សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ខាងក្រោមនេះ ជាឯកសារស្រាវជ្រាវដ៏លំអិតមួយ ជុំវិញពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ខ្មែរ។
សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ
ក្លោងទ្វាវត្តមួយ នៅក្នុងតំបន់ជាយក្រុងប៉ារីស ប្រទេសបារាំង។ (រូបថត MONOROOM.info)
Loading...
  • ដោយ: គល់រាំង ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩-១១ មេសា ២០១២
  • កែប្រែចុងក្រោយ: April 12, 2014
  • ប្រធានបទ: ទំនៀមទម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

៣. ថ្ងៃទី ៣៖

  • ពេលព្រឹកយកចង្ហាន់ទៅវត្តនិងនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។
  • ពេលថ្ងៃអញ្ជើញ ឪពុកម្តាយ ជីដូនជីតា គ្រូបាចារ្យ ដើម្បីស្រង់ទឹកជម្រះកាយនិងសុំខមាលទោស ព្រមទាំង សុំសេចក្តី សុខចម្រើនពីលោកអ្នកមានគុណ និងជូនសំលៀកបំពាក់ថ្មីៗឲ្យលោកបានសប្បាយចិត្ត។
  • ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និង ស្រង់រូបព្រះពុទ្ធរូប ។

ច. ទិដ្ឋភាពនៅពេលចូលឆ្នាំ៖

ក្រៅពីការធ្វើបុណ្យ ការសូត្រមន្តដំឡើងរាសី ការទទួលទេព្តាឆ្នាំថ្មី ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ត ក្នុង​កំឡុង ពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំនេះ បណ្តាមហាជនខ្មែរក៏នាំគ្នាសប្បាយនឹងការហូបចុករួមគ្នា ការលេង ល្បែង​ប្រជាប្រិយ ការច្រៀងរាំ កំសាន្តតាមចង្វាក់ភ្លេងប្រជាប្រិយ ការទស្សនាទស្សនីយភាពសិល្បៈតាមភូមិស្រុក ក្នុងវត្ត​អារាម និងទី រមណីយដ្ឋាននានាប្រកបទៅដោយសេចក្តីសុខក្រេមក្សាន្តផងដែរ។

