ្មី គឺជាវិធីមួយដែលជួយ ឲ្យអ្នក ចូលរួមបាត់អស់នូវក្តីនឿយហត់ បាត់អស់នូវភាពអផ្សុក និងក្តីទុក្ខកង្វល់ទាំងពួង​ដែល​ធ្លាប់មានកន្លងមក។ ពេលវេលានេះ ជាឱកាសនៃការស្តាប់ឬការនិយាយរឿងព្រេង និទាន របស់ក្មេងៗ ជាឱកាសនៃ​ការហូបចុកជុំគ្នានៃមហាគ្រួសារខ្មែរ ជាឱកាសនៃការច្រៀងរាំបែបប្រពៃណី ជាឱកាសនៃការបង្កើនទំនាក់​ទំនង​ជាតិ​និងអន្តរជាតិ ជាពេលវេលានៃការដាក់ ឬដោះ ប្រស្នា ពាក្យបណ្តៅ និង ការបកស្រាយសុភាសិតផងដែរ។ មិនតែ​ប៉ុណ្ណោះថែមទាំងជាឱកាស នៃការលេងល្បែងកំសាន្ត ប្រជាប្រិយច្រើន ប្រភេទ នៃប្រជាជនទូទៅ (ទាំងចាស់ ក្មេង​និងទាំងយុវជន) ថែមទៀតផង។

៤. កត្តាសេដ្ឋកិច្ចនិងការគ្រប់គ្រង៖

បុណ្យចូលឆ្នាំថ្មីគឺ ជាកញ្ចក់ឆ្លុះបញ្ចាំងនូវការរីកចម្រើនរបស់ប្រជាជន និងមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែង ក្នុង​រយៈពេល មួយឆ្នាំកន្លងមក។ បុណ្យចូលឆ្នាំថ្មី គឺជាថ្ងៃនៃការបូកសរុបនៃសមិទ្ធិផលនានា ដែលមានក្នុងឆ្នាំ កន្លងមក និងជាពេល វេលាដែលត្រូវកំនត់ទិសដៅនិងទទួលភារកិច្ចឆ្នាំថ្មីបន្តទៅទៀត។ ការរីកចម្រើនខាងផ្នែក សង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយត្រូវបានគេមើលឃើញច្បាស់នៅពេលនេះ ។ ពិធីបុណ្យចូលឆ្នាំថ្មី គឺជាសកម្មភាពនៃ​ការ​លើក ទឹកចិត្ត ដល់ មនុស្សឧស្សាហ៍ព្យាយាម និង ជាការដាស់តឿនឲ្យអ្នកដែលមានភាពខ្ជិល ច្រអូស ដែលកំពុងតែ​ដើរផ្លូវខុស ឲ្យងាក មករកផ្លូវត្រឹមត្រូវដូចគេឯងវិញផង។

៥. កត្តាជំនឿពុទ្ធនិយម៖

ជាឱកាសនៃការបង្ហាញនូវកតញ្ញូចំពោះមាតាបីតា ញាតិការទាំងប្រាំពីរសន្តាន គ្រូបាចារ្យ និងមិត្តភក្តិដែលលោក កំពុងមាន ជីវិតរស់នៅឡើយតាមរយៈការជួបសួរសុខទុក្ខ ការជួបជុំគ្នាសប្បាយរីករាយ ការជូននូវអំណោយ ការ​ស្រង់ទឹកជូនមាតាបីតា ជីដូនជីតាជាដើម។ ម៉្យាងទៀតពិធីនេះក៏ជា កាយវិកាដឹងគុណចំពោះបុព្វបុរស វីរជន​ស្នេហា​ជាតិ បងប្អូនជីដូនជីតា ដែលបានធ្វើណៈកាលទៅហើយតាមរយៈ ការប្រគេនចង្ហាន់ព្រះសង្ឃ ឧទ្ទិសកុសល។ ពិធី​នេះក៏ជាពេលវេលា នៃការបង្ហាញនូវ សុទ្ធាជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនាផងដែរតាមរយៈ ការ ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ ការស្តាប់ធម្មទេសនា ការស្រង់រូបព្រះពុទ្ធអង្គ ការកសាង ឬសម្អាតទីវត្តអារាម ការដាក់ទានចំពោះជនក្រីក្រ ការថ្វាយបង្គំពុទ្ធរូប និងព្រះសង្ឃ ជាដើម ការស្តាប់ព្រះសង្ឃអានឬទេសនា ពីសាស្ត្រា ទេស សាស្ត្រាល្បែង និង ច្បាប់ទូន្មានផ្សេងៗទៀតជាដើម ។

