ទើប​ទទួល​ទ្រង់ រណឫទ្ធិ មក​ធ្វើ​ជា​ប្រធាន​វិញ ស្រាប់​តែ​ផ្ទុះ​រឿង​​«ឈ្លោះ​គ្នា»​ទៀត

ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រឡប់មកគង់ជា«ម្លប់» របស់គណបក្ស មិនបានប៉ុន្មានផង ស្រាប់តែបរិវាចាស់ថ្មី ឈ្លោះគ្នាយ៉ាងអាណោចអធមទៀត។ អគ្គលេខាថ្មី និងអគ្គលេខាចាស់ ចោទគ្នាទៅវិញទៅមក ខណៈតំណែងព្រះប្រធាន«ថ្មី» ដូចជាឮសូរមិនសូវស្រួល។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 22, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅ គណបក្សហ៊ុនស៊ីនប៉ិច ចង់ទៅមុខ ឬចង់ដើរទៅណា? នៅក្នុងលិខិត«បំភ្លឺ»មួយ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងយប់ថ្ងៃទី២១ ចូលមកថ្ងៃទី២២ ខែកុម្ភៈនេះ អគ្គលេខាធិការដ្ឋាន ដែល​គេដឹងថាស្ថិតក្រោយការគ្រប់គ្រង របស់លោក ញឹក ប៊ុនឆៃ អគ្គលេខាចាស់របស់គណបក្សនោះ បាន​ប្រកាស​ទាត់​ចោល នូវសេចក្ដីប្រកាសមួយ ដែលចុះហត្ថលេខា ដោយអគ្គលេខាប្រតិបត្តិ (ឬនិយាយឲ្យខ្លី អគ្គលេខា​ថ្មី) លោក សាយ ហាក់ ដែលទើបនឹងបានតំណែងនេះ កាលពីពេលថ្មីៗនេះ។

លិខិតរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ្វ៊ិនស៊ិនប៉ិច នោះបានសរសេរបញ្ជាក់ថា «សហជីវិន សាយ ហាក់ ពុំ​ទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ព្រោះតែក្នុងលក្ខន្តិកៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលនៅ​ជាធរមាន ពុំមានរចនាសម្ព័ន្ធ ស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ»។ ចំណែក​លទ្ធផល នៃសមាជ​វិសាមញ្ញ​គណបក្ស ហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ មិនទាន់ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់​ជា​ផ្លូវ​ការនៅឡើយ ដោយគ្រាន់​តែក្រសួង​មហាផ្ទៃ បញ្ជាក់ថា «បានទទួលរួចហើយ នូវលិខិតជូនដំណឹងរបស់គណបក្ស ហ្វ៊ិនស៊ិនប៉ិច ស្តីពីលទ្ធផលសមាជ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៥»​ប៉ុណ្ណោះ។

ការចេញលិខិតខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលិខិតមួយចុះហត្ថលេខា ដោយលោក សាយ ហាក់ កាលពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ បានសរសេរបរិហាលោក ញឹក ប៊ុនឆៃ ដែលទើបនឹងជាប់ជាអនុប្រធានទី២ នៃ​គណបក្ស ថាបានយកត្រាគណបក្ស ទៅប្រើប្រាស់លើលិខិតអញ្ជើញ និងលិខិតផ្សេងៗ ដោយពុំមានលិខិតផ្ទេរសិទ្ធិពី សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ លិខិតដដែល បានសរសេរទៀតថា លិខិតស្នាម​ទាំងនោះ ពុំអាចចាត់ទុកជាលិខិតផ្លូវការបាននោះទេ។

ប៉ុន្តែរឿង មិនមែននៅត្រឹមតែលិខិតឆ្លើយឆ្លងគ្នា ពីរសន្លឹកនេះទេ។ តែទំនងជាមានទាក់ទងដោយ សម្ដេច​«ព្រះ​ប្រធាន​ថ្មី» ព្រះនាម នរោត្ដម រណឫទ្ធិ នោះផង។ ប្រភពដែលស្និតនឹងលោក ញឹក ប៊ុនឆៃ បានបង្ហើបឲ្យ​ទស្សនាវដ្ដី​ដឹងថា ព្រះអង្គម្ចាស់ព្រះប្រធានថ្មី បានរំលាយគណៈកម្មាធិការនាយក និងអចិន្ត្រៃយ៍ចាស់ចេញ និងតែងតាំង​លោក សាយ ហាក់ ជាអគ្គលេខាប្រតិបត្តិគណបក្ស ដោយអត្តនោម័តតែអង្គឯង និងដោយមិនបានឆ្លងយោបល់ ជាមួយ​សមាជិក​គណៈកម្មការនាយក និងអចិន្ត្រៃយ៍ទេ។ ប្រភពដដែលបន្តទៀតថា ក្នុងពេលខាងមុខ សមាជិក​គណបក្សទាំងអស់ អាចនឹងធ្វើញត្តិមួយ ប្រឆាំងនឹងការសម្រេចព្រះទ័យនេះ។

នៅយប់ដដែលនេះ ទស្សនាវដ្ដីមិនអាចសុំការបកស្រាយ ពីពីលោក ប៉ែន សង្ហា មន្ត្រីអ្នកនាំពាក្យសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទាក់ទងនឹងករណីខាងលើនេះ បាននៅឡើយ៕

ចុចពីលើរូប ដើម្បីពង្រីកអាន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...