  • ល្បែងកំសាន្តដែលគេនិយមលេងជាងគេរួមមាន៖ បោះអង្គុញ បោះឈូង បោះកង លាក់កន្សែង លាក់ធ្យូង វាយក្អម រែកអុក ឬ ចក្រត្រង្គ ខ្លាធ្លាក់អណ្តូង បាយខុំ ត្រែះ ប៉ក់ចាប ចាក់ទឹកដូង លោតម៉ឹក លោតអង្ទាក់ សេះឡើងឋានសួគ៌ ទាត់សី រាវបង្កង សូកូឡាបុងៗ ឱបត្រឡាច ប្របកៃ បោះឡូ បាញ់ធុយ បូតសណ្តែក រុញអង្រែ ខ្សឹបផ្កាចំប៉ាផ្កាចំប៉ី គ្របមាន់ ផ្លុំម៉្សៅយកកាក់ បូមទឹកដាក់ដប ឡើងសរសរខ្លាញ់ ទាញព្រ័ត្រ ល្បែងខ្លាស៊ីគោ ចាប់កូនខ្លែង អ៊ូចាប់ អ៊ូចិន បាញ់ធុយ ឆ្កឹះកៅស៊ូ ស្តេចចង់ ដោះប្រស្នា សម្រាយសុភាសិត ដោះពាក្យបណ្តៅ ច្រៀងប្រដេញពាក្យ ទាយ ឬត្រាប់តាមកាយវិកា ជញ្ជូនប៉េងប៉ោង ពាំពងមាន់ ញ៉ាំប៉ិគក់ តែងកំណាព្យប្រដេញគ្នា ទាយរសបន្លែ ផ្លែឈើ ឬគ្រឿងទេស និទានរឿង ...។
  • ចង្វាក់រាំវង់ដែលខ្មែរនិយមរាំជាងគេមាន៖ រាំកន្ត្រឹម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ រាំប្រឺន រាំចូកកំពឹស រាំម៉ាឌីហ្សូន រាំឡាំលាវ រាំឡាំថូន រាំឆាឆា រាំយែក រាំទ្វីស ...។
  • របាំដែលគេនិយមលេងជាងគេនៅពេលចូលឆ្នាំរួមមាន៖ របាំត្រុដិ របាំនេសាទ របាំជូនពរ របាំក្ងោក (ប៉ៃលិន និងពោធិសាត់) របាំក្អម របាំច្រូតស្រូវ របាំគោះត្រឡោក របាំគោះអង្ក្រង របាំនេសាទ របាំគែន របាំបេះក្រវាញ របាំផ្សាំងសត្វ (គោ សេះ ដំរី ក្របី) របាំឆៃយ៉ាំ និងរបាំជាប្រជាប្រិយខ្មែរ ជាច្រើនទៀត សម្រាប់កំដរ បរិយាកាស​រីករាយ...។
  • កីឡាប្រពៃណីដែលគេចូលចិត្តលេងជាងគេមាន៖ ក្បាច់គុនល្បុក្កតោ ប្រដាល់សេរី បោកចំបាប់ ប្រណាំងសេះ គោ ក្របី និង ការរត់ប្រណាំង ការប្រណាំងកង់យឺត ឬកង់លឿន...។
  • ប្រភេទល្បែងដែលច្បាប់បានហាមឃាត់មាន៖ ការផឹកស៊ីឈ្លោះប្រកែកគ្នា ការរាំកំសាន្តជាន់ជើងឌឺដងដាក់គ្នា ប្រជល់ដំរី ប្រជល់មាន់ ប្រជល់ត្រីក្រឹម គប់ទឹកដាក់គ្នា ប៉ាតម៉្សៅ ខ្លាឃ្លោក អាប៉ោង គប់វង់ភ្នាល់លុយ ការលេង​បៀប៉ោ ជាដើមព្រោះថាអំពើទាំងអស់នេះ វាជាប់ពាក់ព័ន្ធនឹងការភ្នាល់លុយកាក់ នាំទៅដល់ជម្លោះផ្សេងៗ​ក្នុង​សង្គម ព្រមទាំង ជាប់ទាក់ទង ដល់ការប្រមាថជីវិតសត្វនិងនាំទៅដល់ការបែកបាក់សាមគ្គី ។
  • ប្រភេទជំនឿរបស់ប្រជាជន៖ ការបន់ស្រន់ ការចាក់គម្ពីរ ការស្តាប់ហោរាទស្សន៍ទាយជោគជាតារាសី ការសាង សីលទាន។
  • ប្រភេទនំចំណី ម្ហូបអាហារ ផ្លែឈើ ផលដំណាំ ផ្កាដែលគេនិយមរួមមាន៖
    • ម្ហូបអាហារ៖ បាយសម្ល ស្ងោរជ្រក់ អាម៉ុក ប្រហុក ប្រហើរ ប្រហិត ទឹកគ្រឿង ជ្រក់ក្រៅឆ្នាំង ម្ជូរ បុកត្រីឆ្អើរ ការី ជ្រក់ ម៉ាំ ផ្អក បុកក្រសាំង ឆាមីសួ ណែម ត្រីដុត ត្រីអាំង ត្រីឆ្អើរ ម្ជូរគ្រឿងម្ជូរគ្រាក់ ...។
    • ផ្លែឈើនិងផលដំណាំ៖ ចេក អំពៅ មង្ឃុត ល្មុត សេដា ត្រសក់ស្រូវ ល្ពៅ សណ្តែកដី សណ្តែកបាយ ល្ង ស្រូវ អង្ករ ស្វាយ ឪឡឹក ម៉ាកប្រេង ម៉ាក់ប្រាង្គ ភ្ញៀវ គូលែន ទន្លាប់ ទទឹម ផ្លែត្នោតខ្ចី ផ្លែដូងខ្ចី ...។
    • នំចំណី៖ នំអន្សម នំគម នំបញ្ចុក នំត្នោត នំដុត នំគ្រក់ នំចក្កចាន់ នំផ្លែអាយ នំអំបែង នំកាឡាន នំជាល នំពុម្ព នំបំពង នំចេកឆាប នំចេកបត់ បង្អែមទឹកក្រឡុក ទឹកអំពៅ ចេកអាំង ចេកចៀន នំដំឡូង (ឆឹង ស្ងោរ ដុត) នំកង។
    • ផ្កា៖ ផ្កាឈូក ផ្កាចំប៉ា ផ្កាចំប៉ី ផ្ការំដូល ផ្កាម្លិះ ផ្កាឈូករ័ត្ន ផ្កាក្រវ៉ាន់ ផ្កាយីហ៊ុប ផ្កាណាគ្រី ផ្កាម៉ោងដប់...។

