សហគមន៍ខ្មែរនៅបារាំង ជួបជុំគ្នា ដើម្បីប្រារព្ធបុណ្យ ចូលឆ្នាំថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 09, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់។ តែបងប្អូនខ្មែរនៅ ស្រុកបារាំង ជាពិសេសនៅតំបន់ ជុំវិញទីក្រុងបារីសតែម្ដង បាននាំគ្នាជួបជុំគ្នានៅតាមវត្តទីអារាម តាំងពីថ្ងៃសៅរិ៍កន្លង មកនេះ ហើយប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន យ៉ាងអធិកអធម។
នៅបារាំង ទេវតាឆ្នាំថ្មីចុះមកមុនថ្ងៃ បុណ្យចូលឆ្នាំខ្មែរ
អានមើលទៅដូចជា ប្លែកភ្នែកបន្ដិច ដោយនៅចំងាយរាប់ម៉ឺនយោជ ពីមាតុប្រទេសរបស់ខ្លួន ខ្មែរនៅក្រៅ ស្រុកបានប្រារព្ធពិធីនេះ សំរាប់ឆ្នាំនេះតាំងពីថ្ងែសៅរិ៍ទី ០៧មេសា មកម្លេះ។ ហើយនោះមិនមែនជាការចៃដន្យ ឬជាការប្រមើលទុករបស់ហោរាសាស្ត្រណាមួយនោះទេ តែជាការមូលមីមតិគ្នានៅក្នុងសហគមន៍ ដើម្បីសំរបសំរួលទៅតាម កាលវិភាគឈប់សំរាកការងារ នៅប្រទេសបារាំង និងភាពទំនេររបស់ ខ្មែរៗជាទូទៅនៅទីនោះ។ គួកត់សំគាល់ថា នៅប្រទេសបារាំង ចុងសប្ដាហ៍ទីមួយ របស់ខែមេសា ជាចុងសប្ដាហ៍ឈប់សំរាក នៅក្នុងសាសនាគ្រឹស្ដិ៍ ហើយគេបាន បន្ថែមថ្ងៃច័ន្ទមួយថ្ងៃទៀត សំរាប់ការឈប់សំរាកនេះ។ ដូច្នេះថ្ងៃឈប់សំរាកនៅក្នុងចុងសប្តាហ៍នេះ បានឡើងទៅរហូតដល់ ៣ថ្ងៃ រាប់ពីថ្ងៃសៅរិ៍ទី០៧មេសាមក។
មានទីអារាមជាយ៉ាងហោចណាស់ ចំនួន៥ នៅតំបន់ជុំវិញទីក្រុងបារីស មានជាអាថ៌ វត្តពោធិវង្ស វត្តធម្មរង្សី វត្តមុន្នីសិក្ខារាម វត្តខេមរារាម និងវត្តច័ន្ទរង្សីរបស់ខ្មែរក្រោមជាដើម។ កម្មវិធីចូលឆ្នាំថ្មីដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ១៣-១៤ និង១៥ មេសា នៅតែរក្សាទៅតាមប្រពៃណីជាតិ ប៉ុន្តែវត្តទាំងអស់នោះរៀបចំធ្វើតែ ក្នុងទំហំមួយតូចៗប៉ុណ្ណោះ តែសំរាប់ថ្ងៃដែល រៀបចំធ្វើដ៏ធំ សំរាប់អោយមានអ្នកចូលរួមជាទូទៅពីសាធារណជនដើមកំណើតខ្មែរនោះ គឺគេចាប់ផ្ដើមធ្វើរួចហើយ កាលពីថ្ងៃសៅរិ៍ទី០៧មេសាកន្លងមកនេះ។ ហើយយ៉ាងហោចណាស់ កម្មវិធីដែលបានធ្វើ ក៏មានការរៀបចំការផ្លាស់ប្ដូរទេវតា ការសូត្រមន្ត ការរាប់បាត្រ ប្រគេនទ័យទាន ឬចង្ហាន់ដល់ព្រះសង្ឃ ដូចគ្នាទៅនឹងទំនៀមទំលាប់ នៅក្នុងស្រុកយ៉ាងដូច្នេះដែរ។ តែអ្វីដែលខុសប្លែក ពីការធ្វើនៅក្នុងវត្តអារាមនៅក្នុងស្រុក គឺនៅប្រទេសបារាំង ការជួបជុំបា្ររព្ធធ្វើបុណ្យចូលឆ្នាំថ្មី មានការប្រគុំ ឬការសំដែងជូនជាការកំសាន្ដជាទូទៅមួយ នូវតន្ត្រីចំរៀង ឬសិល្បៈរបាំ ភ្លេងខ្មែរ និងល្ខោន ដែលទាំងអស់នេះ នៅស្រុកខ្មែរ គេមិនបានធ្វើក្នុងវត្តអារាម នៅវេលានេះទេ។
