បារាំង៖ ដុត​យានយន្ដ​ចំនួន​១១៩៣​គ្រឿង និង​ស្លាប់​ម្នាក់​ដោយ​កាំជ្រួច ដើម្បី​​ទទួល​ឆ្នាំថ្មី

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃបារាំង លោក ម៉ានូអឹល វ៉ាល (Manuel Valls) បានថ្លែងប្រាប់អោយដឹងថា ក្នុងយប់​ចូលឆ្នាំ​សកល​នេះ មានរថយន្តទាំងអស់ ចំនួន១១៩៣គ្រឿង ត្រូវបានដុតបំផ្លាញ ក្នុងនោះ៣៤៤គ្រឿង បានរងនូវការឆេះបន្ត។ លោកក៏​បានបញ្ជាក់ដែរថា សកម្មភាពអនុវត្តច្បាប់ បានកើនឡើងក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន ដែលមានមនុស្សចំនួន ៣៣៩នាក់ ត្រូវបានហៅមកសាកសួរ ទល់នឹងឆ្នាំមុន ២៩០នាក់ និង២៤៤នាក់ ត្រូវបានឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បីការ​ស៊ើបអង្កេត ទល់នឹងឆ្នាំមុន តែ១៨១នាក់ប៉ុណ្ណោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងយប់ថ្ងៃចូលឆ្នាំសកល គេបានស្វាគមទទួលឆ្នាំថ្មី ជាមួយនឹងការដុតបំផ្លាញរថយន្ដ ចំនួន ១ ១៩៣គ្រឿង។ ព្រឹត្តិការណ៍​នេះបានបង្កអោយ នគរបាល៣នាក់ និងកងអាវុធហត្ថបួននាក់ទៀត រងរបួសស្រាល។ ក្នុងហេតុការណ៍មួយទៀត យុវជន​ម្នាក់បានស្លាប់ ដោយសារផាវកាំជ្រួច ហោះមកផ្ទុះចំកណ្ដាលមុខ។


រថយន្ដនេះ កំពុងឆេះយ៉ាងសន្ធោសន្ធៅ នៅតំបន់ក្លេម៉ង់ ហ្វែរ៉ង់ ភាគខាងត្បូងប្រទេសបារាំង។ រូបថត Maxppp។

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃបារាំង លោក ម៉ានូអឹល វ៉ាល (Manuel Valls) បានថ្លែងប្រាប់អោយដឹងថា ក្នុងយប់​ចូលឆ្នាំ​សកល​នេះ មានរថយន្តទាំងអស់ ចំនួន១១៩៣គ្រឿង ត្រូវបានដុតបំផ្លាញ ក្នុងនោះ៣៤៤គ្រឿង បានរងនូវការឆេះបន្ត។ លោកក៏​បានបញ្ជាក់ដែរថា សកម្មភាពអនុវត្តច្បាប់ បានកើនឡើងក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន ដែលមានមនុស្សចំនួន ៣៣៩នាក់ ត្រូវបានហៅមកសាកសួរ ទល់នឹងឆ្នាំមុន ២៩០នាក់ និង២៤៤នាក់ ត្រូវបានឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បីការ​ស៊ើបអង្កេត ទល់នឹងឆ្នាំមុន តែ១៨១នាក់ប៉ុណ្ណោះ។

លោកបន្ថែមថា «ស្ថានការណ៍ក្នុងប្រទេសជាទូទៅ មិនមានហេតុការណ៍ប្រឈមមុខដាក់គ្នា គួអោយកត់សម្គាល់ទេ លើកលែងតែនៅក្នុងសង្កាត់ស្ត្រាសប៊ួរ ណឺហូហ្វ៍ (Strasbourg Neuhof) និងនៅទីក្រុងមូលហាវ្ស (Mulhouse)។ នគរបាល៣នាក់ និងកងអាវុធហត្ថបួននាក់ទៀត បានរងរបួសស្រាល ដែលជាតួលេខមិនសូវជាខុសប៉ុន្មានពីឆ្នាំមុនទេ ដែលមានកម្លាំងសន្តិសុខរងរបួសទាំងអស់ ចំនួន៨នាក់នោះ។»

