លួចយក«រូបថតស្រាត» ពីកំព្យូទ័រស្រីស្អាតក្មេងៗ ដើម្បីទុកគម្រាម
និស្សិតអាមេរិកាំងមួយរូប ដែលបានចូលទៅលួចរូបថតស្រាត របស់ស្រីៗស្រស់ក្មេងស្អាតៗ នៅក្នុងម៉ាស៊ីនកំព្យូទ័ររបស់ពួកនាង ដើម្បីរៀបគម្រោងចង់បរិហាកេរ្ត៍ ទៅថ្ងៃក្រោយនោះ នឹងបង្ហាញមុខនៅចំពោះចៅក្រម នៃតុលាការក្រុងឡូសអេនជឺឡេស នៅថ្ងៃចន្ទទី០៤ខែវិច្ឆិកានេះ។ ជាសំនុំរឿង ដែលបានធ្វើឲ្យផ្អើលនៅសហរដ្ឋអាមេរិក ដោយសារតែមានករណីមួយពីក្នុងនោះ បានកើតចំលើបវរកញ្ញាស្រីស្អាតមួយរូប ដែលទើបនឹងជាប់តំណែងថ្មីៗ។
បវរកញ្ញាស្រីស្អាត នាង កាស៊ីឌី វូហ្វ៍ ដែលយុវនិស្សិតចូលទៅលួចរូបថតឯកជនរបស់នាង។ (រូបថត today.com)
បច្ចេកវិទ្យា - ចោរបច្ចេកវិទ្យាដែលមានគំនិតខិលខូច មិនយូរឡើយនឹងត្រូវប្រព័ន្ធយុត្តិធម៌ ចាប់បញ្ជូនមកដាក់នៅមុខតុលាការបែបនេះ។ ដោយទំនងជាមានវិប្បដិសារី នឹងអំពើរបស់ខ្លួន ឬប្រហែលជាបារម្ភនឹងការប្រឈមមុខ នឹងប្រព័ន្ធយុត្តិធម៌បែបនេះហើយ ទើបយុវនិស្សិតនេះបានមកបង្ហាញខ្លួនសារភាព កាលពីអំឡុងខែកញ្ញាកន្លងទៅ នៅការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយ (FBI) ដោយខ្លួនឯង។
និស្សិតឈ្មោះ ចារ៉ែដ ជេម អាប្រាហាម (Jared James Abrahams) អាយុ១៩ឆ្នាំ នឹងពន្យល់ប្រាប់ចៅក្រមនៃតុលាការក្រុងឡូសអេនជឺឡេស ពីអ្វីដែលខ្លួនបានធ្វើ និងជាពិសេសពីគម្រោងគម្រាមបរិហាកេរ្ត៍ ដែលខ្លួនត្រៀមនឹងធ្វើដាក់ស្រីៗស្រស់ស្អាតទាំងនោះ បន្ទាប់ពីប្រមូលបានរូបថតស្រាត ពីក្នុងម៉ាស៊ីនកំព្យូទ័ររបស់ពួកនាងរួច។
តាមអ្វីដែលជាការបកស្រាយក្នុងជំហានដំបូង និស្សិតអាប្រាហាម បានប្រើប្រាស់កម្មវិធីមួយ ចូលទៅលួចប្រមូល នូវរូបភាពតាមវេបខេម (webcam) ដែលមិនមានពាក់ខោអាវ ឬខោអាវខ្លីស្ដើងរបស់នាងៗ។ បន្ទាប់មក និស្សិតរូបនេះនឹងផ្ញើរសារអេឡិចត្រូនិក (Mail) មួយទៅកាន់ម្ចាស់រូប ដោយមានភ្ជាប់រូបដែលខ្លួនលួចបាននោះទៅជាមួយផង ដើម្បីគម្រាមថានឹងផ្សាយរូបនេះជាសាធារណៈ ប្រសិនបើម្ចាស់រូបមិនផ្ញើរត្រឡប់មកវិញ នូវរូបថតឬវីដេអូដែលច្បាស់ជាងនេះ ឬប្រសិនបើម្ចាស់រូប បដិសេធមិននិយាយជាមួយខ្លួន តាមប្រព័ន្ធស្កាយ (Skype)។
