អ៊ឹង កន្ថាផាវី៖ គម្រោងលើកកម្ពស់ស្រ្តី ក្នុងវិស័យកសិកម្ម
សេដ្ឋកិច្ចនារី - ស្រ្តី គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រទេស។ ការជំរុញនិងលើកទឹកចិត្តអោយស្រ្តី ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច មានន័យថា កំពុងលើកកម្ពស់អោយមានសមភាពយេនឌ័រ។ បើតាមការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី ឃើញថាក្នុងវិស័យវិស័យកសិកម្ម ស្រ្តីមានចំនួនប្រហែល៥៧% ដែលចំនួននេះច្រើនជាងបុរស ដោយសារតែបុរសមួយចំនួនការធ្វើការចំណាកស្រុកទៅទីក្រុង និងក្រៅប្រទេស ដើម្បីរកការងារធ្វើ។
ក្នុងសិក្ខាសិលាមួយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងថា «វិស័យចំបងបី ដែលទ្រទ្រង់វិស័យសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដែលរួមមានវិស័យកសិកម្ម ឧស្សាហកម្មកាត់ដេ និងសេវាកម្ម ។ នៅក្នុងផែនការយុទ្ធសាស្រ្តរបស់នារីរតនៈរបស់ក្រសួងកិច្ចការនារី យើងបានផ្តោតសំខាន់ ទៅលើវិស័យសេដ្ឋកិច្ចរបស់ស្រ្តី ធ្វើយ៉ាងម៉េច អោយស្រ្តីមានអំណាចសេដ្ឋកិច្ចដែរ ដើម្បីអោយសហគមន៍ និងសង្គមជាតិទាំងមូលទទួលស្គាល់ទៅលើការចូលរួមរបស់ស្រ្តី ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងផ្តល់តម្លៃដោយស្វ័យប្រវត្តិដល់ស្រ្តី។»
លោកស្រីបន្តថា «ហេតុអ្វីយើងគួរជំរុញស្រ្តី ក្នុងវិស័យកសិកម្ម? ដោយសារវិស័យកសិកម្ម ជាវិស័យមួយដែលមានចរន្តទេសន្តរប្រវេសន៍ និងដោយសារទេសន្តរប្រវេសន៍កាន់តែកើនឡើងនេះហើយ ដែលធ្វើអោយស្រ្តីភាគច្រើននៅចាំផ្ទះ ហើយបុរសទៅទីក្រុង ឬក្រៅប្រទេសដើម្បីរកការងារធ្វើ។ ដែលភាគច្រើនគឺស្រ្តីដែលមាន៥៧% នេះហើយដើរតួសំខាន់ នៅក្នុងវិស័យកសិកម្ម។»
ដោយសារតែប្រជាជនខ្មែរភាគច្រើន នៅធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម ជាពិសេសគឺស្រ្តី ដែលពួកគេនៅមានកង្វះខាតទៅលើព័ត៌មាន ទាក់ទងនឹងជំនាញមួយចំនួនដូចជា ការបង្កើនគុណភាពដី ការជ្រើសគ្រាប់ពូជ និងជំនាញបច្ចេកទេស ដែលធ្វើអោយការបង្កើនផលិតកម្មរបស់គាត់នៅមានកំរិត។
ពាក់ព័ន្ធនិងបញ្ហានេះដែរ រដ្ឋមន្រ្តីក្រសួងកិច្ចការនារីរូបនេះបានបញ្ជាក់ថា «ក្រសួងកិច្ចការនារីកំពុងស្រាវជ្រាវ ថាតើអាចជួយស្រ្តីបានដូចម្តេច ដើម្បីបង្កើនផលិតកម្មនៅក្នុងវិស័យកសិកម្មរបស់ពួកគាត់ ដោយមិនមែនជាលក្ខណៈដែលធ្វើបានត្រឹមតែមួយរស់ តែយើងចង់ប្រែក្លាយទៅជាកសិកម្មមួយ ដែលបំពេញតម្រូវការគ្រួសារផង និងអាចអោយគ្រួសារមានកំរៃបន្ថែមផង។
លោកស្រីពន្យល់បន្ថែមថា មិនត្រឹមតែការសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ ក្រសួងកិច្ចការនារីបានរៀបចំផែនការ ដើម្បីលើកកម្ពស់ស្រ្តីក្នុងវិស័យនេះផងដែរ ដោយបានសហការជាមួយដៃគូរអភិវឌ្ឍន៍អន្តជាតិ ដើម្បីមើលថាតើអ្វីជាតម្រូវរបស់ស្រ្តី វាជួយស្រ្តីយ៉ាងដូចម្តេចក្នុងវិស័យកសិកម្ម ដែលក្រសួងនឹងបញ្ចេញនូវអនុសាសន៍។ ក្រសួងកិច្ចការនារីក៏នឹងស្នើទៅក្រសួងបច្ចេកទេស ដើម្បីជួយបំភ្លឺខ្លះៗថា តើគួរតែធ្វើអ្វីដែលជួយលើកកម្ពស់សមភាពយែនឌ័រ និងជួយស្រ្តីក្នុងវិស័យនេះ ជាមួយនិងក្រសួងដែលពាក់ព័ន្ធនានា ដើម្បីបន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គម។
នៅពេលបច្ចុប្បន្ននេះ ស្រ្តីដែលមានអាយុ១៨ឆ្នាំភាគច្រើន ធ្វើការចំណាកស្រុកទៅទីប្រជុំជន ដើម្បីធ្វើការងាររោងចក្រ ជាងធ្វើការងារកសិកម្មដែលជាការងារលំបាក និងតម្រូវអោយមានកម្លាំងពលកម្មច្រើន តែទទូលបានផលមិនបានតាមអ្វីដែលរពឹងទុក និងមានស្រ្តីមួយចំនួនទៀតសុខចិត្តចំណាកតាមស្វាមីរបស់ពួកនាង។ ទាក់ទងនិងបញ្ហានេះដែរ លោកស្រី អ៊ឹង កន្ថាផាវីយល់ស្របថា «ការងារនៅក្នុងកសិកម្មរបស់ស្រ្តី វាជាការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយការងារនេះ មានភាពងាយរងគ្រោះច្រើន។ តែបើទោះបីជាស្រ្តីភាគច្រើន ធ្វើការងាររោងចក្រក៏ដោយ តែវាមិនអាចប៉ះពាល់ដល់កសិកម្មទេ ព្រោះមានស្រ្តីមួយចំនួនគេនៅតែប្រកបរបរនេះ ម្យ៉ាងវិស័យទាំងពីនេះបំពេញអោយគ្នាទៅវិញទៅមក ហើយប្រទេសមួយ មិនអាចគ្មានវិស័យកសិកម្មបានទេ។»
លោកស្រី បានអោយដឹងទៀតថា «ឥលូវនេះយើងកំពុងធ្វើទំនើបកម្ម ដែលយើងប្រើប្រាស់កម្លាំងម៉ាស៊ីន ដែលវាជួយសម្រួលដល់កាងារកសិកម្មរបស់ស្រ្តី ព្រោះស្រ្តីកម្លាំងកាយទាបជាងបុរស។ បើគាត់មានជំនញទៅលើការប្រើប្រាស់ម៉ាស៊ីន គាត់ប្រហែលជាលែងលំបាកហើយ អញ្ចឹងហើយទើបយើងលើកយកការអប់រំ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ស្រ្តីដើម្បីជួយសម្រួលពួកគាត់ក្នុងវិស័យកសិកម្ម។»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