ក្នុងខ័ណ្ឌ សេន ស៊ាំងឌឺនី (Seine-Saint-Denis) នាំមុខគេ ពីការដុតបំផ្លាញនេះ

«មិនមានភាពខុសប្លែកអ្វីខ្លាំង ទាក់ទងនឹងចេតនា នៃការដុតបំផ្លាញយានយន្តទាំងនេះទេ​ បើប្រៀបធៀបនឹងឆ្នាំមុន» លោកម៉ានូអែល បានថ្លែងបន្ថែមយ៉ាងដូច្នេះ និងបានបញ្ជាក់ថា ខ័ណ្ឌសេន ស៊ាំងឌឺនី (Seine-Saint-Denis) ដែលជាខ័ណ្ឌ​មួយនៅជាប់ទីក្រុងប៉ារីស មានតួលេខដុតបំផ្លាញនេះ ខ្ពស់ជាងគេរហូតដល់ ៨៣គ្រឿង។

ការដុតបំផ្លាញ នៅវេលាយប់ចូលឆ្នាំថ្មី ឆ្នាំសកលនេះ កើតមានជារៀងរាល់ឆ្នាំ ដោយគ្រាន់តែតួលេខ នៃយានយន្ដ​ដែល​រងការដុតបំផ្លាញ មានភាពខុសគ្នា តិចឬច្រើនប៉ុណ្ណោះ។ រាល់ការដុតបំផ្លាញទាំងនេះ បានក្លាយជាទម្លាប់ដ៏អាក្រក់មួយ ក្នុង​សង្គមបារាំង ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ទោះមានប្រភពមកពីខាង គណបក្សឆ្វេងនិយម ឬស្ដាំនិយម នរណាៗ​ក៏មិនអាចមានវិធី ឬនយោបាយទប់ស្កាត់បានដែរ។

យុវជនម្នាក់ បានស្លាប់ នឹងផាវកាំជ្រួច !

នៅទីក្រុងស្ត្រាសប៊ួរ (Strasbourg) ប៉ែកខាងកើតប្រទេសបារាំង យុវជនម្នាក់ អាយុ២០ឆ្នាំ បានរងរបួសធ្ងន់ នឹងផាវកាំជ្រួច ដែលមនុស្សម្នាបានបាញ់ កំសាន្ដដើម្បីទទួលអំណរឆ្នាំថ្មី។ ប្រភពនៅនឹងកន្លែង បាននិយាយថា គ្រាប់ផាវកាំជ្រួចដ៏ធំមួយ​ ដែលមិនទាន់បានផ្ទុះ បានហោះមកផ្ទុះនៅចំកណ្ដាលមុខ យុវជននេះ បណ្ដាលអោយរលាក និងត្រូវបានឆ្មាំជួយសង្គ្រោះ បញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីពេទ្យ។ ក្នុងពេលបញ្ជូនទៅនោះ ជនរងគ្រោះ បានជួបនឹងគ្រោះថ្នាក់គាំងបេះដូងមួយទៀត ហើយនៅព្រឹកថ្ងៃអង្គារនេះ ប្រភពពីខាងនគរបាលបានបញ្ជាក់ ពីមរណភាពរបស់យុវជននេះ ក្នុងមន្ទីពេទ្យ។

ទាំងនេះ ជាព្រឹត្តិការណ៍អកុសល ដែលបានកើតឡើង ក្នុងពេលរាត្រីបុណ្យចូលឆ្នាំសកលថ្មី ឆ្នាំ២០១៣នេះ។ ហើយនេះ គេនៅមិនទាន់បានរាប់បញ្ចូល ការចូលប្លន់របស់ ក្រុមចោរប្រដាប់អាវុធមួយក្រុម នៅក្នុងហាងកំព្យូទ័រមួយ របស់យីហោ អ័បផល ដែលស្ថិតនៅកណ្ដាលទីក្រុងប៉ារីសផង៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...