អ្នកបឹងកក់៖ ស្នើរឲ្យក្រសួងព័ត៌មានត្រួតពិនិត្យលើការផ្សាយព័ត៌មានលំអៀង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ពលរដ្ឋរងនូវការបណ្តេញចេញពីបឹងកក់ និងបុរីកីឡាប្រមាណជាង១០០នាក់ បានមកជួបជុំគ្នានៅមុខក្រសួងព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ដើម្បីដាក់ញ្ញត្តិ ឲ្យក្រសួងមួយនេះចាត់វិធានការលើវិទ្យុ និងទូរទស្សន៍មួយចំនួន ដែលធ្វើការផ្សព្វផ្សាយនូវព័ត៌មានដោយលំអៀង ខុសពីការពិត និងសុំឲ្យជួយផ្យាយនូវគ្រប់ព័ត៌មានដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលជារងគ្រោះពិតប្រាកដ។
ការតវ៉ានៅមុខក្រសួងព័ត៌មានរបស់អ្នកភូមិនៅបឹងកក់ ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា បានចោទប្រកាន់លើ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទាំងវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនថាមានភាពស្ងៀមស្ងាត់ ចំពោះទុក្ខលំបាកពិតប្រាកដរបស់ពួកគេ ផ្ទុយមកវិញប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានព្យាយាមបំពង«យ៉ាងសកម្ម» នូវព័ត៌មាននៃក្រុមអ្នកបឹងកក់មួយចំនួន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលទៅវិញ ដែលករណីនេះបានធ្វើឲ្យពលរដ្ឋដែលកំពុងតែរងគ្រោះ រឹតតែរងគ្រោះថែមទៀត ។
សេចក្តីក្នុងញត្តិ ដែលអ្នកភូមិបឹងកក់ចង់ដាក់ជូនក្រសួងព័ត៌មាននេះ បានស្នើរសុំដល់ក្រសួងព័ត៌មានដែលជាថ្នាក់លើ ជម្រុញឲ្យមានការ ចាក់ផ្សាយ និងបញ្ចាំងនូវរូបភាពនានាដែលក្រុមហ៊ុន ឬអាជ្ញាធរប្រើប្រាស់កំលាំងហិង្សា រំលោភសិទ្ធិដីធ្លី ផ្ទះសម្បែង និងរូបភាពការបង្រា្កបបាតុកម្ម ក្នុងពេលកន្លងមក បានចាក់ផ្សាយក្នុងប្រព័ន្ធ សារព័ត៌មានជាតិ និងឯកជន ឲ្យបានដូចរូបភាពការវាយប្រហារគ្នា ដោយពាក្យសំដី ពីសំណាក់អ្នកបឹងកក់មួយក្រុមទៀតដែលបានបំបែកខ្លួននោះ។
លោក លួស សាខន ស្វាមីរបស់ អ្នកស្រី យ៉ោម បុប្ផា បាននិយាយថាលោកចង់ឲ្យក្រសួងព័ត៌មាន គ្រប់គ្រងទៅលើបណ្តាស្ថានីយ៍ទូរទស្សន៍ និងវិទ្យុមួយចំនួនលើកយកតែរឿងពិតមកចាក់ផ្យាយបានហើយ។ លោកក៏បានធ្វើការរិះគន់ទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងនោះថា ការរំលោភយកដីធ្លីអ្នកបឹងកក់ ការចាប់ម្ចាស់ដីដាក់គុក មិនដែលឃើញបណ្តាស្ថានីយ៍ទូរទស្សន៍ទាំងនោះចាក់ផ្សាយទេ តែផ្ទុយទៅវិញ រឿងមិនពិត រឿងអយុត្តិធម៌បែជាគាត់ទទួលយកចាក់ផ្សាយទៅវិញ។
