អ៊ុំ សំអាន៖ ហ៊ុន សែន កំពុងធ្វើតាមបញ្ជាក្រុងហាណូយឬ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កជាមន្ទិលឡើងខ្លាំងទៀត ជាពិសេស នៅក្រោយការចាប់ចង់ ដាក់ពន្ធនាគារ និងព្រមានថា នឹងមានការចាប់ចងបន្ថែមទៀត។ ព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន វាយតម្លៃថា លោកនាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា កំពុងបង្ហាញពីការយក«ច្បាប់»ជាឧបករណ៍ ក្នុងនាមខ្លួន ជាអ្នកមានអំណាច មកគម្រាមកំហែង ព្រោះខ្លាចរអា ពីបញ្ហាព្រំដែន។ តំណាងរាស្រ្តរូបនេះ បានចោទជាសំនួរ ទៅលោកនាយករដ្ឋមន្រ្តីថា តើការដែលលោក ហ៊ុន សែន បង្ហាញអំណាច ក្នុងការកំហែងនេះ ជាការធ្វើតាមបញ្ជា របស់បក្សកុម្មុយនីសវៀតណាម ឬយ៉ាងណា?
ពីទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន«បញ្ជា»ជាថ្មី ទៅដល់កម្លាំងមានសមត្ថកិច្ច ឲ្យបន្តស្វែងរកចាប់ខ្លួន អ្នកដែលពាក់ព័ន្ធ ក្នុងអំពើហិង្សាមួយ ដែលបានកើតឡើង ក្បែរទីលានប្រជាធិបតេយ្យ កាលពីមួយឆ្នាំកន្លងទៅ ក្នុងនោះ ក៏មានការព្រមាន ចាប់តំណាងរាស្រ្តទាំង៧នាក់ មកពីគណបក្សសង្គ្រោះជាតិនោះដែរ។ ដោយអះអាងមិនលូកដៃ ចូលក្នុងប្រព័ន្ធតុលាការនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតបទៅនឹងការស្វះស្វែង យកវប្បធម៌សន្ទនា មកនិយាយជាមួយលោក ដើម្បីដោះលែង ជនជាប់ចោទទាំងប៉ុន្មាននោះថា វប្បធម៌សន្ទនានេះ មិនអាចលប់បំបាត់ នូវទោសព្រហ្មទណ្ឌបានឡើយ។
លោក ហ៊ុន សែន បានពន្យល់ក្នុងករណីនេះថា៖ «កុំថារឿងនេះ រឿងនយោបាយ មើលកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (...) អត់មានកិច្ចព្រមព្រៀងណា ទៅត្រួតត្រាបទល្មើសព្រហ្មទណ្ឌ តាមផ្លូវតុលាការបានទេ។ (...) ឥឡូវសន្ទនា នៅតែសន្ទនា។ ប៉ុន្តែរឿងច្បាប់ ទាក់ទងនឹងបទល្មើស ព្រហ្មទណ្ឌ អត់សន្ទនាជាមួយទេ។ បិទផ្លូវតវ៉ាអាហ្នឹង ខ្ញុំអត់មានសិទ្ធិ។ ហើយបញ្ជាតាមចាប់ខ្លួន នៅតែតាមចាប់ខ្លួន ព្រោះអាហ្នឹង វាជារឿងព្រហ្មទណ្ឌ លោកឯងមិនតាមចាប់ខ្លួន ប៉ូលិសខុស។ (...) អ្នកទាំង៧នាក់ផ្សេងទៀត ខ្ញុំមិនមែនគំរាមទេ។ តុលាការហៅ សុំអញ្ចើញចូល បើមិនចូលទេ ប្រយ័ត្នគេកាត់កំបាំងមុខ។ មានន័យថា ខ្លួនបោះបង់សិទ្ធិការពារខ្លួនហើយ។»
ប៉ុន្តែរាល់ការចាប់ចង និងបញ្ជាឲ្យចាប់ចង ដែលអះអាងឡើង ដោយលោកនាយករដ្ឋមន្ត្រីខាងលើនេះ ត្រូវបានលោក អ៊ុំ សំអាន ដាក់ការសង្ស័យ ថាអាចជាបញ្ជា របស់របបកុម្មុយនីស នៃក្រុងហាណូយ។ លោក សំអាន បានពន្យល់លើកពីមូលហេតុ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ សុទ្ធតែជាសកម្មជន ដែលបានចុះមើលបញ្ហាព្រំដែន ក្នុងពេលកន្លងមក ខណៈឯការចាប់ចង ដោយយកព្រឹត្តិការណ៍ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មកនិយាយនោះ គឺជា«លេស»។ អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន បានបញ្ជាក់ថា៖ «ត្រូវណាស់ ការចាប់ខ្លួនឡើងវិញ អ្នក១១នាក់ កន្លងមកនេះ និងការព្រមានចាប់ខ្លួនបន្តទៀតនោះ ព្រោះតែចង់ឲ្យការតវ៉ា របស់គណបក្សប្រឆាំង ត្រូវស្ងប់ស្ងាត់ ក្នុងរឿងព្រំដែន។ នេះជាការគម្រាមកំហែងមួយ ឬអាចជាការបញ្ជា ពីក្រុងហាណូយមក ដើម្បីឲ្យចាត់ការបំបិទមាត់អ្នកតវ៉ា។»
លោក សំអាន ដែលគេស្គាល់ថា ជាជនសកម្ម ក្នុងការឆ្កឹះកកាយបញ្ហាព្រុំដែនរូបនេះ បានលើកយកឧទាហរណ៍មួយ មកនិយាយថា ដូចបញ្ហា ដែលបង្កឲ្យមានហិង្សា នៅព្រំដែនត្រង់ចំណុចបង្គោល លេខ២០៣នោះ ត្រូវបានក្រុងហាណូយ (ប្រទេសវៀតណាម) ធ្វើការថ្គោលទោស និងស្នើមកប្រទេសកម្ពុជា ដើម្បីចាត់ការអ្នកបង្កហិង្សាទាំងនោះ។ លោក ថ្លែងឲ្យដឹងថា៖ «យួនអ្នកបង្កហិង្សា ហើយអំពាវនាវឲ្យកម្ពុជា ចាត់ការលើអ្នករងគ្រោះទៅវិញ នោះជារឿងអយុត្តិធម៌»។ ឧទាហរណ៍ដោយឡែកមួយទៀត ដូចនៅទីលានប្រជាធិបតេយ្យ (ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤) សន្តិសុខដើរវាយគេតាមចិត្ត តែមិនដែលមានទោសអ្វីសោះ ឯអ្នកដែលត្រូវគេវាយនោះ បែរជាត្រូវជាប់គុកទៅវិញ។ លោកថា៖ «ស្រុកខ្មែរ វាដូច្នេះឯង។ មាត្រា៩ ចោររួចខ្លួន ម្ចាស់ជាប់គុក។ វាអញ្ចឹងឯង ច្បាប់ស្រុកខ្មែរ វាអាស្រ័យទៅលើ តែមេដឹកនាំម្នាក់។»
យ៉ាងណា ទោះជាមានការគម្រាមកំហែង ពីលោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ក៏ដោយ ក៏ជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការទាមទារមកវិញ នូវដីខ្មែរដែលលោក សំអាន ថា វៀតណាមបានយកទៅនោះ នៅតែរក្សាដដែល មិនបោះបង់ចោលឡើយ។ អ្នកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានពន្យល់ថា បញ្ហាព្រំដែននៅតែជាបញ្ហាចំបង ក្នុងការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដើម្បីជាតិ ដើម្បីពលរដ្ឋ និងដើម្បីសង្គមកម្ពុជាទាំងមូល មិនមែនដើម្បីបក្ស ឬបុគ្គលបក្សពួកនោះឡើយ។
សូមបញ្ជាក់ថា តំណាងរាស្រ្តទាំង៧រូប ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងនោះ ទំនងជាសំដៅទៅលោក ហូរ វ៉ាន់, លោក ម៉ែន សុថាវរិន្ទ្រ, អ្នកស្រី មូរ សុខហួរ, លោក រៀល ខេមរិន្ទ្រ, លោក ឡុង រី, លោក កែវ ភារម្យ និងលោក នុត រំដួល។ អ្នកទាំងប្រាំពីរនាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានវត្តមាន នៅទីលានប្រជាធិបតេយ្យ ក្រោយអំពើហិង្សាមួយ បានកើតមានឡើង នៅខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែត្រូវបានដោះលែងវិញ នៅបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កើតនូវកិច្ចព្រមព្រៀង «ឈប់ចាប់ខ្លួន»មួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