ទីធ្លាធំដើម្បីមានចំណុះជើងរត្តច្រើន
មានវត្តចំនួនពីរ ដែលក្រៅពីប្រារព្ធពិធីចូលឆ្នាំទំហំតូចៗរបស់ខ្លួន ក្នុងទីធ្លារបស់វត្ត (នៅចំថ្ងែបុណ្យចូលឆ្នាំថ្មី) រត្តទាំងពីរនោះបានខ្ចី ទីធ្លាដ៏ធំមួយពីសំណាក់រដ្ឋបារាំង នៅថ្ងៃចុងសប្ដាហ៍ ដើម្បីប្រារព្ធពិធីបុណ្យធំជាមួយ នឹងខ្មែរៗចំណុះជើងរត្តរបស់ខ្លួន ។ កាលពីថ្ងៃអាទិត្យទី០៨មេសា វត្តធម្មរង្សីនែតំបន់ បាញ៉ើ បានប្រារព្ធពិធីនេះ នៅនឹងឧទ្យានដ៏ធំរបស់ ទីក្រុងបារីសឈ្មោះ វ៉ាំងសែន ដែលនឹងទុកអោយខាងវត្តខេមរារាម របស់តំបន់ ក្រេទ័យ អោយធ្វើនៅសប្ដាហ៍ក្រោយ។ នៅទីនោះ មានអាគារដ៏ធំមួយដែលគេសាងសង់ឡើង សំរាប់ឧទ្ទិសអោយសេចក្ដីស្រឡាញ់ ភាពស្ងប់ស្ងាត់ របស់សាសនាព្រះពុទ្ធ ហើយក៏បានបំរើផងដែរ អោយដល់សាធារណៈជនទូទៅ ដែលចង់ចូលទៅ គោរពបូជាដល់សាសនានោះ។
មានវត្តអារាមជាច្រើនដែលខិតខំ ទាក់ទាញចំនុះជើងវត្តរបស់ខ្លួន អោយមកចូលរួមធ្វើបុណ្យ ហើយវត្តខ្លះមានការចូលរួម យ៉ាងច្រើនកុះករ ប្រសិនបើរត្តនោះមានទីធ្លាធំទូលាយ និងការទទួលដោយក្ដីរាក់ទាក់នោះ។ វត្តដែលមានទីធ្លាធំ ក្នងពេលបច្ចុប្បន្ន ហើយទទួលការចាប់អារម្មណ៍ច្រើនជាងគេ មានដូចជា វត្តពោធិវង្ស វត្តមុន្នីសិក្ខារាម ជាដើម។ តែឧបាសក ឧបាសិកាចំនុះជើងវត្តជាច្រើនផ្សេងទៀង ដែលគេនៅតែមានភក្ដីភាពជាមួយនឹងវត្តផងខ្លួន ក៏គេនៅតែទៅចូលរួមទៅតាម ទឹកចិត្តសុទ្ធាជ្រះថ្លារបស់គេរៀងៗខ្លួន។ ប៉ុន្តែកន្លងមក ក៏មានការធ្វើអោយលេចលឺផងដែរ នូវការបង្កើតអោយមាន ទៅជាបក្សពួក នៅតាមវត្តអារាមទាំងនោះ ហើយធ្វើអោយក្រុមផ្សេងដទៃទៀតជៀស មិនចង់ចូល ឬក៏ចូលមិនចុះ ទៅធ្វើបុណ្យនៅនឹងវត្តនោះផងដែរ។ ការបង្កើតអោយមានជាបក្សពួក ឬការប្រកាន់ទាំងឡាយផ្សេងៗទៀត ជាទំលាប់ អាក្រក់ ខុសនឹងគោលការណ៍ ហើយខុសនឹងពុទ្ធវិន័យថែមទៀតផង ដែលឈានទៅធ្វើអោយខូចដល់ កេរ្ដិ័ឈ្មោះរបស់ សហគមន៍ខ្មែរ នៅបារាំង៕
ដោយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ - ប៉ារីស ទី ០៩ មេសា ២០១២ ។Crédit Photo : MONOROOM.info