ឯអ្នកស្រី កើត ចន័្ទរស្មី ជាតំណាងពលរដ្ឋរងគ្រោះមួយរូប ដែលមានវត្តមាននៅទីនោះ បានបង្ហាញនូវការរិះគន់ប្រហែលគ្នាដែរថា បណ្តាស្ថានីទូរទស្សន៍ និងវិទ្យុទាំងនោះមិនគួរណា ធ្វើការចាក់ផ្សាយនូវព័ត៌មានបំភ្លើសនោះទេ ព្រោះមានអ្នកបឹងកក់មួយចំនួន បាននិយាយពាក្យមិនពិតដែលមិនអាចទទួលយកបាន។ អ្នកស្រីនាបបន្តរថា «តាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គាត់គួរណាស់ធ្វើការសម្ភាសភាគីទាំងសងខាង ដើម្បីឲ្យមានតុល្យភាពគ្នា និងក៏ដើម្បីភាពត្រឹមត្រូវនឹងយុត្តិធម៌ សម្រាប់ទាំងអស់គ្នាផងរ។ ការចាក់ផ្យាយនូវរឿងមិនពិតនេះ បានធ្វើឲ្យជនរងគ្រោះពិតកាន់តែរងគ្រោះធ្ងន់ធ្ងរទៅៗ ឯការដោះស្រាយជូនពលរដ្ឋវិញកាន់តែកាត់បន្ថយ និងស្ទើរតែគ្មានដំណោះស្រាយតែម្តង។ ខ្ញុំមិនហាមក្នុងការផ្សាយនោះទេ តែគួរយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងចាក់ផ្សាយ កុំយកតែភាគីម្ខាង ឯភាគីពាក់ព័ន្ធផ្សេងទៀតត្រូវបានបិទចោល។»
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បានប្រាប់មនោរម្យព័ងអាំងហ្វូសារជាថ្មីថា ស្ទើគ្រប់សារព័ត៌មានទាំងអស់ បានលើកយកករណីអ្នកបឹងកក់មួយចំនួនដែលបានធ្វើការបំបែកចេញ ហើយចោទប្រកាន់មកលើអ្នកបឹងកក់គ្នាឯងដែលជាជនរងគ្រោះនោះ ជាច្រើនលើក និងច្រើនសារ តែផ្ទុយមកវិញករណីទាក់ទិននឹងការបង្ក្រាបឈូសឆាយលំនៅឋាន ការបណ្ដេញ ការចាប់ពលរដ្ឋជាម្ចាស់ផ្ទះដាក់គុក និងការវាយដំលើពលរដ្ឋពីសំណាក់អាជ្ញាធរ និងថ្មីៗនេះមានការវាយដំរហូតដល់មានស្ត្រីម្នាក់រលូយកូន តែមិនឃើញមានសារព័តមានណាមួយចាក់ផ្សាយសោះ។
តំណាងឲ្យអ្នកភូមិរូបនេះបន្តរថា «ក្នុងនាមក្រសួងព័ត៌មាន ដែលជាថ្នាក់លើ សូមឲ្យមានវិធានការចំពោះ បណ្តាស្ថានីយ៍ទូរទស្សន៍ទាំងនោះ ជម្រុញឲ្យពួកគាត់គោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ធ្វើយ៉ាងណាឲ្យព័ត៌មានដែលខ្លួនបានផ្សាយចេញនោះ ជារឿងមួយដែលពិតប្រាកដ និងអាចផ្តល់ប្រយោជន៍សម្រាប់ជនរងគ្រោះ។»
មនោរម្យព័ងអាំងហ្វូ ពុំអាចស្នើសុំការពន្យល់ពីលោក ចាន់ គឹមសៀរ ដែលជាអ្នកទទួលយកញ្ញត្តិរបស់អ្នកបឹងកក់ និងជាតំណាងត្រួតពិនិត្យនៃក្រសួងព័តមាន បានទេនាព្រឹកនេះ ដោយលើពុំទទួលទូរស័ព្ទ។ ប៉ុន្តែអ្នកស្រី ទេព វណ្ណី បានបញ្ជាក់លោក ចាន់ គឹមសៀរ មិនទាន់បានបញ្ជាក់ ពីបញ្ហានៃដំណោះស្រាយលើញ្ញត្តិនោះយ៉ាណានៅឡើយតែ។ លោកបានបន្តផ្តល់ជាយោបល់លើករណីនេះថា បើពិនិត្យទៅឃើញថាមានការចាក់ផ្សាយលើសពីការពិតមែននោះ លោកឲ្យដាក់ពាក្យបណ្តឹងមួយមកស្រសួងេព័ត៌មាន លោកនឹងចាំទទួលពាក្យបណ្តឹងនោះ។ លោកបានបន្តរថា នឹងក៏អាចដាក់ទៅតុលាការក៏បាន។
ចំណែកអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោក កឹម គុណវឌ្ឍន៍ បានលើកឡើងក្នុងគេហទំព័រផ្លូវការរបស់លោក នៅលើបណ្ដាញហ្វេសប៊ុក (Facebook) ថា ការទាមទារលើកយកការដាក់បន្ទុក ទ.ទ.ក មិនត្រូវពេល។ លោកថា៖ «ការផ្សាយរបស់ ទ.ទ.ក ចាប់ពីថ្ងៃទី២៧ មិថុនា មកទល់នឹងពេលនេះ បានគោរពគោលការណ៏របស់ គ.ជ.ប យ៉ាងខ្ជាប់ខ្ជួន។ មុនចោទសូមពិនិត្យផង បងស្រី បងប្រុស»។ ពាក្យសម្ដីរបស់លោកអគ្គនាយកទូរទស្សន៍រដ្ឋមួយនេះ បង្កឲ្យមានមន្ទិលដូចជា«មិនយល់» ខណៈដែលការតវ៉ារបស់អ្នកភូមបឹងកក់នៅព្រឹកថ្ងៃទី១៨ខែកក្កដានេះ មិនទាក់ទងអ្វីនឹង គ.ជ.ប. ផងនោះ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូលោក អំ សំអាត ដែលធ្វើការពាក់ព័ន្ធនឹងករណីសិទ្ធិមនុស្ស បានលើកពន្យល់ថា ការទាមទារ ឬស្នើរសុំ ឲ្យក្រសួងព័ត៌មានធ្វើយ៉ាងណាដើម្បីឲ្យស្ថានីទូរទស្សន៍ ឬវិទ្យុធ្វើការផ្សព្វផ្សាយឲ្យមានតម្លាភាព សម្រាប់ការផ្សាយផ្សេងៗសម្រាប់ប្រជាពលរដ្ឋ នោះជាសិទ្ធិពលរដ្ឋ។ លោកបន្ថែមដូច្នេះថា «សារព័ត៌មានដែលផ្សាយព័ត៌មានតែមួយចំហៀង មិនទាន់មានតម្លាភាព ឬ យុត្តិធម៌សម្រាប់ពួកគាត។ (…) បើរឿងកើតឡើងដូចជាករណីបឹងកក់ មិនថាសារព័ត៌មាន ឬទូរទស្សន៍ណាទេ ធ្វើយ៉ាងណាបើមានបីភាគី គួរធ្វើការថ្លឹងថ្លៃងទាំងបីភាគី ឲ្យព័ត៌មាននោះបានគ្រប់ជ្រុងជ្រោយ មានភាពសុក្រិត្យ និងសច្ចៈភាពសម្រាប់ពលរដ្ឋអ្នកទស្សនាទាំងអស់ធ្វើការពិចារណា ថាតើភាគីណាត្រឹមត្រូវ ឬ មិនត្រឹមត្រូវការ។»
សូមរម្លឹកថាអ្នកភូមិបឹងកក់ កាលពីប៉ុន្មានសប្តាហ៍មុននេះ បានចែកផ្លូវគ្នាជាពីរក្រុម ហើយក្រុមបំបែកខ្លួននោះបានធ្វើសន្និសិទកាសែតមួយ ផ្តាច់ខ្លួនចេញពីអ្នកស្រីទេព វណ្ណី ដោយបានធ្វើការផ្សព្វផ្សាយយ៉ាងផុលផុស ស្ទើគ្រប់បណ្តាស្ថានីយ៍ទូរទស្ស និងវិទ្យុក្នុងស្រុក ។ កាលថ្ងៃទី៨ ខែកក្កដានេះ អ្នកភូមិបឹងកក់ទាំងនោះក៏បានដាក់ញ្ញតិ្តដាច់ដោយឡែកពីគ្នានៅតាមស្ថានទូតបរទេសចំនួនប្រាំ ដើម្បីឱ្យបណ្តាស្ថានទូតទាំងនោះ ដកសេចក្តីទុកចិត្តពីអ្នកស្រី ទេព វណ្ណី តំណាងរបស់ខ្លួននៅក្នុងសហគមន៍បឹងកក់។
សកម្មភានេះត្រូវបានអ្នកវិភាគបានមើលឃើញ និងនិយាយថា ក្រុមអ្នកបំបែកខ្លួនទាំងនោះត្រូវបានធ្វើឡើង ក្នុងគោលបំណងបម្រើផលប្រយោជន៍ឲ្យអ្នកនយោបាយណាម្នាក់៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