រដ្ឋាភិបាល៖ ការឡើងថ្លៃសំបុត្រឡានក្រុង ជាសេរីភាពនៃអ្នកធ្វើអាជីវកម្ម
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកដល់រដូវបុណ្យទានម្តងៗពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋតែងតែទៅជួបជុំបងប្អូន នៅតាមបណ្តាស្រុកំណើតរៀងៗខ្លួនទីទៃៗ។ ឆ្លៀតក្នុងឱកាសនោះ បណ្តារឡានឈ្នួល ពិសេសឡានក្រុង តែងតែតំឡើងថ្លៃសំបុត្រទៅតាមតែចិត្តចង់ ហាក់មិនមានការខ្លាចរអារ ឬគោរព និងស្តាប់ការអំពាវនាវរបស់នាយករដ្ឋមន្រ្តី សុំឲ្យមានការរក្សានូវតំលៃសំបុត្រដូចដើមក៏ដោយ។
រូបថតអ្នកដំណើរនៅលើរថយន្ដក្រុង។ (រូបថត MONOROOM.info/ D.KEO
សំបុត្រឡើងថ្លៃ - មិនថាចំពោះតែខេត្តណាមួយឡើយ ទាំង២៥ខេត្តក្រុងកម្ពុជា រថយន្តក្រុងបានតំឡើងថ្លៃសំបុត្រ ទៅតាមអ្វីដែលគេ (ថៅកែ) ចង់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងអំពាវនាវកុំឲ្យមានការតម្លើងថ្លៃ កាលពីពេលថ្មីៗនេះ តែការថ្លែងរបស់លោក ហាក់ដូចជាការអំពាវនាវមួយ ស្រែកទៅកាន់ខ្យល់យ៉ាងដូច្នេះ។
បកស្រាយទៅនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៧ ខែមេសានេះ បានលើកឡើងថា «សំដី»លោកនាយករដ្ឋមន្ត្រី «គ្រាន់តែ»ជាការអំពាវនាវ «មិនមែន»ជាច្បាប់នោះទេ។ លោកបន្តថា នាយករដ្ឋមន្រ្តីលើកឡើងនេះ ព្រោះតែលោក (ហ៊ុន សែន) គោរពនូវសេចក្តីសម្រេចរបស់ឯកជន ដែលជាសិទ្ធិអត្តនោម័តរបស់គេ ដើម្បីឲ្យមានការប្រគួតប្រជែង។ «លោកអំពាវនាវទៅដល់អ្នកធ្វើអាជីវកម្ម។ (...) យើងសង្ឃឹកថាគេ (ក្រុមហ៊ុន) នឹងយល់នៅពេលក្រោយ ដល់ពេលបុណ្យប្រពៃណីជាតិគួរតែមានការលើកលែង»។
ចំពោះការអត្ថាធិប្បាយខាងលើ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិលោក រស់ សួរ បានលើកឡើងថា នេះជាការគេចវេសមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលគ្មាន«សម្មត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារសេរី ក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។ ពិសេសចំពោះករណីដ៏តូចតាចមួយនេះ ក៏មិនអាចគ្រប់គ្រងឲ្យមានតម្លៃជាស្ថេរភាព បានដែរ។ «សេដ្ឋកិច្ចទីផ្សារសេរី ក៏ស្ថិតក្នុងច្បាប់ដែរ (វា)មិនមែនអត់ច្បាប់ចេះតែសេរី អ្នកណាចង់លក់ប៉ុន្មានក៏បាននោះទេ។ (...) បញ្ហាអ្នកស្លាប់គឺអ្នកក្រនោះទេ។»
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានច្រានបន្ទុកនៃការទទួលខុសត្រូវនេះ ទៅឲ្យសាលារាជធានីភ្នំពេញ ឬខាងក្រសួងដឹកជញ្ជូនដែលមានភារកិច្ច។ តែក្នុងកិច្ចសម្ភាសរបស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៧ ខែមេសានេះ លោក ឡូង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានបដិសេធថាមិនមែនជាសមត្ថកិច្ចរបស់ សាលារាជធានីភ្នំពេញទេ។ ក្នុងសភាពស្ទាក់ស្ទើរ លោក ឌីម៉ង់ បានដាក់បន្ទុកក្នុងការស្វែងរកអ្នកទទួលខុសត្រូវថា អាចជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបានជាអ្នកគ្រប់គ្រង។ «មែនការពិត យើងអាចអំពាវនាវកុំឲ្យឡើងថ្លៃអញ្ចឹង។ តែបើគេឡើងថ្លៃ ខ្ញុំមិនដឹងថាម៉េចនោះទេ។ (...) និយាយឲ្យចំ (វា) មិនមែនជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញទេ។»
បន្ទាប់មកទៀត លោក ផៃ ស៊ីផាន ក៏បានច្រានដាក់បន្ទុកនេះជាថ្មី ទៅលើអ្នក«នយោបាយ»។ លោកបានបន្តថា ករណីនេះទុកឲ្យអ្នក«នយោបាយ»ជាអ្នកមានសិទ្ធិដាក់កំរិត ច្រើនជាងរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលគ្មានអំណាចអ្វីលើសពីនេះនោះទេ។
ឆ្លើយតបទៅនឹងការទម្លាក់កំហុសនេះ លើអ្នកនយោបាយ មន្រ្តីច្បាប់ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានប្រតិកម្មវិញទៀតថា «តើគណបក្សនយោបាយ មានអំណាច និងដាវអាជ្ញាសិកឯណា មកគ្រប់គ្រងប្រទេសនោះ (វា)មានតែរដ្ឋាភិបាលហ្នឹង ដែលមានភារកិច្ចគ្រប់គ្រងប្រទេសនោះ៕»
-------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ មេសា ២០១៤