  • ប្រភេទសម្លៀកបំពាក់ដែលគេនិយមមាន៖ សំពត់ ផាមួង អាវប៉ាក់ ខោចែវ អាវកចិន សម្លៀកបំពាក់ ទាំង​ប្រាំពីរពណ៌...។
  • ជំនឿដែលគេទម្លាប់ធ្វើទាំងមុននិងកំឡុងពេលចូលឆ្នាំ៖ ការរកហោគុណគូរមើលជោគជាតារាសី ការនិមន្ត ព្រះសង្ឃ សូត្រមន្តរំដោះគ្រោះ និងស្រោចទឹកតម្លើងជោគជាតារាសី ការសម្តែងរបាំជូនពរ ឬរបាំត្រុដិ ការ​ពូនភ្នំខ្សាច់ រំដោះកម្មពៀរ ការព្រលែងសត្វបក្សីរំដោះកម្មពៀរ ការសុំខមាលទោសឪពុកម្តាយ ជីដូនជីតា គ្រូ​បាចារ្យ ការធ្វើបុណ្យ និងនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសមគ្គផលដល់បុព្វការីជនដែលបានស្លាប់ទៅ មាន កូនចៅ កុងម៉ា ជីដូនជីតា គ្រូបាចារ្យ វីរជនស្នេហាជាតិ ការស្តាប់ព្រះធម៌ទេសនា ការកសាងទីវត្តអារាម ផ្លូវ​សាធារណៈ និងជីវភាពសហគមន៍ជាដើម ។