៦. កត្តាល្បែងល្បងផ្នែកប្រាជ្ញា ស្មារតី និងកម្លាំង៖

បុណ្យចូលឆ្នាំខ្មែរ គឺ ជាពេលវេលានៃការល្បងប្រាជ្ញានានាតាមរយៈការលេងល្បែងកំសាន្តប្រជាប្រិយ ការសម្តែង សិល្បៈ បុរាណ សិល្បៈប្រជាប្រិយ សិល្បៈសម័យ ការតុបតែងគេហដ្ឋាន ការច្នៃម៉ូតសម្លៀកបំពាក់និងគ្រឿងអលង្កា ការបង្ហាញនូវ ស្នាដៃតែងនិពន្ធកំណាព្យ ចម្រៀងប្រជាប្រិយ មធ្យោបាយធ្វើដំណើរ ការ ធ្វើនំចំណី និងម្ហូប អាហារខ្មែរ ជាដើម។

គ. ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ៖

១. បម្រែបម្រួលរដូវកាលនៃការប្រារព្ធពិធី៖

នៅប្រទេសខ្មែរ តើថ្ងៃចូលឆ្នាំថ្មីត្រូវលើខែណា? ថ្ងៃណា? តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន តាមឯកសារ​ប្រវត្តិសាស្ត្រ រដូវកាលនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំខ្មែរ មានបម្រែបម្រួលពីរលើក តាមសម័យកាល​ប្រវត្តិសាស្ត្រ​គឺ៖

  • លើកទីមួយ តាំងពីដើមរហូតដល់សម័យអង្គរ៖ រដូវចូលឆ្នាំចំខែ មគ្គសិរ(ខែទី១) ឯខែកត្តិក ជាខែទី ១២ នៃឆ្នាំ។ ចំពោះមូលហេតុ គឺ បណ្តាលមកពីសម័យនោះខ្មែរយើងប្រើប្រក្រតីទិនចន្ទគតិ (ដំណើរព្រះចន្ទ)។
  • លើកទីពីរ ចាប់ពីក្រោយសម័យអង្គររហូតដល់បច្ចុប្បន្ន៖ ខ្មែរចូលឆ្នាំក្នុងខែចែត្រ(ខែទី៥) ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា ជួនកាលថ្ងៃទី ១៤ ប៉ុន្តែ នៅក្នុងរវាង ១ ខែ គឺ មិនមុនថ្ងៃ ៤ កើតខែចេត្រ និងមិនហួសថ្ងៃ ៤ កើតខែ​ពិសាខទេ ដូចនេះយើងឃើញសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។ ចំពោះមូលហេតុគឺពេលនោះ ខ្មែរ​យើងដូរមកប្រើ ប្រតិទិនសុរិយគតិ (ដំណើរព្រះអាទិត្យ) ជំនួសវិញ ។ ទោះយ៉ាងណាក៏ដោយនៅ ប្រទេស កម្ពុជាយើង គេនិយម ប្រើចន្ទគតិគួបផ្សំគ្នានិងសុរិយគតិ ដោយហេតុថា ចន្ទគតិមានជាប់ទាក់ទងទៅនឹង ពុទ្ធសាសនា។ ចំពោះកាល បរិច្ឆេទចូលឆ្នាំ តាមចន្ទគតិ គឺមិនបានទៀងទាត់ ជាថ្ងៃណាមួយពិតប្រាកដទេ ជួនកាលចំពេលវេលាខ្នើត ជួនកាល ចំរនោច។

