សួស្ដីឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦ គ.ស២០១២ មហាសង្ក្រាន្ត
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 11, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្នាំនេះ ឆ្នាំរោង សង្ក្រាន្ត នឹងចូលមកនៅថ្ងៃសុក្រ ៧ រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង ១១ នាទីល្ងាច។ មានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចង្កុលណី អភរណទ្រង់ពាក់ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយ ចេកណាំវ៉ា-ចេកទឹក ព្រះហស្ដស្ដាំ ទ្រង់ព្រះខ័ន ព្រះហស្ដឆ្វេងទ្រង់ពិណ្យទ្រង់ផ្ទំ បើកព្រះនេត្រ លើខ្នងមហឹង្សា (សត្វក្របី) ជាពាហនៈ។
ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០ នាទី។
ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង ៧ ត្រជាក់ក្សេមក្សាន្ដព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្ស រីករាយ គ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្ដ តរៀងទៅ។
- ថ្ងៃសុក្រ ៧ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្ដសករាជ ២០១២ វេលាម៉ោង ១៩ និង ១១ នាទីល្ងាច ជាថ្ងៃចូលឆ្នាំ រោង ចត្វាស័ក។
- ថ្ងៃសៅរ៍ ៨ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០១២ ជាវរៈវ័នបត។
- ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្ដសករាជ ២០១២ វេលាម៉ោង ១១ និង ៤៣ នាទី ៤៨ វិនាទីយប់ ជាវរៈឡើងស័ក គម្រប់មហាសង្ក្រាន្ដ បីថ្ងៃ ស្រេចបរិបូរណ៍ ចូលជាសកល ឆ្នាំ រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ។
ក្នុងឱកាសមហាសង្ក្រាន្តបីថ្ងៃ សូមអស់ ប្រជាពលរដ្ឋប្រុសស្រី ផងទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ ទេវបុត្រ ទេវធីតា ឆ្នាំថ្មីហើយ ខំលះបង់ចិត្តអាក្រក់ អន្យតីរ្ថិយ ជាចិត្តអប្រិយ៍ជាប់ដោយគំនុំ គុំគួន ព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តិល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណីរក្សាសីលប្រាំឲ្យបានជាប់ជានិច្ចនោះទើបទេវតា នឹងឲ្យពរសព្វសាធុការ លោក អ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតា
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបូរាណរៀងរហូតមក ត្រូវរៀបចំទទួលទេវតា នៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេង។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវ គ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសីអាចចាប់ពីចុះមកគឺ ៩ថ្នាក់មួយគូ បាសី៧ថ្នាក់ មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះ គួររក ចេកណាំវ៉ា និងចេកទឹក ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។ ស្រេចហើយ វេលាម៉ោង ដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭកលុះចប់ពិធីទទួលទេវតា៕
