រដ្ឋាភិបាលបង្ហាញ ពីផែនការយុទ្ធសាស្រ្ត«នារីរតនៈ»ទី៤
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ១៧ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 18, 2014
- ប្រធានបទ: សិទ្ធិស្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផែនការយុទ្ធសាស្រ្ត«នារីរតនៈ»ទី ៤ឆ្នាំ ២០១៤ - ២០១៨ និងឯកសារប៉ាន់ប្រមាណ អំពីយេនឌ័រឆ្នាំ ២០១៤ ជាឯកសារដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងមានសារៈប្រយោជន៍យ៉ាងខ្លាំង។ ឯកសារនេះ បានបង្កើតនូវលក្ខខ័ណ្ឌសមធម៌ដ៍ប្រសើរចំពោះស្ត្រី ឲ្យមានការទទួលស្គាល់សមភាពរវាងបុរស និងស្ត្រី ក្នុងគ្រប់ទិដ្ឋភាពនៃវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងទទួលបានសិទ្ធិ និងសេរីភាពពេញលេញ ក្នុងតម្លៃជាមនុស្សជាតិ និងជាពលរដ្ឋរបស់ប្រទេស ដើម្បីចូលរួមចំណែក ដោយស្មើភាព និងក្នុងភាពជាដៃគូរមិនអាចខ្វះបាន ជាមួយបុរសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
គោលនយោបាយ ស្តីពីការប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជានេះ មានចំនួន ១០ជំពូក ដែលទាក់ទងទៅនឹងការពន្យល់ឲ្យជ្រួតជ្រាប នូវយេនឌ័រ ទៅសាធារណៈជនជាដើម។
លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងថា ការបង្កើតគោលនយោបាយនេះឡើង ដោយសារមើលឃើញ ពីផលលំបាករបស់ស្ត្រីភាគច្រើន ដែលត្រូវធ្វើការងារ នៅក្នុងវិស័យសាធារណៈផង និងវិស័យនយោបាយផង ហើយត្រូវត្រឡប់មកផ្ទះវិញ ស្ត្រីនៅតែបំពេញការងារក្នុងផ្ទះដដែល។ នេះ ជាបន្ទុកមួយដ៍ធ្ងន់ធ្ងរសំរាប់ស្ត្រី។ លោកស្រីបានលើកឡើងថា សកម្មភាពទាំងនេះ ជាបញ្ហាដែលនាំឲ្យតួនាទីយេនឌ័រមិនអាចផ្លាស់ប្តូរបាន ប៉ុន្តែលោកស្រីបាននិយាយថាយេនឌ័រ ទាំងបុរសទាំងស្ត្រីគឺមានតួនាទីដូចគ្នា។
ទាក់ទងនឹងគោលនយោបាយ ស្តីពីយេនឌ័រនេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា បានថ្លែងថា កម្ពុជានៅតែមានបញ្ហាអំពើរហឹង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរ និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀន និងភាពក្រីក្រជាដើម នៅតែជាកង្វល់ចំពោះមុខរបស់ប្រជាជននៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឲ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយស្វាហាប់ ក្លាហាន និងកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឲ្យប្រជាជន ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួនរហូតដល់ ៥២ភាគរយនៃប្រជាជនសរុប អាចមានកាឡានុវត្តភាពពេញលេញ សម្រាប់រួមចំណែកនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោកស្រីបានថ្លែងបន្ថែមទៀតថា លោកស្រីមានការកោតសរសើ ទៅស្ថាប័នពាក់ព័ន្ធដែលបានចូលរួមគាំទ្រ នឹងបង្កើតគោលនយោបាយនេះឡើង ហើយលោកស្រីបានផ្តល់ ជាអនុសាសន៍ជាច្រើនចំណុចបន្ថែមទៀត ដើម្បីឲ្យគោលនយោបាយខាងលើនេះ ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីសង្គមកម្ពុជាសម្រេចបាន នូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