ជារដូវទំនេរច្រើនបន្ទាប់ពីការប្រមូលផល៖ ការផ្លាស់ប្តូនេះ គឺ សម្របតាមបម្រែបម្រួលតាមស្ថានភាពភូមិសាស្ត្រ (អាកាស ធាតុ ឬរដូវកាលទំនេរពីប្រមូលផល) ចំខែមេសា ជាខែដែលប្រជាជនកាន់ព្រះពុទ្ធសាសនាថេរវាទ មាន ពេលទំនេរ ពីការប្រមូលផលក្នុងខែនេះជាពិសេសពលរដ្ឋខ្មែរយើង ទើបបុព្វបុរសកំនត់យកកាលបរិច្ឆេទក្នុងខែ នេះ។

តាមឯកសារភស្តុតាងផ្សេងទៀត៖ ក្រៅពីនេះយើងនៅមានឯកសារខ្លះទៀតដែលបញ្ជាក់ថា ខ្មែរយើងប្រារព្ធ ពិធី ចូលឆ្នាំនៅ ខែចេត្រ ដូចជាអត្ថបទរបស់លោក ជីវតាក្វាន់ ថានៅខែចេត្រ ខ្មែរយើងបានធ្វើបុណ្យ ដោយ​មាន​លេង​ល្បែង ចោលឈូងផង ហើយមានប្រមូលព្រះពុទ្ធរូបពីគ្រប់ទិសទីមកស្រង់ទឹកផង ។ ឯសិលាចារឹក នៅប្រាសាទ​ព្រះខាន់ ក៏បានចែងថាខ្មែរបាន ធ្វើបុណ្យក្នុងខែចេត្រដែរ។

២. របៀបនៃការហៅ ការគន់គូរមហាសង្រ្កាន្ត៖

មហាសង្រ្កាន្តដែលប្រើរបៀបគន់គូរ តាមសុរិយគតិហៅថា «សាមញ្ញសង្ក្រាន្ត» ឯមហាសង្ក្រាន្តដែលប្រើរបៀប គន់ គូរ តាម ចន្ទគតិហៅថា “ អាយន្តសង្ក្រាន្ត ” ។

៣. ក្បួននៃការកំណត់ពេលវេលាប្រារព្ធ៖

ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ឆ្នាំចាស់ដែលត្រូវផុតកំណត់ ហើយដែលត្រូវទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពី ទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យក្បួនហោរាសាស្ត្រ តាមបែបបូរាណ គឺក្បួនមហា សង្ត្រាន្តនេះឯង។

៤. ចំនួនថ្ងៃដែលត្រូវប្រារព្ធ៖

តាមទំនៀមទម្លាប់ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។

៥. ខ្លឹមសារពិធីបុណ្យ៖

  • ថ្ងៃទីមួយ ហៅថាថ្ងៃ មហាសង្ក្រាន្ត “ ថ្ងៃចូលឆ្នាំ ”
  • ថ្ងៃទីពីរ ហៅថាថ្ងៃ វណបត ឬវរៈវណបត “ ថ្ងៃខ្វាក់ ឬថ្ងៃកណ្តាល ”
  • ថ្ងៃទីបី ហៅថាថ្ងៃ ឡើងស័ក ឬវរៈឡើងស័ក “ ថ្ងៃផ្លាស់ឆ្នាំថ្មី ឬថ្ងៃផ្លាស់ស័កថ្មី ” ។

៦. គោលបំណងនៃការប្រារព្ធពិធី៖

  • អបអរទេវតាឆ្នាំថ្មី ។
  • អបអរការបញ្ចប់ការងា ប្រមូលផលរបស់ប្រជាកិសករព្រោះជាពេលផុតរដូវកាលប្រមូលផល ។

ឃ. សកម្មភាពសំខាន់ៗនៃពិធីបុណ្យចូលឆ្នាំខ្មែរ៖

១. មុនពេលចូលឆ្នាំមកដល់៖

  • ត្រៀមបម្រុងនូវស្បៀងអាហារ
  • កាត់សម្លៀកបំពាក់ថ្មីៗ
  • សម្អាត និង តុបតែងផ្ទះសម្បែង។