អំពី ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ភពព្រហស្បតិ៍ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរ ទឹកភ្លៀង ៥០០ មេដែលចែកចេញជាៈចក្រវាឡ ២០០មេ,ព្រៃហេមពាន្ត ១៥០ មេ,មហាសមុទ្រ ១០០ មេនិងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៥០មេ ដើមឆ្នាំកណ្ដាលឆ្នាំ ភ្លៀង ល្អ ចុងឆ្នាំភ្លៀងតិច ។ កេណ្ឌធារាទិគុណៈ ឆ្នាំនេះមានកេណ្ឌពីរ (១)(២) បឋិធាតុចុះទំនាយថា ធាតុអាកាសមិនក្ដៅមិនត្រជាក់ ។ ទឹកជំនន់និងទឹកទន្លេៈ ឆ្នាំនេះទឹកជំនន់ដោយភ្លៀងនិងទឹកទន្លេមានច្រើន គឺមានកម្រិត ៨/១៦ គឺមានសំណល់(៨) ទឹកមានជាមធ្យមតែប្រហែលនិងឆ្នាំកន្លងទៅ ។
កេណ្ឌធញ្ញហារៈ ឆ្នាំនេះមានកេណ្ឌសូន្យ (០) មានឈ្មោះថាបាបៈ ទំនាយថា ស្រូវ សំណាបស្រែចំការបានផល១ ភាគ ខូច៩ ភាគស្រូវដុះល្អតែពីដំបូង នឹងកើតទុរ្ភិក្ស ( អត់បាយ ) ប្រជានុរាស្ត្រនឹងទទួលនូវក្ដីទុក្ខលំបាកព្រោះធញ្ញហារមានតម្លៃខ្លាំងតំបន់កើតអន្តរាយជាអនេកដោយទុក្ខលំបាកក្សត់ខ្សោយ ទល់ក្រ ព្រោះសត្វកណ្ដុរស៊ីបំផ្លាញផលដំណាំ ។
- ក- ទំនាយការធ្វើស្រែ ទំនាយកេណ្ឌការធ្វើស្រែមានសេស(១) ទំនាយថា ស្រែដីទួល និងស្រែដីទំនាបបានផលដូចគ្នា ដោយមានភ្លៀងដើមឆ្នាំ ច្រើន កណ្ដាលឆ្នាំល្អ ចុងឆ្នាំតិច ។
- ខ- កេណ្ឌព្រឹក្សា ឆ្នាំនេះត្រូវចំ៦ ត្រូវត្រង់ដើមរកា ជាស្ដេចមានសេចក្ដីទំនាយថាៈ មនុស្សផងទាំងឡាយឥតមានកលិយុគ ស្រណុកជាពន់ពេក ។
- គ- កេណ្ឌព្រះអាទិត្យ ឆ្នាំនេះព្រះទិត្យធ្វើដំណើរដោយជិះ ភ្លើង ទំនាយថាៈ ជាឆ្នាំដែលមានគ្រោះពុំជានា៧ថ្ងៃក្រោយពីថ្ងៃមហាសង្ក្រាន្ត ភ្លើងនិងឆេះក្នុងស្រុកនាមគ្រុឌ ខ្លា ពពែ និងស្រុក នាមនាគ រីឯស្រុកនាមកណ្ដុរនិងកើតទុរភិក្ស អត់បាយ ។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំដែលជាថ្ងៃទី១ត្រូវនឹងថ្ងៃសុក្រ ទំនាយថាៈ ឆ្នាំនោះស្រូវអង្ករ ល្ងសណ្ដែក ផលដំណាំទាំងឡាយបរិបូរណ៍ ភ្លៀងព្យុះច្រើន មានរោគឈឺភ្នែកមនុស្សម្នាផងទាំងឡាយនឹងមានជំងឺស្លាប់ច្រើនហើយនូវចាញ់ ឯខាងកូនក្មេង ។ បើទំនាយតាមវេលាចូលសង្ក្រាន្ត ទំនាយថា ស្រុកទេសនិងជាពន់ពេក ។
រីឯទំនាយថ្ងៃវ័នបត ថ្ងៃកណ្ដាលត្រូវនឹងថ្ងៃសៅរ៍ ទំនាយថាៈ ឆ្នាំនោះស្រូវអង្ករត្រីសាច់ ដំណាំផល្លានឹងថ្លៃ នឹងកើតភ្លើងឆេះកណ្ដាលទីក្រុងខុណ្នាងនឹងត្រូវទោល ទឹកតិចជាងរាល់ឆ្នាំ សមណ ព្រាហ្មណ៍ នឹងក្ដៅក្រហាយចិត្ត ។
ទំនាយថ្ងៃឡើងស័ក ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃអាទិត្យ ទំនាយថាៈ ឆ្នាំនោះព្រះមហាក្សត្រ នឹងរុងរឿង ព្រះតេជ្ជនុភាព និង មានជ័យជំនះលើពួកសត្រូវគ្រប់ទិសានុទិស ៕
ដោយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ - ប៉ារីស ទី ០៩ មេសា ២០១២ ។ឯកសារយោង៖ មហាសង្ក្រានដោយក្រុមជំនុំទំនៀមទំលាប់ខ្មែរ
Crédit Photo : MONOROOM.info