ឆ. កិច្ចការដែលគួរធ្វើក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖

១. គ្រហស្ថ៖

  • គួរធ្វើចិត្តឲ្យមានភាពជ្រះថ្លាចំពោះសីល ទាន អំពើល្អ និងការសូត្ររៀនវិជ្ជាការគ្រប់ប្រភេទ ។
  • គួរខិតខំលះបង់នូវអំពើអាក្រក់ ឬទង្វើអបាយមុខគ្រប់ប្រភេទឲ្យអស់ពីក្នុងខ្លួន ដូចជាលោភៈ ទោសៈ មោហៈ សេចក្តី ខ្ជិលច្រអូស ការកឹបកេង ការលួចឆក់ប្លន់ ការសេពគប់មិត្តមិនល្អ ការច្រណែនឈ្នានីសគ្នា ។
  • គួរមានចិត្តកតញ្ញូចំពោះ មាតាបីតា ជីដូនជីតា និងគ្រូបាចារ្យរបស់ខ្លួនដោយសេចក្តីគោរព។
  • គួរមានចិត្តមេត្តា មានសប្បុរសធម៌ចំពោះជនក្រីក្រ កម្សត់ទុគ៌តតាមរយៈការផ្តល់ចំណេះដឹង ការចែកទាន មាន សៀវភៅ ប៊ិច អាហារហូបចុក ឬសំលៀកបំពាក់ជាដើម។
  • គួរមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា និងកំពូលអ្នកប្រាជ្ញរបស់ខ្មែរឲ្យបានច្រើន ។
  • គួរលះចេញឲ្យអស់នូវក្តីទុក្ខកង្វល់ទាំងពួងដែលធ្លាប់មានកន្លងមក។
  • គួរចញ្ចឹមចិត្ត ឬផ្តល់សេចក្តីសង្ឃឹមឲ្យបានច្រើនទាំងសម្រាប់ខ្លួនឯងនិងទាំងសម្រាប់អ្នកដទៃ។
  • គួរប្រព្រឹត្តឲ្យបានជាប់លាប់តាមគន្លងប្រពៃណីជាតិល្អៗរបស់ខ្មែរ។
  • គួរប្រុងប្រយ័ត្នភ្លើងទៀន ភ្លើងធូប ភ្លើងចង្រ្កាន ភ្លើងអគ្គីសនីជាដើមក្រែងមានអគ្គីភ័យកើតឡើង។
  • គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការធ្វើដំណើរ ការបើកបរជាដើម ពោលគឺ កុំបើកលឿនពេក កុំបើកបរពេល មាន​ជាតិ ស្រវឹងចូលខ្លួន ឡាន ម៉ូតូ គួរបំពាក់ភ្លើងសញ្ញានិងបច្ចេកទេសផ្សេងទៀតឲ្យបានគ្រប់គ្រាន់ ត្រូវគោរព​ច្បាប់ចរាចរឲ្យបានត្រឹមត្រូវ។
  • ផ្ទះសម្បែងពេលមិននៅត្រូវបិទទ្វារបង្អួច និងចាក់សោរឲ្យបានត្រឹមត្រូវ ។
  • ត្រូវប្រយ័ត្នក្មេងក្មាងឆ្លងផ្លូវថ្នល់ក្រែងមានគ្រោះថ្នាក់ចរាចរជាយថាហេតុណាមួយ ។
  • ត្រូវជៀសវាងឲ្យបាននូវការប្រព្រឹត្តល្បែងពាលាផងទាំងពួង មានស្រី ស្រា ល្បែងភ្នាល់ជាដើម ។
  • គួរជួយលើកស្ទួយកិត្យានុភាពបុណ្យជាតិ តាមរយៈការដាក់តាំងរូបទងជាតិខ្មែរ ការតុបតែងផ្ទះសម្បែង​តាម​រចនាបថខ្មែរ ការស្លៀកពាក់ ការនិយាយស្តីសក្តិសមជាពលរដ្ឋល្អ របស់ខ្មែរ និងការ និយាយពាក្យជូនពរជាភាសាខ្មែរ ព្រមទាំងការជួយគាំទ្រដល់ផលិតផលខ្មែរជាដើម។

២. បុព្វជិត៖

  • គួរយកឱកាសនេះ ដើម្បីជួយដាស់តឿនប្រជាពលរដ្ឋ ឲ្យដើរទៅរកផ្លូវល្អ ឲ្យបានច្រើនតាមគន្លង ព្រះពុទ្ធ សាសនា ។
  • គួរធ្វើជាគំរូល្អផ្នែកការប្រព្រឹត្តសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ។
  • គួរជួយបង្រៀនពលរដ្ឋឲ្យចេះសេពគប់ជាមួយសប្បុរស។
  • គួរបង្រៀនពលរដ្ឋឲ្យស្គាល់បានច្បាស់ពីលក្ខណៈរបស់ជនពាល និងជនសប្បុរស អ្នកប្រាជ្ញបណ្ឌិត។
  • គួរបង្ហាញផ្លូវឲ្យបុគ្គលពាលងាកទៅរកផ្លូវល្អវិញ។
  • គួរបង្ហាញប្រជាពលរដ្ឋឲ្យស្គាល់ពីប្រពៃណីដ៏ផូរផង់របស់ជាតិ។

៣. មន្ត្រីរាជការ ៖

  • គួរបង្កឲ្យមានសន្តិសុខល្អសម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រជាពលរដ្ឋ។
  • គួរទប់ស្កាត់បញ្ហាអាក្រក់នានាដែលអាចនាំទៅដល់ការបាត់បង់កិត្យានុភាពវប្បធម៌របស់ជាតិ។
  • គួរបង្កើតឲ្យមានការប្រលង ការសម្តែងទស្សនីយភាពសិល្បៈបុរាណនិងប្រជាប្រិយរបស់ជាតិឲ្យបានគ្រប់ភូមិស្រុក។
  • គួរមានកម្មវិធីផ្តល់ភាពសប្បាយរីករាយស្របតាមប្រពៃណីរបស់ជាតិដល់ទុគ៌តជននានា។