២. ថ្ងៃចូលឆ្នាំថ្មីមកដល់៖

  • រៀបពលីការចាំទទួលទេព្តាឆ្នាំថ្មីដែលមានគ្រឿងប្រដាប់៖ ទៀនប្រាំ ធូបប្រាំ ផ្កាប្រាំ លាជប្រាំ បាយសីប្រាំថ្នាក់ មួយគូ បាយសីបាក្លាមមួយគូ ស្លាធម៌មួយគូ ម្លូ ស្លា បារី ផ្កាភ្ញី ផ្លែឈើគ្រប់មុខ ភេសជ្ជៈ នំ ផ្កាស្រស់ចម្រុះ ពណ៌​មួយថូ។ រណ្តាប់ទាំងនោះ គេរៀបដាក់នៅលើតុមានក្រាលកម្រាលយ៉ាងស្អាតត្រឹមត្រូវ ត្រង់កន្លែងដ៏ សមរម្យ ដូចជានៅមាត់ បង្អួច ឬរានហាលនៅមុខផ្ទះជាដើម ដើម្បីត្រៀមចាំទទួលទេវតាឆ្នាំថ្មីរយៈពេល ៣ថ្ងៃ។
  • រណ្តាប់រួចហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបពលិការនោះ ហើយអុជទៀន ធូប បន់ស្រន់សុំ សេចក្តីសុខ ចម្រើនគ្រប់ប្រការពីទេព្តាឆ្នាំថ្មី ។
  • ទេវតាថ្មីយាងចុះតាមម៉ោងកំណត់ដោយក្រុមហោរាស្ត្រ។ ពេលនោះនៅតាមវិទ្យុ ឬទូរទស្សន៍មានចាក់ភ្លេង ពិណពាទ្យ និងមានទូងស្គរធំនៅតាមវត្តអារាមនានា ដើម្បីប្រកាសការយាងមកដល់របស់ទេវតាថ្មី ដោយ អុជទៀន ធូបព្រោងព្រាតគ្រប់គេហដ្ឋានទាំងអស់ ។
  • បន្ទាប់មកទៀតគេនាំគ្នាសូត្រនមស្ការ ថ្វាយបង្គំព្រះហើយក៏បែកគ្នាទៅរកកន្លែងគួរសមរៀងៗខ្លួន ។

៣. ពិធីចូលឆ្នាំទាំង៣ថ្ងៃកន្លងផុតទៅ៖

បងប្អូនកូនចៅទាំងឡាយដែលបានឃ្លាតពីការងារមួយរយៈមកលេង ក្នុងពិធីបុណ្យចូលឆ្នាំ ក៏បានលាគ្នាត្រលប់ទៅ ចាប់ផ្តើម ការងារ ការរៀនសូត្ររៀងៗខ្លួន។

ង. ការប្រព្រឹត្តទៅនៃពិធីចូលឆ្នាំទាំងបីថ្ងៃ៖

១. ថ្ងៃទី ១ ៖

  • ពេលថ្ងៃគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។
  • ពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ (ភ្នំខ្សាច់) នៅជុំវិញព្រះវិហារ ឬជុំវិញដើមពោធិ៍ណាមួយ ក្នុងវត្ត នោះ។
  • នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្តនិងសម្តែងធម្មទេសនា។

២. ថ្ងៃទី ២៖

  • កូន ចៅជូនសម្លៀកបំពាក់ នំចំណី ភេសជ្ជៈ លុយកាក់ដល់អ្នកមានគុណ មានមាតាបិតា ជីដូនជីតា គ្រូបាចារ្យ និងមាមីងជាដើម ។
  • អ្នកដែលមានជីវភាពធូរធារខ្លះបានចែកលុយកាក់ សម្ភារៈសិក្សា(សៀវភៅ ប៊ិច) របស់របរប្រើប្រាស់ប្រចាំថ្ងៃ នំចំណី ដល់បងប្អូន ក្មេងៗដែលជាសាច់ញាតិ ឬអ្នកក្រីក្រនៅក្នុងភូមិផងរបងជាមួយថែមទៀតផង។
  • ពេលរសៀលគេនាំគ្នាពូនភ្នំខ្សាច់ ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ដូចចូឡាមណីយចេតិយ។ ហើយ និមន្ត ព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធដល់បងប្អូន កូនចៅ ជីដូនជីតា ឪពុកម្តាយ ដែលបាន ស្លាប់ទៅ។


    Pages:
  • 1
  • 2
  • »
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...