តឹក វណ្ណារ៉ា៖ «កូនកើតមុនឳ» ក្នុងរឿងទំនប់ដនសាហុង របស់ឡាវ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 13, 2014
- ប្រធានបទ: ទំនប់វារីអគ្គិសនី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិការអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO FORUM) បានបញ្ជាក់ក្នុងសន្និសិទ្ធិសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ក្នុងការិយាល័យប្រចាំរាជធានីភ្នំពេញថា លោកស្នើឲ្យមានការកំណត់ជាក់លាក់ នូវនីតិវិធីជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង PNPCA។
ផលវិបាកនៃការសាងសង់ទំនប់ ដនសាហុង លើទន្លេមេគង្គនេះ មានពាក់ព័ន្ធនិងជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋក្នុង៤ប្រទេស រូមមានថៃ ឡាវ កម្ពុជា និងវៀតណាម។ នាយកប្រតិបត្តិវេទិការអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបន្តថា ដំណើរការនៃការកសាងនេះ បើទោះជាមានកិច្ចព្រមព្រៀង ផ្អាកការសាងសង់ក្នុងរយៈពេលប្រាំមួយខែដ៏ខ្លីនេះ ក៏ពិតមែន តែក្រុមហ៊ុនដែលអនុវត្តន៍គម្រោង នៅតែបន្តសកម្មភាព និងការងាររបស់ខ្លួន ដែលទំនងដូចជាមានការគាំទ្រដោយសម្ងាត់ពីប្រទេសថៃ ដែលកំពុងឈរនៅពីក្រោយរឿងនេះ។
លោក វណ្ណារ៉ា បានបង្ហាញពីជំហរ និងការព្រួយបារម្មណ៍របស់សង្គមស៊ីវិល និងសហគមន៍ពាក់ព័ន្ធនានា ដើម្បីទទួលបាននូវ កិច្ចប្រជុំពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង(PNPCA) រៀបចំដោយគណកម្មការជាតិទន្លេ មេគង្គកម្ពុជា រួមតំណាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមជាមួយសហគមន៍នៅតាមតំបន់ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍទំនប់វារីអគ្គីសនីដន សាហុង។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មានការព្រួយបារម្ភយ៉ាងខ្លាំងទៅ លើនិតិវិធី នៃកិច្ចប្រជុំ PNPCA ទាក់ទងទៅនឹងដំណើរការ នៃកិច្ចពិគ្រោះយោបល់អាចនឹងប្រព្រឹត្ត ទៅដោយ គ្មានតម្លាភាព និងមិនស្របច្បាប់ និងនៅទីបញ្ចប់នៅតែមានសេចក្តីសម្រេចឲ្យគម្រោង អភិវឌ្ឍន៍ ប្រព្រឹត្តទៅមុខ និងបង្កើតឲ្យមាននូវការបំផ្លិចបំផ្លាញ និងផលប៉ះពាល់ជាច្រើន។ ទៅលើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ អាហារូបត្ថម្ភ និងធនធានធម្មជាតិនៅតាមដងទន្លេមេគង្គ ដូចជា«ទំនប់ សាយ៉ាបូរី»ដែរ។
នាយកប្រតិបត្តិរូបនេះ បានបន្តថា« ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើទំនប់ដនសាហុង ត្រូវបានសាងសង់មែននោះ វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ត្រីទន្លេមេគង្គ និងការបម្លាស់ទីរបស់ត្រី នៅទូទាំងអាងទន្លេមេគង្គក្រោម ដែលគំរាមកំហែងដល់សុវត្ថិភាពស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជនរាប់លាននាក់ ក៏ដូចជាស្ថេរភាព សេដ្ឋកិច្ច និងនយោបាយក្នុងតំបន់។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ជុំវិញបញ្ហាខាងលើពី លោក កុល វឌ្ឍនា បញ្ញា អគ្គលេខាធិការរង នៃគណកម្មាកាជាតិទន្លេមេគង្គកម្ពុជាបានទេ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។
សូមទស្សនាកិច្ចសម្ភាសន៍ របស់អ្នកសារព័ត៌មាន ជាមួយលោក តឹកវណ្ណរ៉ា ករណីកូនកើតមុនឳ ក្នុងរឿង ទំនប់ដនសាហុង របស់ប្រទេសឡាវ ដូចខាងក្រោម៖