៤. អង្គការក្រៅរដ្ឋភិបាល (ជាតិនិងអន្តរជាតិ)៖

  • គួរផ្តល់ឱកាសឲ្យជនក្រីក្រមានឱកាសប្បាយរីករាយក្នុងរដូវចូលឆ្នាំថ្មីរបស់ខ្មែរ ។
  • គួរផ្តល់នូវចំណេះដឹងទូទៅទាក់ទងនឹងប្រវត្តិ និងអត្ថន័យនៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរឲ្យបានច្រើន។
  • គួរចូលរួមក្នុងសកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ ដូចជាការថ្លែងពាក្យជូនពរ ការតុបតែងលម្អ កន្លែង ធ្វើការ និងពាក្យស្លោកនានាទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ ការបង្ហូតទង់ជាតិខ្មែរជាដើម ។

៥. ប្រព័ន្ធផ្សព្វផ្សាយ

  • គួរតាមដានផ្តិតយករូបភាពឲ្យបានច្រើនទាក់ទងនឹងសកម្មភាព និងអត្ថន័យនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឲ្យ​ប្រជា​ពលរដ្ឋ បានដឹង។
  • គួរផ្សព្វផ្សាយការហាមឃាត់ដល់សកម្មភាពនានា ដែលអាចនាំទៅដល់ការបាត់បង់កិត្យានុភាព ប្រពៃណីខ្មែរ និងសន្តិសុខ របស់ជាតិ ។
  • គួរបង្កើតកម្មវិធីនានាឲ្យប្រជាជនទូទៅបានសប្បាយដូចជា សិល្បៈចម្រៀងប្រជាប្រិយ ល្បែងប្រជាប្រិយ របាំ ប្រជាប្រិយ កីឡាប្រជាប្រិយ សិល្បៈបុរាណជាដើម ។

៦. អាជីវករ

  • គួរកុំឆ្លៀតឱកាសកេងយកប្រាក់ចំណេញហួសប្រមាណទៅលើប្រជាពលរដ្ឋពេក ។
  • គួររក្សាគុណភាពផ្នែកសេវាកម្មនិងផលិតកម្មឲ្យបានល្អជាដរាប។
  • គួរជម្រុញការលក់ដូរទាំងឡាយណាដែលទាក់ទងនឹងការលើកស្ទួយប្រពៃណី វប្បធម៌របស់ជាតិខ្មែរ ។
  • គួរចេះចូលរួមបរិច្ចាគទានខ្លះដល់ជនក្រីក្រជាមួយនឹងអង្គការមនុស្សធម៌ ឬតាមវត្តអារាមនិងភូមិឋាននានា។

ជ. ព្រះនាមបុត្រីទាំងប្រាំពីរអង្គរបស់កបិលមហាព្រហ្ម

កបិលមហាព្រហ្មមានបុត្រី ៧ ព្រះអង្គដែលជាអ្នករងចាំប្តូរវេន យកព្រះសិរិសាព្រះបីតា ខ្លួនវេប្រទក្សិណ ភ្នំព្រះសុមេរុ ម្តងម្នាក់ ក្នុងមួយឆ្នាំតាមសង្ក្រានទាំង ប្រាំពីរថ្ងៃ មានដូចជា៖

១) បុត្រីទីមួយ៖ បើសង្ក្រានចំថ្ងៃអាទិត្យ នឹងធ្លាក់ទៅលើវេនព្រះនាង ទុង្សាទេវី ដែលព្រះនាងលម្អនៅ ព្រះការណ៌​ដោយផ្កា ទទឹមហើយអាភរណៈទ្រង់ប្រដាប់បទុមរាគ ភក្សាហារទ្រង់សោយផ្លែឧទុម្ពរ(ផ្លែល្វា) ព្រះហស្ថ ស្តាំទ្រង់​អាវុធច័ក្រ ព្រះហស្ថឆ្វេងទ្រង់ស័ង្ខ ទ្រង់គង់លើសត្វគ្រុឌជាពាហនៈ ។

