សាលារាជធានីភ្នំពេញ៖ ចូលឆ្នាំចិន-វៀតណាមនៅឆ្នាំនេះ សុំស្ងាត់ !
គ្មានទេការជួបជុំ ឬការដង្ហែតាមបែបសាសនា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខនេះ ប្រសិនបើការជួបជុំឬការដង្ហែទាំងនោះ «មិនបានជម្រាប និងគ្មានការអនុញ្ញាត»ជាមុន ពីសាលារាជធានីភ្នំពេញ។ ជាការហាមឃាត់មួយ ដែលត្រូវបានធ្វើក្រោមហេតុផល សន្តិសុខ សណ្នាប់ធ្នាប់ រប្រៀបរៀបរយនិងសុវត្ថិភាពសង្គម។
ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ កាលពីឆ្នាំកន្លងមក។ (រូបថត AP/ Heng Sinith)
សណ្ដាប់ធ្នាប់សាធារណៈ - លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤នេះថា ចំពោះសមាគម ចិន-វៀតណាម ដែលមានបំណងចង់ហែរក្បូន ឬធ្វើសកម្មភាពនានាតាមបែបសាសានា រាប់បញ្ចូលទាំងការហែរអ្នកតា ឬហែរម៉ុងសាយ នៅទីធា្លសាធារណៈជូនដល់ប្រជាពលរដ្ឋទស្សនានោះ ត្រូវតែជំរាបនិងសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ បើពិនិត្យឃើញថាមានលក្ខណៈសមស្រម ទើបអនុញ្ញាតអោយហែរបាន។ មន្រ្តីអ្នកនាំពាក្យសាលារាជធានីបានបញ្ជាក់ទៀតថា បើភាគីខាងសមាគមរំលោភ ឬមិនគោរពលើបញ្ញត្តិរបស់សាលារាជធានី អាជ្ងាធរមានសមត្ថកិច្ចនឹងមានវិធានការណែនាំ ពិន័យ និងទប់ស្កាត់ទៅតាមផ្លូវច្បាប់។
ការថ្លែងរបស់លោក ឡុង ឌីម៉ង់ ក្រោយពីការចេញផ្សាយនូវសេចក្តីណែនាំមួយ របស់សាលារាជធានី ចុះថៃ្ងទី១៧ ខែមករា ឆ្នាំ២០១៤ ដែលបានរំលឹកទៅដល់មន្ទីរអង្គភាព ខណ្ឌសង្កាត់ សមាគមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលនិងសាធារណៈជនទាំងឡាយដែលរស់នៅក្នុងរាជធានីភំ្នពេញ អោយរក្សាសន្តិសុខ សណ្នាប់ធ្នាប់ រប្រៀបរៀបរយនិងសុវត្ថិភាព ក្នុងឱកាសបុណ្យប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តនៅថៃ្ងទី៣០ ខែមករាឆ្នាំ២០១៤ ដល់ថៃ្ងទី ០២ ខែកុម្ភៈខាងមុខនេះ។
សេចក្ដីណែនាំ ដែលប្រៀបបាននឹងបទបញ្ញត្តិដាច់ខាតខាងលើនេះ បានបង្កឲ្យមានប្រតិកម្មពីបណ្ដាជន អ្នករស់នៅក្នុងរាជធានីមួយចំនួន ដោយបានចាត់ទុកថាសេចក្ដីណែនាំនោះ មានចរិកនយោបាយច្រើនជាង ហើយអាជ្ញាធរដែលគ្រប់គ្រង់ដោយរដ្ឋាភិបាល កំពុងខ្លាចការជួបជុំរបស់ពលរដ្ឋ។ រីឯក្រុមសកម្មជនសិទ្ធមនុស្ស និងសកម្មជនអង្គការសង្គមស៊ីវិលវិញ បាននិយាយថា ខ្លឹមសារនៃសេចក្ដីណែនាំនេះ បានប៉ះពាល់ និងគម្រាមទៅដល់សិទ្ធិជួបជុំ និងសិទ្ធិប្រតិបត្តិសាសនារបស់ពលរដ្ឋ។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្មពីសមាគមសាសនាចិន និងវៀតណាម ដែលតែងរៀបចំដង្ហែ និងការជួបជុំរបស់ខ្លួនជារៀងរាល់ឆ្នាំ តាមបែបសាសនានោះនៅឡើយ។ ប៉ុន្តែនាឆ្នាំកន្លងមក មិនដែលឃើញអាជ្ញាធរ ធ្វើការហាមឃាត់ទៅការដង្ហែក្បួន ឬការជួបជុំគ្នាតាមបែបសាសនានោះទេ។ មតិមួយចំនួនបានលើកឡើងថា ការហាមឃាត់នៅឆ្នាំនេះជាមានភាពម៉ឺងម៉ាត់ខ្លាំង ដោយទំនងជាមកពីវិបត្តិនយោបាយដែលជាប់គាំងតាំងពីក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣នោះមក និងក្រោយព្រឹត្តិការណ៍បង្ក្រាបយ៉ាងរង្គាល លើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី០២-០២-០៤ ខែមករានេះ។
យ៉ាងណាក៏ដោយ ក្រៅពីការហាមឃាត់នូវការជួបជុំ និងការដង្ហែរជាក្បួននេះ ក្នុងសេចក្តីណែនាំនោះ ក៏បាននិយាយដែរថា «នៅគ្រប់ទីកន្លែង មិនថា គេហដ្ឋាន សហគ្រាស ឬ អង្គភាព ស្ថាប័នទេ ត្រូវតែប្រុងប្រយត្ន័ក្នុងការអុជធូបទៀន ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនីដែលបង្កអោយមានគ្រោះអគ្គិភ័យជាយហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី និងមិនអោយដុតតាមចិញើមផ្លូវ ឬផ្លូវចិញ្ចើមថ្នល់ឡើយ៕»
--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