រូបភាពចូលឆ្នាំ២០១៦ ពីគ្រប់ជ្រុងក្នុងពិភពលោក (vdo)
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០១ មករា ២០១៦
- កែប្រែចុងក្រោយ: January 01, 2016
- ប្រធានបទ: ចូលឆ្នាំថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសញ៉ូហ្សេឡេន និងអូស្ត្រាលី ជាអ្នកប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំ២០១៦ មុននៅគ្រប់ជ្រុងផ្សេងទៀត នៅក្នុងពិភពលោក ហើយផ្ទាំងទស្សនីយភាព នៃការអបអរសាទរបុណ្យចូលឆ្នាំសកលថ្មី របស់ប្រទេសទាំងនេះ ពិតជាមិនអ្នករង់ចាំទាំងឡាយ ខកចិត្តខកបំណងនោះឡើយ ជាពិសេសនៅក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ដែលធ្វើកម្មវិធីដ៏ធំដុំនេះ ដោយការបាញ់កាំជ្រួចដ៏សម្បើម ជារៀងរាល់ឆ្នាំ ចេញពីស្ពាន «Harbour Bridge» និងរោងល្ខោនធំ «Opéra »។
បន្ទាប់មកទៀត រាជធានីតូក្យូ នៃប្រទេសជប៉ុន រដ្ឋធានីប៉េកាំង នៃប្រទេសចិន និងរដ្ឋធានី នៃបណ្ដាប្រទេសនៅទ្វីបអាស៊ីខាងកើត ផ្សេងទៀត ក៏បានចាប់ផ្ដើម កម្មវិធីចូលឆ្នាំសកលថ្មី របស់ពួកគេដែរ។ ប៉ុន្តែនៅរដ្ឋធានី ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ការប្រារព្ធពីធីចូលឆ្នាំថ្មី ហាក់មានភាពរមទម្យជាងគេបន្តិច ដោយមានតែពិធីការិនីមួយរូប ចេញមុខមកជូនពរ តែប៉ុណ្ណោះ។
នៅរាជធានីបាងកក ប្រទេសថៃវិញ អ្នករៀបចំកម្មវិធីបានជ្រើសរើស ការផ្ដល់ផ្ទាំងទស្សនីយភាព នៅពីលើប្រាសាទ ដែលមានទម្រង់ ជាចេតីយ៍ជាច្រើន ជាមួយនឹងភ្លើងកាំជ្រួច ដ៏ភ្លើងត្រកាល។
សម្រាប់ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិចវិញ ទោះមានការព្រមាន ពីការធ្វើភេរវកម្មក៏ដោយ តែប្រទេសទាំងនោះ នៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី របស់ពួកគេយ៉ាងអធិកអធមដដែល។ ជាពិសេសនៅរាជធានី ឡុងដ៍ ដែលការបាញ់កាំជ្រួច បានធ្វើឡើងនៅក្បែរនាឡិការ ផ្ដល់ម៉ោងសកល ០.០០ សម្រាប់ពិភពលោក ខណៈប្រទេសបារាំង បានធ្វើកម្មវិធីនៅលើដងផ្លូវដ៏ធំ និងល្បីជាងគេ នៃរដ្ឋធានីប៉ារីស ជាមួយនឹងមនុស្សរាប់សិបពាន់នាក់។
ការអបអរពិធីចូលឆ្នាំថ្មី ត្រូវបានធ្វើក្រោយគេប៉ផុត នៅនឹងប្រទេសនានា នៅទ្វីបអាមេរិក។ នៅលើទីលាន «Times Square» នៃទីក្រុងញ៉ូយក មនុស្សជាច្រើនសិបពាន់នាក់ បានប្រមូលគ្នា មករាប់នាទីចុងក្រោយ មុននឹងកាំជ្រួចជ្វាលា ត្រូវបានបាញ់ឡើង ជាមួយនឹងការលោតអោបថើបគ្នា ប្រកបដោយភាពសប្បាយរីករាយ។ សម្រាប់នៅទ្វីបអាមេរិខាងត្បូងវិញ ការប្រារព្ធពិធី ដែលមានលក្ខណៈសម្បើមជាងគេ គឺនៅលើឆ្នេរសមុទ្រ នៃទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដែលមានមនុស្សជាច្រើន បានចូលរួមស្រែករួមគ្នា ថា៖ «សួស្ដីឆ្នាំថ្មី ជូនពរឆ្នាំថ្មី ឆ្នាំ២០១៦»៕