២) បុត្រីទីពីរ៖ បើសង្ក្រាន្តចំថ្ងៃច័ន្ទ និងត្រូវធ្លាក់ទៅលើវេនព្រះនាង គោរាគទេវី ព្រះនាងលម្អព្រះកាណ៌ ដោយផ្កា អង្គារ បុស្សហើយអាភរណៈទ្រង់ប្រដាប់មុក្តា ភក្សាហារទ្រង់សោយបគេលំ (ប្រេង) ព្រះហស្ថស្តាំទ្រង់អាវុធព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់លើសត្វខ្លាជាពាហនៈ ។

៣) បុត្រីទីបី៖ បើសង្ក្រាន្តចំថ្ងៃអង្គារ និងត្រូវធ្លាក់ទៅលើវេនព្រះនាងរក្សសាទេវី ទ្រង់អម្ពរ ពណ៌ខ្មៅ លម្អរព្រះកាណ៌ ដោយ ផ្កាឈូករតន៍ហើយអាភរណៈទ្រង់ពាក់កែវមនោរា ភក្សាហារទ្រង់សោយលោហិត ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់ធ្នូ ទ្រង់គង់ផ្ទំបិទព្រះនេត្រ លើខ្នងសត្វអស្សតរជាពាហនៈ (ឯកសារខ្លះថា សករៈ “ជ្រូក” ជា​ពាហនៈ)។

៤) បុត្រីទីបួន៖ បើសង្ក្រាន្តចំថ្ងៃពុធ និងត្រូវធ្លាក់ទៅលើវេនព្រះនាង មណ្ឌាទេវី ទ្រង់លម្អព្រះកាណ៌ ដោយផ្កាចំប៉ា ហើយអាភរណៈទ្រង់ពាក់ពិទូរ្យ (ត្បូងពេជ្រភ្នែកឆ្មា) ភក្សាហារទ្រង់សោយទឹកដោះគោស្រស់ ព្រះហស្ថស្តាំ ទ្រង់​អាវុធម្ជុល ព្រះហស្ថឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់លើសត្វលាជាពាហនៈ ។

៥) បុត្រីទីប្រាំ៖ បើសង្ក្រាន្តចំថ្ងៃព្រហស្បតិ៍ និងត្រូវធ្លាក់ទៅលើវេនព្រះនាង កិរិណីទេវី ទ្រង់លម្អព្រះកាណ៌ដោយ ផ្កាមណ្ឌា ហើយ អាភរណៈទ្រង់ប្រដាប់ត្បូងមក៌ត ភក្សាហារទ្រង់សោយសណ្តែក-ល្ង ព្រះហស្ថស្តាំទ្រង់កង្វេរ ព្រះហស្ថឆ្វេង ទ្រង់កាំភ្លើងទ្រង់គង់លើសត្វដំវីជាពាហនៈ ។

៦) បុត្រីទីប្រាំមួយ៖ បើសង្ក្រាន្តចំថ្ងៃសុក្រ និងត្រូវធ្លាក់ទៅលើវេនព្រះនាង កិមិរាទេវី ទ្រង់លម្អព្រះកាណ៌ដោយ ចង្កុលនី ហើយ អាភរណៈទ្រង់ប្រដាប់បុស្សរាគ័ម ភក្សាហារទ្រង់សោយចេកណាំវ៉ា ព្រះហស្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេង ទ្រង់ពិណ ទ្រង់គង់លើសត្វក្របីជាពាហនៈ ។

៧) បុត្រីទីប្រាំពីរ៖ បើសង្ក្រាន្តចំថ្ងៃសៅរ៍ និងត្រូវធ្លាក់ទៅលើវេនព្រះនាង មហោទរាទេវី ទ្រង់លម្អព្រះកាណ៌ដោយ ផ្កាត្រកៀត ហើយ អាភរណៈទ្រង់ប្រដាប់និលរ័តន៍ (ត្បូងពណ៌ខ្មៅ) ភក្សាហារទ្រង់សោយ សាច់ទ្រាយ (ម្រឹកពពួក ឈ្លូស) ព្រះហស្ថស្តាំទ្រង់កាន់អាវុធចក្រ ព្រះហស្ថឆ្វេងទ្រង់កាន់ត្រីសូល៍ ទ្រង់គង់លើសត្វក្ងោកជាពាហនៈ ។

