ឃាតកម្ម​លើ​អ្នក​ការសែត៖ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់?

អ្នកកាសែតម្នាក់ទៀត ត្រូវបានគេបាញ់សម្លាប់ នៅឯខេត្តក្រចេះ ក្នុងអំឡុងពេលចុះទៅយកព័ត៌មាន ទាក់ទង​នឹង​ករណី​រកស៊ី​ឈើ​ខុស​ច្បាប់ បានធ្វើឱ្យអ្នកសារព័ត៌មានដទៃទៀត សម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ការព្រួយបារម្ភនេះ មានកម្រិតកាន់តែខ្លាំង ព្រោះ​ឃាតកម្ម​កន្លងមក ហាក់មិនសូវមានការយកចិត្តទុកដាក់ និង​មិន​បាន​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ក្នុងការចាប់ជនដៃដល់នោះឡើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 13, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សម្រាប់ខ្ញុំជាអ្នកសារព័ត៌មាន ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន បើ​ករណី​នៃ​ការ​សម្លាប់ ចេះ​តែ​កើត​មាន» នេះ ជា​ការ​លើក​ឡើង របស់​អ្នក​កាសែត​មួយ​រូប លោក ឃឿន សុភា មក​ពី​វិទ្យុ​ខ្មែរ​ប៉ុស្ត។ លោក​បន្ត​ថា ជា​រឿយៗ អ្នក​កាសែត​កម្ពុជា តែង​តែ​ត្រូវ​បាន​គេ​សម្លាប់ និង​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ រីឯ​អ្នក​ប្រព្រឹត្ត​​វិញ​មួយ​ចំនួន​ធំ​មិន​ត្រូវ​បាន​ចាប់ យក​មក​ផ្តន្ទាទោស​ឡើយ។

លោកថា អ្នក​សារព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់ សម្រាប់​នាំសារ​ពី​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាពលរដ្ឋ ពី​ប្រជា​ពលរដ្ឋ​ទៅ​កាន់​រដ្ឋភិបាល និង​នាំ​សារ​ផ្សេងៗ​ឱ្យ​ពិភពលោក​បាន​ដឹង​លឺ ហើយ​ប្រសិន​បើ​​អ្នក​ការសែត​​នៅ​​តែ​រង​ការ​កាប់​សម្លាប់​បែប​នេះ លោក​ព្រួយ​បារម្ភ​ថា វា​នឹង​​អាច​​បន្ត​នូវ​ការ​គម្រាមកំហែង ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

លោក សេរី មកពីស្ថាប័នព័ត៌មានក្នុងស្រុកមួយទៀត ក៏បានលើកឡើងដែរថា ស្ថាប័នពាក់ព័ន្ធគួតែរក​ដំណោះ​ស្រាយណាមួយ ដើម្បីកុំឱ្យបញ្ហានៃការកាប់សម្លាប់ ទៅលើអ្នកសារព័ត៌មាននេះ កើតបន្តទៅទៀត។

កាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា អ្នកកាសែតម្នាក់នៅខេត្តក្រចេះ ត្រូវបាន​ឃាតករមិនស្គាល់មុខបាញ់សម្លាប់។ អ្នកកាសែតដែលត្រូវបានគេបាញ់សម្លាប់នោះ ឈ្មោះ លោក តាំង ទ្រី អាយុ៤៩ឆ្នាំ សមាជិកសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ និងបម្រើការឲ្យកាសែតក្នុងស្រុកមួយ។ ឃាតកម្មបានកើតឡើង ក្នុងភូមិជួរគ្រាំង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ការបាញ់សម្លាប់លោក តាំង ទ្រី វាមិនត្រឹមតែបានឆក់យកជីវិត របស់អ្នកនាំសារម្នាក់ យ៉ាងសាហាវនោះទេ ប៉ុន្តែវាបានបង្ហាញថា វិស័យសារព័ត៌មាននៅកម្ពុជា កាន់តែធ្លាក់ចុះ ហើយនូវតែរកាគម្រាមកំហែង រីឯអ្នក​កាសែតកម្ពុជា នៅតែរងការគម្រាមពីឈ្មួញអ្នកមានអំណាច ហើយមិនអាចបំពេញការងារស្វែងរកការពិត ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយគ្មានការភ័យខ្លាច។ ជាមួយស្ថានភាពដែល​មិនធានាបាន​នូវ​សន្តិសុខបែបនេះ វាពិបាកណាស់ ដែលធ្វើឲ្យអ្នកសារព័ត៌មានបំពេញការងារដោយប្រសិទ្ធភាព។

