ចក់ សុភាព៖ កម្ពុជាគ្មានបទពិសោធន៍ល្អ ដើម្បីរក្សាជនភៀសខ្លួន
- ដោយ: អ៊ុំ បូរី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មេសា ២០១៤
- កែប្រែចុងក្រោយ: April 11, 2014
- ប្រធានបទ: សិទ្ធិជនភៀសខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិទ្ធិ - លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ មេសា នេះថា មុននឹងកម្ពុជាចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ប្រទេសកម្ពុជាត្រូវធ្វើឲ្យប្រាកដថា អាចធានាបានពីសុវត្ថិភាពរបស់ជនភៀសខ្លួន ហើយមិនបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅកាន់ទីកន្លែងដែលពួកគេត្រូវបានរំលោភបំពាន ឬកន្លែងគ្មានសុវត្ថិភាព។
គួរកត់សម្គាល់ថា មានជនភៀសខ្លួនច្រើនរយនាក់ មកពីប្រទេសេរីលង្កា បង់ក្លាដេស នេប៉ាល់ជាដើម បានធ្វើដំណើរតាមគ្រប់រូបភាព ដើម្បីសុំសិទ្ធិជ្រកកោន រស់នៅក្នុងប្រទេសអូស្រ្តាលី។ តែប្រទេសអូស្រ្តាលី ត្រូវបានគេដឹងថា មិនចង់ទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យរស់នៅជាអចិន្រ្តៃយ៍នោះទេ ព្រោះត្រូវបានគេដឹងថា នេះជាបន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់អនាគតសេដ្ឋកិច្ច សង្គម របស់អូស្រ្តាលី ខណៈជនចំណាកស្រុកដែលមានវិបត្តិទាំងនោះ ភាគច្រើនមានបញ្ហាសុខភាពផ្លូវកាយ ចិត្ត និងកម្រិតវប្បធម៌ទាបជាដើម។
ហេតុដូច្នេះ ទើបកាលពីដើមឆ្នាំ២០១៤ ប្រទេសអូស្រ្តាលីបានបញ្ជូនមន្រ្តីការទូតរបស់ខ្លួន មកបញ្ចុះបញ្ចូលប្រទេសកម្ពុជា ឲ្យទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យរស់នៅជាអចិន្រ្តៃយ៍នៅកម្ពុជា ហើយប្រទេសអូស្រ្តាលីអាចផ្តល់ជាទឹកប្រាក់ច្រើនលានដុល្លារដល់កម្ពុជា ជាថ្នូរ។ គោលជំហរនេះត្រូវបានអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ជាបន្តបន្ទាប់ ហើយបានស្នើដល់ប្រទេសកម្ពុជា គម្បីបដិសេធការស្នើសុំរបស់ប្រទេសអូស្រ្តាលី ខណៈភាគីកម្ពុជាកំពុងពិចារណា លើការស្នើសុំរបស់ប្រទេសអូស្រ្តាលី។
អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាបានពន្យល់ថា សូម្បីតែប្រជាពលរដ្ឋកម្ពុជា ជាង១៤លាននាក់ ក៏រដ្ឋាភិបាលកម្ពុជា គ្រប់គ្រងមិនទាន់បានល្អផង ដោយមានពលរដ្ឋកម្ពុជា កំពុងនិរទេសខ្លួន ធ្វើកម្មករទាំងស្របច្បាប់ និងមិនស្របច្បាប់ច្រើនសែននាក់ នៅក្រៅប្រទេស។ ដូច្នេះមិនមានហេតុផលថា ប្រទេសកម្ពុជាអាចគ្រប់គ្រងជនភៀសខ្លួនទាំងនោះបានល្អនោះទេ តែវាអាចជាបន្ទុកធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក្នុងពេលអនាគត និងការំលោភសិទ្ធិជនភៀសខ្លួនទាំងនោះ តាមរយៈការមិនផ្តល់អនាគតល្អដល់ពួកគេ ខណៈពួកគេគ្នានបំណងសាងជីវិតថ្មីលើទឹកដីកម្ពុជា។
ចំណោះករណីនេះលោកស្រី ចក់ សុភាព បានអត្ថាធិប្បាយថា ៖ «អូស្រ្តាលីមិនគួរពិចារណាយកប្រទេសកម្ពុជា ជាគោលដៅជនភៀសខ្លួននោះទេ។ បើមើលបទពិសោធន៍ និងស្ថានភាពសិទ្ធិមនុស្ស អូស្រ្តាលីល្អជាងកម្ពុជា ហើយនៅពេលដែលមានជនភៀសខ្លួនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីទៅរកប្រទេសទីបី រដ្ឋាភិបាលកម្ពុជាតែងតែបញ្ជូនពួកគេទៅវិញ ដោយមិនគោរពសិទ្ធិពួកគេ។ មានដូចជនជាតិម៉ុងតាញ្ញ៉ាទៅវៀតណាម និងអុយហ្គើរបញ្ជូនត្រលប់ទៅចិន ហើយរបៀបជាថ្នូរត្រលប់មកវិញ។»៕