ឈ. ប្រទេសដែលចូលឆ្នាំដូចកាលបរិច្ឆេទរបស់ខ្មែរ៖

រួមមាន ៦ ប្រទេសគឺ៖

  • ប្រទេសឡាវ (លាវ)
  • ប្រទេសថៃ(សៀម)
  • ប្រទេសភូមា(មីយ៉ាន់ម៉ា)
  • ប្រទេស ស្រីលង្កា
  • ប្រទេស ណេប៉ាល់
  • ប្រទេសឥណ្ឌានៅភូមិភាគកណ្តាល

ដែលប្រទេសទាំងអស់នេះសុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទដូចប្រទេសកម្ពុជាដែរ។

ជាសរុបមកវិញ ពិធីបុណ្យចូលឆ្នាំថ្មី ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់កុលបុត្រកុលធីតាខ្មែរគ្រប់រូប។ អាស្រ័យ ហេតុនេះ មិនថាជាយើងទាំងអស់គ្នាដែលជាខ្មែរបានរស់នៅ ឬទៅដល់ទីកន្លែងណាទេ គួរណាស់តែយើង គ្រប់គ្នា ចូលរួមរក្សា និងលើកតម្កើងឲ្យបានកាន់តែផូរផង់ថែមទៀតកុំបីខាន។ ការធ្វើបានដូចនេះ ទើបយើងមាន ឈ្មោះថា ជាកូនខ្មែរដ៏ឆ្នើមរបស់ជាតិខ្មែរ៕

--------------------------------------

សួស្តីឆ្នាំថ្មី !!!!!

---------------------------------------

ឯកសារពិគ្រោះ៖
១) សៀវភៅ អរិយធម៌ខ្មែរ និពន្ធដោយ អ្នកស្រី ត្រឹង ងា បោះពុម្ពឆ្នាំ ព.ស ២៥១៨ គ.ស ១៩៧៥
២) សៀវភៅ អរិយធម៌ខ្មែរ បោះពុម្ពដោយ ក្រសួអប់រំ យុវជន និង កីឡា នាយដ្ឋានបណ្តុះបណ្តាល និង វិក្រឹតការ ឆ្នាំសិក្សា ១៩៩៧-១៩៩៨។
៣) សៀវភៅ របាំប្រជាប្រិយខ្មែរ រៀបរៀងដោយ ក្រុមជុំនំទំនៀមទម្លាប់ខ្មែរ
៤) សៀវភៅ ល្បែងប្រជាប្រិយខ្មែរ រៀបរៀងដោយ ក្រុមជុំនំទំនៀមទម្លាប់ខ្មែរ
៥) សៀវភៅ ប្រជុំពិធីទាំ១២ខែ រៀបរៀងដោយ ក្រុមជុំនំទំនៀមទម្លាប់ខ្មែរ
៦) សៀវភៅ ភាសាខ្មែរ ថ្នាក់ទី ៤ បោះពុម្ពដោយ ក្រសួអប់រំ យុវជន និង កីឡា
៧) សៀវភៅ ភាសាខ្មែរ ថ្នាក់ទី ៦ បោះពុម្ពដោយ ក្រសួអប់រំ យុវជន និង កីឡា ឆ្នាំ ២០១០
៨) សៀវភៅកុមារ៖ ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ កបិលមហាព្រហ្ម រៀបរៀងដោយ កែវ រត្ននា បោះពុម្ពឆ្នាំ ២០១១
៩) អាសយដ្ឋានពត៌មានភាសាខ្មែរនានា ដែលទាក់ទងនឹងប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ
១០) អាស័យដ្ឋាន វីគីភីឌា ជាភាសាអង់គ្លេស ទាក់ទងនឹងប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ
១១) គំនិតយល់ឃើញ និងបទពិសោធន៍របស់ គល់រាំង៕

    Pages:
  • «
  • 1
  • 2
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...