ការចោទប្រកាន់ ទាក់ទងនឹងការជំរិតទារប្រាក់

ជារឿយៗអ្នកសារព័ត៌មាន តែងតែត្រូវបានចោទប្រកាន់ ទាក់ទងនឹងការជំរិតយកប្រាក់ពីឈ្មួញរកស៊ី ដូច​យ៉ាង ​​អ្នកការសែត៦នាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ហើយទើបនឹងត្រូវបាន​ដោះ​លែង​​វិញ នាពេលថ្មីនេះ។ រីឯអ្នកកាសែតពីរនាក់ទៀត នៅឯខេត្តកំពត ក៏ត្រូវបានចាប់ខ្លួនទាក់ទង​នឹង​បញ្ហា​នេះ​​ដែរ។

ទំនងជាចង់ភ្ជាប់ករណីបាញ់សម្លាប់លោក តាំង ទ្រី ទៅនឹងហេតុការណ៍ទាំងឡាយខាងលើ ក្រុមសមត្ថកិច្ច​​នៅ​កន្លែងកើត​ហេតុ​ ស្រង់សម្តី​កាសែតក្នុង​ស្រុក​​មួយ បាន​ធ្វើសេចក្ដីសន្និដ្ឋានថា ប្រហែលជាលោក តាំង ទ្រី បានទៅជំរិតទារប្រាក់ពីឈ្មួញ​ឈើ​ ទើបបណ្តាលឱ្យមានការបាញ់សម្លាប់គ្នាយ៉ាងដូច្នេះ។ ចំពោះសេចក្ដី​សន្និដ្ឋាន​នេះ លោក ឃឿន សុភា បានថ្លែង​ប្រតិកម្មថា ការលើកឡើងដោយគ្មានការស្រាវជ្រាវ​ច្បាស់​លាស់​នេះ វានាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ដល់អ្នកដែលបានស្លាប់ទៅ និងប៉ះពាល់ដល់អ្នកសារព័ត៌មានដៃទៀត ដែលគាត់ប្រកាន់នូវវិជ្ជាជីវៈ ហើយវាក៏ជាចំណែកមួយ ក្នុងការលើកទឹកចិត្តឲ្យជនដៃដល់ផងដែរ។ លោកបន្ត​ថា៖ «ការលើកឡើង ដោយមិនមានការស្រាវជ្រាវច្បាស់លាស់នេះ ច្បាស់ណាស់នឹងនាំឱ្យមាន​មតិភ័ន្តច្រលំ​ពីមហាជន»។

ជុំវិញការបាញ់សម្លាប់អ្នកសារព័ត៌មានខាងលើនេះ សមាគមអាដហុក នៅក្នុងសេចក្តីប្រកាស​របស់ខ្លួន បាន​ពន្យល់ថា អាចបណ្តាលមកពីអ្នកកាសែតខាងលើនេះ បានដឹងអំពីរបៀប​នៃការរកស៊ីឈើខុសច្បាប់​របស់​ ក្រុមមន្រ្តីកងកម្លាំងប្រដាប់អាវុធ ដែលជនរងគ្រោះស្គាល់មុខ ទើបអាចឈានដល់ការបាញ់សម្លាប់​បំបិទមាត់​យ៉ាងនេះ។ សមាគម អាដហុក ស្នើសុំដោយទទូច​ ឲ្យមានការស៊ើបអង្កេត​ស្វែងចាប់ខ្លួនជនដៃដល់ យក​ទៅ​ផ្តន្ទាទោសតាមច្បាប់:។

មកដល់ពេលនេះ គេមិនទាន់ឃើញប្រតិកម្មពីសំណាក់រដ្ឋាភិបាល ឬពីមន្ត្រីអាជ្ញាធរទទួលខុសត្រុវនៅឡើយ ជុំវិញការលើកឡើងខាងលើ។ ប៉ុន្តែព័ត៌មានចុងក្រោយ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤​នេះ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលត្រូវបានគេសង្ស័យថា ពាក់ព័ន្ធករណីបាញ់ សំលាប់នេះ។ ជនសង្ស័យទាំងបីនេះ រួមមាន៖ ទី១ ឈ្មោះ ​ពិន ​ហ៊ាង​ ជាមន្ត្រីនគរបាល ឃុំស្រែឈូក ស្រុក​កែវសីមា ខេត្តមណ្ឌលគីរី ជាម្ចាស់រថយន្ត ទី២ ឈ្មោះ ឃឹម ភក្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាម្ចាស់​កាំភ្លើង ទី៣ ឈ្មោះ ឡា ណារ៉ុន ជាជនដៃដល់ក្នុងការបាញ់សំលាប់ ហើយម្នាក់នេះជាទាហាន និងជា​អង្គរក្ស​របស់មេបញ្ជាការសឹករង ខេត្តមណ្ឌលគីរី។ ជនទាំងបី ត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាល​ស្រុក​ស្នួល បានប្រហែលមួយម៉ោង ក៏បញ្ជូនជនសង្ស័យ មកឃុំខ្លួនបន្តជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះវិញ ដោយសារសមត្ថកិច្ចនៅទីនោះ ព្រួយបារម្មណ៍ ពីបញ្ហាសន្តិសុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...