បវរកញ្ញាស្រីស្អាតអាមេរិក ធ្លាប់ជាជនរងគ្រោះរបស់និស្សិតចោរអាំងធើណែត
រវាងពីឆ្នាំ២០១២មកដល់ខែមិថុនាឆ្នាំ២០១៣នេះ មានយ៉ាងហោចនារីវ័យក្មេងចំនួន១២នាក់ ធ្លាប់ជាជនរងគ្រោះរបស់ យុវនិស្សិតដែលរៀនឯកទេស ខាងវិទ្យាសាស្ត្រកំព្យូទ័ររូបនេះ។ ស្ត្រីរងគ្រោះភាគច្រើន មានទីលំនៅនៅក្នុងរដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែក៏មានផងដែរ ក្នុងប្រទេសកាណាដា ឬនៅប្រទេសរ៉ូស្សី។ ពីក្នុងចំណោមនោះ គេក៏ឃើញមាននាងកាស៊ីឌី វូហ្វ៍ (Cassidy Wolf) ដែលទើបនឹងជាប់ជា រាជនីសម្ផស្សនៃបវរកញ្ញាស្រីស្អាត របស់អាមេរិក កាលពីខែសីហាកន្លងទៅនោះដែរ។
នាង កាស៊ីឌី បានបញ្ជូនទៅឲ្យអ្នកស៊ើបអង្កេត កាលពីខែមិនាកន្លងទៅ នូវទូរសាអេឡិចត្រូនិកនិងរូបថតមួយចំនួន ដែលនាងទទួលបានពីយុវនិស្សិត។ យុវនិស្សិត បានសរសេរគម្រាមនាងនៅក្នុងទូរសានោះថា «បើអ្នកមិនធ្វើតាមដូចអ្វីដែលបានបញ្ជាក់ខាងក្រោមនេះទេ ខ្ញុំនឹងផ្សព្វផ្សាយរូបថតទាំងនេះ (...) ហើយសុបិន្តរបស់អ្នក ដែលចង់ក្លាយជានារីបង្ហាញម៉ូដ ដ៏ល្បីនោះ នឹងប្រែក្លាយដូចជាតួកុនថតស្រាត»។
ទោះជាយ៉ាងណាក៏ដោយ ចារ៉ែដ ជេម អាប្រាហាម បានទទួលស្គាល់នូវកំហុស ពីអ្វីដែលគេបានចោទប្រកាន់ទៅលើខ្លួន។ ជាមួយនឹងការប្រព្រឹត្តិនេះ អាប្រាហាម នឹងអាចប្រឈមនូវការជាប់ពន្ធនាគារ ពី២៧ទៅ៣៣ខែ អនុលោមទៅតាមច្បាប់សហព័ន្ធជាធរមាន។ មិនត្រឹមតែប៉ុណ្ណោះ អាប្រាហាម នឹងត្រូវចាប់បង្ខំឲ្យបង់ប្រាក់ពិន័យចំនួន ១លានដុល្លាថែមទៀត។ យើងចាំមើលថ្ងៃចន្ទនេះ ថា អាប្រាហាម នឹងអាចរួចខ្លួន ឬត្រូវជាប់ទោសប៉ុណ្ណា។ នេះហើយ គេហៅថា «នៅមិននៅ យកជ័រព្នៅ មកត្បៀតក្លៀក»៕
សូមទស្សនាវីដេអូ ដែលថ្លែងរៀបរាប់បន្ថែមពីសាច់រឿងនេះ ដូចខាងក្រោម៖
ចារ៉ែដ ជេម អាប្រាហាម និងក្រុមគ្រួសាររបស់នាង។ (រូបថត ចម្លងពីអេក្រង់វីដេអូ)
--------------------------------------------------
ដោយ៖ សុបិន្ត - ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